ឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ក្នុងសប្ដាហ៍កន្លងទៅ

(VOVWORLD) - សូមស្វាគមន៍លោកអ្នកនាងនិងប្រិយមិត្តជាទីគោរព! យើងជួបគ្នាឡើងវិញក្នុងនាទី ប្រអប់សំបុត្រមិត្តអ្នកស្ដាប់ចុងក្រោយបំផុតនៃឆ្នាំ ឆ្លូវ ត្រីស័ក ២០២១។ លឿនពេកមែន ឆ្នាំមួយទៀតបានកន្លងផុតទៅហើយ ជម្ងឺរាតត្បាតកូវីដ-១៩នៅមិនទាន់បញ្ចប់នៅ ឡើយ ហើយវាបន្តផ្លាស់ប្ដូររបៀបរស់នៅ របៀបធ្វើការរបស់យើងជារៀងរាល់ថ្ងៃ។ ទោះយ៉ាងណាក៏ដោយ យើងខ្ញុំមានក្ដីសប្បាយរីករាយយ៉ាងក្រៃលែង ដោយនៅតែ ទទួលបានការគាំទ្រនិងការរួមដំណើររបស់ប្រិយមិត្តទាំងអស់។
ក្នុងសប្ដាហ៍កន្លងទៅ ក្នុងចំណោមសំបុត្រជិត៤០០ច្បាប់ពីគ្រប់ទិសទីលើពិភព លោក ត្រូវបានផ្ញើរមកកាន់កាណាល់ VOV៥ កម្មវិធីផ្សាយជាភាសាខ្មែរទទួលបាន សំបុត្រនិងអ៊ីម៉ែលចំនួន១២ របស់មិត្តអ្នកស្ដាប់និងមិត្តអ្នកអាន។ នោះគឺការសំណេះ សំណាល ការចែករំលែកអំពីបុណ្យតេតនៅវៀតណាម ការផ្ដល់មតិយោបល់ដោយ ទាន់ហេតុការណ៍ ហើយជាពិសេសគឺសេចក្ដីជូនពរឆ្នាំថ្មីពោរពេញទៅដោយអត្ថន័យ។
ឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ក្នុងសប្ដាហ៍កន្លងទៅ - ảnh 1បុណ្យតេតប្រពៃណីវៀតណាមជាពេលវេលាសម្រាប់សមាជិកគ្រួសារទាំងអស់វិលត្រឡប់មកផ្ទះជួបជុំគ្នាបន្ទាប់ពីរយៈពេល១ឆ្នាំទៅប្រកបការងាររកស៊ី។ 
សម្ដែងចំណាប់អារម្មណ៍របស់ខ្លួនចំពោះបុណ្យតេតប្រពៃណីវៀតណាម មិត្ត ស៊ុន ផល អតីតនិស្សិតកម្ពុជានៅសាកលវិទ្យាល័យសេដ្ឋកិច្ចជាតិ ទីក្រុងហាណូយ បាន សរសេរថា៖ “ខ្ញុំនឹកបរិយាកាសប៉ុន្មានថ្ងៃមុននឹងបុណ្យតេតនៅវៀតណាម មនុស្សគ្រប់ រូបជាប់មមាញឹកជាងថ្ងៃធម្មតា។ ដើមផ្កាម៉ាក់ខៃ ដើមឃ្វិចត្រូវបានដាក់ លក់នៅតាមបណ្ដោយដងផ្លូវ ទាក់ទាញមនុស្សមកទិញយ៉ាងច្រើនកុះករ។
ចំណែកឯមិត្តអ្នកស្ដាប់ សុភក្តិ នៅរាជធានីភ្នំពេញ បានចែករំលែកថា៖ “បុណ្យតេត នៅវៀតណាមជាពេលវេលាដែលសមាជិកគ្រួសារទាំងអស់វិលត្រឡប់មកផ្ទះវិញជួបជុំគ្នាក្រោយរយៈពេល១ឆ្នាំប្រកបរបររកស៊ី។ ឆ្នាំនេះ ខ្ញុំគិតថា ដោយសារផលប៉ះពាល់នៃ ជម្ងឺរាតត្បាត មនុស្សជាច្រើននឹងមិនអាចវិលមកផ្ទះវិញដើម្បីទទួលអំណរបុណ្យតេត បានឡើយ។ សូមជូនពរមនុស្សទាំងអស់គ្នាក៏ដូចជាបងប្អូនក្នុងកម្មវិធីឈានចូលឆ្នាំថ្មី មានសុខភាពល្អបរិបូរណ៍ ជួបតែសំណាងល្អនិងក្ដីសុខសាន្ត”។
ក៏ផ្ញើរសំបុត្រពីភ្នំពេញដែរ មិត្តអ្នកស្ដាប់ គីម សែនសុខ បានសរសេរថា៖ “ដំបូងឡើយ ខ្ញុំសូមជូនពរបងប្អូនអ្នកសារព័ត៌មាន អ្នកនិពន្ធនៃកម្មវិធីក៏ដូចជានៃ VOV ក្នុងឆ្នាំថ្មីមានសុខភាពល្អ ជោគជ័យក្នុងគ្រប់ការងារទាំងអស់។ ខ្ញុំងឿងឆ្ងល់បន្តិចថា តើ ជនវៀតណាមមានត្រណមអ្វីខ្លះនៅពេលចូលឆ្នាំថ្មីដែរឬទេ?
ដំបូងឡើយ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះអស់ពីដួងចិត្តជូនចំពោះ សេចក្ដីជូនពរឆ្នាំថ្មីពីសំណាក់ប្រិយមិត្ត។ សម្រាប់សំណួររបស់មិត្ត គីម សែនសុខ គឺ ប្រជាជនវៀតណាមចាត់ទុកថា ឆ្នាំថ្មីជាការចាប់ផ្ដើមថ្មី ជាមួយនឹងក្ដីសង្ឃឹមថាដែលនាំ មកនូវក្ដីសប្បាយរីករាយ សំណាងល្អ ដូច្នេះក្នុងប៉ុន្មានថ្ងៃដើមឆ្នាំ តែងតែជៀសវាង ប្រការមួយចំនួនដែលអាចនាំមកនូវប្រការអាក្រក់ ភាពមិនសប្បាយចិត្ត។ ឧទា ហរណ៍ថា ជៀសវាងនិយាយពីរឿងអកុសល្យ រឿងទុក្ខព្រួយ ជៀសវាងឲ្យរបស់របរក្នុង ផ្ទះត្រូវបែកបាក់ហើយជៀសវាងការនិយាយខ្លាំង ការជជែកប្រកែកគ្នាផងដែរ។ គ្រួសារ ណាដែលកាន់មរណៈទុក្ខក្នុងឆ្នាំមុន សមាជិកគ្រួសារនោះនឹងជៀសវាងទៅជូនពរ បុណ្យតេតសាច់ញាតិ មិត្តភក្តិ។ ក្រៅពីនោះ មនុស្សខ្លះទៀតក៏មានត្រណមមិនបោស សម្អាតផ្ទះ ឬជូនភ្លើង ជូនទឹកក្នុងថ្ងៃដំបូងនៃឆ្នាំថ្មីទៀតផង ព្រោះគេចាត់ទុកថា ធ្វើ ដូច្នេះនឹងប៉ះពាល់ដល់ភព្វ័សំណាងក្នុងការប្រកបការងារ។
ក្រៅពីសំបុត្រដោយមានខ្លឹមសារទាក់ទងនឹងបុណ្យតេតប្រពៃណីវៀតណាម យើងខ្ញុំក៏ទទួលបាន មតិយោបល់ជាច្រើនអំពីសកម្មភាពដ៏លេចធ្លោក្នុងសប្ដាហ៍កន្លងទៅ ជាពិសេសគឺពិធីប្រគល់ពានរង្វាន់ VinFuture។ មិត្តអ្នកស្ដាប់ សុខ វិជ័យ នៅ សៀមរាប បានផ្ញើរសំបុត្រដោយសរសេរថា៖ “ខ្ញុំមានការកោតសរសើរយ៉ាងខ្លាំង ណាស់ចំពោះវៀតណាមក៏ដូចជាសម្ព័ន្ធក្រុមហ៊ុន VinGroup ដែលអាចរៀបចំឡើងពាន រង្វាន់ដ៏ធំមួយអំពីវិទ្យាសាស្ត្របច្ចេកវិទ្យា លំដាប់អន្តរជាតិយ៉ាងដូច្នេះ។ ទោះ បីនេះជាឆ្នាំដំបូងក៏ដោយ ប៉ុន្តែទ្រង់ទ្រាយនៃពានរង្វាន់និងបេក្ខជនដែលបានចូលរួម គឺមិនចាញ់ពានរង្វាន់វិទ្យាសាស្ត្របច្ចេកវិទ្យាដ៏ល្បីឈ្មោះផ្សេងទៀតលើពិភពលោក ឡើយ។ ប្រសិនបើពានរង្វាន់នេះត្រូវបានរៀបចំឡើងយ៉ាងទៀងទាត់ ខ្ញុំជឿជាក់ថា កិត្យានុភាពនិងកម្លាំងទាក់ទាញរបស់វៀតណាមនឹងកាន់តែកើនឡើង”។ ក៏មានមតិ ដូចគ្នាដែរ មិត្តអ្នកស្ដាប់ ស៊ន បញ្ញា នៅខេត្ត ស្វាយរៀង បានវាយតម្លៃថា “ខ្ញុំពិតជា ភ្ញាក់ផ្អើលចំពោះពានរង្វាន់នេះរបស់វៀតណាម ដែលបានទាក់ទាញការចូលរួមអ្នក វិទ្យាសាស្ត្រ បញ្ញាវ័ន្តដ៏ល្បីឈ្មោះយ៉ាងច្រើនកុះករលើពិភព លោក។ ជាពិសេស ការ ប្រគល់ពានរង្វាន់ធំជូនដល់ក្រុមអ្នកវិទ្យាសាស្ត្រដែលបានច្នៃប្រឌិតបច្ចេកវិទ្យា mRNA សម្រាប់ប្រើប្រាស់ក្នុងការផ្សំវ៉ាក់សាំងការពារកូវីដ-១៩ បានធ្វើឲ្យអត្ថន័យមនុស្ស សាស្ត្រនៃពានរង្វាន់កាន់តែលេចធ្លោថែមទៀត ក៏ដូចជាជួយឲ្យវៀតណាមទទួលបាន ការកោតសរសើរជាច្រើនពីសហគមន៍អន្តរជាតិផងដែរ”។
ឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ក្នុងសប្ដាហ៍កន្លងទៅ - ảnh 2នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh បានប្រគល់ពានរង្វាន់ធំជូនក្រុមអ្នកវិទ្យាសាស្ត្រ៣នាក់ ជាមួយនឹងបច្ចេកវិទ្យា mRNA ដែលបានបើកផ្លូវសម្រាប់ការផលិតវ៉ាក់សាំងការពារកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព។ (រូបថត៖ VNA)
លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី! ដូចព័ត៌មានដែលយើងខ្ញុំបានផ្សាយថា កាលពីយប់ថ្ងៃទី២០ ខែមករា នៅរដ្ឋធានីហាណូយ បានប្រព្រឹត្តទៅពិធីប្រគល់ពាន រង្វាន់វិទ្យាសាស្ត្របច្ចេក វិទ្យាសាកល VinFuture លើកទី១ ដោយមានតម្លៃពានរង្វាន់ សរុបឡើងដល់ទៅ៣លានដុល្លាអាមេរិក។ មូលនិធិ VinFuture ត្រូវបានបង្កើតឡើង ដោយលោក Pham Nhat Vuong ប្រធានសម្ព័ន្ធក្រុមហ៊ុន Vingroup និងលោកជំទាវ។ ក្នុងឆ្នាំដំបូងដែលបានរៀបចំឡើង ពានរង្វាន់បានទាក់ទាញការចូលរួមប្រកួតរបស់ គម្រោងជិត៦០០ ក្នុងនោះមានគម្រោងជិត១០០របស់បណ្ដាអ្នកវិទ្យាសាស្ត្រដែលស្ថិត នៅក្នុង Top ២% ត្រូវបានដកស្រង់យ៉ាងច្រើនបំផុតលើពិភពលោក។ គម្រោងចូលរួម ទាំងអស់ សុទ្ធតែមានសក្ដានុពលនាំមកនូវអត្ថប្រយោជន៍ជូនមនុស្សរាប់លានរហូត ដល់រាប់ពាន់លាននាក់លើពិភពលោក ក្នុងវិស័យជាច្រើន។ នៅពិធីប្រគល់ពានរង្វាន់ ឆ្នាំនេះ តាងនាមគណៈចាត់តាំង នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh បានប្រគល់ពានរង្វាន់ធំជូនអ្នកវិទ្យាសាស្ត្រ៣នាក់ រួមមានលោកស្រី Katalin Kariko លោក Drew Weissman (អាមេរិក) និងលោក Pieter Cullis (កាណាដា) ជាមួយនឹង បច្ចេកវិទ្យា mRNA ដែលបានបើកផ្លូវសម្រាប់ការផលិតវ៉ាក់សាំងការពារកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព។
លោកអ្នកនាងនិងប្រិយមិត្តជាទីស្រឡាញ់រាប់អាន ខាងលើនេះជាការបូកសរុប ខ្លឹមសារនៃសំបុត្រមួយចំនួនរបស់ប្រិយមិត្ត ដែលបានផ្ញើរមកកាន់កម្មវិធីក្នុងសប្ដាហ៍ កន្លងទៅ។ ក្នុងឆ្នាំ២០២២ យើងខ្ញុំសង្ឃឹមថា នឹងបន្តទទួលបានមនោសញ្ចេតនាក៏ដូច ជាមតិយោបល់ជាច្រើនថែមទៀតពីសំណាក់ប្រិយមិត្តទាំងអស់។ សំបុត្ររបស់ ប្រិយមិត្ត សូមផ្ញើរមកកាន់យើងខ្ញុំ តាមអាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ វិទ្យុសម្លេងវៀតណាម លេខ៤៥វិថី Ba Trieu ខ័ណ្ឌ Hoan Kiem រដ្ឋធានីហាណូយ ឬអ៊ីម៉ែល៖vov5khmer@gmail.com។
នាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់ចុងក្រោយបំផុតនៃឆ្នាំឆ្លូវ ត្រីស័ក ២០២១ សូមបញ្ចប់ នៅត្រឹមនេះ។ សូមជូនពរអស់លោកអ្នកនិងប្រិយមិត្តក្នុងឆ្នាំថ្មី មានសុខភាពល្អ សំណាងល្អ។ សូមជួបជាមួយអស់លោកអ្នកនិងប្រិយមិត្តក្នុងកម្មវិធីដំបូងនៃឆ្នាំ ខាល ចត្វាស័ក ២០២២ នៅសប្ដាហ៍ក្រោយ។ សូមគោរពជម្រាបលា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ