ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់

(VOVWORLD) - ក្នុងសប្ដាហ៍កន្លងទៅគណៈកម្មការផ្សាយជាភាសារបរទេសនៃវិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រអ៊ីម៉ែល ចំនួន ៤០៣ដែលក្នុងនោះកម្មវិធីផ្សាយជាភាសាខ្មែរទទួលបានសំបុត្រចំនួន ១០។
ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់ - ảnh 1ទីក្រុងហាណូយកសាងគម្រោងអភិវឌ្ឍន៍កង់សាធារណៈដើម្បីអនុវត្តន៍នៅតាមខ័ណ្ឌសំខាន់ៗមួយចំនួន

រាល់សំបុត្ររបស់មិត្តអ្នកស្ដាប់មកពីគ្រប់ទិសទីគឺជាប្រភពថាមពលលើកទឹកចិត្តដ៏ស្មោះសរ សម្រាប់យើងខ្ញុំ។ ជាបន្តទៅនេះ យើងខ្ញុំសូមចែករំលែកខ្លឹមសារនៃសំបុត្រមួយចំនួនរបស់មិត្តអ្នកស្ដាប់ក្នុងសប្តាកន្លងទៅ។ មិត្តអ្នកស្តាប់ស៊្រី ជ្រាបានផ្ញើសំបុត្រមកកាន់កម្មវិធីដោយចែករំលែកថា៖ “ ខ្ញុំបានស្តាប់ VOV ជារៀងរាល់ថ្ងៃនៅលើវែបសាយ។ ខ្ញុំចូលចិត្តនាទីព្រឹត្តិការណ៍នយោបាយ វប្បធម៌ ប្រពៃណីរបស់វៀតណាម ប្រអប់សំបុត្រមិត្តអ្នកស្ដាប់ ស្រុកស្រែ។ នាទីទាំងនេះបានផ្ដល់ឲ្យខ្ញុំនូវព័ត៌មានអំពីជីវភាពរស់នៅរបស់បងប្អូនជនជាតិនៅតំបន់ព្រៃភ្នំភាគខាងជើង”។ពីរាជធានីភ្នំពេញមិត្តអ្នកស្តាប់ស៊ុនប៊ុនធឿនបានសម្ដែងក្ដីសប្បាយរីករាយ ខណៈពេលដែលចាប់ពីថ្ងៃទី ១៥ មិនា វៀតណាមបានបើកសកម្មភាពទទួលស្វាគមន៍ភ្ញៀវអន្តរជាតិឆ្លងចូលប្រទេស ដូចដំណាក់កាលមិនទាន់ផ្ទុះជំងឺកូវីដ ១៩ អញ្ចឹង។ ទន្ទឹមនឹងនេះ មិត្តអ្នកស្តាប់ម៉ៅសុជាតាបានបង្ហាញចំណាប់អារម្មណ៍ចំពោះការដែលវៀតណាមបានទទួលស្គាល់ជាបណ្ដោះអាសន្ននូវវិញ្ញាបនបត្រចាក់វ៉ាក់សាំងរបស់ប្រទេសនិងតំបន់ដែនដីចំនួន៧៩។

ក្នុងសប្តាហ៍កន្លងទៅយើងខ្ញុំក៏ទទួលបានមតិជាច្រើនពីមិត្តអ្នកស្តាប់ក្នុងនោះមានការចែករំលែករបស់មិត្តអ្នកស្តាប់នួនស៊ីណា។ ក្នុងសំបុត្រដែលផ្ញើមកកម្មវិធី មិត្តបានបង្ហាញពីចំណាប់អារម្មណ៍ ចំពោះគម្រោងកង់សាធារណៈនៅទីក្រុងហាណូយថា៖“រួមជាមួយនឹងមធ្យោបាយដឹកជញ្ជូនផ្សេងទៀតដូចជាឡានក្រុងប្រពៃណីឬឡានក្រុងអគ្គិសនីនោះការពង្រីកទម្រង់កង់សាធារណៈ នឹងជួយតភ្ជាប់និងធ្វើសមកាលកម្មហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសាធារណៈរបស់ទីក្រុងរួមចំណែកកាត់បន្ថយការកកស្ទះនិងការបំពុលបរិស្ថានផងដែរ”។

មិត្តនួនស៊ីណានិងប្រិយមិត្តជាទីមេត្រី។នាពេលថ្មីៗនេះទីក្រុងហាណូយបានយល់ព្រមប្រគល់ឱ្យមន្ទីរគមនាគមន៍ និងដឹកជញ្ជូនទីក្រុងហាណូយកសាងគម្រោងអភិវឌ្ឍន៍កង់សាធារណៈដើម្បីអនុវត្តន៍នៅតាមខ័ណ្ឌសំខាន់ៗមួយចំនួន។គម្រោងនេះមានគោលដៅធ្វើពិពិធកម្មប្រភេទមធ្យោបានដឹកជញ្ជូនអ្នកដំណើរ ដែលស្និទ្ធស្នាលជាមួយបរិស្ថាន តភ្ជាប់រវាងស្ថានីយ៍រថយន្តក្រុងស្ថានីយ៍រថភ្លើងក្នុងទីក្រុងតំបន់ទីក្រុងតំបន់លំនៅដ្ឋានមជ្ឈមណ្ឌលពាណិជ្ជកម្មទីស្នាក់ការការិយាល័យជាដើម ដើម្បីជំរុញការអភិវឌ្ឍទេសចរណ៍ទស្សនារមណីដ្ឋាននៅភូមិសាស្ត្រទីក្រុង។ ថ្នាក់ដឹកនាំមន្ទីរគមនាគមន៍ និងដឹកជញ្ជូនទីក្រុងហាណូយបានឲ្យដឹងថាគម្រោងនេះនឹងត្រូវបានអនុវត្តន៍ជាពីរដំណាក់កាល។ក្នុងនោះដំណាក់កាលទី១នឹងត្រូវធ្វើសាកពិសោធន៍ក្នុងរយៈពេល១ឆ្នាំ ហើយក្នុងដំណាក់កាលនេះអង្គភាពអនុវត្តន៍គម្រោងនឹងវិនិយោគកង់ចំនួន១ ០០០គ្រឿង។ ដំណាក់កាលទី២ គ្រោងនឹងអនុវត្តន៍ចាប់ពីឆ្នាំ ២០២៣ ដល់ឆ្នាំ ២០២៤ ផងដែរ។

ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់ - ảnh 2 “ វាលសារ៉ាយសមុទ្រ” នៅខេត្ត Ninh Thuan

មិត្តអ្នកស្ដាប់ជាទីមេត្រី។ ជាបន្តទៅនេះ សូមអញ្ជើញប្រិយមិត្តទៅទស្សនាគោលដៅមួយនៅវៀតណាម នោះគឺ “ វាលសារ៉ាយសមុទ្រ” នៅខេត្ត Ninh Thuan ភូមិភាគកណ្តាលវៀតណាម ។ នេះក៏ជាគោលដៅ ដែលមិត្តអ្នកស្ដាប់ គីមសំនៀងមានបំណងចង់ស្វែងយល់ផងដែរ។មិត្តអ្នកស្ដាប់ គីម សំនៀង និងប្រិយមិត្តជាទីមេត្រី។ គោលដៅទេសចរណ៍ថ្មីនៅខេត្ត Ninh Thuan ដែលទាក់ទាញភ្ញៀវទេសចរជាច្រើននាពេលថ្មីៗនេះគឺជាវាលសារ៉ាយសមុទ្រដែលមានចំងាយពីកណ្តាលទីក្រុង Phan Rang - Thap Cham ប្រហែល ១០ គីឡូម៉ែត្រ តាមទិសខាងត្បូង ដែលចំណុះភូមិ Tu Thien ឃុំ Phuoc Dinh ស្រុក Thuan Nam។ ដោយមានទីតាំងស្ថិតនៅចុងផ្លូវតូចមួយ ដែលនាំចូលទៅក្នុងភូមិ Tu Thien គឺជាឆ្នេរសមុទ្រ ដែលមានវាលសារ៉ាយសមុទ្រធម្មជាតិ រំលេចពណ៌បៃតងដ៏ធំល្វឹងល្វើយ ដោយមានប្រវែងជាង ២ គីឡូម៉ែត្រ។ ដើម្បីទស្សនាទេសភាពដ៏ស្រស់បំព្រងធម្មជាតិ នៅវាលសារ៉ាយសមុទ្រនេះភ្ញៀវទេសចរត្រូវមកលេងតាមឆ្នេរសមុទ្រនេះចាប់ពីម៉ោង ៤ ដល់ម៉ោង ៩ ព្រឹក។ នៅពេលទឹកជំនោរស្រក សារ៉ាយសម្រុទ្របានរំលេចចេញពីផ្ទៃទឹក ដោយតោងជាប់នឹងផ្ទាំងថ្ម និងគ្របដណ្តប់ពេញផ្ទៃសមុទ្រ ដែលបង្កើតជាពណ៌បៃតងធម្មជាតិដ៏ស្រស់ស្អាត។

មិត្តអ្នកស្តាប់ជាទីមេត្រី! នាទីប្រអប់សំបុត្ររបស់យើងខ្ញុំសូមបញ្ចប់នៅត្រឹមនេះ។ រាល់សំបុត្រ មតិ ឬសំណួររបស់អស់លោកអ្នក សូមផ្ញើរមកកាន់អាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ វិទ្យុសម្លេងវៀតណាម លេខ ៤៥ វិថី Ba Trieu រដ្ឋធានីហាណូយ ឬ Email៖ vov5khmer@gmail.com។ លោកអ្នកនាងអាចទាក់ទងជាមួយយើងខ្ញុំតាមរយៈទំព័រវែបសាយ Www.vovworld.vn ផងដែរ។ នាទីប្រអប់ សំបុត្រមិត្តអ្នកស្ដាប់សូមបញ្ចប់នៅត្រឹមនេះ។ សូមជួបអស់លោក អ្នកនាងនាសប្ដាហ៍ខាងមុខ។ សូមជំរាបលា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ