ការបូកសរុបមតិយោបល់របស់មិត្តអ្នកស្ដាប់ក្នុងសប្ដាហ៍កន្លងទៅ

(VOVWORLD) - ក្នុងសប្ដាហ៍កន្លងទៅ កម្មវិធីផ្សាយសម្លេងជាភាសាខ្មែរ វិទ្យុសម្លេងវៀតណាម ទទួលបានសំបុត្រនិងអ៊ីម៉ែលចំនួន១២របស់មិត្តអ្នកស្ដាប់កម្ពុជា។ យើងខ្ញុំសូមថ្លែងអំណរគុណដ៏ស្មោះស្ម័គ្រដល់មតិយោបល់និងមនោ សញ្ចេតនាដែលប្រិយមិត្តទាំងអស់បានផ្ញើរជូនកម្មវិធី។

ការបូកសរុបមតិយោបល់របស់មិត្តអ្នកស្ដាប់ក្នុងសប្ដាហ៍កន្លងទៅ - ảnh 1គោលដៅនៃកម្មវិធី “រលកនិងកុំព្យូទ័រសម្រាប់ប្អូនៗ” ក្នុងឆ្នាំ២០២១ គឺកៀងគរកំព្យូទ័រចំនួន១លានគ្រឿងសម្រាប់សិស្សានុសិស្ស និស្សិតនៃគ្រួសារក្រីក្រ គ្រួសារក្បែរកម្រិតក្រីក្រលើទូទាំងប្រទេស ដើម្បីជួយប្អូនៗមានលក្ខណៈសិក្សាតាមប្រព័ន្ធអនឡាញ។ 

ក្នុងសប្ដាហ៍កន្លងទៅ រាល់ព័ត៌មានស្ដីពីស្ថានភាពសេដ្ឋកិច្ចសង្គមនៅវៀតណាមបន្តទាក់ទាញបានការយកចិត្តទុកដាក់ខ្ពស់។ មិត្តអ្នកស្ដាប់ ស៊ុន ផល អតីតនិស្សិតកម្ពុជានៅសាកលវិទ្យាល័យពហុបច្ចេកទេសហាណូយ បានផ្ញើរសំបុត្រចែករំលែកចំណាប់អារម្មណ៍អំពីកម្មវិធី “រលកនិងកុំព្យូទ័រសម្រាប់ប្អូនៗ” ដែលបានបំផុសឡើងដោយនាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh យ៉ាងដូច្នេះថា៖ “ខ្ញុំគិតថា នេះជាកម្មវិធីពោរពេញទៅដោយអត្ថន័យ ដែលបង្ហាញពីការយកចិត្តទុកដាក់ ការវិនិយោគរបស់រដ្ឋាភិបាលនិងសង្គមវៀតណាមចំពោះការងារអប់រំផង ថែមទាំងជួយប្អូនៗសិស្សានុសិស្សដែលមានលក្ខណៈគ្រួសារលំបាក អាចតាមទាន់វិធីសាស្ត្របង្រៀនថ្មីក្នុងអំឡុងពេលកើតជម្ងឺរាតត្បាត”។

លោកអ្នកនាងនិងប្រិយមិត្តទាំងអស់ជាទីមេត្រី! ដូចដែលយើងខ្ញុំបានជូនព័ត៌មានថា កាលពីថ្ងៃទី១២ ខែកញ្ញា កន្លងទៅ នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh បានអញ្ជើញធ្វើជាអធិបតីនៅពិធីបំផុសកម្មវិធី “រលកនិងកុំព្យូទ័រសម្រាប់ប្អូនៗ” ក្នុងគោលដៅធានាឲ្យបាននូវការគ្របដណ្ដបរលកអ៊ីនធឺរណែតតាមទីតាំងទាំងអស់ដែលគ្មានការតភ្ជាប់អ៊ីនធឺណែតចល័តនៅតាមតំបន់នានាដែលកំពុងអនុវត្តន៍ការរក្សាគម្លាតសង្គមតាមសារាចរណ៍លេខ១៦ ក៏ដូចជាទីតាំងសរុបជាង ១៩០០កន្លែងដែលគ្មានការភ្ជាប់អ៊ីនធឺណែតចល័តលើទូទាំងប្រទេសផងដែរ។ ក្នុងឆ្នាំ២០២១ កៀងគរកំព្យូទ័រចំនួន១លានគ្រឿងសម្រាប់សិស្សានុសិស្ស និស្សិតនៃគ្រួសារក្រីក្រ គ្រួសារក្បែរកម្រិតក្រីក្រលើទូទាំងប្រទេស ដំបូងបង្អស់ផ្ដល់អាទិភាពដល់តំបន់នានាដែលកំពុងអនុវត្តន៍ការរក្សាគម្លាតសង្គមតាមសារាចរណ៍លេខ១៦ ដើម្បីជួយប្អូនៗមានលក្ខណៈសិក្សាតាមប្រព័ន្ធអនឡាញ។ គិតត្រឹមរសៀលថ្ងៃទី១៧ ខែកញ្ញា ដោយឡែកលើភូមិសាស្ត្រទីក្រុងហាណូយ កម្មវិធី “រលកនិងកំព្យូទ័រសម្រាប់ប្អូនៗ” ទទួលបានការឧបត្ថម្ភជាកុំព្យូទ័រ កុំព្យូទ័របន្ទះ និងស្មាតហ្វូនចំនួន៧០០០គ្រឿង និងស៊ីមកាតចូលប្រើអ៊ីនធឺរណែតដោយឥតគិតថ្លៃចំនួន១ម៉ឺនគ្រឿង។

ការបូកសរុបមតិយោបល់របស់មិត្តអ្នកស្ដាប់ក្នុងសប្ដាហ៍កន្លងទៅ - ảnh 2ប្រជាជនទីក្រុងហាណូយតម្រង់ជួរចាំទិញហ្វើគោ។

ព័ត៌មានផ្សេងមួយទៀតក៏ទាក់ទាញបានការយកចិត្តទុកដាក់ក្នុងសប្ដាហ៍កន្លងទៅគឺការដែលរដ្ឋធានីហាណូយបានចាប់ផ្ដើមបន្ធូរបន្ថយការរឹតត្បិតនៅ “តំបន់ខៀវ” ហើយចាប់តាំងពីថ្ងៃទី២១ ខែកញ្ញា ទីក្រុងបានអនុញ្ញាតឲ្យបើកឡើងវិញមូលដ្ឋានអាជីវកម្ម សេវាកម្ម បញ្ចុះកម្រិតរក្សាគម្លាតនៅតាមសារាចរណ៍លេខ១៥។ មនុស្សភាគច្រើនដែលរស់នៅទីក្រុងហាណូយសុទ្ធតែសប្បាយរីករាយចំពោះព័ត៌មាននេះ រួមទាំងបណ្ដានិស្សិតកម្ពុជាកំពុងសិក្សានៅទីនេះផងដែរ។ មិត្ត ឡាយ ដារិទ្ធ និស្សិតនៅសាកលវិទ្យាល័យសេដ្ឋកិច្ចជាតិ បានផ្ញើរសំបុត្រចែករំលែកថា៖ “បន្ទាប់ពីរក្សាគម្លាតក្នុងអំឡុងពេល២ខែ ឥឡូវនេះខ្ញុំអាចចេញទៅក្រៅកាត់សក់ ទទួលទានម្ហូបអាហារហ្វើមាន់និងកាហ្វេស៊ុតដ៏ពេញនិយម ទោះជាត្រូវវេចខ្ចប់យកមកផ្ទះក៏ដោយ។ ខ្ញុំនិងនិស្សិតកម្ពុជាក៏ត្រូវបានចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ ដូសទី១រួចហើយ។ សង្ឃឹមថា ស្ថានភាពនឹងកាន់តែប្រសើរឡើង”។

លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី! ក្នុងពេលកន្លងមក ទីក្រុងហាណូយបានអនុវត្តន៍ការរក្សាគម្លាតសង្គមតាមសារាចរណ៍លេខ១៦ចំនួន៤លើក។ ក្នុងអំឡុងពេលនោះ ទីក្រុងបានបង្កើនការធ្វើតេស្ត រកឃើញករណី F០ ព្រមទាំងពន្លឿនការចាក់វ៉ាក់សាំងផងដែរ។ គិតត្រឹមថ្ងៃទី១៨ ខែកញ្ញា អត្រាគ្រប់ដណ្ដបវ៉ាក់សាំងដូសទី១ សម្រេចបានជាង៩៤%នៃចំនួនប្រជាជនក្នុងវ័យអាយុពី១៨ឆ្នាំឡើង។ ទីក្រុងក៏ដាក់ចេញគោលដៅសម្រេចរួចរាល់ការចាក់វ៉ាក់សាំងដូសទី២ជូនប្រជាពលរដ្ឋមានអាយុពី ១៨ឆ្នាំឡើង ក្នុងខែវិច្ឆិកា ឆ្នាំនេះ។ ជនបរទេសភាគច្រើន រួមទាំងពលរដ្ឋនិងនិស្សិតកម្ពុជានៅទីក្រុងហាណូយ ក៏ត្រូវបានចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ យ៉ាងហោចណាស់ ១ ដូសរួចទៅហើយ។ អាស័យដោយគ្រប់គ្រងជាស្ថាពរបាននូវស្ថានភាពជម្ងឺរាតត្បាត បានជាចាប់ពីថ្ងៃទី២១ កញ្ញា ទីក្រុងហាណូយបានសម្រេចចិត្តកែសម្រួលវិធានការបង្ការប្រឆាំងជម្ងឺកូវីដ ១៩ តាមសារាចរណ៍លេខ១៥ របស់នាយករដ្ឋមន្រ្តីរដ្ឋាភិបាល ដែលអនុញ្ញាតឲ្យបើកឡើងវិញប្រតិបត្តិការអាជីវកម្ម វប្បធម៌ កីឡា លេងកំសាន្ត ដ៏សមស្របនឹងបទបញ្ញត្តិ។

ការបូកសរុបមតិយោបល់របស់មិត្តអ្នកស្ដាប់ក្នុងសប្ដាហ៍កន្លងទៅ - ảnh 3តំបន់ជីវមណ្ឌលបម្រុងខ្ពង់រាប Kon Ha Nung។

ក្នុងផ្នែកចុងក្រោយនៃកម្មវិធី ដូចសព្វមួយដងគឺព័ត៌មានមួយចំនួនស្ដីពីវប្បធម៌ ទេសចរណ៍។ ក្នុងសប្ដាហ៍នេះ យើងខ្ញុំសូមឧទ្ទេសនាមដល់ប្រិយមិត្តអំពីតំបន់ជីវមណ្ឌលបម្រុងខ្ពង់រាប Kon Ha Nung ដែលជាតំបន់ជីវមណ្ឌលបម្រុងមួយក្នុងចំណោមតំបន់ជីវមណ្ឌលបម្រុងចំនួន២របស់វៀតណាមទើបតែបានអង្គការ UNESCO ទទួលស្គាល់ជាតំបន់ជីវមណ្ឌលបម្រុងពិភពលោក។

លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី! តំបន់ជីវមណ្ឌលបម្រុង ខ្ពង់រាប Kon Ha Nung ស្ថិតនៅខេត្ត Gia Lai ដែលមានព្រំប្រទល់ជាប់ប្រទេសកម្ពុជា មានទំហំផ្ទៃដីសរុបជាង៤១៣,៥ពាន់ហិកតា រួមមានតំបន់ស្នូលចំនួន២ គឺឧទ្យានជាតិ Kon Ka Kinh និងតំបន់អភិរក្សធម្មជាតិ Kon Chu Rang។ ប្រព័ន្ធអេកូឡូស៊ីសត្វ រុក្ខជាតិនៅទីនេះមានលក្ខណៈជីវចម្រុះខ្ពស់ ដោយជាប់លំដាប់ A អំពីសារសំខាន់អន្តរជាតិ ជាមួយនឹងសត្វនិងរុក្ខជាតិរាប់ពាន់ប្រភេទ។ ក្នុងនោះ មានប្រភទសត្វ រុក្ខជាតិកម្រជាច្រើន ដែលត្រូវបានដាក់បញ្ចូលក្នុងបញ្ជីក្រហមរបស់វៀតណាមនិងពិភពលោក។ ក្រៅពីនោះ នៅទីនេះមានបណ្ដាញល្បាក់ទឹកដ៏ធំសម្បើម។ ដោយឡែកនៅក្នុងតំបន់អភិរក្សធម្មជាតិ Kon Chu Rang មានល្បាក់ទឹកចំនួន១២ ដោយមានកំពស់ជាង១៥ម៉ែត្រ ស្ថិតនៅកណ្ដាលព្រៃស្រោងរហោស្ថានដ៏ធំល្វឹងល្វើយ។ នៅតំបន់សតិបណ្ដោះអាសន្ននៃខ្ពង់រាប Kon Ha Nung មានសហគមន៍ជនជាតិភាគតិចជាច្រើនតាំងទីលំនៅ ភាគច្រើនគឺជនជាតិ Bahnar ជនជាតិ Jrai ដោយមានលំហវប្បធម៌គង់ឃ្មោះ Tay Nguyen ក៏ត្រូវបាន UNESCO ទទួលស្គាល់ជាបេតិកភ័ណ្ឌវប្បធម៌អរូបិយ៍របស់មនុស្សលោកផងដែរ។ 

លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី! ខាងលើនេះគឺមតិយោបល់របស់មិត្តអ្នកស្ដាប់ដែលបានយើងខ្ញុំធ្វើការបូកសរុបក្នុងសប្ដាហ៍កន្លងទៅ។ យើងខ្ញុំសង្ឃឹមថា នឹងបន្តទទួលបានមនោសញ្ចេតនាក៏ដូចជាមតិយោបល់ជាច្រើនថែមទៀតរបស់ប្រិយមិត្ត។ សំបុត្ររបស់លោកអ្នក សូមផ្ញើរមកកាន់យើងខ្ញុំតាមអាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ វិទ្យុសម្លេងវៀតណាម លេខ៤៥ វិថី Ba Trieu ខ័ណ្ឌ Hoan Kiem រដ្ឋធានីហាណូយឬអ៊ីម៉ែល៖ vov5khmer@gmail.com។ នាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់សូមបញ្ចប់នៅត្រឹមនេះ។ សូមជួបលោកអ្នកនាងនិងប្រិយមិត្តក្នុងកម្មវិធីសប្ដាហ៍ក្រោយ។ សូមគោរពជម្រាបលា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ