ទីក្រុងហាណូយកសាងតំបន់បញ្ចេញឧស្ម័នទាប ដំណោះស្រាយជៀសមិនរួចដើម្បីកែលម្អបរិស្ថាន
(VOVWORLD) - ទីក្រុងហាណូយកំពុងប្រឈមមុខនឹងសម្ពាធពីការកើនឡើងយ៉ាងឆាប់រហ័សនៃចំនួនយានជំនិះផ្ទាល់ខ្លួន ខណៈដែលប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្ទុកលើស ចំពោះស្ថានភាពកកស្ទះនិងការបំពុលបរិស្ថានកាន់តែស្មុគស្មាញ។ នៅក្នុងបរិបទនោះ ការអភិវឌ្ឍការដឹកជញ្ជូនសាធារណៈ ដូចជាឡានក្រុង ផ្លូវរថភ្លើងក្នុងទីក្រុង (មេត្រូ) ឡានក្រុងល្បឿនលឿន (BRT) និងការកសាងតំបន់ដែលមានការបំភាយឧស្ម័នទាប ត្រូវបានចាត់ទុកជាដំណោះស្រាយដ៏ល្អបំផុតដើម្បីដោះស្រាយស្ថានភាពនេះ។
ជារៀងរាល់ថ្ងៃនៅម៉ោង ៦៖៤៥ ព្រឹក លោក Nguyen Cong Binh រស់នៅក្នុងសង្កាត់ Yen Nghia ទីក្រុងហាណូយ ចាប់ផ្តើមថ្ងៃថ្មីដោយនាំកូនទៅសាលារៀន បន្ទាប់មកទៅធ្វើការនៅសង្កាត់ Cua Nam។ ចម្ងាយពីផ្ទះរបស់លោកទៅកន្លែងធ្វើការគឺប្រហែល ១០ គីឡូម៉ែត្រ ហើយត្រូវចំណាយពេលប្រហែល ១ ម៉ោង ធ្វើដំណើរក្នុងទិដ្ឋភាពចង្អៀតណែននិងកកស្ទះ។ លោកសង្ឃឹមថា ទីក្រុងហាណូយនឹងកាត់បន្ថយផែនទីបង្ហាញផ្លូវសម្រាប់ការអនុវត្តតំបន់បញ្ចេញឧស្ម័នទាបឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន៖ “ធ្វើដំណើរតាមផ្លូវ បរិមាណធូលីនិងផ្សែងហុយចូលក្នុងច្រមុះគឺច្រើនណាស់ ការបំភាយឧស្ម័នបានប៉ះពាល់ដល់សុខភាព។ ការកសាងតំបន់បញ្ចេញឧស្ម័នទាបគឺមានសារៈសំខាន់ខ្លាំងណាស់ ដែលជួយមនុស្សឱ្យយកចិត្តទុកដាក់បន្ថែមទៀត។ ព្រោះខ្ញុំមើលឃើញថា មនុស្សម្នានៅតែមើលស្រាល ”។
ទីក្រុងហាណូយនឹងសាកល្បងតំបន់បញ្ចេញឧស្ម័នទាប ដែលនឹងរឹតត្បិតការបំពុលយានយន្ត។ រូបភាព៖ Thanh Dat/nhandan.vn |
បច្ចុប្បន្ននេះ ទីក្រុងហាណូយមានយានជំនិះគ្រប់ប្រភេទប្រមាណ ៩,២ លានគ្រឿង ដែលក្នុងនោះ ៨ លានគ្រឿងត្រូវបានគ្រប់គ្រងដោយទីក្រុង រួមមានរថយន្ត ១,១ លានគ្រឿង និងម៉ូតូ ៦,៩ លានគ្រឿង; យានជំនិះប្រហែល ១,២ លានគ្រឿងមកពីបណ្តាខេត្តផ្សេងទៀត ដែលធ្វើចរាចរជាប្រចាំ។ ទីក្រុងហាណូយបានអនុវត្តដំណោះស្រាយជាជំហាន ៗ ដូចជា៖ អភិវឌ្ឍការដឹកជញ្ជូនក្នុងទីក្រុង (ផ្លូវមេត្រូ Cat Linh - Yen Nghia; Nhon - ស្ថាន័យHanoi...) ; ការប្រើប្រាស់ប្រព័ន្ធឡានក្រុងដែលប្រើប្រាស់អគ្គិសនី និងថាមពលបៃតងដើម្បី ជួយកាត់បន្ថយសម្ពាធចរាចរណ៍សម្រាប់រដ្ឋធានី ជំរុញការប្រើប្រាស់ថាមពលស្អាត និងកាត់បន្ថយការបំពុលបរិស្ថាន។ លោកបណ្ឌិត Hoang Duong Tung ប្រធានបណ្តាញខ្យល់ស្អាតវៀតណាមបានវិភាគថា៖ “តើប្រភពនៃការបំពុលនៅឯណា? ទី១ គឺចរាចរណ៍ ដោយមានរថយន្ត និងម៉ូតូច្រើនពេក។ ទី២ គឺមកពីការសាងសង់សំណង់ក្នុងទីក្រុងបង្កជាធូលីដី។ បន្ទាប់ទៀតគឺមកពីរោងចក្រ កន្លែងផលិតឧស្សាហកម្ម… ដោយគ្មានឧបករណ៍សម្រាប់ប្រប្រឹត្តកម្មខ្យល់កខ្វក់”។
ដើម្បីកែលម្អបរិស្ថាន គណៈកម្មាធិការប្រជាជនទីក្រុងហាណូយកំពុងប្រមូលមតិសាធារណៈលើសេចក្តីព្រាងបទប្បញ្ញត្តិ ស្តីពីការអនុវត្តតំបន់បញ្ចេញឧស្ម័នទាបក្នុងទីក្រុង។ តំបន់បញ្ចេញឧស្ម័នទាប (LEZ) គឺជាតំបន់មួយនៅទីក្រុង ដែលមានកម្រិតបំពុលបរិយាកាសខ្ពស់។ យានជំនិះដែលប្រតិបត្តិការនៅក្នុងតំបន់នេះ ត្រូវតែបំពេញតាមស្តង់ដារការបំភាយឧស្ម័នយ៉ាងតឹងរ៉ឹង។ យានជំនិះដែលមិនបំពេញតាមស្តង់ដារនឹងត្រូវដាក់កំហិត ឬត្រូវបង់ថ្លៃសេវា។ សេចក្តីព្រាងថ្មីនេះ បង្រុញខ្លីផែនទីបង្ហាញផ្លូវរយៈពេល ៥ ឆ្នាំ និងពង្រីកវិសាលភាព៖ ចាប់ពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៦ នឹងអនុវត្តចំពោះផ្លូវក្រវ៉ាត់ក្រុងលេខ ១ ; ចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៨ នឹងពង្រីកដល់ផ្លូវក្រវ៉ាត់ក្រុងលេខ ២; ត្រឹមថ្ងៃទី ១ ខែមករា ឆ្នាំ ២០៣០ នឹងគ្របដណ្តប់លើផ្លូវក្រវ៉ាត់ក្រុងលេខ ៣ ទាំងមូល; ហើយទន្ទឹមនឹងនោះ បានលើកទឹកចិត្តដល់ឃុំ និងសង្កាត់ឱ្យអនុវត្តន៍តំបន់បញ្ចេញឧស្ម័នទាប។ លោកស្រី Le Thanh Thuy អនុប្រធាននាយកដ្ឋានគ្រប់គ្រងបរិស្ថាន មន្ទីរកសិកម្មនិងបរិស្ថានទីក្រុងហាណូយ បានធ្វើអត្ថាធិប្បាយថា៖ “គោលនយោបាយណាមួយនៅពេលដែលត្រូវបានចេញផ្សាយជាលើកដំបូងនឹងជួបប្រទះបញ្ហាប្រឈមមួយចំនួន។ បញ្ហាប្រឈមទីមួយគឺការសាងសង់តំបន់បញ្ចេញឧស្ម័នទាប ដែលមិនធ្លាប់បានអនុវត្តនៅប្រទេសវៀតណាម។ ដូច្នេះហើយ យើងមិនទាន់ឃើញថា តើគោលនយោបាយនេះអាចចូលទៅក្នុងជីវភាពយ៉ាងពិតប្រាកដដែរឬទេ ហើយតើយើងអាចអនុវត្តបានឬអត់? ស្តង់ដារសម្រាប់ការត្រួតពិនិត្យម៉ូតូមិនទាន់មាននៅឡើយ។ ប្រព័ន្ធត្រួតពិនិត្យ ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធចរាចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធត្រួតពិនិត្យមិនទាន់ពេញលេញនៅឡើយ។ ប៉ុន្តែសម្រាប់ខ្ញុំ បញ្ហាប្រឈមទាំងនោះគឺជាឱកាស។ ព្រោះបើយើងមិនអនុវត្តនៅពេលនេះ មិនដឹងថាតើយើងនឹងអនុវត្តបាននៅពេលណានោះទេ”។
ខ្សែផ្លូវរថភ្លើងក្រុង Nhon-Hanoi កំពុងដំណើរការ ជួយកាត់បន្ថយការកកស្ទះចរាចរណ៍នៅភាគខាងលិចទីក្រុងហាណូយ។ រូបថត៖ Thuy Nguyen/nhandan.vn |
នៅក្នុងតំបន់ដែលមានការបំភាយឧស្ម័នទាប ទីក្រុងហាណូយនឹងហាមឃាត់រថយន្តដឹកទំនិញធុនធ្ងន់ដែលប្រើប្រាស់ប្រេងម៉ាស៊ូត ហាមឃាត់ម៉ូតូដែលប្រើប្រាស់ឥន្ធនៈហ្វូស៊ីល។ រថយន្តដែលមិនបំពេញតាមស្តង់ដារនៃការបំភាយឧស្ម័ននឹងត្រូវដាក់កំហិត ឬហាមឃាត់មិនឱ្យចរាចរទៅតាមពេលវេលា ឬតំបន់។ យោងតាមលោកបណ្ឌិត Chu Manh Hung អតីតប្រធាននាយកដ្ឋានបរិស្ថាន ក្រសួងដឹកជញ្ជូន (បច្ចុប្បន្នជាក្រសួងសំណង់) ការអនុវត្តតំបន់បញ្ចេញ ឧស្ម័នទាបគឺជាជំហានចាំបាច់ដើម្បីសម្រេចបាននូវគោលដៅ Net Zero របស់វៀតណាម៖ “វៀតណាមបានសន្យាសម្រេចបាន Net Zero នៅត្រឹមឆ្នាំ ២០៥០។ នេះមានន័យថា ការបំភាយឧស្ម័នត្រូវបានកាត់បន្ថយដល់កម្រិតអតិបរមា។ នេះគឺជាផែនទីបង្ហាញផ្លូវដ៏តឹងរ៉ឹង ដែលតម្រូវឱ្យយើងអនុវត្ត។ ការកាត់បន្ថយការបញ្ចេញឧស្ម័ន និងកែលម្អការបំពុលបរិយាកាសនៅក្នុងទីក្រុង ក៏ជាតម្រូវការចាំបាច់ផងដែរ”។
បើតាមអ្នកជំនាញ ដំណោះស្រាយដែលទីក្រុងហាណូយកសាងបានច្បាមជាប់យ៉ាងទាន់ពេលវេលានូវសារាចរណ៍លេខ២០របស់នាយករដ្ឋមន្ត្រី ស្តីពីភារកិច្ចបន្ទាន់មួយចំនួន ទប់ស្កាត់និងដោះស្រាយយ៉ាងប្តូរផ្តាច់នូវការបំពុលបរិស្ថាន។ ដើម្បីដាក់កម្រិតនិងហាមឃាត់យានជំនិះដែលមិនប្រើប្រាស់ថាមពលបៃតងនិងស្អាត ទីក្រុងហាណូយនឹងភ្ជាប់ផែនទីបង្ហាញផ្លូវសម្រាប់ការអនុវត្តតំបន់បញ្ចេញឧស្ម័នទាបជាមួយនឹងការអភិវឌ្ឍន៍ប្រព័ន្ធដឹកជញ្ជូនសាធារណៈយ៉ាងឆាប់រហ័ស សមហេតុផល និងសុខដុមរមនា៕