សារព័ត៌មានអន្តរជាតិលើកសរសើរលោកប្រធានហូជីមិញក្នុងឱកាសរំលឹកខួបលើកទី១៣០ទិវាកំណើតរបស់លោកប្រធាន

(VOVWORLD) - កាសែត Egyptian Gazette កាសែតសាធារណៈជាភាសាអង់គ្លេសដែលមានអាយុកាលច្រើនបំផុតនៅអេហ្ស៊ីប កាលពីថ្ងៃទី១៦ ឧសភា បានចុះផ្សាយអត្ថបទសរសេរជាង២០០០ពាក្យដោយចំណងជើងថា “រូបភាពលោកប្រធានហូជីមិញនៅប្រទេសរបស់ប្រាសាទពីរ៉ាមីត” ក្នុងឱកាសរំលឹកខួបលើកទី១៣០ទិវាកំណើតរបស់លោកប្រធាន។

អត្ថបទសរសេរនេះបានរំលេច រាល់ពលីកម្មនិងការលះបង់របស់លោកប្រធានហូជីមិញចំពោះបុព្វហេតុតស៊ូដណ្ដើមឯករាជ្យនិងបង្រួបបង្រួមមជាតិ។ អ្នកនិពន្ធបានសង្កត់ធ្ងន់ថា ការដឹកនាំដ៏ឈ្លាសវៃរបស់លោកប្រធានហូជីមិញនៅក្នុងការតស៊ូដណ្ដើមឯករាជ្យនៅវៀតណាម បានជះឥទ្ធិពលយ៉ាងខ្លាំងក្លាទៅលើចលនាបដិវត្តន៍ទូទាំងពិភពលោក ជាពិសេសគឺនៅទ្វីបអាហ្វ្រិកនិងតំបន់អាមេរីកឡាទីន។ អ្នកនិពន្ធក៏បានអះអាងដែរថា លោកប្រធានហូជីមិញរួមជាមួយប្រធានាធិបតីអេហ្ស៊ីបលោក Gamal Abdel Nasser បានចាក់គ្រឹះសម្រាប់ទំនាក់ទំនងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ ដើម្បីបន្តរីកចម្រើនយ៉ាងល្អប្រសើររហូតមកដល់សព្វថ្ងៃនេះ។

ក្នុងពេលជាមួយគ្នានោះ កាសែត Ciudad Caracas របស់វេណេហ្ស៊ុយអេឡាបានចុះផ្សាយអត្ថបទសរសេរដែលរំលឹកឡើងវិញនូវព្រឹត្តិការណ៍សំខាន់ៗនៅក្នុងជីវិតនិងអាជីពបដិវត្តន៍របស់លោកប្រធានហូជីមិញ ក្នុងនោះសង្កត់ធ្ងន់ទៅលើការរួមចំណែកដ៏ធំធេងរបស់លោកប្រធានចំពោះបុព្វហេតុបដិវត្តន៍រំដោះប្រទេសវៀតណាម។ អត្ថបទសរសេរនេះបានរំលេចលើគំរូដ៏ល្អឥតខ្ចោះអំពីសីលធម៌បដិវត្តន៍របស់លោកប្រធានហូជីមិញ ព្រមទាំងអះអាងថា សតិអារម្មណ៍របស់លោកប្រធានបានក្លាយទៅជាមូលដ្ឋានគ្រឹះរបស់បក្សកុម្មុយនិស្តវៀតណាម ក៏ដូចជាបុព្វហេតុបដិវត្តន៍របស់ប្រជាជាតិទាំងមូលផងដែរ។ អត្ថបទសរសេរនេះបានធ្វើសន្និដ្ឋានថា ឆាកជីវិតរបស់លោកប្រធានហូជីមិញគឺជានិមិត្តរូបដ៏ខ្ពង់ខ្ពស់នៃស្មារតីបដិវត្តន៍ ឯករាជ្យ សេចក្ដីស្នេហាជាតិនិងសេចក្ដីស្រឡាញ់ចំពោះប្រជាជននិងយុត្តិធម៌។ លោកប្រធានបានបន្សល់ទុកនូវសេចក្ដីស្រឡាញ់មួយដ៏ឥតកោះត្រើយ បញ្ញាមួយដ៏ឆ្លាតវៀងវៃនិងចក្ខុវិស័យមួយដ៏ស៊ីជំរៅនិងគងវង្សជានិច្ចផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ