ពិធីសែនបណ្ដេញគ្រោះឧបទ្រពចង្រៃនាដើមឆ្នាំរបស់ជនជាតិ Tay – Nung

(VOVWORLD) - ចំពោះជនជាតិ Tay, Nung ពិធីសែនបណ្ដេញគ្រោះឧបទ្រពចង្រៃគឺជាពិធី បួងសួងសុំឲ្យក្រុមគ្រួសារទាំងអស់មានសុខភាពល្អ សុខសាន្តត្រាណនិងសម្បូរហូហៀរ។ ក្រោយពីបុណ្យចូលឆ្នាំថ្មី ជនជាតិ Tay, Nung តែងតែរៀបចំពិធីសែន បណ្ដេញគ្រោះឧបទ្រពចង្រៃនាំមកនូវវិបុលសុខ។ នេះជាទំនៀមទំលាប់និងរូបភាពមួយនៃជីវភាព ខាងជំនឿដ៏វិសេសវិសាលរបស់ប្រជាជនជាជនជាតិ Tay, Nung ដែលត្រូវបាន ថែរក្សាចាប់តាំងពីបុរាណកាលរហូតដល់ទល់សព្វថ្ងៃនេះ។

ពិធីសែនបណ្ដេញគ្រោះឧបទ្រពចង្រៃនាដើមឆ្នាំរបស់ជនជាតិ Tay – Nung - ảnh 1ស្ពកបាយសែនបណ្ដេញគ្រោះឧបទ្រពចង្រៃរបស់ជនជាតិ Tay - Nung។ (រូបថត៖ VOV)
ចង់ធ្វើពិធីបណ្ដេញគ្រោះឧបទ្រពចង្រៃបាន ការងារដំបូងគឺត្រូវរកគ្រូ Then ឬគ្រូ Tao (ដែលជាអ្នកអនុវត្តពិធីសែន) ដើម្បីជ្រើសរើសថ្ងៃល្អ ហើយគ្រូសែន នឹងផ្ដែផ្ដាំម្ចាស់ផ្ទះពីការត្រៀមរៀបចំគ្រឿងសំណែន។ គ្រូសែនម្នាក់ៗមានការទាមទារ ផ្សេងៗគ្នាអំពីគ្រឿងសំណែន ហើយពឹងផ្អែកលើលក្ខណៈរបស់គ្រួសារ នីមួយៗ ប៉ុន្តែមិនអាចខ្វះបានស្ពកបាយមួយដាក់នៅខាងក្រោមអាសនៈឡើយ។ ជារឿយៗ ស្ពកបាយសែននេះ មានអង្ករចំនួន៣ឬ៥ចាន ត្រូវបានដាក់នៅល្វែងធំ ក្នុងផ្ទះ នៅខាងក្រោមអាសនៈ ដែលជាទីកន្លែងធ្វើពិធីសែន។ ចានអង្ករនៅ កណ្ដាលមានដាក់ពងមាន់មួយគ្រាប់ ដោតធូប និងរូបមនុស្សធ្វើពីក្រដាស មែកឈើ ជាច្រើន... ស្ពកបាយមួយទៀតដាក់គ្រឿងសំណែនរួមមាន៖ ក្បាល ជ្រូក កន្ទុយជ្រូកស្ងោរ មាន់ស្ងោរមួយក្បាលដែលមានគ្រឿងក្នុងគ្រប់គ្រាន់ បាយ ដំណើប សាច់ជ្រូកស្ងោរមួយបន្ទះ ផ្លែឈើ និងនំស្ករគ្រាប់។ ក្រៅពីនោះ ត្រូវការ មានសត្វមាន់រស់ ទារស់មួយក្បាល ដើមចេកមួយដើម និងទូកធ្វើពីដើមចេកមួយ គ្រឿង ទៀតផង។ លោកស្រី Dam Thi Sinh ជនជាតិ Nung ម្នាក់នៅស្រុក Thach An ខេត្ត Cao Bang បានឲ្យដឹងថា៖ “នាខែមិគសិរជារៀងរាល់ឆ្នាំ គ្រួសារខ្ញុំតែងតែអញ្ជើញគ្រូ Then មកធ្វើពិធី សែនបណ្ដាញគ្រោះឧបទ្រពចង្រៃដើម្បីឲ្យក្រុមគ្រួសារទាំងមូលប្រកបការងាររក ស៊ីបានងាយស្រួល ទទួលបានរដូវអំណោយផល ហើយសុំឲ្យកូនចៅមានសុខ ភាពល្អ។ នេះជាអត្តសញ្ញាណមួយរបស់យើងខ្ញុំ ដែលជារៀងរាល់ខែមិគសិរ ស្ទើរតែគ្រប់គ្រួសារក៏ធ្វើអញ្ចឹងដែរ”។
ពិធីសែនបណ្ដេញគ្រោះឧបទ្រពចង្រៃនាដើមឆ្នាំរបស់ជនជាតិ Tay – Nung - ảnh 2គ្រូសែនធ្វើពិធីបណ្ដេញឧបទ្របចង្រៃ។ (រូបថត៖ VOV)
តាមទស្សនៈទានតាំងពីបុរាណកាលថា លោកគ្រូសែនបណ្ដេញឧបទ្រព ចង្រៃ ជាអ្នកដែលអាចទាក់ទងជាមួយពិភពទេវតានិងអ្នកបានចែកឋានទៅ ឬ អាចទាយពីគ្រោះឧបទ្រពចង្រៃរបស់អ្នកដទៃ។ លោក Nong Van Tuyen ដែល ជាគ្រូ Tao ម្នាក់នៅស្រុក Thach An ខេត្ត Cao Bang បានចែករំលែកថា៖ “បណ្ដាពិធីសែននឹងមានលក្ខណៈខុសៗគ្នា ដោយពឹងផ្អែកលើរបៀបសែន របស់គ្រូសែនម្នាក់ៗ និងបំណងរបស់ម្ចាស់ផ្ទះ។ ប៉ុន្តែក្នុងពិធីសែនបណ្ដេញគ្រោះ ឧបទ្រពចង្រៃមួយ តែងតែមានជំហាននានាគឺ៖ ម្ចាស់ផ្ទះធ្វើពិធីអុជធូប គ្រូសែន ចាក់តែនិងស្រាចូលកែវដាក់នៅលើស្ពកបាយ បន្ទាប់មកជូនក្រដាសយ័ន្ត អញ្ជើញបុព្វបុរសមកចូលរួម ដើម្បីកូនចៅក្នុងគ្រួសារថ្វាយគ្រឿងសំណែន។ គ្រូសែន ប្រើប្រាស់ឈើ២ផ្លាដើម្បីសុំចាប់សំណាង បន្ទាប់មក ធ្វើពិធីសែនកំចាត់ខ្មោច បិសាច កំចាត់អស់អមង្គល ហើយបួងសួងសុំឲ្យជួបតែ សេចក្ដីសុខចម្រុងចម្រើន”។  
ជនជាតិ Tay, Nung ធ្វើពិធីបណ្ដេញគ្រោះឧបទ្រពចង្រៃ ក្នុងបំណងចង់ បានជីវភាពរស់នៅដោយសុខសាន្តសម្រាប់ទាំងអ្នកនៅរស់និងអ្នកបានចែកឋាន ។ លោក Vi Hong Nhan អ្នកស្រាវជ្រាវវប្បធម៌ Tay, Nung នៅខេត្ត Lang Son បានឲ្យដឹងថា៖ “ជនជាតិ Tay Nung មានទំលាប់ធ្វើពិធី Then នាដើមឆ្នាំថ្មី ដើម្បីបួងសួង សុំឲ្យក្រុមគ្រួសារ និងបងប្អូនជិតខាងជួបតែសេចក្ដីសុខចម្រុងចម្រើន សុភ មង្គលគ្រប់ប្រការ។ ពិធីនេះក៏ជាឱកាសដើម្បីបងប្អូនជនរួមជាតិជួបជុំសំណេះ សំណាលគ្នាទៀតផង។ អត្ថន័យមួយទៀតនៃពិធី Then គឺដើម្បីព្យាបាលជម្ងឺ។ ប្រជាជនជាច្រើនដែលមានជម្ងឹតែព្យាបាលនៅមន្ទីរពេទ្យមិនជាសះស្បើយនោះ ពួកគេនឹងអញ្ជើញគ្រូសែនមកធ្វើពិធី Then ដើម្បីបណ្ដេញជម្ងឺនេះឲ្យរលាយទៅ ព្រមទាំងបួងសួងសុំឲ្យអ្នកជម្ងឺនិងក្រុមគ្រួសារជួបតែប្រការដ៏ល្អប្រសើរបំផុត”។
ពិធីសែនបណ្ដេញគ្រោះឧបទ្រពចង្រៃនាដើមឆ្នាំរបស់ជនជាតិ Tay, Nung មានរូបភាពដ៏វិសេសវិសាលផង ហើយបង្កប់នូវតម្លៃវប្បធម៌ប្រពៃណីជាច្រើន ទៀតផង។ នាបច្ចុប្បន្ន នៅគ្រប់ភូមិឃុំរបស់ជនជាតិ Tay, Nung ពិធីបណ្ដេញ គ្រោះឧបទ្រពចង្រៃដើមឆ្នាំថ្មីនិងអត្តសញ្ញាណវប្បធម៌ផ្សេងជាច្រើនទៀត កំពុង ត្រូវបានអភិរក្សនិងពង្រីកប្រកបដោយប្រសិទ្ធភាព។ ដោយមានការផ្លាស់ប្ដូរក្នុង ការត្រិះរិះរបស់អាជ្ញាធរគ្រប់ជាន់ថ្នាក់ក៏ដូចជាប្រជាជនផ្ទាល់ខ្លួន ហេតុដូច្នេះហើយបាន រួមចំណែកធ្វើឲ្យវប្បធម៌ជនជាតិគងវង្សជានិច្ចនិរន្តរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ