ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹម លោក Nguyen Van Binh ទទួល​ជួប​ជាមួយអគ្គនាយកអង្គការហិរញ្ញវត្ថុអន្តរជាតិនិងជាអនុប្រធានក្រុមធនាគារពិភពលោក និងប្រធាន Google អាស៊ី - ប៉ាស៊ីហ្វិក

(VOVWORLD) -បក្សនិងរដ្ឋវៀតណាមតែងតែបង្កើតបរិយាកាសអំណោយផលបំផុតដល់សហគ្រាសក្នុងការវិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាម ដែលក្នុងនោះមានទាំងសហគ្រាសក្នុងស្រុក និងសហគ្រាសបរទេស។
ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹម លោក Nguyen Van Binh ទទួល​ជួប​ជាមួយអគ្គនាយកអង្គការហិរញ្ញវត្ថុអន្តរជាតិនិងជាអនុប្រធានក្រុមធនាគារពិភពលោក និងប្រធាន Google អាស៊ី - ប៉ាស៊ីហ្វិក - ảnh 1 ទិដ្ឋភាពនៃជំនួប (រូបថត៖ TTXVN)

នារសៀលថ្ងៃទី ១៥ ខែសីហា នៅទីក្រុងហាណូយ លោក Nguyen Van Binh សមាជិកការិយាល័យនយោបាយ ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមវៀតណាមបានទទួលជួបជាមួយលោក Philippe Le Houérou អគ្គនាយកប្រតិបត្តិអង្គការហិរញ្ញវត្ថុ អន្ដរជាតិ (IFC) និងជាអនុប្រធានក្រុមធនាគារពិភពលោក (WB)។

អញ្ជើញថ្លែងនៅទីនេះ លោក Nguyen Van Binh បានសង្កត់ធ្ងន់ថា វៀតណាមបានវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់ IFC ក្នុងដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់វៀតណាម ព្រមទាំងក្នុងការជួយឧបត្ថម្ភដល់វិស័យឯកជនក្រោមគ្រប់រូបភាពដូចជាលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ហិរញ្ញវត្ថុនិងធនាគារ បច្ចេកវិទ្យា ព័ត៌មាន អប់រំ សុខាភិបាលជាដើម។

ចំណែកឯ លោក Philippe Le Houérou អគ្គនាយក IFC បានវាយតម្លៃខ្ពស់ចំពោះគោលនយោបាយសម្របសម្រួលប្រកបដោយ ប្រសិទ្ធិភាពរបស់វៀតណាមក្នុងការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងអតិផរណានិងជំរុញកំណើន។ ទន្ទឹមនឹងនេះ លោកបានអះអាងថា IFC នឹងបន្តជួយឧបត្ថម្ភដល់វៀតណាមដើម្បីសុក្រិតប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុ អភិវឌ្ឍន៍ទីផ្សារទុន និងថាមពលកកើតឡើងវិញ។

នារសៀលថ្ងៃដដែល លោក Nguyen Van Binh បានអញ្ជើញទទួលជួប លោក Scott Beaumont ប្រធាន Google អាស៊ី - ប៉ាស៊ីហ្វិក។ អញ្ជើញថ្លែងនៅទីនេះ លោក Nguyen Van Binh បានអះអាងថា បក្សនិងរដ្ឋវៀតណាមតែងតែបង្កើតបរិយាកាសអំណោយផលបំផុតដល់សហគ្រាសក្នុងការវិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាម ដែលក្នុងនោះមានទាំងសហគ្រាសក្នុងស្រុក និងសហគ្រាសបរទេស។ លោក  Nguyen Van Binh បានលើកសំណើរថា នៅពេលផ្ដល់សេវាកម្មនៅវៀតណាម នោះ  Google ត្រូវមានការទទួលខុសត្រូវក្នុងការគោរពច្បាប់វៀតណាម និងការពាររាល់សិទ្ធិ ក៏ដូចជាផលប្រយោជន៍ស្របច្បាប់របស់បណ្ដាអង្គការ និងបុគ្គលនានាផងដែរ។

ជាកិច្ចឆ្លើយតប លោក Scott Beaumont ប្រធាន Google អាស៊ី - ប៉ាស៊ីហ្វិកបានចាត់ទុកថា ជាមួយនឹងមូលដ្ឋានគ្រឹះដែលមានស្រាប់ និងគោលដៅអភិវឌ្ឍន៍នាពេលអនាគតនោះ វៀតណាមនឹងទទួលបានផលប្រយោជន៍ពីឌីជីថលភាវូបនីយកម្មសេដ្ឋកិច្ច ហើយភាគី Google នឹងជួយឧបត្ថម្ភវៀតណាមដើម្បីចូលរួមដំណើរការនេះដោយងាយស្រួលបំផុតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ