ឆ្លើយសំនួរមិត្តអ្នកស្តាប់មួយចំនួន

(VOVWORLD) - មិត្តអ្នកស្ដាប់ជាទីមេត្រី!ក្នុងសប្តាហ៍កន្លងទៅ គណៈកម្មការផ្សាយជាភាសារបរទេសនៃវិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រ  អ៊ីម៉ែល និងទូរស័ព្ទរបស់មិត្តអ្នកស្តាប់មួយចំនួនមកពីប្រទេសនិងតំបន់ដែនដីនៅទូទាំងពិភពលោក។ ក្នុងនោះកម្មវិធីផ្សាយជាភាសាខ្មែរទទួលបានសំបុត្រ និងទូរស័ព្ទរបស់មិត្តអ្នកស្ដាប់មកពីកម្ពុជា។ សូមថ្លែងអំណរគុណចំពោះមិត្តអ្នកស្ដាប់ដែលបានផ្ញើសំបុត្រ និងទូរស័ព្ទមកកាន់យើងខ្ញុំ។ ក្នុងកម្មវិធីប្រអប់សំបុត្រមិត្តអ្នកស្ដាប់នាពេលនេះ យើងខ្ញុំសូមឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់ផ្ញើមកកាន់កម្មវិធី។ សូមអញ្ជើញមិត្តទាំងអស់តាមដាន ស្តាប់។
ឆ្លើយសំនួរមិត្តអ្នកស្តាប់មួយចំនួន - ảnh 1 កាហ្វេលាយស៊ុត Giang ដ៏ពិសេសនៅទីក្រុងហាណូយ

មិត្តអ្នកស្ដាប់ជាទីរាប់អាន! ពីរដ្ឋធានីហាណូយ មិត្តអ្នកស្តាប់ Kim Rottana ដែលជានិស្សិតកំពុងសិក្សានៅមហាវិទ្យាល័យសេដ្ឋកិច្ចជាតិហាណូយបានសំដែងនូវការចាប់អារម្មណ៍ចំពោះបទយកការណ៍ជារូបថតស្តីពីកាហ្វេ Giang។ ក្នុងសំបុត្រមិត្តបានថ្លែងថា៖ «នាងខ្ញុំពិតជាចង់ដឹងនិងចង់ឃើញផ្ទាល់ភ្នែកហាងកាហ្វេ Giang ដែលកម្មវិធីជាភាសាខ្មែរនៃវិទ្យុសម្លេងវៀតណាមបានឧទ្ទេសនាមនាពេលថ្មីៗនេះ ហើយ បទយកការណ៍ជារូបថតនេះបានជួយឲ្យនាងខ្ញុំមានបំណងមកដល់ហាងនេះភ្លាមៗ ដើម្បីសាកល្បង ផឹកកាហ្វេដ៏ពិសេសនេះដែលមានតែនៅវៀតណាមតែប៉ុណ្ណោះ។ ហាងកាហ្វេនេះស្ថិតនៅតាមផ្លូវបុរាណមួយនៃទីក្រុងហាណូយ ហើយក៏មានភ្ញៀវជាច្រើនកុះករមកដល់ទីនេះជារៀងរាល់ថ្ងៃដើម្បីផឹក កាហ្វេដ៏ពីសេសនេះផងដែរ។ ហេតុដូច្នេះហើយនាងខ្ញុំនឹងរៀបចំផែនការឲ្យបានសមស្រប ដើម្បីបបួលមិត្តភ័ក្តិកម្ពុជារបស់ខ្ញុំទៅផឹកមុខកាហ្វេលាយស៊ុតដែលមានរសជាតិដ៏ចំលែកនិងឆ្ងាញ់ពិសេសនេះ»។ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការបង្ហាញបំណងរបស់មិត្តអ្នកស្តាប់  Kim Rottana ហើយកម្មវិធីយើងខ្ញុំនឹងធ្វើបច្ចុប្បន្នភាពនូវព័ត៌មានឲ្យទាន់ហេតុការណ៍ថ្មីៗនិងក្តៅគគុកបំផុត ដើម្បីផ្សាយជូនដល់មិត្តអ្នកស្តាប់ទាំងអស់នាពេលខាងមុខ។

ឆ្លើយសំនួរមិត្តអ្នកស្តាប់មួយចំនួន - ảnh 2 បឹង  B52 ជាកេរ្តិ៍តំណែលប្រវត្តិសាស្ត្រដ៏ល្បីឈ្មោះនៅទីក្រុងហាណូយ

មិត្តអ្នកស្តាប់ SoPhea ជានិស្សិតកម្ពុជាដែលកំពុងសិក្សានៅវិទ្យាស្ថានពេទ្យយោធាហាណូយមានបំណងចង់ឲ្យកម្មវិធីជួយឧទ្ទេសនាមអំពីកេរ្តិ៍តំណែលបឹង B52 នៅភូមិ Ngoc Ha ទីក្រុងហាណូយ។ មិត្តអ្នកស្ដាប់ជាទីមេត្រី! ភូមិ Ngoc Ha ស្ថិតនៅក្នុងទីក្រុងហាណូយចាប់ពីឆ្នាំ ១៩៧២ ដែលត្រូវបានគេស្គាល់ជាទីកន្លែងរក្សាស្នាក់ស្នាមនៃប្រវត្តិសាស្ត្រក្នុងការវាយប្រហារដែលហៅថា «ទីក្រុងហាណូយ- Dien Bien Phu លើដែនអាកាស»។ គា្រនោះ ផ្នែកមួយចំនួននៃយន្តហោះប្រភេទ B52 ត្រូវបានកងទ័ពជើងអាកាសវៀតណាមបាញ់ទម្លាក់នៅបឹង Huu Tiep ដែលស្ថិតនៅភូមិសួនច្បារ Ngoc Ha។ នេះជាទីកន្លែងតែមួយគត់ដែលយន្តហោះ B52 ត្រូវបានធ្លាក់នៅទីក្រុងហាណូយ ហេតុដូច្នេះហើយប្រជាជននៅទីនេះហៅថាបឹង B52។ នាបច្ចុប្បន្ន បឹង B52 ត្រូវបានរដ្ឋទទួលស្គាល់ជាកេរ្តិ៍តំណែលប្រវត្តិសាស្ត្រដ៏ល្បីឈ្មោះនៅទីក្រុងហាណូយ ហើយនេះបានក្លាយទៅជាទីកន្លែងទេសចរណ៍ដែលទាក់ទាញភ្ញៀវទាំងជាតិនិងអន្តរជាតិយ៉ាងច្រើនកុះករមកទស្សនាផងដែរ។ បឹង B52 មិនត្រឹមតែរួមចំណែកក្នុងការណែនាំឲ្យពិភពលោកអាចយល់ច្បាស់អំពីសង្គ្រាមនៅវៀតណាមតែប៉ុណ្ណោះទេ ថែមទាំងជួយឲ្យជំនាន់ក្រោយយល់ដឹងអំពីជ័យជំនេះដ៏អង់អាចក្លាហាន ដែលជំនាន់មុនៗបានពលីសាច់ស្រស់ឈាមស្រស់របស់ខ្លូនដើម្បីបុព្វហេតុកសាងទីក្រុងហាណូយ និងប្រទេសជាតិប្រកបដោយល្អប្រសើនិងសម្បូរធូធារផងដែរ។

ឆ្លើយសំនួរមិត្តអ្នកស្តាប់មួយចំនួន - ảnh 3កោះ Hon Seo នៅខេត្ត Binh Dinh 

មិត្តអ្នកស្តាប់ឈ្មោះ Leng Khun មកពីរាជធានីភ្នំពេញបានសំដែងនូវបំណងចង់ឲ្យកម្មវិធីជួយឧទ្ទេសនាមអំពីកោះ Hon Seo នៅខេត្ត Binh Dinh។ មិត្តអ្នកស្ដាប់ជាទីរាប់អាន! កោះ Hon Seo មានចម្ងាយឆ្ងាយពីដីគោកប្រមាណ ៥ គីឡូមែត្រដែលជាកោះតូចមួយស្ថិតនៅភាគអាគ្នេយ៍នៃស្រុក Nhon Ly ទីក្រុង Quy Nhon ខេត្ត Binh Dinh។ ដើម្បីទៅកាន់កោះ Hon Seo  អ្នកអាចធ្វើដំណើរដោយប្រើសេវាកម្មជិះទូករបស់ក្រុមហ៊ុនទេសចរណ៍ ឬ ជួលទូករបស់អ្នកនេសាទនៅ Nhon Ly ក៏បានដែរ។ កោះ Hon Seo  មានប្រព័ន្ធអេកូឡូស៊ីសម្បូរបែប ពីព្រោះថានេះគឺជាជម្រករបស់ជលផលដ៏មានតម្លៃខ្ពស់ ដូចជាបង្កងយក្ស ប៉ាវហ៊ីជាដើម។ នៅទីនេះ អ្នកមិនត្រឹមតែស្វែងរកបាននូវភាពស្រស់ស្អាតនៃតំបន់រហោស្ថានមួយដែលកម្រមានតែប៉ុណ្ណោះទេ ថែមទាំងអាចទស្សនាកំសាន្តកោះ និងទេសភាពដ៏វិសេសវិសាលនៃតំបន់នេះដូចជា Eo Gio - កោះត្រចៀកកាំ - ទួលខ្សាច់ Phuong Mai ជាដើម។ នៅកោះ Hon Seo  ភ្ញៀវនឹងមានអារម្មណ៍ស្រួលស្រាលខ្លួន ស្រស់ថ្លា ដោយធ្វើឲ្យយើងមិនខ្វល់ខ្វាយអំពីជីវិតជាប្រចាំថ្ងៃទៀតទេ ដើម្បីទទួលអំណោយផលពីខ្យល់អាកាសធម្មជាតិដែលមហាសមុទ្រជូនឲ្យយើងទាំងអស់គ្នាផងដែរ។

លោកអ្នកនាងជាទីមេត្រី! សង្ឃឹមថាលោកអ្នកនាងនឹងពេញចិត្តជាមួយព័ត៌មានដែលយើងខ្ញុំទើបតែផ្ដល់ជូន។ រាល់សំបុត្រ មតិ ឬសំណួររបស់អស់លោកអ្នកនាង សូមផ្ញើ មកកាន់អាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ វិទ្យុសម្លេងវៀតណាមលេខ ៤៥ វិថី Ba Trieu រដ្ឋធានីហាណូយ ឬ Email៖ vov5khmer@gmail .com ឬ លោកអ្នកនាងអាចទាក់ទងជាមួយយើងខ្ញុំតាមរយៈទំព័រវែបសាយ Www.vovworld.vnផងដែរ។នាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់សូមបញ្ចប់នៅត្រឹមនេះ។ សូមជួបអស់លោកអ្នកនាងនាសប្ដាហ៍ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ