ឆ្លើយសំនួរមិត្តអ្នកស្តាប់មួយចំនួន

(VOVWORLD) - មិត្តអ្នកស្ដាប់ជាទីមេត្រី!ក្នុងសប្តាហ៍កន្លងទៅ គណៈកម្មការផ្សាយជាភាសារបរទេសនៃវិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រ  អ៊ីម៉ែល និងទូរស័ព្ទរបស់មិត្តអ្នកស្តាប់មួយចំនួនមកពីប្រទេសនិងតំបន់ដែនដីនៅទូទាំងពិភពលោក។ ក្នុងនោះកម្មវិធីផ្សាយជាភាសាខ្មែរទទួលបានសំបុត្រ និងទូរស័ព្ទរបស់មិត្តអ្នកស្ដាប់មកពីកម្ពុជា។ សូមថ្លែងអំណរគុណចំពោះមិត្តអ្នកស្ដាប់ដែលបានផ្ញើសំបុត្រ និងទូរស័ព្ទមកកាន់យើងខ្ញុំ។ ក្នុងកម្មវិធីប្រអប់សំបុត្រមិត្តអ្នកស្ដាប់ពេលនេះ យើងខ្ញុំសូមឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់ដែលបានផ្ញើមកកាន់កម្មវិធី។ សូមអញ្ជើញមិត្តទាំងអស់តាមដានស្តាប់។
ឆ្លើយសំនួរមិត្តអ្នកស្តាប់មួយចំនួន - ảnh 1 ក្រុមកីឡាបាល់ទាត់ U22 វៀតណាម (រូបថត៖ vov.vn)


មិត្តអ្នកស្ដាប់ជាទីរាប់អាន! ពីទីក្រុងហាណូយ មិត្តអ្នកស្តាប់ Kim Pisay ជានិស្សិតមកពីវិទ្យាស្ដានការទូតវៀតណាមបានសំដែងនូវមោទនភាពនិងស្ងើចសរសើរចំពោះការដែលក្រុមកីឡាវៀតណាមប្រកួតនៅព្រឹត្តិការណ៍កីឡា SeaGames លើកទី៣០ នៅប្រទេសហ្វីលីពីន។ ក្នុងសំបុត្រមិត្តបានសរសេរថា «ខ្ញុំពិតជាសប្បាយរីករាយនិងស្ងើចសរសើរនៅពេលដែលក្រុមកីឡាវៀតណាមដណ្តើមបានមេដាយមាសជាច្រើននៅព្រឹត្តិការណ៍កីឡា SeaGames 30 នេះ។ ប្រការដែលខ្ញុំចាប់អារម្មណ៍បំផុតនោះ គឺក្រុមកីឡាបាល់ទាត់ U22 វៀតណាម ទទួលបានមនោសញ្ចេតនាយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រវៀតណាម នៅពេលដែលបានឈ្នះដ៏ឆ្នើមលើក្រុមកីឡាបាល់ទាត់ផ្សេងៗផងដែរ។ ជាមួយនឹងការប្តេជ្ញាចិត្តខ្ពស់ ខ្លាំងក្លា និងភាពច្នៃប្រឌិត ក្រុមកីឡាករទាំងនេះបានបញ្ជាក់ពីស្មារតីសាមគី្គភាព ស្រឡាញ់កីឡា និងមានបំណងប្រាថ្នា  ដណ្តើមបានស្នាដៃដ៏ធំធេងជាច្រើនទៀតសម្រាប់ប្រទេសជាតិផងដែរ។ ជាម្តងទៀត សូមជូនពរក្រុមកីឡាករវៀតណាមនឹងទទួលសមិទ្ធិផលនិងស្នាដៃឲ្យបានច្រើនថែមទៀតក្នុងព្រឹត្តិការណ៍ SeaGames លើកនេះ។ មិត្តអ្នកស្តាប់ Kim Pisay ជាទីមេត្រី! យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះយោបល់របស់មិត្តដែលបានផ្ញើរមកកាន់កម្មវិធី។ យើងខ្ញុំនឹងបន្តធ្វើបច្ចុប្បន្នភាពនូវព័ត៌មានឲ្យទាន់ហេតុការណ៍និងមានគុណភាពបំផុតជបន្តទៀត ដើម្បីផ្តល់ជូនមិត្តអ្នកស្តាប់ទាំងអស់នាពេលខាងមុខ។

ឆ្លើយសំនួរមិត្តអ្នកស្តាប់មួយចំនួន - ảnh 2 ក្បាច់គុនបុរាណវៀតណាម (រូបថត៖ vov.vn)

ពីទីក្រុងភ្នំពេញ មិត្តអ្នកស្តាប់ Heng VongNet មានបំណងចង់ឲ្យកម្មវិធីជួយឧទ្ទេសនាមអំពីក្បាច់គុនបុរាណវៀតណាម។ មិត្តអ្នកស្ដាប់ជាទីមេត្រី! ក្បាច់គុនបុរាណវៀតណាម ជាកេរិ៍្តដំណែលវប្បធម៌ប្រពៃណីរបស់ជនជាតិវៀតណាម ជាឈ្មោះហៅរួមសម្រាប់កក្បាច់គុនដែលវៀតណាមជាអ្នកបង្កើត ឬក្បាច់គុនលំហូរចូលមកប្រទេសវៀតណាម តែត្រូវបានជនជាតិវៀតណាម “វៀតណាមនីយកម្ម” ឱ្យសមស្រប់នឹងរាងកាយ វប្បធម៌ ទ្រឹស្តីក្បាច់គុននៃជនជាតិវៀតណាម ហើយបានស្នងបន្តច្រើនជំនាន់ តាមបណ្តោយប្រវែងប្រវត្តិសាស្រ្តរាប់ពាន់ឆ្នាំនៃជនជាតិ។ នាបច្ចុប្បន្ន ទូទាំងប្រទេសមានសាលាគុន ក្លឹបគុនជាង៧០០ ជាមួយនឹងក្បាច់គុន និងសាលាគុនជាង១០០ កំពុងដំណើរការ ទាក់ទាញសិស្សគណប្រហែល ៦ ម៉ឺននាក់ អញ្ជើញមកហាត់ក្បាច់គុនបុរាណ។ ជាមួយនឹងតម្លៃពិសេសដាច់ដោយឡែកដែលមាន ខឿនក្បាច់គុនបុរាណវៀតណាមមានមោទនភាពអាចប្រៀបផ្ទឹមនឹងខឿនក្បាច់គុនធំៗលើសកលលោក។

ឆ្លើយសំនួរមិត្តអ្នកស្តាប់មួយចំនួន - ảnh 3 បឹង Na Hang ខេត្ត Tuyen Quang (រូបថត៖ VietnamJourney)

ពីខេត្តមណ្ឌលគីរី (កម្ពុជា) មិត្តអ្នកស្តាប់ Nin Kanha មានបំណងចង់ឲ្យកម្មវិធីជួយឧទ្ទេសនាមអំពីបឹង Na Hang ខេត្ត Tuyen Quang។ មិត្តអ្នកស្ដាប់ជាទីរាប់អាន! បឹង Na Hang ស្ថិតនៅក្នុងភូមិសាស្ត្រនៃស្រុកចំនួនពីរគឺ Lam Binh និង Na Hang ខេត្ត Tuyen Quang។ បឹង Na Hang គឺជាតំបន់ប្រសព្វរវាងទន្លេ Gam និងទន្លេ Nang ដែលបង្កើតបឹង Na Hang  គឺជាតំបន់ទន្លេនិងភ្នំព្រៃដ៏ធំមហិមាដែលមានផ្ទៃដីប្រមាណ ៨០០០ ហិកតា។ បឹង Na Hang នៅតែរក្សាស្ថានភាពធម្មជាតិ ទឹកបឹងស្រស់ថ្លា នៅតាមបណ្តោយបឹងគឺជាព្រៃធម្មជាតិ។ទន្ទឹមនឹងនេះក៏មានរមណីយដ្ឋានអេកូទេសចរណ៍ព្រៃភ្នំ Phieng Bung ដែលបង្កើតប្រព័ន្ធទេសចរណ៍ពេញលេញប្រកបដោយនិរន្តរភាព និងទាក់ទងយ៉ាងជិតស្និទ្ធនឹងព្រៃធម្មជាតិ។ មកដល់ទីនេះ ភ្ញៀវទេសចរនឹងស្វែងយល់នូវជីវភាពរស់នៅរបស់បណ្តាជនជាតិបងប្អូន ថែមទាំងទស្សនាទេសភាពនិងវត្តអារាមល្បីៗ ជាច្រើននៅទីនេះផងដែរ។

លោកអ្នកនាងជាទីមេត្រី! សង្ឃឹមថាលោកអ្នកនាងនឹងពេញចិត្តជាមួយព័ត៌មានដែលយើងខ្ញុំទើបតែផ្ដល់ជូន។ រាល់សំបុត្រ មតិ ឬសំណួររបស់អស់លោកអ្នកនាង សូមផ្ញើ មកកាន់អាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ វិទ្យុសម្លេងវៀតណាមលេខ ៤៥ វិថី Ba Trieu រដ្ឋធានីហាណូយ ឬ Email៖ vov5khmer@gmail .com ឬ លោកអ្នកនាងអាចទាក់ទងជាមួយយើងខ្ញុំតាមរយៈទំព័រវែបសាយ Www.vovworld.vnផងដែរ។នាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់សូមបញ្ចប់នៅត្រឹមនេះ។ សូមជួបអស់លោកអ្នកនាងនាសប្ដាហ៍ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ