ធុរកិច្ចអាមេរិក៖ វៀតណាមគឺជាគោលដៅសម្រាប់ការអភិវឌ្ឍនិងឱកាសវិនិយោគ

(VOVWORLD) - ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ ខែមីនា តំណាងក្រុមហ៊ុននិងសាជីវកម្មអាមេរិកជាង ៥០ រួមទាំងវិស័យការពារជាតិ ឱសថ ក្រុមហ៊ុនបច្ចេកវិទ្យាជាដើម បានមកវៀតណាមដើម្បីពិភាក្សាអំពីឱកាសវិនិយោគ និងធុរកិច្ចតាមកម្មវិធីប្រចាំឆ្នាំដែលរៀបចំដោយក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (USABC)។  
ដំណើរទស្សនកិច្ចនេះមានអ្នកល្បីឈ្មោះជាច្រើនដែលមានបំណង ឬបានបណ្តាក់ទុន និងចង់ពង្រីកការវិនិយោគនៅវៀតណាម ដូចជា SpaceX, Netflix, Boeing, Lockheed Martin, Bell, Pfizer, Apple, Coca-Cola និង PepsiCo, Meta, Roblox, UL Solutions, MSD ....។ នេះគឺជាបេសកកម្មពាណិជ្ជកម្មដ៏ធំបំផុតរបស់សហរដ្ឋអាមេរិកដែលមិនធ្លាប់មានមកកាន់ប្រទេសវៀតណាម។
ធុរកិច្ចអាមេរិក៖ វៀតណាមគឺជាគោលដៅសម្រាប់ការអភិវឌ្ឍនិងឱកាសវិនិយោគ - ảnh 1ចំនួនធុរកិច្ចអាមេរិកដែលវិនិយោគចូលវៀតណាមច្រើនបំផុតមិនធ្លាប់មានពីមុនមក។ (រូបថត៖ baodautu.vn)

យោងតាមការវាយតម្លៃរបស់លោក Ted Osius អតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅវៀតណាម ប្រធាននិងជានាយកប្រតិបត្តិនៃ USABC ថា ក្រុមហ៊ុនអាមេរិកកំពុងមើលឃើញពីនិន្នាការនៃការបន្តពង្រីកមជ្ឈមណ្ឌលផលិតកម្ម និងបណ្តាញផ្គត់ផ្គង់សកលនៅវៀតណាមក្នុងវិស័យ semiconductors FMCG (ទំនិញប្រើប្រាស់លឿនរហ័ស) ប្រដាប់ប្រដាក្មេងលេង គ្រឿងសង្ហារឹម អាហារ និងអាហារ សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចច្នៃប្រឌិត សេវាធនាគារ  ហិរញ្ញវត្ថុ និងការថែទាំសុខភាព។ ធុរកិច្ចអាមេរិកបានមើលឃើញពីតម្រូវការ និងឱកាសដ៏ធំធេងពីទីផ្សារវៀតណាម ប្រការនេះត្រូវបានបង្ហាញដោយការពិតដែលថា អាជីវកម្មអាមេរិកជាច្រើនមិនទាន់បានវិនិយោគនៅវៀតណាម ប៉ុន្តែឥឡូវនេះក៏មានការចាប់អារម្មណ៍ខ្លាំងផងដែរ ព្រោះថា ពួកគេមើលឃើញឱកាសសម្រាប់ការវិនិយោគ និងអាជីវកម្ម៖ “ដំណើរទស្សនកិច្ចនេះបង្ហាញយ៉ាងច្បាស់នូវទំនុកចិត្តរបស់យើងចំពោះការអភិវឌ្ឍនិងសក្តានុពលរបស់វៀតណាម។ យើងបានឃើញគោលនយោបាយធ្វើពិពិធកម្មរបស់វៀតណាមនាំមកនូវលទ្ធផលវិជ្ជមានជាច្រើន។ ក្នុងរយៈពេល១០ឆ្នាំកន្លងទៅ វៀតណាមសម្រេចបានសមិទ្ធិផលកំណើនគួរឱ្យកត់សម្គាល់។ បច្ចុប្បន្ន អាជីវកម្មអាមេរិកជាច្រើនកំពុងស្វែងរកឱកាសវិនិយោគនៅវៀតណាម ខណៈដែលក្រុមហ៊ុនវៀតណាមដូចជា VinFast និង Sovico ក៏កំពុងវិនិយោគលើទីផ្សារអាមេរិកផងដែរ”។

ចូលរួមជាមួយគណៈប្រតិភូធុរកិច្ចអាមេរិក លោក Rafael Frankel នាយកក្រុមហ៊ុន Meta ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក បានលើកឡើងពីកត្តាមួយចំនួនដែលធ្វើឱ្យធុរកិច្ចអាមេរិកចាប់អារម្មណ៍ក្នុងការវិនិយោគនៅវៀតណាម។ “ទីមួយគឺទេពកោសល្យ ការលះបង់ ការឧស្សាហ៍ព្យាយាម ភាពធន់ និងស្មារតីសហគ្រិនភាពរបស់ប្រជាជនវៀតណាម។ ទាំងនោះជាចរិយាសម្បត្តិដែលជនជាតិវៀតណាមមិនអន់ជាងប្រទេសណាមួយក្នុងពិភពលោក។ ទីពីរ នេះជាប្រទេសមួយដែលយើងជឿជាក់លើការវិនិយោគ ព្រោះយើងជឿជាក់ថាមានអនាគតភ្លឺស្វាងពេលវិនិយោគនៅទីនេះ។ យើងបានឃើញលទ្ធផលនៃការវិនិយោគនោះក្នុងរយៈពេលជាច្រើនឆ្នាំ។ និងទី៣ រដ្ឋាភិបាលវៀតណាមបច្ចុប្បន្នបានអនុវត្តគោលនយោបាយសេដ្ឋកិច្ចបើកចំហ”។

អង្គភាពអាជីវកម្មអាមេរិកវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍន៍លេចធ្លោរបស់វៀតណាមក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ហើយទន្ទឹមនឹងនោះ ទន្ទឹងរង់ចាំបន្តធ្វើការជាមួយអ្នកបង្កើតគោលនយោបាយ ក៏ដូចជាធុរកិច្ចវៀតណាម ដើម្បីឆ្ពោះទៅរកបរិយាកាសពាណិជ្ជកម្មអំណោយផល កំណើនប្រកបដោយចីរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ