ល្បែងកំសាន្តប្រជាប្រិយនិងរបៀបផ្ដោះផ្ដងសាសងគ្នារបស់បុរសនារីជនជាតិ Mong នៅ Son La

(VOVWORLD) - ល្បែងកំសាន្តប្រជាប្រិយរបស់បណ្ដាជនជាតិភាគតិចជាផ្នែកមួយដ៏រស់រវើកបំផុតក្នុងរតនសម្បត្តិបេតិកភ័ណ្ឌវប្បធម៌វៀតណាម។ ល្បែងកំសាន្តប្រជាប្រិយដែលស្ដែងចេញពីការធ្វើពលកម្ម ផលិតកម្មនោះ មានតម្លៃប្រវត្តិសាស្ត្រ ប្រភពដើមវប្បធម៌ ហើយត្រូវបានរក្សាទុកពីជំនាន់មួយទៅជំនាន់មួយ។ ក្នុងនោះ ល្បែងកំសាន្តជាច្រើនត្រូវបានដាក់បញ្ចូលក្នុងកម្មវិធីសម្ដែងនៅថ្ងៃបុណ្យវប្បធម៌របស់បណ្ដាជនជាតិភាគតិច។ អាចនិយាយដល់ល្បែងវាយសីរោមមាន់របស់ជនជាតិ Mong នៅខេត្ត Son La។

ល្បែងកំសាន្តប្រជាប្រិយនិងរបៀបផ្ដោះផ្ដងសាសងគ្នារបស់បុរសនារីជនជាតិ Mong នៅ Son La - ảnh 1ល្បែងវាយសីរោមមាន់ស្រដៀងនឹងកីឡាវាយសីដែរ ប៉ុន្តែឧបករណ៍និងរបៀបលេងគឺខុសគ្នា។ (រូបថត៖ baosonla.org.vn)

នាបច្ចុប្បន្ន នៅតាមភូមិជនជាតិ Mong នៅស្រុក Van Ho និងកន្លែងផ្សេងៗទៀតលើភូមិសាស្ត្រខេត្ត Son La នៅតែថែរក្សាល្បែងកំសាន្តប្រជាប្រិយពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌របស់ជនជាតិខ្លួន នោះគឺល្បែងវាយសីរោមមាន់។

ប្រសិនបើល្បែងកំសាន្តផ្សេងៗ ដូចជាល្បែងចោលឈូង តែងតែប្រព្រឹត្តទៅនៅពេលថ្ងៃ គឺល្បែងវាយសីរោមមាន់ត្រូវបានបុរសនារីប្រមូលផ្ដុំគ្នាលេងកំសាន្តនៅពេលយប់វិញ។ ល្បែងនេះស្រដៀងនឹងកីឡាវាយសីដែរ ប៉ុន្តែឧបករណ៍និងរបៀបលេងគឺខុសគ្នា។ លោក Giang A Hoa នៅឃុំ Long Luong ស្រុក Van Ho បានឲ្យដឹងអំពីរបៀបធ្វើសីនិងរ៉ាកែតយ៉ាងដូច្នេះថា៖

“ដំបូងឡើយ សីត្រូវបានធ្វើពីរោមមាន់ យកនៅផ្នែកស្លាបសត្វមាន់។ ជាធម្មតា នៅពេលអារកមាន់រួច នឹងបោចរោមនៅផ្នែកស្លាបសត្វមាន់ ព្រោះនោះគឺផ្នែករោមស្អាតបំផុត។ ត្រូវតែបោចរោមមុនពេលស្រោះមាន់ចូលក្នុងទឹកពុះ ទើបសីវិលស្មើគ្នា។ ចំណែកឯ សីត្រូវបានធ្វើពីថ្នាំងឬស្សី ពី៣ដល់ ៥សាំងទីម៉ែត្រ។ គេនឹងដោតរោមមាន់ពី៣ដល់៥រោមដើម្បីឲ្យសីវិលស្មើគ្នា។ បើចង់ឲ្យសីស្អាតបំផុត គឺរោមមាន់ត្រូវបានជ្រើសរើសពីស្លាបសត្វមាន់ឈ្មោល។ រ៉ាកែតរបស់ជនជាតិ Mong ត្រូវបានធ្វើពីឈើទន់ ដែលមានទទឹង២០សង់ទីម៉ែត្រ បណ្ដោយ២៥សង់ទីម៉ែត្រនិងត្រូវបានឈូសឲ្យរលោង។ ដងរ៉ាកែតមានប្រវែងប្រមាណ១០សង់ទីម៉ែត្រ មូលដូចដងកាំបិតដើម្បីងាយកាន់”។

ល្បែងវាយសីរោមមាន់ ច្រើនតែត្រូវបានរៀបចំឡើងនៅលើទីធ្លាដ៏ធំទូលាយ ឬផ្ទះវប្បធម៌។ ពេលលេងនៅក្រៅផ្ទះ សីហើរតាមទិសខ្យល់ បានជាគេច្រើនតែរៀបចំនៅក្នុងផ្ទះវិញ។ តាមលោកតាលោកយាយថា កាលពីអតីតកាល ល្បែងវាយសីរោមមាន់ជាល្បែងកំសាន្តប្រជាប្រិយសម្រាប់ក្រមុំដែលមិនទាន់រៀបការ។ លោក Giang A Hoa បានឲ្យដឹងថា៖

“ល្បែងវាយសីរោមមាន់ មានរបៀបលេងចំនួន២ នោះគឺលេងជាគូឬលេងជាក្រុម។ លេងជាគូគឺបុរសម្នាក់ ស្ត្រីម្នាក់។ លេងជាក្រុមគឺមានច្រើនគូ។ ពេលលេងនឹងត្រូវបានបែងចែកពី២ក្រុម បុរសម្ខាងនិងស្ត្រីម្ខាង។ ពួកគេនឹងសន្យាគ្នាអំពីការវាយចំប៉ុន្មានដង ប្រសិនបើក្រុមណាចាញ់ ពួកគេត្រូវច្រៀងមួយបទ ឬត្រូវអនុវត្តន៍ប្រការណាមួយដែលក្រុមទាំងពីរបានសន្យាគ្នា។ តាមរយៈល្បែងវាយសីរោមមាន់នេះ ប្រសិនបើបុរសនារីចាប់ចិត្តគ្នា ពួកគេនឹងស្វែងយល់ហើយកសាងជីវភាពជាប្ដីប្រពន្ធ”។

ក្រោយមក ចំពោះជនជាតិ Mong ល្បែងវាយសីរោមមាន់ មិនត្រឹមតែជាល្បែងប្រជាប្រិយសុទ្ធសាធប៉ុណ្ណោះទេ ថែមទាំងជារបៀបស្វែងយល់គ្នារបស់បុរសនារីទៀតផង។ នៅក្នុងពិធីបុណ្យទាននានា ប្រសិនបើបុរសនិងស្រីចាប់អារម្មណ៍ចំពោះនរណាម្នាក់ ពួកគេនឹងបង្ហាញមនោសញ្ចេតនារបស់ខ្លួនយ៉ាងបិនប្រសបតាមរយៈការចោលកន្ទុយភ្នែក និងស្នាមញញឹម ហើយពួកគេនឹងញែកចេញពីក្រុម ទៅវាយសីរោមមាន់ជាគ្នាមួយ ព្រមទាំងផ្ដោះផ្ដងសាសងគ្នាផងដែរ។ ការវាយសីរោមមាន់ផ្ដោះផ្ដងគ្នានេះ តែងតែអូសបន្លាយតាំងពីយប់រហូតដល់ភ្លឺ។ លោក Giang A Sang នៅភូមិ Hua Tat ស្រុក Van Ho ខេត្ត Son La បានឲ្យដឹងថា៖

“ជនជាតិ Mong យើងតែងតែលេងល្បែងវាយសីរោមមាន់នៅពេលពិធីបុណ្យទាន ឬបុណ្យចូលឆ្នាំថ្មីមកដល់ម្ដងៗ។ ក្នុងអំឡុងពេលលេង យើងខ្ញុំក៏ផ្លុំខ្លុយ ត្រែ លេងចាបីខ្សែ២ទៀតផង។ តាំងពីមុនមក ល្បែងនេះនៅតែត្រូវបានថែរក្សា ហើយរៀបចំឡើងប្រកបដោយក្ដីសប្បាយរីករាយ។ ពេលលេងល្បែង បុរសនឹងស្វែងរកនារីម្នាក់ដែលគាត់ចាប់អារម្មណ៍ ដើម្បីអញ្ជើញច្រៀងចម្រៀងបង្ហាញសេចក្ដីស្រឡាញ់។ បងចាប់ចិត្តអូនហើយ ដូចេះចង់សួរថា តើអូនស្រឡាញ់បងទេ”។

នៅពេលបុរសច្រៀងបទចម្រៀងនេះ គឺស្រីនឹងឆ្លើយតបវិញថា ប្រសិនបើបងស្រឡាញ់អូនហើយ បងនិងអូនចេញក្រៅដើម្បីវាយសីរោមមាន់បណ្ដើរ ច្រៀងបណ្ដើរផងណា។ នៅពេលយល់ស្របវាយសីហើយច្រៀងសាសងគ្នា គឺពួកគេបានសម្ដែងមនោសញ្ចេតនារបស់ខ្លួនហើយ ដើម្បីក្រោយមកនឹងចាប់ផ្ដើមស្វែងយល់គ្នា។

ចំពោះប្រជាជនជនជាតិ Mong ថ្វីត្បិតតែជីវភាពជួបការលំបាកជាច្រើន ហើយជាប់មមាញឹកប្រកបរបរចិញ្ចឹមជីវិតពេញមួយឆ្នាំក៏ដោយ ប៉ុន្តែនៅពេលបុណ្យចូលឆ្នាំថ្មី ឬពិធីបុណ្យទាននានាមកដល់ម្ដងៗ នៅតាម ភូមិឃុំទាំងអស់សុទ្ធតែរៀបចំល្បែងនេះ ពីព្រោះវាបង្ហាញនូវលក្ខណៈវប្បធម៌ដ៏ស្រស់ស្អាតរបស់ជនជាតិ Mong៕

ប្រតិកម្មទៅវិញ

ផ្សេងៗ