ការឆ្លើយសំបុត្ររបស់មិត្តអ្នកស្ដាប់

(VOVWORLD) - ក្នុងសប្តាហ៍កន្លងទៅ កម្មវិធីផ្សាយជាភាសាខ្មែរមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដោយបន្តទទួលបានសំបុត្រ និងអ៊ីមែលចំនួន ១២ ពីមិត្តអ្នកស្តាប់ និងមិត្តអ្នកអានកម្ពុជា ក្នុងចំណោមសំបុត្រសរុបជាង ៥៣០ ដែលត្រូវបានផ្ញើមកកាន់ប៉ូស្តិ៍ផ្សាយសម្លេងជាភាសាបរទេស VOV5។

ក្នុងសប្តាហ៍មុន ព័ត៌មានអំពីទំនាក់ទំនងវៀតណាម-កម្ពុជា ជាធម្មតានៅតែទទួលបានការយកចិត្តទុកដាក់និងការផ្ដល់មតិច្រើនពីមិត្តអ្នកស្តាប់និងមិត្តអ្នកអានកម្ពុជា។ មិត្តអ្នកស្តាប់ គឹម សុខា មកពីខេត្តកំពង់ចាម បានសរសេរក្នុងសំបុត្រផ្ញើរមកកាន់កម្មវិធីថា៖ «តាមខ្ញុំដឹងថា វៀតណាមកំពុងសាងសង់វិមានរំលឹកគុណបណ្ដាប្រទេសដែលបានជួយវៀតណាមក្នុងសម័យសង្រ្គាម ក្នុងនោះមានកម្ពុជាផងដែរ។ នេះជាសកម្មភាពដ៏មានអត្ថន័យ បង្ហាញពីមនោសញ្ចេតនាដ៏ជិតស្និទ្ធរបស់ប្រជាជនវៀតណាមចំពោះបណ្ដាប្រទេសជាបងប្អូន និងមិត្តភក្តិ។ ដូចនៅប្រទេសកម្ពុជា ដែលបានសាងសង់វិមានជាច្រើនដើម្បីរំលឹកគុណដល់កងទ័ពស្ម័គ្រចិត្តវៀតណាម ការងារនេះមិនត្រឹមតែជួយយើងឱ្យចេះគោរពអតីតកាលប៉ុណ្ណោះទេ ថែមទាំងក្លាយជាស្ពានចងមេត្រីភាពជំនាន់ក្រោយៗទៀតផង»។

ការឆ្លើយសំបុត្ររបស់មិត្តអ្នកស្ដាប់ - ảnh 1កងកម្លាំងនៃកងយោធពលខេមរភូមិន្ទដែលបានអញ្ជើញចូលរួមពិធីព្យុហយាត្រាអបអរសាទរខួបលើកទី ៥០ ទិវារំដោះភាគខាងត្បូង បង្រួបបង្រួមប្រទេសជាតិនៅវៀតណាម កាលពីចុងខែមេសា ឆ្នាំ២០២៥។ (រូបថត៖ VOV)

ចំណែកឯក្នុងសំបុត្ររបស់មិត្តអ្នកស្តាប់ សុគន្ធារិទ្ធ នៅទីក្រុងភ្នំពេញ លោកបានសម្ដែងថា៖ “ខ្ញុំនៅតែចងចាំយ៉ាងច្បាស់នូវរូបភាពកងទ័ពកម្ពុជាដែលអញ្ជើញចូលរួមពិធីព្យុហយាត្រាខួបលើកទី ៥០ ទិវារំដោះភាគខាងត្បូងវៀតណាម បង្រួបបង្រួមប្រទេសជាតិ កាលពីខែមេសាកន្លងទៅ។ នេះពិតជាពេលវេលាគួរឲ្យមោទនៈភាពខ្លាំងណាស់ សម្រាប់ទំនាក់ទំនងមិត្តភាពរវាងប្រទេសយើងទាំងពីរ។ ឥឡូវនេះ ខ្ញុំដឹងថា វៀតណាមបន្តអញ្ជើញកម្ពុជាចូលរួមក្នុងពិធីព្យុហយាត្រាខួបលើកទី ៨០ ទិវាបុណ្យជាតិនាពេលខាងមុខនេះ។ ខ្ញុំមានបំណងថា ចំណងមិត្តភាពរវាងប្រជាជនកម្ពុជា និងវៀតណាម ជានិច្ចកាលត្រូវបានពូនជ្រុំយ៉ាងរឹងមាំដូច្នេះ”។

យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះមិត្តអ្នកស្តាប់ សុខា និងសុគន្ធារិទ្ធ ដែលបានផ្ញើមតិយោបល់យ៉ាងជ្រាលជ្រៅ និងពោរពេញដោយមនោសញ្ចេតនាមកកាន់កម្មវិធីរបស់យើងខ្ញុំ។ មិត្តអ្នកស្តាប់ជាទីគោរព! ការសាងសង់វិមានរំលឹកគុណយុទ្ធជននៃបណ្តាប្រទេសដែលបានជួយឧបត្ថម្ភវៀតណាមក្នុងសម័យសង្គ្រាម មិនត្រឹមតែជាសំណង់ដែលបង្កប់នូវអត្ថន័យប្រវត្តិសាស្ត្រ និងវប្បធម៌ប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីប្រពៃណីសីលធម៌ “តបស្នងសងគុណ” របស់ប្រជាជាតិវៀតណាមទៀតផង។ វិមានរំលឹកគុណអ្នកជំនាញយោធាមកពីសហភាពសូវៀត/សហព័ន្ធរុស្ស៊ី ចិន ឡាវ កម្ពុជា និងគុយបា គ្រោងនឹងត្រូវបានសាងសង់នៅលើផ្ទៃដី ៣០០០ ម៉ែត្រការ៉េ ក្នុងបរិវេណសារមន្ទីរប្រវត្តិសាស្ត្រយោធាវៀតណាមនៅរដ្ឋធានីហាណូយ។ នេះគឺជាសំណង់ដើម្បីអបអរសាទរខួបលើកទី ៨០ បដិវត្តន៍ខែសីហា (១៩ សីហា ១៩៤៥ - ១៩ សីហា ២០២៥) និងទិវាបុណ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម (២ កញ្ញា ១៩៤៥ - ២ កញ្ញា ២០២៥)។

ក៏ក្នុងឱកាសរំលឹកខួបលើកទី ៨០ ទិវាបុណ្យជាតិផងដែរ វៀតណាមនឹងរៀបចំពិធីព្យុហយាត្រាយោធាទ្រង់ទ្រាយធំនៅទីលាន Ba Dinh ទីក្រុងហាណូយ ដោយមានការចូលរួមពីកងកម្លាំងប្រដាប់អាវុធ និងប្រជាជនពីគ្រប់មជ្ឈដ្ឋាន ព្រមទាំងបានអញ្ជើញប្រទេសចំនួន ៥ គឺរុស្ស៊ី ចិន ឡាវ កម្ពុជា និងបេឡារុស្ស បញ្ជូនកងកម្លាំងមកចូលរួមក្នុងពិធីព្យុហយាត្រា។ ការដែលកងយោធពលខេមរភូមិន្ទបន្តបញ្ជូនគណៈប្រតិភូកិត្តិយសទៅចូលរួមពិធីព្យុហយាត្រានាពេលខាងមុខនៅប្រទេសវៀតណាម ដូចដែលបានចូលរួមក្នុងឱកាសខួបលើកទី ៥០ ទិវារំដោះភាគខាងត្បូង និងបង្រួបបង្រួមប្រទេសជាតិរបស់វៀតណាមកាលពីចុងខែមេសាកន្លងទៅ គឺជាសក្ខីភាពដ៏រស់រវើកនៃទំនាក់ទំនងជិតស្និទ្ធ កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍរួមគ្នារវាងប្រទេសយើងទាំងពីរ។

ការឆ្លើយសំបុត្ររបស់មិត្តអ្នកស្ដាប់ - ảnh 2កម្មវិធីបាញ់កាំជ្រួចរយៈពេល ១៥ នាទី នៅលើផ្ទៃមេឃឈូងសមុទ្រ Ha Long ខេត្ត Quang Ninh។ (រូបថត៖ VOV)

ក្រៅពីព័ត៌មានការទូត និងវប្បធម៌នោះ ព្រឹត្តិការណ៍ទេសចរណ៍ដ៏វិសេសវិសាលនៅវៀតណាមក៏តែងតែទាក់ទាញចំណាប់អារម្មណ៍របស់មិត្តអ្នកស្តាប់ និងមិត្តអ្នកអានកម្ពុជា ជាពិសេសពីសំណាក់និស្សិតដែលកំពុងសិក្សានៅប្រទេសវៀតណាម។ មិត្ត សុខ ដារ៉ា និស្សិតកម្ពុជានៅសាកលវិទ្យាល័យវេជ្ជសាស្ត្រ ថៃប៊ិញ បានចែករំលែកថា៖ “ក្នុងអំឡុងពេលសិក្សានៅទីនេះ ខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះកម្មវិធីវប្បធម៌ សិល្បៈ និងទេសចរណ៍របស់វៀតណាមដែលបានឧទ្ទេសនាមតាមរយៈប្រព័ន្ធផ្សព្វផ្សាយ រួមទាំងវិទ្យុសម្លេងវៀតណាមផងដែរ។ ថ្មីៗនេះខ្ញុំបានដឹងពីព្រឹត្តិការណ៍មួយដែលមានឈ្មោះថា "ឈូងសមុទ្រកាំជ្រួច" នៅខេត្ត Quang Ninh ដែលល្បីល្បាញជាមួយនឹងបេតិកភណ្ឌធម្មជាតិពិភពលោកឈូងសមុទ្រ Ha Long។ ខ្ញុំចង់ស្វែងយល់អំពីកម្មវិធីនេះខ្លាំងណាស់”។

មិត្ត សុខ ដារ៉ា និងមិត្តអ្នកស្តាប់ជាទីមេត្រី! “ឈូងសមុទ្រកាំជ្រួច” គឺជាផលិតផលទេសចរណ៍ថ្មីមួយដែលបានរៀបចំឡើងនៅឆ្នេរឈូងសមុទ្រ Ha Long - បេតិកភណ្ឌធម្មជាតិពិភពលោកនៃខេត្ត Quang Ninh តាំងពីដើមខែកក្កដាមកម្ល៉េះ។ ជាមួយនឹងទីតាំងបែរមុខទៅសមុទ្រ និងលំហបើកចំហ ដែលបានប្រែក្លាយកន្លែងនេះទៅជាឆាកកណ្ដាលវាលដ៏គួរឱ្យចាប់អារម្មណ៍ ដែលពន្លឺនៃកាំជ្រួចលាយឡំជាមួយនឹងតន្ត្រី បង្កើតបទពិសោធន៍ដែលមិនអាចបំភ្លេចបានសម្រាប់សាធារណៈជននិងភ្ញៀវទេសចរ។ កម្មវិធីនេះធ្វើឡើងនៅយប់ថ្ងៃសុក្រ និងថ្ងៃសៅរ៍ ជារៀងរាល់សប្តាហ៍ និងអូសបន្លាយរហូតដល់ដំណាច់ឆ្នាំ ២០២៥។ ដើម្បីចូលរួមក្នុងកម្មវិធីនេះ ប្រជាពលរដ្ឋនិងភ្ញៀវទេសចរទិញសំបុត្រក្នុងតម្លៃ ១០ ម៉ឺនដុង/ម្នាក់ (ប្រហែល ៤ ដុល្លារ) កុមារក្រោម ១ ម៉ែត្រគឺឥតគិតថ្លៃ។ ជាពិសេសចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៣១ ខែកក្កដា តម្លៃអនុគ្រោះត្រឹមតែ ៦៥ ពាន់ដុង/ម្នាក់ (ជិត ៣ ដុល្លារ) នឹងត្រូវបានអនុវត្តន៍។ “ឈូងសមុទ្រកាំជ្រួច” គឺជាផលិតផលថ្មីបំផុតក្នុងចំណោមផលិតផលទេសចរណ៍ពេលរាត្រីរបស់ខេត្ត Quang Ninh ដូចជា៖ ការជិះទូកកម្សាន្តពេលរាត្រី អាហារតាមមាត់សមុទ្រ ការសម្តែងសិល្បៈ… រួមចំណែកដល់គោលដៅទទួលភ្ញៀវទេសចរចំនួន ២០ លាននាក់មកកាន់ខេត្ត Quang Ninh ក្នុងឆ្នាំ ២០២៥ ក្នុងនោះមានភ្ញៀវអន្តរជាតិចំនួន ៤,៥ លាននាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ