កិច្ចប្រជុំលើកទី៩នៃក្រុមការងារនៃក្រុមប្រឹក្សាសម្របសម្រួលអាស៊ានស្តីពីបញ្ហាទីម័រខាងកើតសូមចូលរួមអាស៊ាន

(VOVWORLD) -  កិច្ចប្រជុំលើកទី៩ ក្រុមការងារ ក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន (ACCWG) បានធ្វើឡើងនារសៀលថ្ងៃទី ៥ ខែមិនា នៅទីក្រុងដាណាំង (វៀតណាម) ក្រោមអធិបតីភាពរបស់អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក Nguyen Quoc Dung ប្រធានគណៈប្រតិភូមន្ត្រីជាន់ខ្ពស់វៀតណាមប្រចាំអាស៊ាន។

កិច្ចប្រជុំលើកទី៩នៃក្រុមការងារនៃក្រុមប្រឹក្សាសម្របសម្រួលអាស៊ានស្តីពីបញ្ហាទីម័រខាងកើតសូមចូលរួមអាស៊ាន - ảnh 1 ទិដ្ឋភាពនៃកិច្ចប្រជុំ

នៅក្នុងកិច្ចប្រជុំ តំណាងចូលរួមបានពិភាក្សាអំពីការងារគាំទ្រទីម័រខាងកើត ក្នុងកាបង្កើនសមត្ថភាព និងត្រៀមគ្រប់ទិដ្ឋភាពសម្រាប់ចូលរួមអាស៊ាន។ តាមការគ្រោងទុកនៅឆ្នាំនេះ ក្រុមបេសកកម្ម នៃ សសរស្តម្ភ សេដ្ឋកិច្ច (AEC) និងវប្បធម៌-សង្គម (ASCC) នឹងធ្វើដំណើរទៅកាន់ទីម័រខាងកើត ដើម្បីធ្វើការវាយតម្លៃអំពីសមត្ថភាពនិងការត្រៀមខ្លួនរបស់ប្រទេសនេះផងដែរ។

ថ្លែងក្នុងកិច្ចប្រជុំ ក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២០ អនុរដ្ឋមន្រ្តីការបរទេស លោក Nguyen Quoc Dung បានសង្កត់ធ្ងន់លើបេសកកម្មរបស់ក្រុមការងារ ក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន គឺសិក្សាស្រាវជ្រាវនិងវាយតម្លៃសមត្ថភាពក៏ដូចជា កម្រិតនៃការត្រៀមខ្លួនរបស់ទីម័រខាងកើតចូលរួមក្នុងអាស៊ាននិងផល ប៉ះពាល់របស់វាលើអាស៊ាន។ អនុរដ្ឋមន្រ្តីលោក Nguyen Quoc Dung បានអះអាងថា រួមជាមួយបណ្តាប្រទេសអាស៊ាន វៀតណាមនឹងបន្តផ្តល់ការគាំទ្រសមស្របដល់ទីម័រខាងកើត ក្នុងនោះមានការចែករំលែក បទពិសោធន៍ស្តីពីការត្រៀមរៀបចំចូលរួមអាស៊ាន។

សូមរំលឹកថា ទីម័រខាងកើតបានដាក់ពាក្យចូលជាសមាជិកអាស៊ានជាផ្លូវការតាំងពីឆ្នាំ ២០១១។ ក្នុងឆ្នាំ ២០១២ មេដឹកនាំអាស៊ានបានដឹកនាំការបង្កើតក្រុមការងារនៃក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន ដើម្បីពិនិត្យនិងវាយតម្លៃសមត្ថភាពនិងការត្រៀមខ្លួនរបស់ទីម័រខាងកើត ក៏ដូចជាផលប៉ះពាល់នៃការពង្រីកសមាជិកភាព។ លទ្ធផលនិងអនុសាសន៍របស់ក្រុមការងារនឹងត្រូវរាយការណ៌ជូនក្រុមប្រឹក្សាសម្របសម្រួលអាស៊ានដើម្បីធ្វើការពិចារណាមុននឹងដាក់ជូនថ្នាក់ដឹកនាំជាន់ខ្ពស់ដើម្បីធ្វើការសម្រេចចិត្ត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ