អេហ្ស៊ីបជំរុញការដាក់ពង្រាយកងកម្លាំងត្រួតពិនិត្យបទឈប់បាញ់នៅតំបន់ហ្គាហ្សាឱ្យបានឆាប់
(VOVWORLD) - នាថ្ងៃទី៦ ខែធ្នូ រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប លោក Badr Abdelatty បានជំរុញឱ្យភាគីនានាដាក់ពង្រាយកងកម្លាំងត្រួតពិនិត្យបទឈប់បាញ់អន្តរជាតិឱ្យបានឆាប់រហ័សនៅតំបន់ហ្គាហ្សា ស្របតាមដំណាក់កាលទី ២ នៃកិច្ចព្រមព្រៀងបទឈប់បាញ់ រវាងអ៊ីស្រាអែល និងចលនាអ៊ីស្លាមហាម៉ាស។
ទិដ្ឋភាពនៃការបំផ្លិចបំផ្លាញដែលបង្កឡើងដោយជម្លោះនៅទីក្រុង ហ្គាហ្សា នាថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២៥ (រូបថត៖ REUTERS/Dawoud Abu Alkas) |
នៅក្នុងសេចក្តីប្រកាសពាក់ព័ន្ធមួយ ស្តីពីស្ថានភាពនៅតំបន់ហ្គាហ្សា នាយករដ្ឋមន្ត្រីកាតា លោក Mohammed Abdulrahman Al Thani បានឲ្យដឹងថា ទីក្រុងដូហាមិនចាត់ទុកស្ថានភាពបច្ចុប្បន្ននៅក្នុងតំបន់ដីនេះគឺមានបទឈប់បាញ់នោះទេ។ យោងតាមលោក តំបន់ហ្គាហ្សាអាចត្រូវបានចាត់ទុកថាមានបទឈប់បាញ់ លុះត្រាតែអ៊ីស្រាអែលដកកងទ័ពរបស់ខ្លួនចេញពីទឹកដីប៉ាឡេស្ទីននេះទាំងស្រុង។
បន្ទាប់ពីបទឈប់បាញ់នៅហ្គាហ្សាបានចូលជាធរមាននៅថ្ងៃទី ១០ ខែតុលា អ៊ីស្រាអែលបានដកកងទ័ពរបស់ខ្លួនទៅកាន់ "ខ្សែលឿង" ដែលទើបនឹងគូរថ្មី ដោយបែងចែកតំបន់ហ្គាហ្សាជាពីរផ្នែក គឺខាងកើត និងខាងលិច។ យោងតាមផែនការនេះ អ៊ីស្រាអែលត្រូវបើកច្រកព្រំដែនរ៉ាហ្វាឡើងវិញ ប៉ុន្តែបានព្យាយាមពន្យារពេលវាអស់រយៈពេលជាងមួយខែ ដោយសារតែក្រុមហាម៉ាសមិនទាន់បានប្រគល់សាកសពចំណាប់ខ្មាំងដែលនៅសេសសល់។ កាលពីដើមសប្តាហ៍នេះ អ៊ីស្រាអែលបានប្រកាសថា ខ្លួននឹងអនុញ្ញាតឱ្យច្រកព្រំដែនរ៉ាហ្វាបើកឡើងវិញក្នុងទិសដៅតែមួយ ដើម្បីអនុញ្ញាតឱ្យជនជាតិប៉ាឡេស្ទីនចាកចេញពីហ្គាហ្សា។ ទោះជាយ៉ាងណាក៏ ដោយ អេហ្ស៊ីបបានចាត់ទុកថា ជនជាតិប៉ាឡេស្ទីនក៏ត្រូវតែអនុញ្ញាត ឱ្យវិលត្រឡប់ទៅតំបន់នោះវិញផងដែរ។
បច្ចុប្បន្ននេះ ប្រទេសអន្តរការី រួមមានកាតា ទួរគី អេហ្ស៊ីប និងសហរដ្ឋអាមេរិក កំពុង «សម្របសម្រួលដើម្បីជំរុញផែនទីបង្ហាញផ្លូវសម្រាប់ដំណាក់កាលបន្ទាប់» នៅក្នុងតំបន់ហ្គាហ្សា៕