ដោះកងដៃស្ពាន់ចេញ - ពិធីកត់សម្គាល់ភាពពេញវ័យរបស់ជនជាតិអេដេ
(VOVWORLD) - យោងតាមជនរួមជាតិជន ជាតិអេដេ (Ede) វដ្ដជីវិតរបស់មនុស្សម្នាក់នឹងឆ្លងកាត់ពិធីផ្សេងៗជាច្រើន ក្នុងនោះមានពិធី ដោះកងដៃស្ពាន់ចេញ ឬហៅម្យ៉ាងទៀតថា ជា ពិធីសែនកត់សម្គាល់ភាពពេញវ័យ។ តាមរយៈពិធីនេះ ក្មេងប្រុស ឬក្មេងស្រីជនជាតិអេដេនឹងត្រូវបានសហគមន៍ទទួលស្គាល់ថាជាមនុស្សពេញ វ័យ ដោយមានសិទ្ធិចូលរួមក្នុងការសម្រេចចិត្ត លើបញ្ហាសំខាន់ៗ នៅក្នុងគ្រួសារនិងវង្សត្រកូល។
តង្វាយក្នុងពិធីសែនសម្គាល់ភាពពេញវ័យរបស់ជនជាតិអេដេ (រូបថត៖ H Xiu/VOV) |
ពិធីដោះកងដៃស្ពាន់ចេញ បញ្ជាក់ពីភាពពេញវ័យរបស់បុគ្គលម្នាក់មុនពេលចូលរួមក្នុងការងារមានលក្ខណៈសម្រេចចិត្តក្នុងគ្រួសារ និងវង្សត្រកូល។ ពិធីនេះត្រូវបាន ឪពុកម្តាយ ឬញាតិមិត្តជាម្ចាស់រៀបចំ ដោយមានការចូលរួមពីញាត្តិមិត្តក្នុងត្រកូល និងអ្នកភូមិ។ មិនថាពិធីត្រូវបានរៀបចំឡើងយ៉ាងធំឬតូច ហើយពេលវេលារៀបចំយូរឬឆាប់នោះទេ គឺសុទ្ធតែអាស្រ័យលើលក្ខខណ្ឌនៃគ្រួសារនីមួយៗ។ លោក Adrong Y Blih នៅភូមិ Drai ឃុំ Dlie Yang ស្រុក Ea Hleo ខេត្ត Dak Lak បានឲ្យដឹងថា៖ “ខ្ញុំមានកូន៣នាក់ ដូច្នេះគ្រួសាររបស់ខ្ញុំត្រូវរៀបចំពិធីសែននេះបីដង ពោលគឺទាំងកូនប្រុសនិងកូនស្រីរបស់ខ្ញុំ តែងតែឆ្លងកាត់ពិធីសែន កត់សម្គាល់ភាពពេញវ័យ ប៉ុន្តែពិធីនេះមានលក្ខណៈខុសគ្នាខ្លះៗ។ សម្រាប់ក្មេងប្រុស តង្វាយគឺកន្ទុយជ្រូកដែលនឹងត្រូវព្យួរនៅលើបង្គោល ចំណែកសម្រាប់ក្មេងស្រី តង្វាយត្រូវដាក់ក្នុងកន្ត្រក។ នៅពេលក្មេងស្រីធ្វើពិធី ពួកគេមិនមានពិធីប្រគល់ខែល និងលំពែងទេ ប៉ុន្តែក្មេងប្រុសគឺមានការប្រគល់វត្ថុទាំងពីរនេះ។ ពិធីទាំងនេះមានតាំងពីជីដូនជីតារបស់ខ្ញុំមកម្ល៉េះ ដូច្នេះហើយឥឡូវនេះខ្ញុំនៅតែបន្តថែរក្សា និងបន្សល់ទុកឲ្យកូនចៅជំនាន់ក្រោយ ដោយមិនបោះបង់ចោលឡើយ”។
លោក Y So Rian Kbuor នៅភូមិ Krong Prong A សង្កាត់ Ea Tu ក្រុង Buon Ma Thuot ខេត្ត Dak Lak ឆ្នាំនេះគឺគម្រប់២០ឆ្នាំ។ ដើម្បីជាសញ្ញាសម្គាល់របត់ដ៏សំខាន់មួយនៅក្នុងជីវិតរបស់កូន ឪពុកម្តាយរបស់ Y So Rian បានពិភាក្សា និងរៀបចំពិធីដកកងដៃស្ពាន់ ដែលត្រូវបានស្គាល់ថាជាពិធីសែនភាពពេញវ័យ (ជាភាសាអេដេ "Mpŭ toh kong")។ ពេលលោកនិងឪពុកម្តាយទៅផ្ទះលោកគ្រូសែន ដើម្បីធ្វើពិធីនោះ Y So Rian មានអារម្មណ៏ជាច្រើន លាយឡំនឹងភាពត្រេកអរនិងភាពអន្ទសារ៖ “ខ្ញុំមានអារម្មអន្ទសារខ្លាំងណាស់ បន្ទាប់មកខ្ញុំសប្បាយចិត្តនិងរំភើបចិត្តដែលខ្លួននឹងបានរៀបចំពិធីសែនកត់សម្គាល់ភាពពេញវ័យ។ ចាប់ពីពេលនេះតទៅ ខ្ញុំបានធំដឹងក្តីហើយអាចជួយមើលថែឪពុកម្តាយ និងសមាជិកគ្រួសាររបស់ខ្ញុំបានហើយ”។
គ្រូសែនបានដោះកងដៃ ដែលជានិមិត្តរូបនៃការបញ្ចប់នៃចំណងដែលបង្ហាញថាក្មេងប្រុសនេះបានធំឡើងហើយមានសេរីភាពក្នុងការសម្រេចចិត្តជីវិតរបស់ខ្លួន (រូបថត៖ H Xiu/VOV) |
ដើម្បីធ្វើរៀបចំពិធីនេះ គ្រូសែន Y Wơn Nie Kđăm នៅភូមិ Wiâo ទីរួមស្រុក Krong Nang ស្រុក Krong Nang ខេត្ត Dak Lak បានណែនាំឪពុកម្តាយរបស់ Y So Rian រៀបចំគ្រឿងតង្វាយរួមមាន៖ ជ្រូកឈ្មោលមួយក្បាល ស្រាពាង ៧ កំប៉ុង ហើយថាសដាក់តង្វាយត្រូវមានអាហារ ៧ មុខដាក់ដាច់ដោយឡែកពីគ្នាដោយមានសាច់ជ្រូក ស្រាពាង អង្ករដំណើប ដំឡូងត្រាវ និងចេកស្ងោរ"។
លុះដល់ថ្ងៃកំណត់ ពេលដែលដង្វាយចប់សព្វគ្រប់ហើយ គ្រូសែនក៏យកសាច់ជ្រូកឆៅមួយបន្ទះវែងពីច្រមុះ ត្រចៀកដល់កន្ទុយជ្រូក ហើយប្រើឫស្សី៧បន្ទះ ចងជាប់នឹងបង្គោលដែលដាក់ពាងស្រាធំជាងគេ។ ពេលធ្វើអ្វីគ្រប់យ៉ាងហើយ គ្រូសែនក៏ចាប់ផ្ដើមធ្វើពិធី។ ពិធីសែនបានចែកជាពីរផ្នែក គឺផ្នែកទីមួយ ជាការជូនដំណឹងដល់ជីដូនជីតា; ផ្នែកទីពីរគឺពិធីសែនសម្គាល់ភាពពេញវ័យ។ រួមជាមួយសម្លេងគងឃ្មោះដ៏អ៊ូអរនោះ គ្រូសែនបានដកកងដៃស្ពាន់ចេញពីដៃរបស់ Y So Rian ហើយសូត្រធម៌ដោយខ្លឹមសារថា៖ “ខ្ញុំដោះកងដៃស្ពាន់របស់កូន ដើម្បីអនុញ្ញាតឱ្យកូនសម្រេចចិត្តដោយសេរីអំពីអនាគតរបស់កូន ហើយកូនទៅស្រែចំការដាំដុះដោយខ្លួនឯង។ ចាប់ពីពេលនេះតទៅ កូនក្លាយជាមនុស្សពេញវ័យ និងមានសុខភាពល្អ ដើម្បីជួយសម្រួលបន្ទុកការងារក្នុងគ្រួសារ និងការពារភូមិស្រុក”។
ក្រោយពីបន់ស្រន់ហើយ គ្រូសែននឹងអញ្ជើញអ្នករាល់គ្នាបរិភោគតង្វាយដែលបានរៀបដាក់លើថាស។ អ្នកទទួលបានពិធីសែនសម្គាល់ភាពពេញ វ័យត្រូវបរិភោគមុនគេ តាមពីក្រោយគឺអ្នកម្ដាយ បន្ទាប់មកឪពុក និងអ្នករាល់គ្នាចូលរួមក្នុងពិធី។ គ្រូសែនបន្តធ្វើពិធីស្រាយខ្សែលើបង្គោលឫស្សី ហើយយកសាច់ជ្រូកចុះ។ បន្ទាប់មកទៀត គ្រូសែននឹងបប្រគល់ខែល និងលំពែងឲ្យយុវជនអនុវត្តការសម្តែងខែល ដើម្បីបង្ហាញពីភាពរឹងមាំ ភាពក្លាហាន និងសុខភាពល្អ ដោយបញ្ជាក់ថា ចាប់ពីពេលនេះតទៅ យុវជនរូបនេះពិតជាពេញវ័យ មិនមែនជាក្មេងទៀតទេ។ គ្រូសែន Y Wơn បានឲ្យដឹងថា៖ “ប្រគល់ឲ្យយុវជននេះរបស់របរដូចជាលំពែង ដាវ ខែល ដូចជាវត្ថុការពារអញ្ជឹង ពោលគឺប្រគល់ឲ្យយុវជនរូបនេះនូវទំនួលខុសត្រូវក្នុងការប្រយុទ្ធ ផ្តល់បន្ទុកដើម្បីការពារគ្រួសារ ការពារសាច់ញាតិនៅពេលមានបញ្ហាកើតឡើង។ ចាប់ពីពេលនេះតទៅ យុវជនរូបនេះនឹងបន្តការងារក្នុងស្រែចម្ការ ជាមនុស្សរឹងមាំ និងតឹងតែង ការពារឪពុកម្តាយ និងញាតិមិត្តសណ្តានជានិច្ច”។
គ្រូសែនបានដាក់ខែល និងលំពែង (ដាវ) នៅក្នុងដៃក្មេងប្រុស ហើយអធិស្ឋានឱ្យគាត់ទទួលបានកម្លាំង ភាពក្លាហាន បញ្ញា និងការយល់ដឹង (រូបថត៖ H Xiu/VOV) |
ពេលធ្វើពិធីចប់ហើយ ម្ចាស់ផ្ទះ និងភ្ញៀវចូលរួមរីករាយទទួលទានស្រា អាហារ និងវាយគងឃ្មោះដើម្បីអបអរដល់ភាពពេញវ័យរបស់ក្មេងប្រុស។ អញ្ជើញចូលរួមក្នុងពិធីសែនសម្គាល់ភាពពេញវ័យរបស់ជនជាតិអេដេ អ្នកស្រី H Ngam Adrong នៅភូមិ Krong Prong A ឃុំ Ea Tu ទីក្រុង Buon Ma Thuot ខេត្ត Dak Lak បានចែករំលែកថា៖ “ខ្ញុំកើតនៅភូមិមួយ ប៉ុន្តែខ្ញុំមិនដែលឃើញពិធីសម្គាល់ភាពពេញវ័យយ៉ាងអធឹកអធមយ៉ាងដូច្នេះ ដោយមានការរៀបចំយ៉ាងល្អិតល្អន់គ្រប់បែបយ៉ាង ពីគ្រូសែន ឪពុកម្តាយ និងមិត្តភក្តិរបស់ម្ចាស់ពិធីផងដែរ។ ពិធីសែននេះជួយខ្ញុំយល់កាន់តែច្បាស់អំពីពិធីបុណ្យនេះ និងបានយល់បន្ថែមទៀតអំពីទំនៀមទម្លាប់របស់ប្រជាជនអេដេ”។
ពិធីសែនសម្គាល់ភាពពេញវ័យ ក៏ដូចជាពិធីវដ្តជីវិតរបស់ប្រជាជនអេដរបង្ហាញពីការតភ្ជាប់រវាងគ្រួសារនិងសហគមន៍។ អាស្រ័យហេតុនេះ រក្សាបាននូវទំនៀមទម្លាប់ រួមចំណែករក្សានូវលក្ខណៈវប្បធម៌ដ៏ល្អប្រសើរក្នុងជីវភាពរស់នៅរបស់ប្រជាជនអេដេសព្វថ្ងៃនេះ៕