គណៈប្រតិភូតាលីបង់ទៅកាន់អ៊ូសបេគីស្ថានដើម្បីពិភាក្សាពីពាណិជ្ជកម្មនិងជំនួយមនុស្សធម៌

(VOVWORLD) - នៅថ្ងៃទី ១៦ ខែតុលា គណៈប្រតិភូតាលីបង់មកពីអាហ្វហ្គានីស្ថានបានទៅដល់ប្រទេសអ៊ូសបេគីស្ថាន  ដើម្បីពិភាក្សាពីបញ្ហាជំនួយមនុស្សធម៌និងពាណិជ្ជកម្ម។ 

កិច្ចពិភាក្សារវាងតំណាងក្រសួងការបរទេសអ៊ូបេគីស្ថាននិងគណៈប្រតិភូតាលីបង់របស់អាហ្វហ្គានីស្ថានបានប្រព្រឹត្តិទៅនៅទីក្រុង Termez នៅតាមព្រំដែននៃប្រទេសទាំងពីរ។ រយៈពេលកន្លងទៅ ទីក្រុងនេះបានក្លាយជាមជ្ឈមណ្ឌលឆ្លងកាត់សម្រាប់ជំនួយមនុស្សធម៌តាមផ្លូវអាកាសសម្រាប់អាហ្វហ្គានីស្ថាន។ យោងតាមសេចក្តីប្រកាសមួយ ភាគីទាំងពីរបានពិភាក្សាអំពីបញ្ហាពាណិជ្ជកម្ម និងអន្តរកម្មសេដ្ឋកិច្ច ធានាសន្តិសុខខ្សៃព្រំដែន កិច្ចសហប្រតិបត្តិការលើវិស័យថាមពល និងការដឹកជញ្ជូនអន្តរជាតិផងដែរ។

នាពេលថ្មីៗនេះ រដ្ឋាភិបាលថ្មីនៅអាហ្វហ្គានីស្ថានបានជំរុញកិច្ចខិតខំប្រឹងប្រែងការទូត ដើម្បីអំពាវនាវឱ្យមានការទទួលស្គាល់ពីសហគមន៍អន្តរជាតិ ក៏ដូចជាសកម្មភាពផ្តល់ជំនួយ ដើម្បី ចៀសវាងគ្រោះមហន្តរាយមនុស្សធម៌នៅក្នុងប្រទេស បន្ទាប់ពីក្រុមតាលីបង់បានវិលត្រឡប់មកកាន់អំណាចវិញកាលពីខែសីហាឆ្នាំ២០២១នេះ។

ក្រុមតាលីបង់ក៏បានសន្យាផងដែរថា នឹងអនុវត្តន៍គោលនយោបាយថ្មីដែលមានភាពតឹងតែងតិចជាងសម័យកាលកាន់អំណាចកាលពី ២០ឆ្នាំមុន។ បច្ចុប្បន្ន សហគមន៍អន្តរជាតិនៅតែឈ្លាំមើលចំណាត់ការថ្មីរបស់ក្រុមតាលីបង់ក្នុងការគ្រប់គ្រងប្រទេស ដែលក្នុងនោះសិទ្ធិស្ត្រីនិងកុមារីត្រូវបានយកចិត្តទុកដាក់ពិសេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ