មន្ទីរពេទ្យចល័តនៅសមុទ្រ៖ ស្ពានតភ្ជាប់ដីគោកជាមួយកោះដាច់ស្រយាល

(VOVWORLD) - នៅពេលនិយាយអំពីតំបន់ពិសេស Truong Sa រូបភាពដែលផុសឡើងក្នុងចិត្តរបស់យើង ប្រហែលជាយុទ្ធជនកងទ័ពជើងទឹកដ៏អង់អាចក្លាហាន ដែលកំពុងការពារដែនទឹកដែនអាកាសនៅតាមកោះជួរមុខនៃមាតុភូមិ។ ហើយដើម្បីបង្កើនភាពរឹងមាំបន្ថែមទៀតសម្រាប់កម្លាំងជួរមុខការពារដែនសមុទ្រនោះ គឺមិនអាចខ្វះបាននូវ "ស្ពាននៃសេចក្តីស្រឡាញ់" ដែលតភ្ជាប់ដីគោកជាមួយកោះដាច់ស្រយាល។ នោះគឺជាកប៉ាល់នៃកងពលតូចលេខ ៩៥៥ តំបន់លេខ ៤ កងទ័ពជើងទឹក។ ក្នុងនោះ លេចធ្លោបំផុតគឺកប៉ាល់មន្ទីរពេទ្យលេខ ៥៦១ ដែលអាចចាត់ទុកថា ជាមន្ទីរពេទ្យចល័តដែលមានបេសកកម្មចំនួនពីរគឺ៖ ថែទាំសុខភាពរបស់យុទ្ធជន ប្រជាជន និងអ្នកនេសាទនៅកណ្តាលខ្យល់ព្យុះបោកបក់ផង និងដឹកជញ្ជូនគណៈប្រតិភូទៅទស្សនាប្រជុំកោះ Truong Sa ដ៏ពិសិដ្ឋ។
មន្ទីរពេទ្យចល័តនៅសមុទ្រ៖ ស្ពានតភ្ជាប់ដីគោកជាមួយកោះដាច់ស្រយាល - ảnh 1ក្រុមនាវិកនៃកប៉ាល់លេខ ៥៦១។ 

កប៉ាល់លេខ ៥៦១ គឺជាមធ្យោបាយធ្វើដំណើរនិងដឹកជញ្ជូនផង ហើយជាទីបង្អែកផ្នែកវេជ្ជសាស្ត្រនៅកណ្តាលលំហសមុទ្រផង។ ជាមួយនឹងការរចនាទំនើប ប្រវែងជិត ៧១ ម៉ែត្រ ទទឹងជាង ១៣ ម៉ែត្រ និងសមត្ថភាពផ្ទុកទម្ងន់ជាង ២០០០ តោន តំបន់វេជ្ជសាស្ត្រនៅលើកប៉ាល់ត្រូវបានបំពាក់យ៉ាងពេញលេញជាមួយនឹងគ្រែអ្នកជំងឺជាង ២០ បន្ទប់សង្គ្រោះ បន្ទប់ធ្វើតេស្ត ការពិនិត្យអ៊ុលត្រាសោន កាំរស្មី X និងសូម្បីតែបន្ទប់បន្ធូរសម្ពាធសម្រាប់គ្រោះថ្នាក់នៅពេលមុជទឹក។ ជាពិសេស ប្រព័ន្ធ visat ទទួលសញ្ញាពីផ្កាយរណប vinasat ដែលអនុញ្ញាតឱ្យមានការពិគ្រោះយោបល់ដោយផ្ទាល់ជាមួយមន្ទីរពេទ្យយោធា ១៧៥ និងអ្នកជំនាញនៅលើដីគោក ដោយនាំមកនូវសេវាវេជ្ជសាស្ត្រគុណភាពខ្ពស់ទៅដល់កណ្តាលមហាសមុទ្រ។ វរសេនីយ៍ទោ Do Van Duan អនុប្រធានផ្នែកនយោបាយនៃកងពលតូចលេខ ៩៥៥ ចែករំលែកថា៖ កប៉ាល់លេខ ៥៦១ គឺជាកប៉ាល់មន្ទីរពេទ្យដែលអនុវត្តភារកិច្ចជាច្រើន។ ក្នុងបោះ រួមមានភារកិច្ចដឹកជញ្ជូនគណៈប្រតិភូ។ នាប៉ុន្មានឆ្នាំថ្មីៗនេះ កប៉ាល់លេខ ៥៦១ ក៏បានអនុវត្តបេសកកម្មពិនិត្យនិងព្យាបាលសុខភាពសម្រាប់ទាំងយោធានិងប្រជាជននៅប្រជុំកោះ Truong Sa និងផ្ទះរន្ទាផងដែរ។ នេះគឺជាភារកិច្ចស្នូលនៅឆ្នាំនេះ ហើយក៏ដូចជាភារកិច្ចរបស់កប៉ាល់ និងកងពលតូចលេខ ៩៥៥ ផងដែរ

មន្ទីរពេទ្យចល័តនៅសមុទ្រ៖ ស្ពានតភ្ជាប់ដីគោកជាមួយកោះដាច់ស្រយាល - ảnh 2កប៉ាល់លេខ ៥៦១ ធ្វើដំណើរដោយមោទនភាពនៅកណ្តាលលំហសមុទ្រ។ រូបថត៖ Tran Thanh

ជារៀងរាល់ឆ្នាំ កប៉ាល់នេះធ្វើដំណើរចំនួន ៥ ទៅ ១០ ដង ជួយសង្គ្រោះអ្នកនេសាទប្រហែល ៥០០ នាក់ និងពិនិត្យសុខភាពសម្រាប់កងទ័ពនិងប្រជាជនជាង ២.០០០ ករណី។ ដូច្នេះហើយ ទោះបីជាមានចម្ងាយរាប់រយម៉ាយល៍សមុទ្រពីដីគោកក៏ដោយ ក៏មនុស្សគ្រប់គ្នានៅតែត្រូវបានថៃទាំយ៉ាងទាន់ពេលវេលា។ កម្មាភិបាលនិងយុទ្ធជននៅលើកប៉ាល់តែងតែចាត់ទុកកងទ័ព ប្រជាជននិងអ្នកនេសាទជាញាតិមិត្ត ដោយប្រែក្លាយការលំបាកទៅជាកម្លាំងចលករ ដើម្បីបំពេញភារកិច្ចបានយ៉ាងល្អ។

មន្ទីរពេទ្យចល័តនៅសមុទ្រ៖ ស្ពានតភ្ជាប់ដីគោកជាមួយកោះដាច់ស្រយាល - ảnh 3ការពិនិត្យសុខភាពសម្រាប់កម្មាភិបាល និងយុទ្ធជននៅតំបន់ពិសេស Truong Sa គឺជាភារកិច្ចសំខាន់មួយរបស់កប៉ាល់លេខ ៥៦១។

ក្រៅពីការថែទាំសុខភាព កប៉ាល់លេខ ៥៦១ ក៏ជាស្ពានតភ្ជាប់សេចក្តីស្រឡាញ់ផងដែរ ដោយដឹកជញ្ជូនគណៈប្រតិភូរបស់បក្ស និងរដ្ឋទៅទស្សនាប្រជុំកោះ Truong Sa នាំមកនូវជំនឿជាក់និងសេចក្តីសង្ឃឹមពីដីគោក។ អនុសេនីឯក Nguyen Trung Thanh ស្នងការនយោបាយរបស់កប៉ាល់ បានចែករំលែកដោយមោទនភាពថា៖ ចំណុចលេចធ្លោបំផុតរបស់កប៉ាល់លេខ ៥៦១ នាប៉ុន្មានឆ្នាំថ្មីៗនេះ គឺបំពេញល្អរាល់ភារកិច្ចដែលរដ្ឋ កងទ័ព ជាពិសេសកងទ័ពជើងទឹកបានប្រគល់ជូន។ កប៉ាល់នេះ បានបំពេញល្អនូវភារកិច្ចស្វាគមន៍គណៈប្រតិភូ ភារកិច្ចផ្តល់ការពិនិត្យនិងការព្យាបាលសម្រាប់ទាហាន និងប្រជាជននៃប្រជុំកោះ Truong Sa  ភារកិច្ចជំនួសកងទ័ព ក៏ដូចជាភារកិច្ចស្ទង់មតិបរទេសរបស់កប៉ាល់លេខ ៥៦១។ យើងមានកិត្តិយសខ្លាំងណាស់ ដែលត្រូវបានបញ្ជាការកងទ័ពជើងទឹក និងបញ្ជាការដ្ឋានតំបន់លេខ ៤ ផ្តល់ប័ណ្ណសរសើរសម្រាប់ការបំពេញល្អនូវភារកិច្ចស្វាគមន៍គណៈប្រតិភូទៅទស្សនាប្រជុំកោះ Truong Sa ក្នុងឆ្នាំ ២០២៤”។

មន្ទីរពេទ្យចល័តនៅសមុទ្រ៖ ស្ពានតភ្ជាប់ដីគោកជាមួយកោះដាច់ស្រយាល - ảnh 4កប៉ាល់លេខ ៥៦១ ដឹកអ្នកដំណើរចូលទស្សនាកោះ។

នៅពេលទៅទស្សនា Truong Sa លោកស្រីវេជ្ជបណ្ឌិត Nguyen Tan Trang មានអារម្មណ៍រំជួលចិត្ត បន្ទាប់ពីដំណើរលើកដំបូងរបស់ខ្លួន ជាមួយនឹងសកម្មភាពដ៏មានអត្ថន័យជាច្រើន៖ នៅក្នុងចិត្តរបស់ខ្ញុំ បានលេចឡើងនូវចំណាប់អារម្មណ៍យ៉ាងខ្លាំងក្លា។ តាមរយៈការទស្សនានិងការសន្ទនាជាមួយយុទ្ធជនលើកោះ ខ្ញុំបានឃើញថា កម្មាភិបាលនិងយុទ្ធជននៅទីនេះ ជានិច្ចកាលប្តេជ្ញាបំពេញភារកិច្ច។ ប្រាកដណាស់ថា ដំណើរទាំងនេះ ក៏ផ្តល់កម្លាំងចិត្តបន្ថែមទៀត ដល់សមមិត្តដែលកំពុងការពារកោះសមុទ្រនៃមាតុភូមិផងដែរ

ក្នុងចំណោមមុខមាត់ដែលបម្រើការងារដោយអស់ពីចិត្តនៅលើកប៉ាល់ យើងអាចនិយាយអំពីវរសេនីយ៍ត្រី Nguyen Van Tham ប្រធានវិស្វករជំនាញ; វរសេនីយ៍ត្រី Nguyen Dau Truong មន្ត្រីរលកសញ្ញា និងវរសេនីយ៍ត្រី Tran Van Ngoc  គ្រូពេទ្យនៃកប៉ាល។ យុទ្ធជនវ័យក្មេង Bui Anh Tuan អាយុ ២៦ ឆ្នាំ ជំនាញផ្នែកអេឡិចត្រូមេកានិច ជាមនុស្សម្នាក់ដែលកំពុងបន្តប្រពៃណីគ្រួសារកងទ័ពជើងទឹក បានចែករំលែកក្តីមោទនភាពថា៖ ដោយធ្វើការក្នុងបរិយាកាសពិសេសនេះ មនុស្សភាគច្រើន ពិតជាមានមោទនភាពណាស់។ ខ្ញុំនឹងបន្តបម្រើការងារក្នុងជួរកងទ័ពរយៈពេលយូរ។ ឪពុករបស់ខ្ញុំបានបម្រើអស់រយៈពេលជាង ៣០ ឆ្នាំមកហើយ។ ដូច្នេះ ខ្ញុំក៏ចង់ធ្វើការដូចឪពុករបស់ខ្លួនដែរ។ ខិតខំចូលរួមចំណែក”។

មន្ទីរពេទ្យចល័តនៅសមុទ្រ៖ ស្ពានតភ្ជាប់ដីគោកជាមួយកោះដាច់ស្រយាល - ảnh 5បក្សភាគ កប៉ាល់ ៥៦១។

បើទោះបីប្រឈមមុខនឹងការលំបាកជាច្រើនក៏ដោយ អនុស្សាវរីយ៍នៃការរួមដៃជាមួយបងប្អូន ជួយដងទឹកចេញពីទូកនៅពេលមានរលកបោកបក់ខ្លាំង បានដក់ជាប់យ៉ាងជ្រៅនៅក្នុងបេះដូងរបស់ Tuan នូវមេរៀនអំពីសាមគ្គីភាពសម្រាប់បេសកកម្មរួម។ កម្មាភិបាលវ័យក្មេងដូចជា Bui Anh Tuan គឺជាខ្សែអំបោះក្រហម ដែលតភ្ជាប់អតីតកាលដ៏អងអាច់ក្លាហាន ជាមួយនឹងអនាគតដ៏ភ្លឺស្វាងរបស់កងទ័ពជើងទឹកប្រជាជនវៀតណាម។

មន្ទីរពេទ្យចល័តនៅសមុទ្រ៖ ស្ពានតភ្ជាប់ដីគោកជាមួយកោះដាច់ស្រយាល - ảnh 6ក្រុមនាវិកនៃកប៉ាល់លេខ ៥៦១ ដឹកក្រុមការងារ "ដំណើរយុវវ័យដើម្បីសមុទ្រ និងកោះមាតុភូមិ" ក្នុងឆ្នាំ ២០២២ ទៅទស្សនាផ្ទះរន្ទារ DK-I/7 Huyen Tran។

នៅកណ្តាលលំហសមុទ្រដ៏ធំល្វឹងល្វើយ កម្មាភិបាល និងយុទ្ធជននៃកប៉ាល់មន្ទីរពេទ្យ ៥៦១ បាននាំមកនូវសេចក្តីស្រឡាញ់ និងឆន្ទៈដ៏មោះមុត។ពួកគេគឺជាកម្លាំងចលករដែលជួយអ្នកនេសាទ នឹងនរចិត្តនៅពេលចេញទៅសមុទ្រ ជួយយុទ្ធជននៅលើកោះដាច់ស្រយាលឱ្យកាន់កាំភ្លើងយ៉ាងរឹងមាំ រួមចំណែករក្សាអធិបតេយ្យភាពដ៏ពិសិដ្ឋ។ តាមរយៈដំណើរនីមួយៗ សមុទ្រនិងកោះជានិច្ចកាលជាផ្នែកមួយនៃមាតុប្រទេស  ដែលជំរុញឱ្យយុទ្ធជនជាច្រើនជំនាន់ បន្តសេចក្តីប្រាថ្នាឈានទៅឆ្ងាយ ដើម្បីប្រទេសវៀតណាមដ៏រឹងមាំមួយនៅក្បែរឆ្នេរសមុទ្រខៀវ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ