ផ្នូរ - សំណង់ស្ថាបត្យកម្មដ៏វិសេសវិសាលរបស់ជនជាតិ Co Tu នៅ ខេត្ត Thua Thien Hue

(VOVWORLD) - ក្នុងជីវភាពរស់នៅរបស់ជនជាតិ Co Tu នៅស្រុកព្រៃភ្នំ Nam Dong ខេត្ត Thua Thien Hue នោះ ផ្នូរគឺជាសំណងស្ថាបត្យកម្មមួយ ដែលបានបង្ហាញពីជំនឿប្រជាប្រិយមានលក្ខណៈពិសេស។ ក្នុងនោះ ការរចនា និងឆ្លាក់រូបសំណាក់ផ្នូរក៏ជាវប្បធម៌ខាងព្រលឹងវិញ្ញាណដ៏វិសេសវិសាល ដែលពោរពេញទៅដោយអត្តសញ្ញាណជាតិ។
ផ្នូរ - សំណង់ស្ថាបត្យកម្មដ៏វិសេសវិសាលរបស់ជនជាតិ Co Tu នៅ ខេត្ត Thua Thien Hue - ảnh 1 ផ្នូរ - សំណង់ស្ថាបត្យកម្មដ៏វិសេសវិសាលរបស់ជនជាតិ Co Tu នៅ ខេត្ត Thua Thien Hue (រូបថត៖doisongphapluat.com)

តាមទស្សនៈទានរបស់ជនជាតិ Co Tu ថា ផ្នូរគឺជាកន្លែងសម្រាប់អ្នកចែកឋានទៅ។ ព្រលឹងរបស់អ្នកស្លាប់នឹងប្រែទៅជាអាទិទេព ដើម្បីជួយអ្នកភូមិឲ្យរួបរួមសាមគ្គីគ្នា ជួបតែសំណាងល្អ មានរដូវអំណោយផល ហើយមានសុខភាពល្អបរិបូ។ ក្នុងផ្នូរគឺមានរបស់របរប្រើប្រាស់ដូចសម្រាប់មនុស្សនៅរស់អញ្ចឹង។ ឃុំ Thuong Long ស្រុក Nam Dong ខេត្ត Thua Thien Hue គឺជាកន្លែងមួយដែលនៅតែរក្សាបាននូវវប្បធម៌អំពីផ្នូរ និងរូបចម្លាក់ផ្នូររបស់ជនជាតិ Co Tu។ទំនៀមទំលាប់ធ្វើផ្នូរគឺជាជំនឿប្រជាប្រិយ ឆ្ពោះទៅរកប្រភពដើម បុព្វបុរសរបស់ជនជាតិ Co Tu។ ស្ថាបត្យកម្មផ្នូរត្រូវបានសាងសង់ឡើងតាមរាងចតុកោណកែង ឬរាងការ៉េ ដែលបានឆ្លាក់ក្បូរក្បាច់ជាច្រើន  ផ្នែកខាងលើមានដំបូល នៅជុំរិញសសរត្រូវបានឆ្លាក់រូបសត្វ ដែលមានទំនាក់ទំនងជិតស្និទ្ធក្នុងជីវភាពរស់នៅរបស់ជនជាតិ Co Tu ដូចជាចាប ពស់ និងបង្គួរជាដើម។ ដោយឡែក មឈូសឈើវិញ គឺមានរាងដូចទូកបុរាណ ដែលបានឆ្លាក់ក្បូរក្បាច់ដ៏វិសេសវិសាល ហើយមិនអាចខ្វះនិមិត្តរូបក្បាលក្របីបានឡើយ។ ទន្ទឹមនឹងនោះ រូបសំណាកផ្នូរ ក៏បានបង្ហាញឡើងវិញនូវជីវភាពរស់នៅខាងវប្បធម៌របស់ជនជាតិ Co Tu ផងដែរ។ តាំងពីយូរយាណាស់មកហើយ តាមទស្សនៈទានរបស់ជនជាតិ Co Tu ថា នៅពេលដែលមនុស្សម្នាក់ចែកឋានទៅ គឺគេត្រូវនាំយកតាមទំនៀមទម្លាប់ និងវប្បធម៌របស់ជនជាតិខ្លួន។ ហេតុដូច្នេះហើយ មនុស្សជាច្រើនមុនពេលស្លាប់តែងតែផ្ដាំផ្ញើឲ្យកូនចៅឆ្លាក់រូបសំណាកឈើ ដើម្បីរៀបដាក់លើមឈូស។

និយាយអំពីទំនៀមទម្លាប់រៀបដាក់រូបចម្លាក់ឈើនៅផ្នូររបស់ជនជាតិ Co Tu នោះ សិប្បករ Pham Van Tin នៅ ឃុំ Thuong Nhat ស្រុក Nam Dong ខេត្ត Thua Thien Hue បានចែករំលែកថា៖ បន្ទាប់ពីរៀបដាក់មឈូសនៅក្នុងផ្នូរហើយ ម្ចាស់ផ្ទះនឹងរៀបចំពិធីដាក់ថាសឈើ ដែលមាន រូបសំណាកផ្នូរចំនួន ៤ នៅជ្រុងទាំង ៤ នៅលើមឈូស ដើម្បីសម្ដែងទឹកចិត្តដឹងគុណរបស់មនុស្សនៅរស់ចំពោះមនុស្សស្លាប់។ ផ្នូរត្រូវបានឆ្លាក់តាមលំនាំក្បាលក្របី ដែលជានិមិត្តរូបនៃកម្លាំង និងភាពសម្បូរធូធារ។ ផ្នូររបស់បុរសនិងស្ត្រីគឺមានលក្ខណៈខុសគ្នា។ លោក Pham Van Tin បានឲ្យដឹងថា៖ “នៅពេលលាចាកលោកទៅ មឈូសរបស់ស្ត្រីត្រូវបានឆ្លាក់តាមលំនាំក្បាលជ្រូកតែប៉ុណ្ណោះ។ ចំណែកមឈូសរបស់បរុសវិញ គឺត្រូវបានឆ្លាក់តាមលំនាំសត្វដទៃទៀត។ ក្បូរក្បាច់នៅលើមឈូសត្រូវបានឆ្លាក់យ៉ាងមត់ចត់ និងយកចិត្តទុកដាក់ណាស់”។

ដើម្បីឆ្លាក់រូបសំណាកផ្នូរ គឺអ្នកភូមិត្រូវទៅរកឈើរប្រណិត ហើយបានយកខ្លឹមឈើរតែប៉ុណ្ណោះ។ លើសពីនេះទៀត ក្បូរក្បាច់ និងពណ៌ផ្សេងៗគ្នារបស់រូបសំណាក គឺសុទ្ធតែមានប្រភពពីធម្មជាតិ ដូចជាពណ៌របស់ស្លឹកឈើ ឬពីថ្មពណ៌ ដែលរកឃើញនៅច្រាំងទឬច្រាំងជ្រោះ។ យោងតាមលោក Le Nhu Suu ប្រធានការិយាល័យវប្បធម៌ និងព័ត៌មានស្រុក Nam Dong ខេត្ត Thua Thien Hue  បានឲ្យដឹងថា ផ្នូរ និងរូបសំណាកផ្នូរបានឆ្លុះបញ្ចាំងពីជីវភាពរស់នៅខាងសង្គម ជំនឿប្រជាប្រិយប្រពៃណីរបស់ជនជាតិ Co Tu ។ ទោះយ៉ាងណាក៏ដោយ នាបច្ចុប្បន្នុនេះ ជនជាតិ Co Tu ដែលមានបទពិសោធឆ្លាក់រូបចម្លាក់មិនច្រើនឡើយ។  លើសពីនេះទៅទៀត ដើម្បីធ្វើផ្នូរប្រពៃណីគឺត្រូវចំណាយកម្លាំងកាយចិត្ត និងថវិកាជាច្រើន បានជានាបច្ចុប្បន្ននេះ ការឆ្លាក់រូបសំណាកផ្នូររបស់ ជនជាតិ Co Tu នៅក្នុងមូលដ្ឋាន មិនបានរក្សាស្ថានភាពដូចដើមឡើយ។ ខេត្ត Thua Thien Hue បានរៀបចំផែនការជាច្រើនដើម្បីថែរក្សាវប្បធម៌ប្រពៃណីរបស់ជនជាតិ Co Tu ។ ក្នុងនោះ ផ្ដោតសំខាន់លើការស្ដារផ្នូរ និងរូបសំណាកផ្នូរឡើវិញ សំដៅអភិរក្សតម្លៃប្រពៃណី ក្នុងជីវភាពរស់នៅខាងវិញ្ញាណរបស់ជនជាតិ Co Tu ។ លោក Le Nhu Suu បានសំណេះសំណាលថា៖ “យើងខ្ញុំកំពុងធ្វើការអភិរក្ស និងពង្រីកលក្ខណៈវប្បធម៌ប្រពៃណីដ៏វិសេសវិសាលនេះរបស់ជនជាតិ Co Tu។ ការស្ដារ និងថែរក្សាវប្បធម៌ប្រពៃណីអំពីផ្នូររបស់ជនជាតិ Co Tu ត្រូវបានបង្ហាញយ៉ាងច្បាស់លាស់នូវជីវភាពរស់នៅខាងវិញ្ញាណរបស់អ្នកនៅរស់ជាមួយអ្នកដែលចែកឋានហើយ”។

ភាពខុសគ្នាអំពីវប្បធម៌របស់តំបន់នីមួយៗ និងទេពកោសល្យរបស់សិប្បករចម្លាក់ បានធ្វើឲ្យផ្នូររបស់ជនជាតិ Co Tu កាន់តែមានភាពសម្បូរបែប។ ខេត្ត Thua Thien Hue កំពុងផ្ដោតសំខាន់លើការអភិរក្ស និងពង្រីកតម្លៃសិល្បៈចម្លាក់ផ្នូរ។ ប្រការនេះមិនត្រឹមតែជួយ ថែរក្សាអត្តសញ្ញាណវប្បធម៌ប្រពៃណីដ៏សម្បូរបែបរបស់ជនជាតិ Co Tu នៅតាមជួរភ្នំ Truong Son ប៉ុណ្ណោះទេ ថែមទាំងបើកចេញទិសដៅថ្មីសម្រាប់ការអភិវឌ្ឍន៍ទេសចរណ៍ខាងវិញ្ញាណនៅតំបន់ព្រៃភ្នំ Thua Thien Hue ទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ