អ្នកប្រាជ្ញអន្តរជាតិព្យាករណ៍អំពីកិច្ចប្រជុំកំពូលអាមេរិក - ស.ប.ប.កូរ៉េ លើកទី២

(VOVWORLD) -  លោកសាស្ត្រាចារ្យ Xu Liping នាយកមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ី-អាគ្នេយ៍ប្រធានផ្នែកស្រាវជ្រាវវប្បធម៌-សង្គម អាស៊ី-ប៉ាស៊ីហ្វិក នៃវិទ្យាស្ថានសិក្សាយុទ្ធសាស្រ្តសកលនិងអាស៊ី-ប៉ាស៊ីហ្វិក (CASS) ចំណុះវិទ្យាស្ថានវិទ្យាសាស្ត្រ-សង្គមចិន បានព្យាករណ៍ថា កិច្ចប្រជុំកំពូលលើកនេះត្រូវបានរំពឹងទុកថា នឹងទទួលបានជោគជ័យនៅក្នុងវិស័យជាច្រើន។

សាស្រ្តាចារ្យ លោក Xu Liping បានវិភាគថា: ទីមួយ លើវិស័យការទូត អាមេរិកនិងកូរ៉េខាងជើង អាចបង្កើតភ្នាក់ងារទំនាក់ទំនង។ ទីពីរ អាមេរិកនឹងដកផ្នែកមួយនៃការដាក់ទណ្ឌកម្មលើស.ប.ប.កូរ៉េ។ បន្ទាប់មក យោងតាមសាស្ត្រាចារ្យ Xu Liping  ភាគីទាំងពីរអាចសម្រេចបាននូវកិច្ចព្រមព្រៀងជាក់លាក់មួយ ស្តីពីការជំរុញដំណើរការគ្មាននុយ ក្លេអ៊ែរឬកសាងយន្តការសន្តិភាពមួយនៅលើឧបទ្វីបកូរ៉េ។ ទោះជាយ៉ាងណាក៏ដោយ លទ្ធភាពដែលសហរដ្ឋអាមេរិកលុបចោលការហ៊ុំព័ន្ធចំពោះកូរ៉េខាងជើងគឺមិនខ្ពស់ទេ។

ក្នុងពេលជាមួយនោះ សាស្ត្រាចារ្យ Faisal Ahmed ជំនាញការស្រាវជ្រាវខាងបញ្ហាសេដ្ឋ កិច្ច - ភូមិសាស្ត្រប៉ាស៊ីហ្វិក នៃសាកលវិទ្យាល័យ FORE (New Delhi) បានសម្តែងនូវសុទិដ្ឋិនិយមអំពីលទ្ធផលនៃកិច្ចប្រជុំនេះ។  យោងតាមសាស្រ្តាចារ្យ Faisal Ahmed លទ្ធផលទទួលបានពីកិច្ចប្រជុំលើកទី ២នេះ អាចជាការព្រមព្រៀងរវាងភាគីទាំងពីរអំពីដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងវិនិយោគទ្វេភាគីតែប៉ុណ្ណោះ។ ថ្វីត្បិតតែដូច្នេះក៏ដោយ ដំណើរការនេះនឹងកំណត់ពីវិធីលុបបំបាត់បទដាក់ទណ្ឌកម្ម ផ្តល់ជំនួយនិងធានាសន្តិសុខសម្រាប់ស.ប.ប.កូរ៉េ ជាមិនខាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ