ការទូតរវាងប្រជាជន និងប្រជាជន រួមចំណែកលើកកំពស់ឋានៈ របស់ខេត្ត Ba Ria - Vung Tau ក្នុងក្រសែភ្នែកមិត្តភក្តិអន្តរជាតិ

(VOVWORLD) - ការទូតរវាងប្រជាជន និងប្រជាជន គឺជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភទាំងបីសម្រាប់កសាងខឿនការទូតទូលំទូលាយ កសាងមូលដ្ឋានគ្រឹះមិត្តភាព បង្កើតបរិយាកាសអំណោយផលលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៅថ្នាក់មូលដ្ឋាន ក៏ដូចជានៅថ្នាក់ជាតិ។ ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ ខេត្ត Ba Ria - Vung Tau តែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងការទូតរវាងប្រជាជន និងប្រជាជន រួមចំណែកកសាងម៉ាកយីហោ និងរូបភាពខេត្ត Ba Ria - Vung Tau ចំពោះមុខអ្នកវិនិយោគក៏ដូចជាសហគមន៍អន្តរជាតិ។

ប្រិយមិត្តកំពុងស្តាប់សម្លេងក្នុងពិធីជួបប្រាស្រ័យទទួលស្វាគមន៍បុណ្យចូលឆ្នាំថ្មីប្រពៃណី ដែលខេត្ត Ba Ria - Vung Tau បានរៀបចំសម្រាប់ប្រជាពលរដ្ឋឡាវ កម្ពុជា និងថៃ ដែលរស់នៅក្នុងមូលដ្ឋានខេត្ត។ ពិធីបែបនេះ លែងជារឿងចម្លែកសម្រាប់សហគមន៍ជនបរទេសដែលរស់នៅ Ba Ria - Vung Tau ទៀតឡើយ។ ការសម្តែងវប្បធម៌ តូបលក់ម្ហូបអាហារត្រូវបានបង្ហាញក្នុងពិធីបុណ្យ និងកម្មវិធីជួបប្រាស្រ័យដើម្បីជួយប្រជាជនមកពីប្រទេសផ្សេងៗ យល់កាន់តែច្បាស់អំពីវប្បធម៌ពិសេសរបស់ប្រទេសនីមួយៗ។ ទន្ទឹមនឹងនោះ ជនបរទេសក៏មានអារម្មណ៍កក់ក្តៅនៅពេលរស់នៅក្នុងបរិយាកាសបុណ្យតេតប្រពៃណីរបស់ជនជាតិខ្លួន ផ្សព្វផ្សាយវប្បធម៌ប្រពៃណីរបស់ប្រទេសខ្លួន ដល់ប្រជាជនក្នុងតំបន់។

“រាល់ឆ្នាំសប្បាយណាស់ ព្រោះខេត្តបានរៀបចំអោយយើងបុណ្យតេត ដូចគ្នានៅឡាវ សប្បាយណាស់បានចូលរួមជះទឹក”។

“ខ្ញុំសប្បាយចិត្តណាស់ដែលបានអំណរបុណ្យតេតនៅទីនេះ ខ្ញុំបានជួបមិត្តភក្តិវៀតណាម និងខ្មែរជាច្រើន”។

“ព្រឹត្តិការណ៍នេះមានអត្ថន័យសំខាន់ណាស់ ដែលជួយឱ្យការផ្លាស់ប្តូរវប្បធម៌កាន់តែរីកចម្រើន”។

មិនត្រឹមតែរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីនៃបណ្តាប្រទេស ប៉ុណ្ណោះទេ សកម្មភាពផ្លាស់ប្តូរវប្បធម៌ជាច្រើនសម្រាប់សិស្សានុសិស្សរវាងខេត្ត Ba Ria - Vung Tau និងដៃគូនានាក៏ត្រូវបានរៀបចំយ៉ាងមានប្រសិទ្ធភាពដូចជា៖ ការផ្លាស់ប្តូរវប្បធម៌ – និស្សិតជាមួយដៃគូមកពីប្រទេសកូរ៉េខាងត្បូង ជប៉ុន បារាំង អូស្ត្រាលី; ការរៀបចំពិធីបុណ្យវប្បធម៌ Bashkortostan នៃសាធារណរដ្ឋ Bashkortostan (សហព័ន្ធរុស្ស៊ី) នៅក្នុងខេត្ត។ ជាពិសេស ក្នុងឆ្នាំ ២០២២ ខេត្តនឹងរៀបចំសកម្មភាពឆ្លើយតបទៅនឹងឆ្នាំនៃចំណងសាមគ្គីភាព មិត្តភាពរវាងវៀតណាម និងឡាវ រៀបចំ “ការផ្លាស់ប្តូរមិត្តភាពរវាងយុវជន Ba Ria - Vung Tau និងនិស្សិតកម្ពុជា” ក្នុងឱកាសរំលឹកខួបលើកទី ៥៥ នៃទិវាបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ អញ្ជើញវាយតម្លៃសកម្មភាពផ្លាស់ប្តូរប្រជាជនរវាងមូលដ្ឋាននៃប្រទេសវៀត ណាម និងកម្ពុជា លោក សុខ ដារ៉េត អគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅទីក្រុងហូជីមិញបានចែករំលែកថា៖ “ការរៀបចំសកម្មភាពដ៏ឧឡារិក ដើម្បីអបអរសាទរខួបលើកទី ៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ បានបង្ហាញនូវមនោសញ្ចេតនាដ៏វិសេសវិសាល បញ្ជាក់ពីចំណងសាមគ្គីភាពដ៏ជ្រាលជ្រៅរវាងប្រទេសទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ ការអភិវឌ្ឍលើគ្រប់វិស័យ ដែលប្រទេសទាំងពីរបានជំរុញរួមគ្នា”។

ទន្ទឹមនឹងសកម្មភាពផ្លាស់ប្តូរវប្បធម៌ តាមរយៈទំនាក់ទំនងការទូតរវាងប្រជាជន និងប្រជាជន សម្ព័ន្ធសមាគមនៃបណ្តាអង្គការមិត្តភាពខេត្ត Ba Ria - Vung Tau ក៏បានប្រមូលផ្តុំ និងទទួលថវិកាពីអង្គការក្រៅរដ្ឋាភិបាលបរទេស អង្គការបរទេសនិងបុគ្គលមួយចំនួនផងដែរ។   រហូតមកដល់ពេលនេះ ខេត្តទាំងមូលបានទទួល និងអនុវត្តកម្មវិធី និងគម្រោងជាច្រើន ដែលមានតម្លៃការប្តេជ្ញាចិត្តដោយជំនួយសរុបជាង ១៩,៦ លានដុល្លារអាមេរិក ដោយផ្តោតលើវិស័យដូចជា៖ ការថែទាំសុខភាពបឋមក្នុងសហគមន៍; គាំទ្រកម្មវិធីសុខភាព និងការអប់រំ; ការកាំពារសង្គម; ការការពារបរិស្ថាន; បម្រែបម្រួលអាកាសធាតុ; កសិកម្ម និងអភិវឌ្ឍន៍ជនបទ; ការជួយសង្គ្រោះបន្ទាន់; ការបណ្តុះបណ្តាលវិជ្ជាជីវៈ   ការអប់រំ ការសាងសង់សាលារៀន និងផ្ទះនៃក្តីមេតាធម៌។

ការទូតរវាងប្រជាជន និងប្រជាជន រួមចំណែកលើកកំពស់ឋានៈ របស់ខេត្ត Ba Ria - Vung Tau ក្នុងក្រសែភ្នែកមិត្តភក្តិអន្តរជាតិ - ảnh 1លោកស្រី Nguyen Thi Yen លេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត Ba Ria - Vung Tau

អញ្ជើញវាយតម្លៃទូទៅនៃកិច្ចការបរទេសរបស់ខេត្ត លោកស្រី Nguyen Thi Yen លេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត Ba Ria - Vung Tau បានឲ្យដឹងថា៖ “កិច្ចការបរទេសត្រូវបានបើកទូលាយនិងពង្រឹងយ៉ាងស៊ីជម្រៅ។ សកម្មភាពផ្លាស់ប្តូរកិច្ចការបរទេសលើវប្បធម៌និងសិល្បៈទទួលបានការចាប់អារម្មណ៍ ហើយត្រូវបានអនុវត្តយ៉ាងមានប្រសិទ្ធភាពជាជំហានៗ។ ការទូតរវាងប្រជាជន និងប្រជាជនត្រូវបានពង្រឹង និងពង្រីកដោយឥតឈប់ឈរ”។

កិច្ចខិតខំប្រឹងប្រែងលើកកម្ពស់វិស័យការទូតរវាងប្រជាជន បានរួមចំណែកកសាងម៉ាកយីហោ និងរូបភាពដ៏ស្រស់ស្អាតរបស់ខេត្ត Ba Ria - Vung Tau ក្នុងក្រសែភ្នែកសហគមន៍អន្តរជាតិ រួមទាំងអ្នកវិនិយោគបរទេសផងដែរ។ អ្នកស្រាវជ្រាវ Kyle Springer ម្ចាស់របាយការណ៍ "ខេត្ត Ba Ria-Vung Tau៖ ដើរឈានមុខគេក្នុងទំនាក់ទំនងសេដ្ឋកិច្ចរវាងអូស្ត្រាលី និងវៀតណាម" បានចែករំលែកថា៖ “កត្តារួមផ្សំ និងជំហរគាំទ្រការវិនិយោគរបស់ខេត្ត បានធ្វើឱ្យខេត្ត Ba Ria-Vung Tau ក្លាយជាអ្នកត្រួសត្រាយផ្លូវក្នុងការតភ្ជាប់សេដ្ឋកិច្ចរវាងអូស្ត្រាលី និងវៀត ណាម។ លក្ខណៈទាំងនេះក៏ធ្វើឱ្យ Ba Ria - Vung Tau ក្លាយជាទីតាំងដ៏ទាក់ទាញបំផុតមួយសម្រាប់អ្នកវិនិយោគបរទេសនៅវៀតណាម។ ក្នុងបរិបទដែលអូស្ត្រាលីកំពុងធ្វើពិពិធកម្មទំនាក់ទំនងពាណិជ្ជកម្ម-វិនិយោគជាមួយបណ្តាប្រទេស ដែលមានសេដ្ឋកិច្ចកំពុងរីក ចម្រើន ក្នុងនោះមានវៀតណាម Ba Ria-Vung Tau គឺជាទីតាំងវិនិយោគដ៏ល្អមួយ”។

ការទូតរវាងប្រជាជន និងប្រជាជន រួមចំណែកលើកកំពស់ឋានៈ របស់ខេត្ត Ba Ria - Vung Tau ក្នុងក្រសែភ្នែកមិត្តភក្តិអន្តរជាតិ - ảnh 2 អ្នកស្រាវជ្រាវ Kyle Springer ម្ចាស់របាយការណ៍ "ខេត្ត Ba Ria-Vung Tau៖ ដើរឈានមុខគេក្នុងទំនាក់ទំនងសេដ្ឋកិច្ចរវាងអូស្ត្រាលី និងវៀតណាម"

ជាមួយនឹងបាវចនាសន្តិភាព សាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ សកម្មភាពការទូតរវាងប្រជាជននៃខេត្ត Ba Ria - Vung Tau មិនត្រឹមតែមានការកើនឡើងប៉ុណ្ណោះទេ ថែមទាំងមានខ្លឹមសារ និងទម្រង់កាន់តែសម្បូរបែប និងបើកចំហរកាន់តែទូលំទូលាយ។ ប្រការនេះបានរួមចំណែកដល់ការពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិរបស់ខេត្ត ហើយទន្ទឹមនឹងនោះ បានកសាងរូបភាពខេត្ត Ba Ria - Vung Tau ប្រកបដោយភាពស្វាហាប់ និងសមាហរណកម្ម៕

 

 

ប្រតិកម្មទៅវិញ

ផ្សេងៗ