ខេត្តក្វាងនិញ អនុវត្តការគ្រប់គ្រងឌីជីថលអ្នកទេសចរដែលមកទស្សនាឈូងសមុទ្រហាឡុង
(VOVWORLD) - ចាប់ពីថ្ងៃទី១០ ខែធ្នូ ខេត្តក្វាងនិញ តម្រូវឱ្យភ្នាក់ងារទេសចរណ៍ និងអ្នកលក់សំបុត្រប្រមូលព័ត៌មានពេញលេញរបស់អ្នកទេសចរនៅពេលមកទស្សនាឈូងសមុទ្រហាឡុង ដើម្បីបង្កើនការគ្រប់គ្រង និងបម្រើដល់ការផ្លាស់ប្តូរឌីជីថល។ យោងតាមបទប្បញ្ញត្តិថ្មី អ្នកទេសចរវៀតណាមត្រូវតែបង្ហាញអត្តសញ្ញាណប័ណ្ណពលរដ្ឋ ឬលេខកូដអត្តសញ្ញាណរបស់ខ្លួន។
ភ្ញៀវទេសចរបង់ថ្លែដោយមិនប្រើសាច់ប្រាក់នៅពេលទៅទស្សនាឈូងសមុទ្រហាឡុង។ រូបថត៖ quangninh.gov.vn |
អ្នកទេសចរអន្តរជាតិផ្តល់ព័ត៌មានលិខិតឆ្លងដែន និងសញ្ជាតិ។ កុមារ និងមនុស្សដែលគ្មានឯកសារគ្រប់គ្រាន់ប្រើប្រាស់ព័ត៌មានអាណាព្យាបាល។ ព័ត៌មានអត្តសញ្ញាណនេះនឹងត្រូវបានផ្តល់ជូនបុគ្គលិកលក់សំបុត្រ និងត្រួតពិនិត្យនៅកំពង់ផែអ្នកដំណើរអន្តរជាតិហាឡុង និងកំពង់ផែអ្នកដំណើរអន្តរជាតិទួនចូវ។
គណៈកម្មការគ្រប់គ្រងបេតិកភណ្ឌពិភពលោកហាឡុង - អៀនទឺ បានឲ្យដឹងថា ទិន្នន័យត្រូវបានប្រើប្រាស់សម្រាប់គោលបំណងត្រឹមត្រូវ ដោយធានាសុវត្ថិភាព។ អង្គភាពនេះមានគោលបំណងបំពេញមូលដ្ឋានទិន្នន័យ និងអនុវត្តបច្ចេកវិទ្យាក្នុងការលក់សំបុត្រត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២៦។
ណៃនាំដល់ភ្ញៀវទេសចរណ៍អំពីការទិញសំបុត្រនៅកំពង់ផែដឹកអ្នកដំណើរអន្តរជាតិហាឡុង (រូបថត៖ VOV) |
មុននោះ ខេត្តក្វាងនិញ បានសម្របសម្រួលជាមួយធនាគារ Vietcombank និងដៃគូ ដើម្បីដាក់ពង្រាយ VietQR Global សម្រាប់អ្នកទេសចរឆ្លងដែន។ ដូច្នេះ ចាប់ពីខែធ្នូ ឆ្នាំ២០២៥ អ្នកទេសចរចិនអាចស្កេនលេខកូដ QR ដោយប្រើកម្មវិធីទូទាត់ដែលធ្លាប់ស្គាល់នៅចំណុចសេវាកម្មជាច្រើននៅក្នុងខេត្ត។
ខេត្តក៏កំពុងលើកកម្ពស់ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីទេសចរណ៍ឌីជីថលផងដែរ ជាមួយនឹងផែនទីអនឡាញដែលរួមបញ្ចូលគោលដៅរាប់ពាន់ ដែលអនុញ្ញាតឱ្យអ្នកទេសចរស្វែងរកព័ត៌មាន ទិសដៅ វាយតម្លៃសេវាកម្ម និងទទួលបានការណែនាំអំពីដំណើរកម្សាន្តតាមរយៈកម្មវិធី ឬលេខកូដ QR៕