ក្រុមជនជាតិ Co Lao

(VOVWORLD) - Co Lao គឺជាជនជាតិភាគតិចមួយក្នុងចំណោមជនជាតិភាគតិចនៅវៀតណាម។ ជនជាតិនេះ មានឈ្មោះផ្សេងទៀត ដូចជា Tu Du, Ho Ki និង Voa De ជាដើម។ ជនជាតិ Co Lao បានផ្លាស់លំនៅដ្ឋានមកប្រទេសវៀតណាមប្រហែល ១៥០ ទៅ ២០០ ឆ្នាំមុន។ 
ក្រុមជនជាតិ Co Lao - ảnh 1 ស្ត្រីជនជាតិ Co Lao ជាមួយសម្លៀកបំពាក់ជនជាតិខ្លួន

ជនជាតិនេះបានបែងចែកទៅជាក្រុមតាមតំបន់ ដែលរួមមាន៖ Co Lao ខៀវ, Co Lao ស, Co Lao ក្រហម ដែលមានប្រជាជនសរុបជិតដល់៣ពាន់ នាក់ ដែលភាគច្រើនរស់នៅក្នុងខេត្ត Ha Giang។  ជនជាតិ Co Lao មានភាសាផ្ទាល់ខ្លួន  ប៉ុន្តែឥឡូវនេះ ក្មេងជនជាតិ Co Lao ភាគច្រើនមិនចេះនិយាយភាសាកំណើតរបស់ខ្លួនទេ។ នៅក្នុងដំណើរការទំនាក់ទំនងវប្បធម៌ ជាមួយក្រុមជនជាតិភាគតិចដទៃទៀត ពួកគេអាចប្រើភាសា Nung ភាសា Pu Peo និងភាសា Hmong ផងដែរ។

 ជនជាតិ Co Lao បានរស់នៅភាគច្រើននៅតំបន់ព្រៃភ្នំភាគខាងជើងនៃប្រទេស វៀតណាម។ ជនជាតិ  Co Lao តែងតែរស់នៅតាមភូមិៗ នៅតំបន់ដីស្រុក Hoang Su Phi ឬតាមភ្នំនៅស្រុក Dong Van (ខេត្ត Ha Giang) ។ ជនជាតិ Co Lao ប្រកបមុខរបរធ្វើស្រែចំការ ហើយពោតគឺជាដំណាំអាហារចម្បង។ សិប្បកម្មប្រពៃណីគឺដេបាកនិងធ្វើគ្រឿងឈើ។ ភូមិជាច្រើនមានជាងដែក ដែលផលិតឧបករណ៍កសិកម្ម ។ ចំណុចងាយយល់ដើម្បីសម្គាល់ជនជាតិ Co Lao គឺតាមរយៈសំលៀកបំពាក់របស់ស្ត្រី។ ស្ត្រីជនជាតិ Co Lao ពាក់អាវយឺតមានប្រវែងដល់ជង្គង់។ នៅលើទ្រូងអាវនិងដៃអាវបានតែងលំអរដោយក្រណាត់ពណ៌ចម្រុះ។ លោក Nguyen Huu Son អនុប្រធាន សមាគមសិល្បៈប្រជាប្រិយវៀតណាមបានឲ្យដឹងថា៖

“ជីវភាពរស់នៅរបស់ជនជាតិ Co Lao នាប៉ុន្មានឆ្នាំថ្មីៗនេះ បានផ្លាស់ប្តូរជាច្រើនជាពិសេសនៅពេលដែលព្រំដែនត្រូវបានបើកនោះ ភាសាប្រពៃណីនិងភាសាផ្សេងៗក៏ត្រូវបានរួមបញ្ចូលគ្នា។ សំលៀកបំពាក់របស់ជនជាតិ Co Lao ក៏មានការផ្លាស់ប្តូរជាច្រើនផងដែរ ពោលគឺកាលពីអតីតកាលជនជាតិ Co Lao បានផលិតក្រណាត់ ដោយដៃ ប៉ុន្តែឥឡូវនេះ គេបានទិញក្រណាត់ឧស្សាហកម្មដើម្បីផលិតសម្លៀកបំពាក់។ ជាពិសេសក្រណាត់ពីអតីតកាលត្រូវជ្រលក់ពណ៌ធម្មជាតិ ប៉ុន្តែឥឡូវនេះ ប្រើក្រណាត់ឧស្សាហកម្មដែរ។ ទោះជាយ៉ាងណាក៏ដោយសំលៀកបំពាក់នៅតែមានលក្ខណៈពិសេសដោយឡែករបស់ជនជាតិ  Co Lao ជាពិសេស រចនាប័ទនិងក្បូរក្បាច់នៅតែរក្សានូវលក្ខណៈប្រពៃណី”។

ក្រុមជនជាតិ Co Lao - ảnh 2

ភូមិនីមួយៗរបស់ជនជាតិ Co Lao មានផ្ទះពី ១៥ ដល់ ២០ខ្នង។ ជនជាតិ Co Lao ក្រហម បានសាងសង់ផ្ទះដោយមានជញ្ជាំងក្រាស់ ដែលអ្នកជនជាតិគេហៅថា ផ្ទះ Trinh tuong។ ជនជាតិនេះគេគោរពបូជាបុព្វបុរស ៣ដល់៤ជំនាន់  ហើយនៅលើអាសនៈសែនរបស់ជនជាតិ Co Lao នេះតែងតែមានឆ្អឹងថ្គាមរបស់ជ្រូក ជាមួយនឹងទស្សនទានថា ឆ្នាំណាក៏មានជ្រូកសម្រាប់សែនផងដែរ។

ក្នុងជីវភាពរស់នៅខាងវិញ្ញាណរបស់ជនជាតិ Co Lao គឺមានពិធីបុណ្យជាច្រើន ដូច ជាពិធីបុណ្យដាក់ឈ្មោះ ពិធីមង្គលការ ពិធីបុណ្យសពជាដើម។ ក្នុងនោះពិធីបុណ្យបញ្ជាក់ពីភាពពេញវ័យរបស់យុវជនគឺមានសារៈសំខាន់ណាស់។ ក្រៅពីនោះ ជនជាតិ Co Lao ក៏មានពិធីបុណ្យជាច្រើនទៀតផងដែរ។

ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ជនជាតិ Co Lao ភាគច្រើនប្រកបរបរធ្វើស្រែចំការ។ ការងារនេះតែងតែនៅលើភ្នំខ្ពស់ ធ្វើស្រែនៅតាមជ្រលងភ្នំ ដូច្នេះការងារធ្វើកសិកម្ម គឺពិបាកខ្លាំងណាស់។  ហេតុដូច្នេះ បុរសក្នុងគ្រួសារពេញវ័យ គឺជាមោទនភាពរបស់ក្រុមគ្រួសារនិងត្រកូលទាំងមូល។ លោក Luu Sam Van អ្នកស្រាវជ្រាវជនជាតិ នៅខេត្ត Ha Giang បានឱ្យដឹងថា៖ “ចំពោះពិធីបញ្ជាក់ពីភាពពេញវ័យរបស់យុវជនជន ជាតិ Co Lao គឺចង់បង្ហាញថា គ្រួសារនោះមានកូនពេញវ័យ សែលបានសហគមន៍ទទួលស្គាល់ ពីនោះ អាចចូលរួមក្នុងសកម្មភាពទាំងអស់របស់សហគមន៍”។

ឆ្លងកាត់ជាច្រើនសតវត្សមកហើយ ជីវភាពក៏មានការផ្លាស់ប្តូរច្រើនឡើងៗ  ប៉ុន្តែ ថ្វីត្បិតដូច្នេះក៏ដោយ ជនជាតិ Co Lao នៅរក្សាបានវប្បធម៌ប្រពៃណី ស្ថាបត្យកម្មលំនៅដ្ឋាន ដ៏វិសេសវិសាលរបស់ខ្លួន។ ក្រៅពីនេះ ទោះបីជាសំលៀកបំពាក់មានការផ្លាស់ប្តូរក៏ដោយ ប៉ុន្តែស្ត្រីជនជាតិ Co Lao នៅតែយកចិត្តទុកដាក់យ៉ាងខ្លាំងលើសម្លៀកបំពាក់ជនជាតិខ្លួន។ ជាពិសេស ជនជាតិ Co Lao នៅតែរក្សានូវ វប្បធម៌ដ៏ល្អរបស់ជនជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ