(VOVWORLD) - ជំរាបសួរមិត្តអ្នកស្ដាប់ទាំងអស់ជាទីមេត្រី! ក្នុងសប្តាហ៍កន្លងទៅ នាយកដ្ឋានផ្សាយជាភាសារបរទេសនៃវិទ្យុសំឡេងវៀតណាម VOV5 បានទទួលសំបុត្រ និងទូរស័ព្ទចំនួន ៤៦៤ ពីមិត្តអ្នកស្តាប់មកពីប្រទេសនិងតំបន់ដែនដីចំនួន ៣៣ ក្នុងនោះកម្មវិធីភាសាខ្មែរទទួលបានសំបុត្រចំនួន ១២។ ក្នុងនាមកម្មវិធី យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ចំណាប់អារម្មណ៍និងការនិងចែករំលែករបស់មិត្តអ្នកស្តាប់ចំពោះព័ត៌មានអំពីប្រទេសជាតិ និងប្រជាជនវៀតណាម។
នាសប្តាហ៍កន្លងទៅ ព័ត៌មានអំពី ពិព័រណ៍សរទរដូវហាណូយឆ្នាំ ២០២៥ ទទួលបានការយកចិត្តទុកដាក់ពីមិត្តអ្នកស្តាប់កម្ពុជាជាច្រើន ជាពិសេសគឺតំបន់តាំងពិព័រណ៍នៃភូមិសិប្បកម្មប្រពៃណី។ មិត្តអ្នកស្តាប់ Chea Sokchan មកពីខេត្តតាកែវ កម្ពុជា បានសរសេរថា៖ «ខ្ញុំពិតជាចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងការតាំងពិព័រណ៍ភូមិសិប្បកម្ម។ ផលិតផលនីមួយៗមានរឿងរ៉ាវផ្ទាល់ខ្លួន បង្ហាញពីភាពហ្មត់ចត់ និងដួងព្រលឹងរបស់ប្រជាជនវៀតណាម។ យើងអាចមើលឃើញថា វប្បធម៌ប្រពៃណីនៅតែគង់វង្សនៅក្នុងជីវភាពសម័យទំនើប»។ ចំណែកឯមិត្តអ្នកស្តាប់ ផល ផានិត មកពីភ្នំពេញ កម្ពុជា បានចែករំលែកថា៖ «ទោះបីជាខ្ញុំមិនដែលទៅប្រទេសវៀតណាមក៏ដោយ នៅពេលដែលខ្ញុំបានឃើញព័ត៌មានអំពីពិព័រណ៍សរទរដូវហាណូយនៅលើគេហទំព័រ VOVWorld.vn ខ្ញុំពិតជាចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះរូបភាពនៃស្តង់ពិព័រណ៍របស់បណ្តាភូមិសិប្បកម្មណាស់។ ភាពប៉ិនប្រសប់ និងភាពច្នៃប្រឌិតរបស់ប្រជាជនវៀតណាមត្រូវបានបង្ហាញយ៉ាងច្បាស់នៅលើផលិតផលនីមួយៗ។ សង្ឃឹមថា ខ្ញុំនឹងមានឱកាសមកទស្សនា និងទទួលបានបទពិសោធន៍ដោយផ្ទាល់»។
ភលិតផលរបស់ផូមិសិប្បកម្មត្រូវបានដាក់តាំងនៅឯពិព័រណ៍សរទរដូវហាណូយឆ្នាំ ២០២៥។ |
ប្រិយមិត្តជាទីមេត្រី! ពិព័រណ៍សរទរដូវហាណូយឆ្នាំ ២០២៥ បានប្រមូលផ្តុំនូវភូមិសិប្បកម្មជាង ១០០ នៃទីក្រុងហាណូយ និងខេត្តក្រុងច្រើន ដោយនាំមកនូវផលិតផលសិប្បកម្មដ៏ប្រណិត ដូចជា៖ សេរ៉ាមិច Bat Trang សូត្រ Van Phuc ខ្មុកម្រ័ក្សណ៍ Ha Thai ផលិតផលផ្តៅ ឫស្សី Phu Vinh មួកដួនភូមិ Chuong ឬផ្លិត Chang Son។ល។ ស្តង់នីមួយៗគឺដូចជា «ជ្រុងតូចមួយនៃជនបទ» ដោយដាក់តាំងផលិតផល និងបង្ហាញរបរសិប្បកម្ម ដើម្បីឱ្យភ្ញៀវទេសចរអាចមើលឃើញពីបាតដៃប៉ិនប្រសប់របស់សិប្បករ។
ពិព័រណ៍សរទរដូវហាណូយ ឆ្នាំ២០២៥ នៅតែមានភាពមមាញឹក ហើយនឹងបន្តរហូតដល់ថ្ងៃទី៤ ខែវិច្ឆិកា។ ដូច្នេះហើយ ប្រសិនបើអ្នកមានឱកាស សូមចំណាយពេលទៅទស្សនា និងស្វែងយល់ពីភាពប្រណិតនៃភូមិសិប្បកម្ម និងរីករាយជាមួយបរិយាកាសវប្បធម៌ដ៏កក់ក្តៅនៅចំកណ្តាលរដ្ឋធានីហាណូយ។
ក្នុងសប្តាហ៍កន្លងទៅ មិត្តអ្នកស្តាប់ជាច្រើនបានផ្ញើសំបុត្រមកកាន់កម្មវិធីដោយចង់ស្វែងយល់អំពី Lo Lo Chai ជាភូមិទេសចរណ៍វិសេសវិសាលមួយក្នុងចំណោមភូមិទេសចរណ៍ទាំងពីររបស់វៀតណាម ដែលត្រូវបាន UN Tourism លើកតម្កើងជា «ភូមិទេសចរណ៍ល្អបំផុតឆ្នាំ២០២៥»។ ក្នុងនោះ មិត្តអ្នកស្តាប់ Phonepasert នៅរដ្ឋធានីវៀងចន្ទន៍ ឡាវ បានសួរថា៖ «Lo Lo Chai គឺជាភូមិជនជាតិភាគតិចមួយនៅក្នុងប្រទេសវៀតណាម មែនទេ? តើក្រុមជនជាតិនៅ Lo Lo Chai មានលក្ខណៈពិសេសអ្វីខ្លះ?»
ទេសភាពនៅភូមិ Lo Lo Chai។ |
មិត្តអ្នកស្តាប់ Phonepasert និងប្រិយមិត្តជាទីមេត្រី! Lo Lo Chai គឺជាភូមិមួយរបស់ក្រុមជនជាតិ Lo Lo ដែលមានទីតាំងនៅជើងបង្គោលទង់ជាតិ Lung Cu។ ភូមិនេះ ត្រូវបានចាត់ទុកជា "សារមន្ទីររស់" នៃស្ថាបត្យកម្ម វប្បធម៌ និងរបៀបរស់នៅរបស់ជនជាតិ Lo Lo នៅតំបន់ខ្ពង់រាបថ្ម Dong Van (ខេត្ត Ha Giang ចាស់ ឥឡូវជាខេត្ត Tuyen Quang)។
ក្រៅពីទេសភាពធម្មជាតិដ៏ធំសម្បើម ជនជាតិ Lo Lo នៅតែរក្សាបាននូវល្បែងប្រជាប្រិយ ពិធីខាងជំនឿ និងវប្បធម៌ប្រពៃណីរបស់ខ្លួន ដែលធ្វើឲ្យភូមិនេះក្លាយទៅជាគោលដៅទេសចរណ៍សហគមន៍ដ៏ពិសេសមួយ។ មកដល់ Lo Lo Chai អ្នកទេសចរណ៍មិនត្រឹមតែមកទស្សនាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលង់ខ្លួននៅក្នុងជីវភាពសហគមន៍ ទទួលបទពិសោធន៍ ជជែក និងទទួលអារម្មណ៍ពីសម្រស់ដ៏សាមញ្ញក្នុងជិវភាពប្រចាំថ្ងៃរបស់ប្រជាជននៅតំបន់ខ្ពង់រាបទៀតផង។
បន្តកម្មវិធីគឺសំបុត្ររបស់ពីអ្នកស្តាប់ ឡាយ ដារិទ្ធ មកពីកម្ពុជា ដែលចង់ស្តាប់កម្មវិធីឧទ្ទេសនាមអំពីអាហារតាមដងផ្លូវដ៏គួរឲ្យទាក់ទាញមួយចំនួននៅក្នុងរដូវរងារបស់ទីក្រុងហាណូយ។
មិត្តអ្នកស្តាប់ ឡាយ ដារិទ្ធ និងប្រិយមិត្តជាទីមេត្រី! ទីក្រុងហាណូយក្នុងរដូវរងារមានសម្រស់ដ៏រ៉ូមែនទិក ជាមួយនឹងអាកាសធាតុត្រជាក់ស្រួល អាហារតាមដងផ្លូវកាន់តែមានភាពទាក់ទាញជាងពេលណាៗទាំងអស់។ មកដល់ទីក្រុងហាណូយនៅរដូវរងារនេះ កុំភ្លេចសាកល្បង "មុខម្ហូបពិសេស" សម្រាប់អាកាសធាតិត្រជាក់។ មុខម្ហូបគួរឱ្យកត់សម្គាល់មួយគឺ បាញ់ឌុកក្តៅៗ ពិសារជាមួយសាច់ជ្រូកចិញ្ច្រាំ ផ្សិតត្រចៀកកណ្តុរ ខ្ទឹមបំពង និងទឹកស៊ុបជូរផ្អែមគួរឲ្យទាក់ទាញ; ឬបបរឆ្អឹងជំនីរ ញាំជាមួយសាច់ជ្រូកផាត់ ឆាខ្វៃស្រួយៗ និងម្រេចហឹរបន្តិច សុទ្ធតែជាជម្រើសដ៏ល្អសម្រាប់អាហារពេលព្រឹក ឬអាហារសម្រន់ពេលយប់ជ្រៅក្នុងអាកាសធាតិត្រជាក់។
នំបាញ់ចានឿក។ |
បង្អែមក្តៅៗមួយចានដែលមិនអាចបំភ្លេចបានគឺ នំបាញ់ចានឿក ជាមួយាស្នូលខាងក្នុងកឺសណ្តែកខៀវ ឬល្ងខ្មៅ បម្រើក្នុងទឹកខ្ញីហឹរនិងផ្អែមស្រាល។ ក្រៅពីនេះ រូបភាពនៃចង្ក្រានធ្យូងនៅតាមចិញ្ចើមផ្លូវ ជាមួយក្លិនក្រអប់នៃពោតអាំងនិងដំឡូងអាំង ក៏ជាលក្ខណៈពិសេសដ៏សាមញ្ញនិងគួរឲ្យទាក់ទាញនៃម្ហូបអាហារហាណូយជារៀងរាល់រដូវរងាផងដែរ។ ការជួបជុំគ្នា ពិសារម្ហូបទាំងនេះ ពិតជានឹងនាំមកនូវបទពិសោធន៍ម្ហូបអាហារដ៏កក់ក្តៅ និងគួរឱ្យចងចាំ។
មិត្តអ្នកស្តាប់ជាទីមេត្រី! រាល់សំបុត្រ មតិ ឬសំណួររបស់អស់លោកអ្នក សូមផ្ញើមកកាន់អាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ វិទ្យុសម្លេងវៀតណាម លេខ ៤៥ វិថី Ba Trieu រដ្ឋធានីហាណូយ ឬ Email៖vov5khmer@gmail.com។ លោកអ្នកនាងអាចទាក់ទងជាមួយយើងខ្ញុំតាមរយៈទំព័រវែបសាយ Www.vovworld.vn ផងដែរ។ នាទីប្រអប់ សំបុត្រមិត្តអ្នកស្ដាប់សូមបញ្ចប់នៅត្រឹមនេះ។ សូមជួបអស់លោក អ្នកនាងនាសប្ដាហ៍ខាងមុខ។ សូមជំរាបលា៕