ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់

(VOVWORLD) - មិត្តអ្នកស្ដាប់ជាទីមេត្រី! ក្នុងសប្តាហ៍កន្លងទៅ គណៈកម្មការផ្សាយជាភាសារបរទេសនៃវិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រ  អ៊ីម៉ែល និងទូរស័ព្ទមួយចំនួនរបស់មិត្តអ្នកស្តាប់មួយចំនួនមកពីប្រទេសនិងតំបន់ដែនដីចំនួននៅទូទាំងពិភពលោក។ ក្នុងនោះកម្មវិធីផ្សាយជាភាសាខ្មែរទទួលបានសំបុត្រនិងទូរស័ព្ទមួយចំនួនរបស់មិត្តអ្នកស្ដាប់មកពីកម្ពុជា ដោយសំដែងការយកចិត្តទុកដាក់លើប្រធានបទមួយចំនួនដុចជា «ការរួមសុខរួមទុក្ខ»រវាងបណ្តាប្រទេសក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ឬ បទចម្រៀង Rap “ហាមព័ត៌មានក្លែងក្លាយ”ជាមួយកំណែភាសាបរទេសច្រើនចម្រុះ និងបណ្តាគំនិតផ្តួតផ្តើមដ៏មានអត្ថន័យក្នុងសហគមន៍ជាដើម។
ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់ - ảnh 1 អង្គភាពអាជីវកម្មវៀតណាមនៅកម្ពុជាជួយឧបត្ថម្ភដល់ប្រជាជនកម្ពុជាដែលរងផលប៉ះពាល់ដោយជំងឺឆ្លង COVID-19 (រូបថត៖ vov)

 

មិត្តអ្នកស្ដាប់ជាទីរាប់អាន! ពីរាជធានីភ្នំពេញ មិត្តអ្នកស្តាប់ លីនសាមេត បានផ្ញើរសំបុត្រដោយសំដែងនូវក្តីសម្បាយរីករាយនិងរំភើបចិត្តនៅពេលដែលបានដឹងដំណឹងតាមនរយៈប្រព័ន្ធផ្សព្វផ្សាយសាធារណៈថាបន្ទាប់ពីរដ្ឋាភិបាលនិងប្រជាជនវៀតណាមបានប្រគល់ជូនរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជានូវសម្ភារៈបរិក្ខាពេទ្យក្នុងការបង្ការនិងទប់ស្កាត់ជំងឺ Covid-19 ដែលមានទឹកប្រាក់ចំនួន ៧ ពាន់លានដុង នោះភ្លាមៗមួយរំពិចសហគមធុរកិច្ចវៀតណាមប្រចាំនៅកម្ពុជាក៏បានការគាំទ្រដ៏សកម្មក្នុងស្មារតី «រួមសុខរួមទុក្ខ» ដើម្បីចែករំលែកនិងរួមវិភាគទានដល់ក្រុមគ្រួសារកម្ពុជាដើមកំណើតវៀតណាមនិងប្រជាជនកម្ពុជាដែលជួបការលំបាកក្នុងបរិបទនៃជំងឺ Covid-19 ផងដែរ។ ក្នុងសំបុត្រមិត្តបានចែករំលែកថា៖ «ខ្ញុំពិតជារំជួលចិត្តណាស់និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជន ជាពិសេសគឺកញ្ចប់អំណោយឧបត្ថម្ភដែលរៃអង្គាសពីការគាំទ្ររបស់អង្គភាពអាជីវកម្មវៀតណាមនៅកម្ពុជា ក៏ដូចជាការជួយឧបត្ថម្ភយ៉ាងកក់ក្តៅនិងទាន់ពេលវេលារបស់ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា ដើម្បីជួយឲ្យប្រជាជនកម្ពុជា ជួបការលំបាកដែលរងផលប៉ះពាល់ពីជំងឺរាតត្បាត Covid-19 ព្រមទាំងរួមដៃគ្នាជាមួយអាជ្ញាធរប្រទេសសាម៉ីខ្លួនប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនេះផងដែរ»។

មិត្តអ្នកស្តាប់ លីនសាមេត ជាទីរាប់អាន! កម្មវិធីយើងខ្ញមសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់មតិដ៏ស្មោះត្រង់របស់មិត្តដែលបានផ្ញើមកកាន់កម្មវិធី។  នៅកម្ពុជាក្លឹបធុរកិច្ចវៀតណាមនៅកម្ពុជា (VBCC) សមាគមវិនិយោគិន វៀតណាមនៅកម្ពុជា (AVIC) និងសមាគមពាណិជ្ជករខ្មែរ-វៀតណាមសុទ្ធតែជាអង្គការនាំមុខគេក្នុងការជួយគាំទ្រ និងបរិច្ចាគសប្បុរសធម៌ប្រកបដោយប្រសិទ្ធភាព ដោយមានគោលបំណងរួមចំណែកវិជ្ជមានក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនិងការពារសុខភាពប្រជាជនក្នុងប្រទេសម្ចាស់ផ្ទះ ក៏ដូចជាបង្កើនកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍរវាងប្រទេសទាំងពីរវៀតណាម-កម្ពុជាផងដែរ។

ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់ - ảnh 2 ក្រុមអ្នកចម្រៀង RAP Dalab  (រូបថត៖កាត់ពី Youtube)

លោកអ្នកនាងជាទីមេត្រី! បន្ទាប់ពីវីដេអូបទចម្រៀង“ Ghen Covy” របស់តន្ត្រីករ Khac Hung ត្រូវបានសាធារណៈជនស្គាល់យ៉ាងទូលំទូលាយទាំងក្នុងប្រទេសនិងក្រៅប្រទេស នោះបន្ទាប់មកជាភ្លាមៗតន្រ្តីករនិងអ្នកចំរៀងវៀតណាមជាច្រើនបានបង្ហោះវីដេអូតន្រ្តីដែលមានលក្ខពៈឃោសនានិងរីកសាយភាយកម្លាំងចលករដល់ប្រជាជនដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 ផងដែរ។ ជាពិសេសគឺ MV បទចម្រៀងក្រោមចំណងជើងថា “ហាមព័ត៌មានក្លែងក្លាយ” (Khong Fakenews) ដែលសម្តែងដោយក្រុមអ្នកចម្រៀង RAP Dalab ដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ទស្សនិកជននិងសហគមន៍បណ្តាញសង្គមជាច្រើនផងដែរ។ នេះក៏ជាបទចម្រៀងដែលមិត្តស្តាប់ ណៃយគន្ធា - និស្សិតកម្ពុជាដែលកំពុងសិក្សានៅសាកលវិទ្យាល័យធារាសាស្រ្ត (វៀតណាម) បានផ្ញើមកកាន់កម្មវិធីដើម្បីស្វែងយល់ពីបទចម្រៀងនេះ។

មិត្ត ណៃគន្ធា ជាទីរាប់អាន! បទចម្រៀង “ហាមព័ត៌មានក្លែងក្លាយ” ផលិតដោយទីភ្នាក់ងារសារព័ត៌មានវៀតណាមមានកំណែភាសាទាំង ១៥ ក្នុងនោះមានភាសារខ្មែរ។ បទចម្រៀងនេះត្រូវបាននិពន្ធក្នុងបរិបទដែលបញ្ហាព័ត៌មានក្លែងក្លាយបានរីករាលដាលយ៉ាងខ្លាំងនិងងបង្កគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរដល់ប្រជាជនជាច្រើន ដោយមានខ្លឹមសារមូលបង្កាច់និងបំផ្លើសការពិតដែលពាក់ព័ន្ធនឹងជំងឺរាតត្បាត Covid-19 នៅលើពិភពលោកនិងវៀតណាម។ បទចម្រៀងនេះបានអំពាវនាវឲ្យប្រជាជនកុំផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ មិនពិតនិងផ្តល់ដំបូន្មានដល់ប្រជាជនគ្រប់រូបគប្បីជ្រើសរើសព័ត៌មានត្រឹមត្រូវនៅពេលស្តាប់ឬមើល ដើម្បីជៀសវាងពីការបង្កភាពភ័យខ្លាចដល់សហគមន៍ តាមនោះរួមដៃគ្នាយកឈ្នះលើជំងឺរាតត្បាសកលនេះនាពេលឆាប់ៗនេះផងដែរ។

ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់ - ảnh 3 “ទូ ATM សៀវភៅ” ដំបូងបង្អស់នៅទីក្រុងហាណូយ (រូបថត៖ baotainguyenmoitruong.vn)

លោកអ្នកនាងជាទីមេត្រី! មិត្ត សេកដាណែត - និស្សិតកម្ពុជានៃសាកលវិទ្យាល័យវេជ្ជសាស្ត្រនិងឱសថ Thai Binh (វៀតណាម) បានផ្ញើសំបុត្រមកកាន់ កម្មវិធីដើម្បីស្វែងយល់អំពីគំនិតផ្តួតផ្តើមនៃ “ទូ ATM សៀវភៅ” ដំបូងបង្អស់នៅ   ទីក្រុងហាណូយ។ មិត្តអ្នកស្តាប់ជាទីរាប់អាន! ប្រសិនបើគំនិតផ្តួតផ្តើមនៃ "ទូ ATM អង្ករ" ត្រូវបានចែកដោយឥតគិតថ្លៃដល់ប្រជាជនដែលមានស្ថានភាពលំបាកក្នុងរដូវជំងឺរាតត្បាត Covid-19 កន្លងមកនៅវៀតណាម ដែលត្រូវបានសហគមន៍ទាំងជាតិនិងអន្តរជាតិវាយតម្លៃខ្ពស់និងគាំទ្រ នោះនាពេលថ្មីៗនេះ គំនិតផ្តួតផ្តើមនៃ “ទូ ATM សៀវភៅ” ដំបូងបង្អស់នៅទីក្រុងហាណូយក៏ទទួលបានប្រជាជនគ្រប់រូបជាច្រើនកុះករចាប់អារម្មណ៍និងគាំទ្រផងដែរ។ ទូ ATM ចែកសៀវភៅដោយឥតគិតថ្លៃត្រូវបានដំណើរការក្នុងគោលបំណងជួយឲ្យមនុស្ស ទទួលបានចំណេះដឹង របៀបរស់នៅស៊ីវិល័យ ហើយជាពិសេសគឺបង្កើនទម្លាប់អានជាប្រចាំថ្ងៃ។ លើកពីនេះទៀត ក្នុងអំឡុងពេលដែលមានការដាក់កំហិតលើការធ្វើដំណើរនិងប្រមូលផ្តុំមនុស្សច្រើន “ទូ ATM សៀវភៅ” នឹងនាំមកនូវសារវិជ្ជមាននិងអត្ថន័យ ដើម្បីធ្វើឱ្យមនុស្សចំណាយពេលច្រើននៅផ្ទះបន្ថែមទៀតក៏ដូចជាស្វែងរកភាពរីករាយជាមួយសៀវភៅផងដែរ។

លោកអ្នកនាងជាទីមេត្រី! សង្ឃឹមថាលោកអ្នកនាងបានពេញចិត្តចំពោះព័ត៌មានខាងលើនេះ។ មតិអ្នកស្តាប់ទាំងអស់កុំភ្លេចថាកម្មវិធីយើងខ្ញុំនឹងផ្តល់ជូនរង្វាន់ចំនួន ៣ ដែលជាកញ្ចប់ទៅទេសចរណ៍ដោយឥតគិតថ្លៃសម្រាប់អ្នកឈ្នះរង្វាន់ ៣ នាក់ក្នុងពិតធីប្រកួតប្រឡង «តើអ្នកបានយល់ដឹងអ្វីខ្លះអំពីប្រទេសវៀតណាម» (កាលបរិច្ឆេទផុតកំណត់នៃការទទួលអត្ថបទសរសេរគឺរហូតដល់ថ្ងៃទី១៥ ខែកក្កដាឆ្នាំ២០២០)។ អស់លោកអ្នក អាចផ្ញើរសំបុត្រមកកាន់កម្មវិធីយើងខ្ញុំតាមអាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ វិទ្យុសម្លេងវៀតណាមលេខ ៤៥ វិថី Ba Trieu រដ្ឋធានីហាណូយ ឬ Email៖ vov5khmer@gmail.com។ លោកអ្នកនាងអាចទាក់ទងជាមួយយើងខ្ញុំតាមរយៈទំព័រវែបសាយ www.vovworld.vn ផងដែរ។ នាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់សូមបញ្ចប់នៅត្រឹមនេះ។ សូមជួបអស់លោកអ្នកនាងនៅសប្ដាហ៍ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ