ការឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ក្នុងសប្ដាហ៍កន្លងទៅ

(VOVWORLD) - ក្នុងសប្ដាហ៍កន្លងទៅ គណៈកម្មការផ្សាយជាភាសារបរទេសនៃវិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រនិងអ៊ីម៉ែលចំនួនជាង ៤០០ ដែលក្នុងនោះកម្មវិធីផ្សាយជាភាសាខ្មែរទទួលបានសំបុត្រចំនួន១១។ តាងនាមកម្មវិធី យើងខ្ញុំសូមថ្លែងអំណរគុណចំពោះមិត្តអ្នកស្តាប់ទាំងអស់ ដែលបានបញ្ចេញមតិ និងចែករំលែកអារម្មណ៍ចំពោះព័ត៌មាននិងព្រឹត្តិការណ៍អំពីប្រទេសនិងប្រជាជនវៀតណាម។

ប្រធានបទមួយដែលទាក់ទាញការយកចិត្តទុកដាក់យ៉ាងច្រើនបំផុតពីមិត្តអ្នកស្តាប់ក្នុងសប្តាហ៍មុន គឺនៅក្នុងសម័យប្រជុំវិសាមញ្ញលើកទី ៤ រដ្ឋសភានីតិកាលទី ១៥ បានអនុម័តសេចក្តីសម្រេចចិត្ត ជ្រើសតាំងលោក Vo Van Thuong ជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម សម្រាប់អាណត្តិ ២០២១-២០២៦ ។ ពីគ្រប់ទិសទីនៅលើពិភពលោក មិតអ្នកស្ដាប់របស់ VOV5 បានផ្ញើសារជូនពរដ៏ល្អប្រសើរ ព្រមទាំងសម្តែងជំនឿជាក់ថា ក្រោមការដឹកនាំរបស់ប្រធានរដ្ឋថ្មី វៀតណាមនឹងបន្តទទួលបានសមិទ្ធិផលដ៏ធំធេងជាច្រើន អភិវឌ្ឍន៍យ៉ាងឆាប់រហ័សលើគ្រប់វិស័យ និងដើរតួនាទីយ៉ាងសំខាន់ក្នុងតំបន់ និងលើពិភពលោក។

លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី! នាព្រឹកថ្ងៃទី ២ ខែមីនា ក្នុងសម័យប្រជុំវិសាមញ្ញលើកទី៤នៅសាលប្រជុំ Dien Hong ក្នុងរដ្ឋធានីហាណូយ ដោយទទួលបានសំឡេងគាំទ្រចំនួន ៤៨៧/៤៨៨ របស់សមាជិកសភាដែលចូលរួមបោះឆ្នោត រដ្ឋសភានីតិកាលទី ១៥ បានជ្រើសតាំងលោក Vo Van Thuong សមាជិកការិយាល័យនយោបាយ សមាជិកអចិន្ត្រៃយ៍នៃគណៈលេខា នីតិកាលទី ១៣ សមាជិកសភានីតិកាលទី ១៥ កាន់តំណែងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម សម្រាប់អាណត្តិ ២០២១-២០២៦។ ក្នុងអាយុ ៥៣ ឆ្នាំ លោក Vo Van Thuong គឺជាប្រធានរដ្ឋវ័យក្មេងបំផុតរហូតមកដល់ពេលនេះ។ ទន្ទឹមនឹងនេះដែរ លោកក៏ជាសមាជិកអចិន្ត្រៃយ៍នៃគណៈលេខា វ័យក្មេងបំផុតចាប់ពីឆ្នាំ ១៩៧៦ រហូតមកដល់ពេលនេះ និងជាសមាជិកវ័យក្មេងបំផុតនៅក្នុងការិយាល័យនយោបាយនាបច្ចុប្បន្ន។

ក្នុងសំបុត្រផ្ញើរមកកាន់កម្មវិធី មិត្ត ថា សុភ័ក្រ្ត មកពីខេត្តមណ្ឌលគិរី កម្ពុជា ចង់ឲ្យកម្មវិធីឧទ្ទេសនាមអំពីមហោស្រពកាហ្វេ Buon Ma Thuot ជាមហោស្រពដ៏វិសេសវិសាលនៅតំបន់ Tay Nguyen ដែលត្រូវបានរៀបចំឡើជារៀងរាល់ពីរឆ្នាំម្តង។

ការឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ក្នុងសប្ដាហ៍កន្លងទៅ - ảnh 1ការសម្តែងសិល្បៈក្នុងពិធីបើក។ (រូបថត៖ baodaklak.vn)

មិត្តអ្នកស្ដាប់ ថា សុភ័ក្រ្ត និងប្រិយមិត្តជាទីមេត្រី! មហោស្រពហ្វេ Buon Ma Thuot គឺជាមហោស្រពថ្នាក់ជាតិ និងបានក្លាយជាព្រឹត្តិការណ៍លេចធ្លោមួយ ដែលបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ល្អប្រសើរជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ។ ក្រោយរយៈពេល ២ ឆ្នាំត្រូវផ្អាកជាបណ្តោះអាសន្នដោយសារផលប៉ះពាល់នៃជំងឺរាតត្បាត COVID-19 មហោស្រពកាហ្វេ Buon Ma Thuot លើកទី ៨ ឆ្នាំ ២០២៣ ក្រោមប្រធានបទ“Buon Ma Thuot - គោលដៅនៃកាហ្វេពិភពលោក”បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០- ១៤ ខែមីនាឆ្នាំ ២០២៣ នៅទីក្រុង Buon Ma Thuot និងតំបន់មួយចំនួនក្នុងខេត្ត។ ក្រៅពីខ្លឹមសារបើក បិទ និងពិធីបុណ្យតាមដងវិថីនោះ ក្នុងក្របខ័ណ្ឌព្រឹត្តិការណ៍ឆ្នាំនេះក៏មានសកម្មភាពគួរឱ្យចាប់អារម្មណ៍ជាបន្តបន្ទាប់ដូចជាការប្រកួតវីដេអូឧទ្ទេសនាមអំពីកាហ្វេ Buon Ma Thuot; ការសម្តែងល្ខោនតន្ត្រី “Khat vong Dam San”; ការតាំងពិព័រណ៍រូបថត; ការប្រកួតប្រជែងផលិតផលគ្រឿងសំអាងពីដើមកាហ្វេ; ការប្រណាំងទូកពុល; សិក្ខាសាលាឯកទេសកាហ្វេជាដើម ។ មហោស្រពនេះបានទាក់ទាញភ្ញៀវទេសចរក្នុងស្រុកនិងអន្តរជាតិយ៉ាងច្រើនកុះករមកដល់ខេត្ត Dak Lak; បានផ្សព្វផ្សាយពាណិជ្ជសញ្ញាកាហ្វេ Buon Ma Thuot; អះអាងពីឋានៈរបស់វៀតណាមនៅលើទីផ្សារពិភពលោក នាំទីក្រុង Buon Ma Thuot ក្លាយជាគោលដៅនៃកាហ្វេពិភពលោក។ ជាពិសេស ក្នុងមហោស្រពកាហ្វេ Buon Ma Thuot លើកទី ៨នេះ តំបន់នានាក្នុងខេត្ត Dak Lak បានចុះបញ្ជីសកម្មភាពជាច្រើន ជួយជ្រោមជ្រែងយ៉ាងរស់រវើក ដោយមានព្រឹត្តិការណ៍វប្បធម៌ កីឡានៅមុន ក្នុង និងក្រោយមហោស្រព ដោយបង្កលក្ខណៈងាយស្រួលសម្រាប់ភ្ញៀវទេសចរ និងប្រជាជនមកកម្សាន្ត និងចូលរួម។

ជាបន្តកម្មវិធី សូមអញ្ជើញលោកអ្នកនាងទៅទស្សនា និងស្វែងយល់អំពី ភូមិវប្បធម៌ទេសចរណ៍សហគមន៍ Quynh Son នៅខេត្ត Lang Son។ នេះក៏ជាគោលដៅដែលអ្នកស្ដាប់ ហ៊ឹម សុខា នៅខេត្តសៀមរាបមានបំណងចង់ស្វែងយល់ផងដែរ។

ការឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ក្នុងសប្ដាហ៍កន្លងទៅ - ảnh 2ភូមិវប្បធម៌ទេសចរណ៍សហគមន៍ Quynh Son

មិត្តអ្នកស្ដាប់ ហ៊ឹម សុខា និងប្រិយមិត្តជាទីមាត្រី! ភូមិវប្បធម៌ទេសចរណ៍សហគមន៍ Quynh Son នៃស្រុក Bac Son ខេត្ត Lang Son មានរូងភ្នំ ភ្នំថ្មកំបោរ និងជ្រលងភ្នំយ៉ាងច្រើនកុះករ បង្កើតឡើងទេសភាពដ៏ស្រស់ស្អាត ទាក់ទាញភ្ញៀវទេសចរមកទស្សនា។ ភូមិ Quynh Son មានស្ថាបត្យកម្មដ៏វិសេសវិសាល ដោយមានផ្ទះឈើខ្ពស់ពីដីរាប់រយដំបូលត្រូវបានសាងសង់ឆ្ពោះទៅទិសខាងត្បូងដូចគ្នា ជាមួយបរិយាកាសទូលំទូលាយ និងមានភាពសុខដុមរមនាជាមួយធម្មជាតិ។ អញ្ជើញមកទស្សនាភូមិ Quynh Son ភ្ញៀវទេសចរនឹងបានទទួលបទពិសោធន៍នូវបរិយាកាសដ៏កក់ក្តៅក្នុងផ្ទះឈើខ្ពស់ពីដីប្រពៃណី រួមគ្នារស់នៅនិងជួបប្រាស្រ័យជាមួយជនជាតិ Tay និងរីករាយនឹងមុខម្ហូបពិសេសក្នុងស្រុកដូចជា៖ នំអន្សោមខ្មៅ បាយតំណើបខ្មៅ សាច់មាន់ភ្នំនិងត្រីអណ្តូងអាំង។ ភូមិវប្បធម៌ទេសចរណ៍សហគមន៍ Quynh Son ក៏មានក្រុមសិល្បៈមួយ ដែលជាបុរសនិងនារីជនជាតិ Tay សម្តែងចង្វាក់ចម្រៀង Then និងចាប៊ី Tinh ដ៏ទន់ភ្លន់ ដែលបន្សល់ទុកនូវចំណាបអារម្មណ៍ដែលមិនអាចបំភ្លេចបាននៅក្នុងដួងចិត្តរបស់ភ្ញៀវទេសចរផងដែរ។

មិត្តអ្នកស្តាប់ជាទីមេត្រី! នាទីប្រអប់សំបុត្ររបស់យើងខ្ញុំសូមបញ្ចប់នៅត្រឹមនេះ។ រាល់សំបុត្រ មតិ ឬសំណួររបស់អស់លោកអ្នក សូមផ្ញើមកកាន់អាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ វិទ្យុសម្លេងវៀតណាម លេខ ៤៥ វិថី Ba Trieu រដ្ឋធានីហាណូយ ឬ Email៖vov5khmer@gmail.com។ លោកអ្នកនាងអាចទាក់ទងជាមួយយើងខ្ញុំតាមរយៈទំព័រវែបសាយ Www.vovworld.vn ផងដែរ។ នាទីប្រអប់ សំបុត្រមិត្តអ្នកស្ដាប់សូមបញ្ចប់នៅត្រឹមនេះ។ សូមជួបអស់លោក អ្នកនាងនាសប្ដាហ៍ខាងមុខ។ សូមជំរាបលា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ