ឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់

(VOVWORLD) - ក្នុងសប្ដាហ៍ កន្លងទៅ កម្មវិធីផ្សាយជាភាសាខ្មែរ វិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រ អ៊ីម៉ែល និងទូរស័ព្ទចំនួន១២របស់មិត្តអ្នកស្ដាប់នៅកម្ពុជា។ សូមអរគុណរាល់មតិយោបល់និង មនោសញ្ចេតនាដ៏ថ្លៃថ្លារបស់លោកអ្នកនាងនិងប្រិយមិត្តជូនចំពោះយើងខ្ញុំ។

លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី! ថ្ងៃទី២៤ ខែមិថុនា កន្លងទៅ ជាថ្ងៃខួបគម្រប់ ៥៤ ឆ្នាំទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-កម្ពុជា (២៤ មិថុនា ១៩៦៧ - ២៤ មិថុនា ២០២១)។ ក្នុងឱកាសនេះ មិត្តអ្នកស្ដាប់មួយចំនួនបានផ្ញើរសំបុត្រមកកម្មវិធី ដើម្បីចែករំលែកពីចំណាប់អារម្មណ៍របស់ខ្លួន។ មិត្តអ្នកស្ដាប់ ស៊ុន ផល អតីតនិស្សិត ម្នាក់នៅសាកលវិទ្យាល័យពហុបច្ចេកទេសហាណូយ បានសរសេរថា៖ “សូមជូនពរឲ្យ ទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសគឺលើវិស័យសេដ្ឋកិច្ច អប់រំ នឹងសម្រេច បានសមិទ្ធផលថ្មីៗជាច្រើនថែមទៀត។ ប្រសិនបើមានឱកាស ខ្ញុំតែងតែត្រៀមខ្លួនជា ស្រេចចូលរួមព្រឹត្តិការណ៍ជួបប្រាស្រ័យរវាងយុវជនកម្ពុជា-វៀតណាម”។ ចំណែកឯ មិត្តអ្នកស្ដាប់ ហ៊ាន សុភក្តិ នៅខេត្ត សៀមរាប បានចែករំលែកថា៖ “ស្គាល់ដល់ VOV បានពីរបីឆ្នាំថ្មីៗនេះ បានជាខ្ញុំយល់ដឹងច្រើនថែមទៀតអំពីទំនាក់ទំនងកម្ពុជា-វៀតណាម ។ មុនពេលផ្ទុះឡើងជម្ងឺរាតត្បាត ខ្ញុំឃើញអ្នកទេសចរណ៍វៀតណាមទៅសៀមរាប ទស្សនាអង្គរវត្ត កាន់តែច្រើនឡើងៗ។ សង្ឃឹមថា VOV នឹងមានអត្ថបទបន្ថែមទៀតស្ដី អំពីទីតាំងទេសចរណ៍នានានៅវៀតណាម ជាពិសេសគឺនៅជិតតំបន់ព្រំប្រទល់ជាប់ ប្រទេសកម្ពុជា”។
ក្រឡែកមើលឡើងវិញប្រវត្តិសាស្ត្រក្នុងអំឡុងពេល៥៤ឆ្នាំកន្លងមក ទោះបីជា ជួបការលំបាកឧបសគ្គរាប់មិនអស់ក៏ដោយ ប៉ុន្តែចំណងសាមគ្គីភាព មិត្តភាពជា ប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ប្រជាជាតិទាំងពីរ វៀតណាមនិងកម្ពុជា ត្រូវបានពង្រឹង ពង្រីកដោយឥតឈប់ឈរ ហើយសម្រេចបាន សមិទ្ធផលដ៏ធំធេងជាច្រើន។ ក៏ត្រឹមប៉ុន្មានថ្ងៃថ្មីៗនេះតែប៉ុណ្ណោះ ក្នុងឱកាសរំលឹកខួប លើកទី៧០ទិវាបង្កើតគណៈបក្សប្រជាជនកម្ពុជា គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយ និស្តវៀតណាមបានផ្ញើរសារទូរលេខអបអរសាទរជូនគណៈកម្មាធិការកណ្ដាលនៃ គណៈបក្សប្រជាជនកម្ពុជា ក្នុងនោះអះអាងថា បក្ស រដ្ឋនិងប្រជាជនវៀតណាមនឹង ធ្វើអស់ពីកម្លាំងកាយចិត្ត រួមជាមួយគណៈបក្សប្រជាជនកម្ពុជា រដ្ឋនិងប្រជាជនកម្ពុជា ការពារ ថែរក្សានិងពូនជ្រុំឲ្យទំនាក់ទំនងរវាងបក្សទាំងពីរ រដ្ឋទាំងពីរនិងប្រជាជននៃ ប្រទេសទាំងពីរកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ។
ឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ - ảnh 1ទីក្រុងហូជីមិញអនុវត្តន៍យុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ ទ្រង់ទ្រាយធំដែលមិនធ្លាប់មានតាំងពីមុនមក។ (រូបថត៖ thanhnien)
ទន្ទឹមនឹងព្រឹត្តិការណ៍ពាក់ព័ន្ធដល់ទំនាក់ទំនងវៀតណាម-កម្ពុជានោះ យើងខ្ញុំក៏ ទទួលបានការយកចិត្តទុកដាក់របស់មិត្តអ្នកស្ដាប់អំពីស្ថានភាពជម្ងឺរាតត្បាតកូវីដ ១៩ នៅវៀតណាមផងដែរ។ មិត្តអ្នកស្ដាប់ ស៊ុន វិជ្ជា នៅរាជធានីភ្នំពេញ បានសម្ដែងក្ដី កង្វល់ចំពោះការកើនឡើងនៃបរិមាណករណីឆ្លងកូវីដ ១៩ នៅទីក្រុងហូជីមិញ ដោយ សារមិត្តភក្តិមួយចំនួនរបស់គាត់កំពុងរស់នៅនិងធ្វើការនៅទីក្រុងនេះ ព្រមទាំងចង់ ដឹងព័ត៌មានអំពីវិធានការបង្ការប្រឆាំងជម្ងឺរាតត្បាតដែលទីក្រុងហូជីមិញកំពុង អនុវត្តន៍ផងដែរ។
លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី! ដើម្បីឆ្លើយតបនឹងជម្ងឺរាតត្បាតកូវីដ ១៩ ដែលកំពុងមានការវិវឌ្ឍន៍យ៉ាងស្មុគស្មាញនៅទីក្រុងហូជិមិញ យុទ្ធនាការចាក់វ៉ាក់ សាំងមួយដោយមានទ្រង់ទ្រាយធំបំផុតលើទូទាំងប្រទេសតាំងពីមុនមក ត្រូវបានដាក់ ឲ្យដំណើរការ។ ជាក់ស្ដែង ចាប់ពីថ្ងៃទី១៩ដល់ថ្ងៃទី២៧ ខែមិថុនា ប្រជាពលរដ្ឋទីក្រុង ហូជីមិញជាង៧១០ពាន់នាក់ បានទទួលការចាក់វ៉ាក់សាំងបង្ការកូវីដ ១៩។ លើសពីនេះ ទៅទៀត នៅពេលដែលចំនួនអ្នកជម្ងឺកូវីដ ១៩ កើនឡើងហួសពី ២០០០នាក់ ទីក្រុង ហូជីមិញបានសម្រេចចិត្តបង្កើនបរិមាណគ្រែពេទ្យសម្រាប់ព្យាបាលអ្នកជម្ងឺកូវីដ ១៩ ឡើងដល់ទៅ១ម៉ឺនគ្រែដើម្បីត្រៀមខ្លួនជាស្រេចសម្រាប់ករណីនានាដែលអាចកើតមាន។ ទន្ទឹមជាមួយគ្នានោះ ទីក្រុងបានលើកកំពស់សមត្ថភាពធ្វើតេស្តឡើងទៅ៥សែន សំណាកក្នុងមួយថ្ងៃ សំដៅវាយតម្លៃពីហានិភ័យនៃការផ្ទុះជម្ងឺក្នុងសហគមន៍។ ក្រៅពី នោះ ការងារបង្ការទប់ស្កាត់ជម្ងឺរាតត្បាតតាមគោលការណ៍ ៥ ប្រការ (5K) នៅតែត្រូវ បានថែរក្សានិងអនុវត្តន៍យ៉ាងម៉ឺងម៉ាត់ផងដែរ។
ឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ - ảnh 2បឹងផ្កាឈូកដ៏ស្រស់ស្អាតមួយនៅ Dong Thap Muoi។ (រូបថត៖ truyenhinhdulich)
ក្នុងផ្នែកចុងក្រោយនៃនាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់ថ្ងៃនេះ តាមសំណើររបស់មិត្ត អ្នកស្ដាប់ ហ៊ាន សុភក្តិ យើងនឹងរួមគ្នាស្វែងយល់អំពីភាពស្រស់ស្អាតនៃតំបន់ Dong Thap Muoi នៅរដូវទឹកឡើង ដែលជាគោលដៅទេសចរណ៍មួយដ៏ល្បីឈ្មោះនៅតំបន់ ដីសណ្ដទន្លេCuu Long ជិតព្រំដែនវៀតណាម-កម្ពុជា។
លោកអ្នកនាងជាទីមេត្រី! ជារៀងរាល់ឆ្នាំ រដូវទឹកឡើងនៅ Dong Thap Muoi ចាប់ ផ្ដើមប្រហែលពី ខែកញ្ញាដល់ខែធ្នូ។  ស្ថិតនៅចំងាយជិត២០០គីឡូម៉ែត្រពីទីក្រុង ហូជីមិញ Dong Thap Muoiត្រូវបានចាត់ទុកជាតំបន់អេកូឡូស៊ីល្បីឈ្មោះក្នុងទូទាំង ប្រទេសវៀតណាម ដោយមានទេសភាពធម្មជាតិដ៏រហោស្ថាននិងសម្រស់ស្រស់បំព្រង។ ក្នុង រដូវទឹកឡើង នៅទីណាក៏ប្រទះឃើញប្រជាជនបង់សំណាញ់ដាក់លាបទ្រូចាប់ត្រីបង្កង។ ត្រីលិញនិងផ្កាស្នោគឺជាម្ហូបពិសេស២មុខដែលធម្មជាតិប្រទានជូនប្រជាជនតំបន់ ក្នុងរដូវទឹកឡើង។ ក្នុងរដូវទឹកឡើង នៅ Tram chim ដែលជារមណីយដ្ឋានដ៏ល្បីឈ្មោះ នៅ Dong Thap Muoi មានបក្សាបក្សីគ្រប់ប្រភេទដូចជាទាព្រៃ កុក ខ្វែក ហោះហើរមកទីនេះចាប់កូនត្រីក្រពិសនិងពពួកមឆ្ឆាផ្សេងៗទៀតធ្វើជាចំណី។ ពិសេសបំផុត ក្នុងរដូវទឹកឡើងនៅ Dong Thap Muoi ត្រូវនិយាយដល់បឹងផ្កាឈូកដ៏ស្រស់ស្អាតដែលលាតសន្ធឹងធំល្វឹងល្វើយ។ ផ្កាឈូកនៅទីនេះមានពណ៌សផងនិងពណ៌កូលាបផង។ សោភ័ណភាពល្បីល្បាញនៃ ផ្កាឈូក Dong Thap Muoi ត្រូវបានបញ្ចូលទៅក្នុងកំណាព្យវៀតណាមតាំងពីយូរ ណាស់មកហើយដោយឃ្លាៗថា៖ “Thap Muoi ស្អាតបំផុតមានផ្កាឈូក។ វៀតណាម ស្អាតបំផុតមានឈ្មោះលោកអ៊ុំហូ”។
លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី! ខាងលើនេះគឺជាមតិយោបល់និងសំណួរ របស់មិត្តអ្នកស្ដាប់ ដែលត្រូវបានផ្ញើរមកកាន់យើងខ្ញុំក្នុងសប្ដាហ៍កន្លងទៅ។ សំបុត្រ របស់មិត្តអ្នកស្ដាប់ សូមផ្ញើរមកកាន់អាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ វិទ្យុសម្លេងវៀតណាម លេខ៤៥វិថី Ba Trieu រដ្ឋធានីហាណូយ ឬអ៊ីម៉ែល៖ vov5khmer@gmail.com៕

ប្រតិកម្មទៅវិញ

ផ្សេងៗ