បិទកិច្ចប្រជុំបណ្តាប្រធានរដ្ឋសភាពិភពលោក លើកទី ៥

(VOVWORLD) - កិច្ចប្រជុំបណ្តាប្រធានរដ្ឋសភាពិភពលោកលើកទី ៥ បានបិទបញ្ចប់ បន្ទាប់ពីរយៈពេល ២ ថ្ងៃធ្វើការតាមប្រព័ន្ធវីដេអូ។ 
បិទកិច្ចប្រជុំបណ្តាប្រធានរដ្ឋសភាពិភពលោក លើកទី ៥ - ảnh 1ទិដ្ឋភាពនៃកិច្ចប្រជុំ បណ្តាប្រធានរដ្ឋសភាពិភពលោក លើកទី ៥ តាមរយៈប្រព័ន្ធវីដេអូ (រូបថត៖ TTXVN)

នៅក្នុងពិធីបិទ នាយប់ថ្ងៃទី ២០ ខែសីហា តាមម៉ោងទីក្រុងហាណូយ អង្គប្រជុំបានអនុម័តលើសេចក្តីថ្លែងការណ៍ស្តីពីភាពជាអ្នកដឹកនាំសភាដើម្បីអនុវត្តន៍ពហុភាគីនិយម ឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត នាំ មកនូវសន្តិភាព ការអភិវឌ្ឍប្រកបដោយចីរភាពជូនដល់ប្រជាជននិងពិភពលោកទាំងមូល។

សេចក្តីថ្លែងការណ៍បានសង្កត់ធ្ងន់ថា ប្រធានរដ្ឋសភាទាំងអស់និងប្រធានសហភាពសភាពិភពលោកបានអះអាងថា នឹងរួមដំណើរជាមួយសមាជិកសភានិងប្រជាជនជានិច្ច ក្នុងអំឡុងពេលមានចរិតលក្ខណៈប្រវត្តិ សាស្ត្រនេះ ខណៈដែលពិភពលោកទាំងមូលកំពុងប្រឈមនឹងការឆ្លងរាលដាលនៃជំងឺរាតត្បាតកូវីដ ១៩។ ប្រធានរដ្ឋសភាទាំងអស់បានជឿជាក់ថា អង្គការសហប្រជាជាតិកាន់តែមានភាពចាំបាច់ជាងពេលណាៗទាំងអស់ និងជាមូលដ្ឋានគ្រឹះនៃសកម្មភាពសកលខ្លាំងក្លាប្រកបដោយប្រសិទ្ធភាព។

ទន្ទឹមជាមួយគ្នានេះ សេចក្តីប្រកាសនេះក៏បានលើកឡើងអំពីបញ្ហាសន្តិភាពនិងសន្តិសុខអន្តរជាតិ ក៏ដូច ជា ធានាទំនួលខុសត្រូវ ការគោរពច្បាប់និងកិច្ចព្រមព្រៀងអន្តរជាតិលើគ្រប់វិស័យនៃប្រទេសនីមួយៗ រួមទាំងកិច្ចសហប្រតិបត្តិការរបស់សហភាពសភាពិភពលោកនិងអង្គការសហប្រជាជាតិទៀតផង។

ក្នុងនាមជាប្រមុខរដ្ឋសភាវៀតណាម ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានថ្លែងសុន្ទរកថាតាមរយៈប្រព័ន្ធវីដេអូ ជូនដល់អង្គប្រជុំ ស្ដីពីការចូលរួមរបស់រដ្ឋសភាវៀតណាមក្នុងយន្តការអន្តរសភាក្នុងតំបន់និងពិភពលោក រួមចំណែកពង្រឹងសន្តិភាព ជំរុញកិច្ចសហប្រតិបត្តិការនិងអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

សូមគូសបញ្ជាក់ថា កិច្ចប្រជុំបណ្តាប្រធានរដ្ឋសភាពិភពលោកលើកទី ៥ ត្រូវបានប្រារព្ធធ្វើឡើងតាមប្រព័ន្ធវីដេអូ ដោយសហភាពសភាពិភពលោក (IPU) អង្គការសហប្រជាជាតិ (UN) និងរដ្ឋសភាជាតិអូទ្រីស សហការរៀបចំឡើង ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២០៕

ប្រតិកម្មទៅវិញ

ផ្សេងៗ