ឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់

(VOVWORLD) - មិត្តអ្នកស្ដាប់ជាទីមេត្រី! ក្នុងសប្តាហ៍កន្លងទៅ គណៈកម្មការផ្សាយជាភាសារបរ ទេសនៃវិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រ និងអ៊ីម៉ែលចំនួន ៣៨៣ របស់មិត្តអ្នកស្ដាប់មកពីប្រទេសនិងតំបន់ដែនដីចំនួន ៣៥។ ក្នុងនោះកម្មវិធីជាភាសាខ្មែរទទួលបានសំបុត្រចំនួន ១១។ តាងនាមកម្មវិធី យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះត្រង់ចំពោះមិត្តអ្នកស្តាប់ទាំងអស់ដែលបានបញ្ចេញមតិយោបល់ និងចែករំលែកពីអារម្មណ៍របស់ខ្លួនដោយមានខ្លឹមសារនិងការយល់ដឹងដ៏សម្បូរបែបអំពីព័ត៌មានប្រទេសជាតិនិងប្រជាជនវៀតណាម។
ឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ - ảnh 1 កម្មវិធីផ្តល់ប្រឹក្សាផ្នែកសុខភាពតាមប្រព័ន្ធអនឡាញ VOV Basic24 របស់វិទ្យុសម្លេងវៀតណាម  (រូបថត៖ vov.vn)

ជាក់ស្តែងក្នុងសប្តាហ៍កន្លងមក មិត្តអ្នកស្តាប់ វឌ្ឍនារ័ត្ន និស្សិតកម្ពុជា ដែលកំពុងសិក្សានៅសាកលវិទ្យាល័យ Tra Vinh បានសំដែងក្តីសប្បាយរីករាយចំពោះ ប្រសិទ្ធភាពនៃកម្មវិធីផ្តល់ប្រឹក្សាផ្នែកសុខភាពតាមប្រព័ន្ធអនឡាញ VOV Basic24 របស់វិទ្យុសម្លេងវៀតណាម។ ក្នុងសំបុត្រមិត្តបានសរសេរថា៖ ក្នុងបរិបទដែលវិស័យបច្ចេកវិទ្យាព័ត៌មានកំពុងអភិវឌ្ឍន៍កាន់តែខ្លាំងឡើងៗ ការដាក់ឲ្យប្រើប្រាស់កម្មវិធីផ្តល់ប្រឹក្សាផ្នែកសុខភាពតាមប្រព័ន្ធអនឡាញ VOV Basic24 របស់វិទ្យុសម្លេងវៀតណាម បាននាំមកនូវភាពងាយស្រួលក្នុងការពិនិត្យនិងព្យាបាលឲ្យអ្នកជំងឺ។ លើសពីនេះទៀតបន្ទាប់ពីការប្រើប្រាស់មួយរយៈ ខ្ញុំឃើញថាកម្មវិធីនេះបានជួយឲ្យមនុស្សជាច្រើននៅតំបន់ឆ្ងាយដាច់ស្រយាលនិងអ្នកជំងឺដែលត្រូវការជំនួយពីគ្រូពេទ្យ អាចទទួលបានយោបល់ប្រឹក្សារដ៏ល្អៗយ៉ាងឆាប់រហ័សផងដែរ។ ជាពិសេសក្នុងអំឡុងពេលបង្ការការរីករាលដាលនៃជំងឺ Covid-19 កម្មវិធីនេះកាន់តែមានផលប្រយោជន៍ ព្រមទាំងចាំបាច់ត្រូវទទួលការគាំទ្រនិងពង្រីកការប្រើប្រាស់បន្ថែមទៀតនៅក្នុងសហគមន៍កាន់តែលឿនកាន់តែល្អផងដែរ”។សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកស្តាប់ទាំងអស់ដែលបានផ្ញើសំបុត្របង្ហាញពីយោបល់និងការចែក រំលែករបស់ខ្លួនអំពីកម្មវិធីដ៏មានអត្ថន័យនេះ។ គួរបញ្ជាក់ថាចំណុចលេចធ្លោនៃកម្មវិធីនេះគឺការតំឡើងកម្មវិធីយ៉ាងងាយស្រួលបំផុតនិងអាចថតសំឡេងការហៅទូរស័ព្ទផ្តល់ប្រឹក្សាររបស់គ្រូពេទ្យ រួមទាំងរក្សាទុកបាននូវចំនួនប្រើប្រាស់សេវាកម្ម និងប័ណ្ណវជ្ជបញ្ជាទិញថ្នាំព្យាបាល ដើម្បីទុកឲ្យគ្រូពេទ្យមានភាពងាយស្រួលក្នុងការពិនិត្យមើលនៅពេលចាំបាច់ផងដែរ ។ ចាប់តាំងពីការអនុវត្តរហូតមកដល់ពេលនេះ កម្មវិធី VOV Basic24 បានបង្ហាញពីគុណសម្បត្តិរបស់ខ្លួន ហើយក៏បង្កើតឡើងបណ្តាញពិនិត្យសុខភាពតាមអនឡាញដែលអាចឆ្លើយតបយ៉ាងឆាប់រហ័សទៅនឹងតម្រូវការនៃការថែទាំសុខភាពរបស់ប្រជាជនទាំងមូលផងដែរ។ ក្នុង    រយៈពេលកន្លងមក ជាមធ្យមក្នុងមួយថ្ងៃៗមានការណាត់ជួបផ្តល់ប្រឹក្សាពិនិត្យជំងឺជាមុនប្រមាណប្រមាណ ៣០ ករណី ហើយមានការពិនិត្យជំងឺរាប់រយលើកត្រូវបានអនុវត្តឡើងប្រកបដោយជោគជ័យផងដែរ។

ឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ - ảnh 2 កន្លែងពិនិត្យគ្លីនិកសម្រាប់អ្នកស្ម័គ្រចិត្ត (រូបថត៖ vov.vn)

នេះគឺជាដំណឹងដ៏ល្អណាស់សម្រាប់យើងទាំងអស់គ្នា! ប្រិយមិត្តជាទីរាប់អាន ទាក់ទងនឹងផ្នែកសុខាភិបាល ថ្ងៃនេះកម្មវិធីក៏ដកស្រង់ឃ្លាមួយចំនួនពីមិត្តអ្នកស្តាប់ ឈ្មោះ សុខពិសី មកពីប្រទេសកម្ពុជា ដោយសំដែងការកោតសរសើរចំពោះវៀតណាមថា « នាពេលថ្មីនេះ វៀតណាមបានប្រកាសជាផ្លូវការអំពីការជ្រើសរើសអ្នកស្ម័គ្រចិត្តដើម្បីចូលរួមក្នុងការស្រាវជ្រាវធ្វើតេសត្តគ្លីនិកដំណាក់កាលទី១នៃវ៉ាក់សាំង NANOCOVAX  ដើម្បីបង្ការជំងឺកូវីដ១៩ ហើយបានចាប់ផ្តើមបើកដំណើរការកម្មវិធីធ្វើតេស្តវ៉ាក់សាំងនៅប្រទេសវៀតណាម។ អាចនិយាយបានថានេះជាជំហានដ៏សំខាន់ក្នុងវិស័យសុខាភិបាលរបស់ប្រទេសវៀតណាមចំពោះការបង្ការនិងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩»។

សូមថ្លែងអំណរគុណជូនចំពោះមិត្តអ្នកស្តាប់ សុខពិសី ដែលបានផ្ញើសំបុត្រមកកាន់កម្មវិធីក្នុងរយៈពេលសប្តាហ៍កន្លងមក។ កម្មវិធីសូមបន្ថែមព័ត៌មានមួយចំនួនទៀតថា វ៉ាក់សាំង NANOCOVAX ដំបូងគេរបស់វៀតណាម បានបញ្ចប់ដំណើរការស្រាវជ្រាវហើយទទួលបានប្រសិទ្ធភាពខ្ពស់ក្នុងការធ្វើតេសត្តដោយសន្យាថានឹងជាប្រភេទវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ “Made in VietNam” ដំបូងបង្អស់ ត្រូវបានប្រើប្រាស់នៅវៀត  ណាម។ អត្ថប្រយោជន៍សំខាន់បំផុតនៃវ៉ាក់សាំង Covid-19 នេះគឺអាចបំពេញនូវការឆ្លើយតបភាពស៊ាំល្អប្រកបដោយសុវត្ថិភាពខ្ពស់ និងមិនសូវមានប្រតិកម្មផ្សេងៗកើតឡើងឡើយ ក៏ដូចជាមានលក្ខខណ្ឌផ្ទុករក្សាអំណោយផលច្រើនជាងវ៉ាក់សាំងផ្សេងៗទៀត (ដោយរក្សាក្នុងសីតុណ្ហភាពពី ២ ទៅ ៨ អង្សាសេ)។ ការធ្វើតេស្តវ៉ាក់សាំងទទួលបានជោគជ័យឬបរាជ័យមិនត្រឹមតែអាស្រ័យលើក្រុមហ៊ុនផលិតអ្នកស្រាវជ្រាវនិងអ្នកគ្រប់គ្រងប៉ុណ្ណោះទេ ប៉ុន្តែវាអាស្រ័យទៅលើការគាំទ្រពីសហគមន៍សង្គមនិងប្រជាជនទាំងមូលទៀតផង។ គួរបញ្ជាក់ថាវ៉ាក់សាំងនេះគ្រោងនឹងមានតម្លៃប្រមាណ ១២ ម៉ឺនដុង / ដូស។

តោះយើងក្រឡែកមើល ទៅវិស័យទេសចរណ៍វិញ។ ថ្ងៃនេះកម្មវិធីយើងខ្ញុំចង់ណែនាំមិត្តអ្នកស្តាប់ទាំងអស់អំពីគោលដៅទេសចរណ៍ដ៏គួរឱ្យទាក់ទាញមួយនៅខេត្ត Ninh Thuan ។ នោះគឺជាកូនកោះ Hon Do - ឋានសួគ៌នៃផ្កាថ្មហ្វូស៊ីល។ តោះយើង! រួមគ្នាស្វែងយល់អំពីគោលដៅទេសចរណ៍ដ៏អស្ចារ្យនេះ!

ឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ - ảnh 3កូនកោះ Hon Do - ឋានសួគ៌នៃផ្កាថ្មហ្វូស៊ីលនៅខេត្ត Ninh Thuan (រូបថត៖ truyenhinhdulich.vn/)

ប្រិយមិត្តជាទីស្រឡាញ់! Hon Do មានទីតាំងស្ថិតនៅភូមិ My Hiep ឃុំ Thanh Hai ស្រុក Ninh Hai ខេត្ត Ninh Thuan ដែលមានចម្ងាយប្រហែល ២៥ គីឡូម៉ែត្រពីក្រុង Phan Rang – Thap Cham។ នេះគឺជាថ្មប៉ប្រះទឹកផ្កាថ្មហ្វូស៊ីលដែលត្រូវបានរសាត់ដោយរលកសមុទ្រយូរឆ្នាំហើយ ហេតុដូច្នេះតាមពេលវេលា វាបង្កើតឡើងជារូបរាងប្លែកៗជាច្រើន។ ជាពិសេសនៅលើផ្ទៃផ្កាថ្មហ្វូស៊ីលនេះមានស្រទាប់ស្លែបៃតងដែលបង្កើតឡើងជាសម្រស់ដ៏ពិសេសមួយនៅ  Hon Do។ មកដល់ Hon Do ភ្ញៀវទេសចរអាចបោះតង់នៅចំនៅក្បែរផ្កាថ្មហ្វូស៊ីលទាំងនេះ ឬក៏បោះជំរុំក្នុងនៅចំកណ្តាលព្រៃដែលមានទំហំ ២០ ហិកតា ដើម្បីស្រូបយកនឹងខ្យល់អាកាសបរិសុទ្ធនៅទីនេះផងដែរ។ លើសពីនេះទៀត មកទីនេះ ភ្ញៀវទេសចរក៏អាចទទួលទានជាមួយម្ហូបប្រចាំតំបន់ដែលត្រូវបានចម្អិនតាមវិធីរបស់ប្រជាជននៅភូមិឆ្នេរសមុទ្រ My Hiep ផងដែរ។

លោកអ្នកនាងជាទីមេត្រី! សង្ឃឹមថាលោកអ្នកនាងបានពេញចិត្ត ចំពោះព័ត៌មាន ខាងលើនេះ រាល់សំនួរនិងយោបល់របស់លោកអ្នកសូមអញ្ជើញផ្ញើមកកាន់អាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ នៃវិទ្យុសម្លេងវៀតណាម លេខ ៤៥ វិថី Ba Trieu រដ្ឋធានីហាណូយ ឬក៏អ៊ីម៉ែលទៅកាន់ អាស័យដ្ឋាន៖ vov5khmer @gmail.com៕

ប្រតិកម្មទៅវិញ

ផ្សេងៗ