ការឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ក្នុងសប្ដាហ៍កន្លងទៅ

(VOVWORLD) - ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១ ដែលកំពុងប្រព្រឹត្តទៅក្នុងបរិយាកាសដ៏ផុសផុលនៅប្រទេសវៀតណាម ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមក បានទាក់ទាញការយកចិត្តទុកដាក់យ៉ាងខ្លាំងពីសំណាក់មិត្តអ្នកស្តាប់ និងមិត្តអ្នកអានកម្ពុជា។
ការឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ក្នុងសប្ដាហ៍កន្លងទៅ - ảnh 1ឈុតសម្ដែងមួយក្នុងកម្មវិធីសិល្បៈបើកព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១នៅវៀតណាម។
(រូបថត៖ VNA)

លោក សុភ័ត្ត នៅរាជធានីភ្នំពេញ បានផ្ញើរអត្ថាធិប្បាយដល់កម្មវិធីដែលថា៖ “ក្រៅពីការតាមដាន ហើយគាំទ្រចំពោះការប្រកួតកីឡា ខ្ញុំក៏ចាប់អារម្មណ៍ខ្លាំងចំពោះព្រឹត្តិការណ៍វប្បធម៌ និងទេសចរណ៍នៅក្រៅស៊ីហ្គេម។ ក្នុងនាមជាម្ចាស់ផ្ទះនៃស៊ីហ្គេមលើកទី៣១ ខ្ញុំមើលឃើញថា វៀតណាមបានអនុវត្តន៍យ៉ាងល្អប្រសើរ មិនត្រឹមតែរៀបចំសម្ភារៈបរិក្ខារទំនើបៗ និងគ្រប់គ្រាន់សម្រាប់កីឡាករប៉ុណ្ណោះទេ ថែមទាំងមានព្រឹត្តិការណ៍ជាច្រើន ដើម្បីបង្កើនការ ជួបប្រាស្រ័យរវាងបណ្ដាប្រទេស ក៏ដូចជាផ្សព្វ ផ្សាយអំពីវប្បធម៌ ទេសចរណ៍ ទឹកដីនិងមនុស្សវៀតណាមទៀតផង ដូចជាមហោស្រពយុវជនអាស៊ីអាគ្នេយ៍ Carnaval Ha Long ២០២២ ឬកម្មវិធីសិល្បៈបើកស៊ីហ្គេម ៣១ ជាដើម។

លោកអ្នកនាងនិងប្រិយមិត្តជាទីគោរព! ហួសពីក្របខណ្ឌនៃព្រឹត្តិការណ៍កីឡាមួយ ស៊ីហ្គេម ៣១ ក៏ជាឱកាសសម្រាប់ប្រទេសអាស៊ីអាគ្នេយ៍បង្កើនរឹតបន្តឹងចំណងសាមគ្គីភាព មិត្តភាព ការជួបប្រាស្រ័យប្រជាជន ហើយជំរុញការអភិវឌ្ឍន៍ទេសចរណ៍និងសេដ្ឋកិច្ចផងដែរ។ ប្រការនេះត្រូវបានបង្ហាញយ៉ាងច្បាស់ក្នុងកម្មវិធីសិល្បៈបើកស៊ីហ្គេម ៣១ ក្រោមប្រធានបទ "ដើម្បីអាស៊ីអាគ្នេយ៍មួយកាន់តែខ្លាំងក្លា"។ កម្មវិធីសិល្បៈនេះមាន ៣ ជំពូក។ ជំពូកទី ១ គឺ “វៀតណាមរួសរាយរាក់ទាក់” ជាមួយនឹងការសំដែងដោយបង្ហាញពីអត្តសញ្ញាណវប្បធម៌ដោយឡែករបស់ប្រទេសជាតិ និងភាពរួសរាយរាក់ទាក់ជាមួយប្រទេសទាំងអស់ក្នុងតំបន់ និងលើពិភពលោក។ ជំពូកទី ២ មានចំណងជើងថា "អាស៊ីអាគ្នេយ៍ដ៏ខ្លាំងក្លា" ដែលបង្ហាញពីកម្លាំងនៃសហគមន៍ប្រទេសអាស៊ាននៅពេលរួបរួមគ្នានឹងបង្កើតឡើងឋានៈលើផែនទីពិភពលោក។ ជំពូកទី ៣ គឺ “អាស៊ីអាគ្នេយ៍ភ្លឺស្វាង” ដែលបង្ហាញពីកម្លាំងសាមគ្គីភាព និងចំណងមិត្តភាពរវាងវៀតណាម និងបណ្តាប្រទេសអាស៊ាន រួមគ្នាកសាងសហគមន៍អាស៊ានដ៏រឹងមាំ និងលើកកម្ពស់តួនាទីរបស់អាស៊ានលើឆាកអន្តរជាតិ។ ខេត្តក្រុងធំៗដែលទទួលរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ ដូចជាទីក្រុងហាណូយ និងខេត្ត Quang Ninh ក៏បានរៀបចំព្រឹត្តិការណ៍ជាច្រើនដើម្បីជួយជ្រោមជ្រែង ដូចជាមហោស្រពយុវជនអាស៊ីអាគ្នេយ៍ ដែលទើបតែប្រព្រឹត្តទៅនៅទីក្រុងហាណូយ ដោយមានការចូលរួមពីគណៈប្រតិភូយុវជនចំនួន ១១ មកពីប្រទេសក្នុងតំបន់ អ្នកស្ម័គ្រចិត្តស៊ីហ្គេម និងយុវជន និស្សិត ប្រជាជនរដ្ឋធានីយ៉ាងច្រើនកុះករ; ឬកម្មវិធី Carnaval Ha Long ឆ្នាំ២០២២ក្រោមប្រធានបទ "Ha Long - អច្ឆរិយៈបញ្ចាំងពន្លឺរស្មីជាមួយស៊ីហ្គេម ៣១" ដែលបានទាក់ទាញប្រជាជននិងភ្ញៀវទេសចររាប់ពាន់នាក់មកចូលរួម។

ការឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ក្នុងសប្ដាហ៍កន្លងទៅ - ảnh 2ក្នុងការប្រកួតរវាងក្រុមថៃនិងម៉ាឡេស៊ី កៅអីទាំង៣ម៉ឺននៅកីឡាដ្ឋាន Thien Truong ត្រូវបានគ្របដណ្ដប់ទាំងស្រុង។ 

ក៏សម្ដែងនូវការយកចិត្តទុកដាក់ដល់ស៊ីហ្គេមលើកទី៣១នេះផងដែរ អ្នកស្ដាប់ ច័ន្ទតា នៅភ្នំពេញបានសរសេរក្នុងសំបុត្រថា៖ “ខ្ញុំដឹងថាវៀតណាមជាប្រទេសដែលស្រឡាញ់កីឡាបាល់ទាត់ ប្រជាជន វៀតណាមជាអ្នកគាំទ្រដ៏អស្ចារ្យ ប៉ុន្តែខ្ញុំនៅតែភ្ញាក់ផ្អើលនៅពេលឃើញ រូបភាពអ្នកគាំទ្រគ្របដណ្តប់លើកីឡាដ្ឋានដើម្បីគាំទ្រចំពោះការប្រកួត បើទោះបីជាមិនមែនជាក្រុមម្ចាស់ផ្ទះក៏ដោយ ហើយបន្ទាប់ពីការប្រកួតនៅធ្វើអនាម័យកន្លែងអង្គុយ មុនពេលចាកចេញផងដែរ។ អ្នកពិតជាបានផ្តល់កម្លាំងចិត្ត មិនត្រឹមតែសម្រាប់កីឡាករប៉ុណ្ណោះទេ ថែមទាំងសម្រាប់ប្រជាជនអាស៊ាននិយាយរួម ដែលជួយពួកយើងឲ្យមានអារម្មណ៍ជិតស្និទ្ធជាមួយគ្នា”។

ប្រិយមិត្តជាទីមេត្រី! នៅព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១នេះ ការប្រកួតជម្រុះសន្សំពិន្ទុតាមពល បានប្រព្រឹត្តទៅនៅកីឡាដ្ឋាន Thien Truong (Nam Dinh) និងកីឡាដ្ឋាន Viet Tri (Phu Tho)។ ការប្រកួតទាំងអស់តែងតែប្រព្រឹត្តទៅប្រកបដោយបរិយាកាសដ៏ផុសផុល សប្បាយអ៊ូអរ ក្រោមការគាំទ្រយ៉ាងសកម្មពីសំណាក់អ្នកគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់ សូម្បីតែមិនមានការចូលរួមពីក្រុមម្ចាស់ផ្ទះវៀតណាមក៏ដោយ។ ក្នុងការប្រកួតរវាងថៃ និងម៉ាឡេស៊ី នៅលើកីឡាដ្ឋាន Thien Truong កៅអីទាំង៣ម៉ឺន ត្រូវបានបំពេញ ដែលបានបង្កើតកំណត់ត្រាថ្មីមួយនៅស៊ីហ្គេម នៅពេលដែលមានអ្នកទស្សនាច្រើនជាងគេក្នុងការប្រកួតនៅលើទីលានអព្យាក្រឹត។ សារព័ត៌មាន និងអ្នកគាំទ្រក្នុងតំបន់បានផ្ដល់ពាក្យកោតសរសើរជាច្រើនចំពោះ ការស្រឡាញ់កីឡាបាល់ទាត់របស់អ្នកគាំទ្រវៀតណាម។ ប្រការនេះមិនត្រឹមតែជួយឲ្យកីឡាករមានកម្លាំងចិត្ត និងទំនុកចិត្តបន្ថែមទៀតនៅពេលប្រកួតប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីភាពស្និទ្ធស្នាល រួសរាយរាក់ទាក់របស់ប្រជាជនវៀតណាម ធ្វើឲ្យសាបរលាបគម្លាតភូមិសាស្ត្ររវាងប្រទេសក្នុងតំបន់ ហើយរួមចំណែកក្នុងការបញ្ជាក់និងផ្សព្វផ្សាយរូបភាពប្រទេសវៀតណាមជាគោលដៅសុវត្ថិភាពមួយក្រោយពីជំងឺរាតត្បាតកូវីដ ១៩។

ក្រៅពីមតិធ្វើបទអត្ថាធិប្បាយ យើងខ្ញុំក៏ទទួលបានពាក្យជូនពរជាច្រើនពីទស្សនិកជន អ្នកស្តាប់ ដែលមានបំណងចង់ផ្ញើរតាមរយៈកម្មវិធីជូនដល់ក្រុមកីឡាកម្ពុជានិយាយដោយឡែក ក៏ដូចជាកីឡាករ កីឡាការិនី និងគ្រូបង្វឹកទាំងអស់ ដែលបានចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ ផងដែរ។ អ្នកស្តាប់ ចន្ថាវី បច្ចុប្បន្នរស់នៅទីក្រុងហូជីមិញបានផ្ញើសំបុត្រជូនពរថា៖ "ជូនពរក្រុមកីឡាកម្ពុជាចូលរួមប្រកួតប្រកបដោយទំនុកចិត្ត និងសម្រេចបានសមិទ្ធផលខ្ពស់ជូនប្រទេសជាតិ"។ អ្នកស្តាប់ សម្បត្តិ នៅខេត្តសៀមរាប បានសរសេរថា “សូមជូនពរកីឡាករកម្ពុជា វៀតណាម និងបណ្តាប្រទេសនានា ចូលរួមប្រកួតឲ្យអស់ពីសមត្ថភាព ដើម្បីមាតុប្រទេស ក្នុងស្មារតីកីឡាដ៏ខ្ពង់ខ្ពស់ដើម្បីអាស៊ីអាគ្នេយ៍មួយកាន់តែរីកចម្រើននិងជិតស្និទ្ធជាមួយគ្នា”។ ឬអ្នកស្តាប់ លីនដា នៅខេត្តព្រះសីហនុ បានផ្ញើសារថា៖ «សូមជូនពរក្រុមកីឡាកម្ពុជា ទទួលបានជោគជ័យ ក៏ដូចជាមានបទពិសោធន៍ជាច្រើនបន្ថែមទៀត សម្រាប់ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ”។

លោកអ្នកនាងនិងប្រិយមិត្តជាទីស្រឡាញ់រាប់អាន ខាងលើនេះគឺជាមតិយោបល់និងការចែករំលែករបស់មិត្តអ្នកស្ដាប់ មិត្តអ្នកអាន ដែលបានផ្ញើរមកកាន់កម្មវិធីក្នុងសប្ដាហ៍កន្លងទៅ។ យើងខ្ញុំសង្ឃឹមថា នឹងបន្តទទួលបានមនោសញ្ចេតនាក៏ដូចជាមតិយោបល់ជាច្រើនថែមទៀតពីសំណាក់ប្រិយមិត្តទាំងអស់។ សំបុត្ររបស់ប្រិយមិត្ត សូមផ្ញើរមកកាន់យើងខ្ញុំ តាមអាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ វិទ្យុសម្លេងវៀតណាម លេខ៤៥វិថី Ba Trieu ខ័ណ្ឌ Hoan Kiem រដ្ឋធានីហាណូយ ឬអ៊ីម៉ែល៖vov5khmer@gmail.com៕

ប្រតិកម្មទៅវិញ

ផ្សេងៗ