ការឆ្លើយសំបុត្ររបស់មិត្តអ្នកស្ដាប់

(VOVWORLD) - ក្នុងសប្តាហ៍កន្លងទៅ កម្មវិធីផ្សាយជាភាសាខ្មែរមានសេចក្តីសោមនស្សរីករាយដោយបន្តទទួលបានសំបុត្រ និងអ៊ីមែលចំនួន១២ ពីមិត្តអ្នកស្តាប់ និងមិត្តអ្នកអានកម្ពុជា ក្នុងចំណោមសំបុត្រសរុបចំនួនជិត ៤០០ ដែលត្រូវបានផ្ញើមកកម្មវិធីផ្សាយសម្លេងនានានៃកាណាល់ VOV៥។ សូមអរគុណចំពោះមនោសញ្ចេតនានិងការរួមចំណែកជាមតិយោបល់របស់ប្រិយមិត្ត។

ក្នុងសប្តាហ៍កន្លងទៅ មិត្តអ្នកស្តាប់មួយចំនួនបានផ្ញើសំបុត្រមកកម្មវិធីបង្ហាញពីចំណាប់អារម្មណ៍ចំពោះសកម្មភាពនានាក្នុងប៉ុន្មានថ្ងៃឈប់សម្រាកកន្លងមកនៅប្រទេសវៀតណាម។ មិត្តអ្នកស្តាប់ ស៊ុន ផល ចង់ដឹងពីពិធីបុណ្យ សកម្មភាពកម្សាន្តដ៏ទាក់ទាញដែលបានប្រព្រឹត្តិទៅក្នុងរយៈពេលឈប់សម្រាក ៥ ថ្ងៃនៅវៀតណាម។ ហើយមិត្តអ្នកស្តាប់ បុប្ផា នៅខេត្តសៀមរាប បានសួរសំណួរអំពីស្ថានភាពទេសចរណ៍នៅខេត្តក្រុងធំៗមួយចំនួននៅវៀតណាមក្នុងឱកាសនេះផងដែរ។

ការឆ្លើយសំបុត្ររបស់មិត្តអ្នកស្ដាប់ - ảnh 1មានសកម្មភាពជាង ២០ ត្រូវបានរៀបចំឡើងនៅក្នុងពិធីបុណ្យវិហាស្ដេច Hung ឆ្នាំ២០២៣។

លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី! ក្នុងរយៈពេលឈប់សម្រាកក្នុងឱកាសទិវាសែនខួនស្តេច Hung ទិវារំដោះភាគខាងត្បូង ថ្ងៃទី 30 ខែមេសា និងទិវាពលកម្មអន្តរជាតិ ថ្ងៃទី ១ ឧសភា មានពិធីបុណ្យ និងកម្មវិធីវប្បធម៌ទេសចរណ៍ដ៏វិសេសវិសាលជាច្រើនបានប្រប្រឹត្តទៅនៅទូទាំងប្រទេស។ នៅតំបន់ភាគខាងជើង អាចនិយាយដល់ពិធីបុណ្យវិហារស្ដេច Hung - សប្ដាហ៍វប្បធម៌ ទេសចរណ៍តំបន់ដីដូនតាជាតិឆ្នាំ២០២៣ នៅតំបន់កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រវិហារស្ដេច Hung និងស្រុកនានាក្នុងខេត្ត Phu Tho; “ទិវាបុណ្យបង្រួបបង្រួមទឹកដី” ជាមួយសកម្មភាពវប្បធម៌ជាច្រើនដ៏ពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌របស់ជនរួមជាតិជនជាតិភាគតិចដែលប្រព្រឹត្តទៅនៅភូមិវប្បធម៌ ទេសចរណ៍បណ្ដាជនជាតិវៀតណាម រដ្ឋធានីហាណូយ; ពិធីបុណ្យ Carnaval ចម្រុះពណ៌នៅទីក្រុងឆ្នេរសមុទ្រ Ha Long ខេត្ត Quang Ninh ... នៅតំបន់ភាគកណ្តាល ខេត្ត Quang Tri បានរៀបចំពិធីបុណ្យវប្បធម៌-ម្ហូបអាហារវៀតណាមឆ្នាំ ២០២៣; មហោស្រពរបរសិប្បកម្មប្រពៃណី Hue លើកទី៧។ ចំណែកឯនៅតំបន់ភាគខាងត្បូង ទីក្រុងហូជីមិញបានរៀបចំកម្មវិធីបាញ់កាំជ្រួចផ្កាដើម្បីអបអរសាទរទិវារំដោះភាគខាងត្បូង បង្រួបបង្រួមប្រទេសជាតិ ថ្ងៃទី ៣០ មេសា; ទីក្រុង Can Tho រៀបចំពិធីបុណ្យនំប្រជាប្រិយតំបន់ណាមបូ ឬពិធីបុណ្យស្វាយ Dong Thap ឆ្នាំ ២០២៣ នៅទីក្រុង Cao Lanh…

អាស្រ័យដោយមានព្រឹត្តិការណ៍ កម្មវិធីវប្បធម៌ និងទេសចរណ៍ដ៏ទាក់ទាញយ៉ាងដូច្នេះ ក្រោយរយៈពេលឈប់សម្រាក ៥ ថ្ងៃ ចំនួនភ្ញៀវទេសចរ និងចំណូលពីទេសចរណ៍សរុបនៃខេត្តក្រុងភាគច្រើន បានកើនឡើងបើធៀបនឹងឆ្នាំមុន ក្នុងនោះកន្លែងជាច្រើនទទួលបានចំណូលរាប់លានលានដុង។ នាំមុខគេគឺទីក្រុងហូជីមិញ ដែលបានទទួលភ្ញៀវទេសចរប្រមាណ ៩៥០ ពាន់នាក់ ចំណូលជាង ៣១០០ ពាន់លានដុង កើនឡើង ៩៤% បើធៀបនឹងឆ្នាំមុន។ រដ្ឋធានីហាណូយបានទទួលភ្ញៀវទេសចរជាង ៧២០ ពាន់នាក់ដែលនាំមកនូវប្រាក់ចំណូលជាង ២៤០០ ពាន់លានដុង។ គោលដៅទេសចរណ៍ធំៗមួយចំនួនទៀតក៏ទទួលបានប្រាក់ចំណូលជិតមួយលានលានដុង ដូចជា Quang Ninh, Khanh Hoa និង Ba Ria - Vung Tau ជាដើម។

ក៏ទាក់ទងនឹងប្រធានបទទេសចរណ៍ផងដែរ មិត្ត លី ចន្ថា និស្សិតខ្មែរដែលកំពុងសិក្សានៅសាកលវិទ្យាល័យវេជ្ជសាស្ត្រ Can Tho បានផ្ញើសំបុត្រមកកម្មវិធីដោយសម្ដែងថា៖ “ក្នុងវិស្សមកាលរដូវក្តៅឆ្នាំនេះ ខ្ញុំនឹងចំណាយពេលទៅលេងកន្លែងមួយចំនួននៅតំបន់ភាគខាងជើងប្រទេសវៀតណាម ក្នុងនោះមាន Sapa ផងដែរ។ ខ្ញុំក៏បានស្វែងយល់តាមអ៊ីនធឺណិតហើយ ប៉ុន្តែមានព័ត៌មានផ្សេងៗគ្នាជាច្រើនអំពីតម្លៃរថយន្តក្រុង សណ្ឋាគារ អាហារ...សង្ឃឹមថា កម្មវិធីអាចផ្ដល់ឲ្យខ្ញុំនូវព័ត៌មាននិងបទពិសោធន៍មួយចំនួននៅពេលមានដំណើរទេសចរណ៍នៅទីនេះ”។

ការឆ្លើយសំបុត្ររបស់មិត្តអ្នកស្ដាប់ - ảnh 2គោលដៅទេសចរណ៍ខាងវិញ្ញាណនៅលើកំពូលភ្នំ Fansipang ស្រុក Sapa។

មិត្ត ចន្ថា និងប្រិយមិត្តជាទីមេត្រី! អាស្រ័យដោយមានអាកាសធាតុត្រជាក់ស្រួលពេញមួយឆ្នាំ នៅរដូវក្តៅ ស្រុក Sapa (ខេត្ត Lao Cai) តែងតែទាក់ទាញភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិយ៉ាងច្រើនកុះករ ដែលមក "គេចពីកំដៅ" ហើយគយគន់ទេសភាពវាលស្រែកាំជណ្ដើរពណ៌បៃតងដ៏ស្រស់បំព្រង។  អ្នកអាចកក់រថយន្ត limousine Hanoi - Sa Pa ឬជិះរថយន្តក្រុងពីស្ថានីយ៍រថយន្តក្រុង My Dinh ក្នុងតម្លៃចន្លោះពី ២៣ម៉ឺនដល់៣៥ម៉ឺនដុងក្នុងមនុស្សម្នាក់ អាស្រ័យលើថ្នាក់កៅអី។ ពេលវេលាធ្វើដំណើរគឺប្រហែលពី៥ដល់៦ ម៉ោង។ ប្រសិនបើជិះរថភ្លើង អ្នកជ្រើសរើសផ្លូវ Ha Noi – Lao Cai បន្ទាប់ពីប្រហែល ៧ដល់៩ម៉ោង អ្នកត្រូវជិះរថយន្តក្រុងឬជិះតាក់ស៊ីទៀតដើម្បីទៅកាន់ស្រុក Sapa។ សំបុត្ររថភ្លើងមានតម្លៃចន្លោះពី ១៦ម៉ឺនដល់៨០ម៉ឺនដុង អាស្រ័យលើថ្នាក់កៅអី និងប្រភេទរថភ្លើង។ នៅ Sapa មានកន្លែងស្នាក់នៅច្រើនប្រភេទសម្រាប់អ្នកជ្រើសរើស ចាប់ពីផ្ទះស្នាក់នៅ ហូមស្ទេតាមភូមិ សណ្ឋាគារតម្លៃថោក រហូតដល់សណ្ឋាគារលំដាប់ផ្កាយ៤ ផ្កាយ ៥ និង resort លំដាប់ខ្ពស់។ ប្រសិនបើអ្នកជ្រើសរើសផ្ទះសំណាក់ ឬហូមស្ទេ សូមទៅកាន់ភូមិនានាដូចជា Cat Cat, Lao Chai និង Ta Van ដើម្បីរីករាយនឹងបរិយាកាសដ៏សុខសាន្តនៃតំបន់ព្រៃភ្នំភាគពាយ័ព្យ។ បន្ទប់ Dorm មានតម្លៃចាប់ពី ១០ម៉ឺនក្នុងមនុស្សម្នាក់ បន្ទប់ Bungalow មានតម្លៃចាប់ពី ៥០ម៉ឺនដុង។ ក្រោយពីត្រៀមរៀបចំមធ្យោបាយ និងកន្លែងស្នាក់នៅរួចរាល់ អ្នកអាចចំណាយពេលប្រហែល ៣ ថ្ងៃ ២ យប់ ដើម្បីស្វែងយល់ពីគោលដៅល្បីៗនៅ Sapa ដូចជា ភ្នំ Ham Rong ភូមិ Cat Cat ច្រកទ្វារឋានសួគ៌ ចំណោតជម្រាលភ្នំ O Quy Ho ហើយជាពិសេសគឺទៅទស្សនា "ដំបូលឥណ្ឌូចិន"- កំពូលភ្នំ Fansipang ជាមួយនឹងតម្លៃសំបុត្រកន្ត្រកខ្សែកាបជាង ៧០ម៉ឺនដុង។ ពេលមកដល់ Sapa កុំភ្លេចសាកម្ហូបអាំងផង ព្រោះនេះជាមុខម្ហូបដែលមានវត្តមាននៅសព្វទីកន្លែង និងច្រើនប្រភេទ ចាប់ពីសាច់ជ្រូក សាច់មាន់ បន្លែ រហូតដល់ពងមាន់ ពោត ដំឡូង និងបាយក្រឡាន។ តម្លៃម្ហូបអាំងត្រឹមតែពី ២ម៉ឺនដល់១០ម៉ឺនដុងប៉ុណ្ណោះ។ ក្រៅពីនោះ ម្ហូបត្រីសាម៉ុង ត្រី ស្ទើហ្គូន ចម្អិនស៊ុបឆ្នាំងក្ដៅឬបរិភោគឆៅក៏មានប្រជាប្រិយភាពផងដែរ។ ឆ្នាំងស៊ុបក្តៅមួយមានតម្លៃពី៣០ដល់៦០
ម៉ឺនដុង សមរម្យសម្រាប់ក្រុមមនុស្សពី ៣ ទៅ ៦ នាក់បរិភោគ។ សង្ឃឹមថាព័ត៌មាននេះនឹងមានប្រយោជន៍សម្រាប់ការធ្វើដំណើររបស់អ្នក ហើយសូមជូនពរឱ្យអ្នកមានបទពិសោធន៍ដ៏អស្ចារ្យនៅ Sapa៕

ប្រតិកម្មទៅវិញ

ផ្សេងៗ