EU បង្កើនវត្តមានរបស់ខ្លួននៅមហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិក

(VOVWORLD) -  កាលពីចុងសប្តាហ៍មុន រដ្ឋមន្រ្តីការបរទេសនៃប្រទេសជាសមាជិកសហភាពអឺរ៉ុប (EU) ចំនួន ២៧ បានអនុម័តលើ “យុទ្ធសាស្ត្រសហប្រតិបត្តិការរបស់សហភាពអឺរ៉ុបប្រចាំតំបន់មហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិក”។ យុទ្ធសាស្ត្រថ្មីនេះ ត្រូវបានរំពឹងថា នឹងជួយលើកកម្ពស់ការចូលរបស់សហភាពអឺរ៉ុបនៅក្នុងតំបន់មហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិក ជាពិសេសជាមួយដៃគូសំខាន់ៗនៅក្នុងតំបន់នេះ។

EU បង្កើនវត្តមានរបស់ខ្លួននៅមហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិក - ảnh 1EU កំពុងបង្ហាញនូវបំណងចង់បង្កើនឥទ្ធិពលនៅក្នុងតំបន់មហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិក (រូបថត៖ UM)

កិច្ចសហប្រតិបត្តិការជាច្រើនប្រភេទ ត្រូវបានលើកឡើងក្នុងយុទ្ធសាស្ត្រ រួមមានពាណិជ្ជកម្មនិងវិនិយោគ ការប្រែប្រួលអាកាសធាតុនិងសេរីភាពក្នុងការធ្វើនាវាចរណ៍ ក៏ដូចជាការគោរពតាមច្បាប់អន្តរជាតិ។ លើសពីនេះទៅទៀត យុទ្ធសាស្រ្តបានសង្កត់ធ្ងន់ទៅលើការបន្តអភិវឌ្ឍន៍ភាពជាដៃគូក្នុងតំបន់ ក្នុងវិស័យសន្តិសុខនិងការពារជាតិ ក្នុងនោះមានការដោះស្រាយបញ្ហាសន្តិសុខដែនសមុទ្រ ព័ត៌មានខុសឆ្គង ភេរវកម្មនិងឧក្រិដ្ឋកម្មមានការរៀបចំជាមុន។

បង្វែទិសឆ្ពោះទៅមជ្ឈមណ្ឌលភូមិសាស្ត្រនយោបាយថ្មីរបស់អាស៊ី

យុទ្ធសាស្ត្រថ្មីរបស់ EU បង្ហាញពីការយល់ដឹងរបស់ប្លុកអំពីសារៈសំខាន់ដែលកំពុងកើនឡើងរបស់តំបន់មហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិក និងរាល់ការប្តេជ្ញាពង្រឹងតួនាទីរបស់ខ្លួនក្នុងកិច្ចសហប្រតិបត្តិការជាមួយដៃគូរបស់ខ្លួននៅទីនេះ។ យុទ្ធសាស្ត្រនេះក៏បង្កលក្ខណៈដល់ការកសាងកិច្ចសហប្រតិបត្តិការប្រកបដោយផលប្រយោជន៍ទៅវិញទៅមករវាង EU និងមហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិក។ កិច្ចសហប្រតិបត្តិការក្នុងតំបន់នេះក៏ជួយ EU ក្នុងការអនុវត្តរបៀបវារៈសកលរបស់សហគមន៍អន្តរជាតិ រួមទាំងការសម្រេចបានរាល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ (SDGs)។

ម៉្យាងវិញទៀត ការដែល EU បានដាក់ចេញនូវយុទ្ធសាស្ត្រសហប្រតិបត្តិការជាមួយមហាសមុទ្រឥណ្ដា - ប៉ាស៊ីហ្វិក ដើម្បីបង្កើនឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់និងឆ្លើយតបទៅនឹងការអំពាវនាវរបស់សហរដ្ឋអាមេរិកដើម្បីជំរុញឱ្យសម្ព័ន្ធមិត្តបង្កើនការចូលរួមនៅក្នុងមហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិក បន្ទាប់ពីអតីតប្រធានា ធិបតី លោក Donald Trump បានបំផុសគំនិតផ្តួចផ្តើម “មហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិកបើកទូលាយនិងដោយសេរី”។ តាមការពិត គោលដៅសំខាន់នៃយុទ្ធសាស្ត្ររបស់រដ្ឋអំណាចវ៉ាស៊ីនតោនគឺដើម្បីទទួលបាននូវឥទ្ធិពលនិងការគ្រប់គ្រងក្នុងតំបន់នេះ ដោយបន្តរក្សាផលប្រយោជន៍សេដ្ឋកិច្ច អំណាចនយោបាយអំណាចយោធា និងការទូតរបស់អាមេរិក។

EU បង្កើនវត្តមានរបស់ខ្លួននៅមហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិក - ảnh 2ក្រុមទាហាននៅលើនាវាបញ្ជានិងចុះចតពហុទិស Tonnerre  នៃនាវាជើងទឹកបារាំងបានត្រៀមចូលចតនៅកំពង់ផែ Cochin នៅ Kochi នៃប្រទេសឥណ្ឌានៅថ្ងៃទី ៣០ ខែមីនាឆ្នាំ ២០២១ (រូបថតៈ AFP)

មុន EU  នៅខែមីនាឆ្នាំ ២០២១ ចក្រភពអង់គ្លេសបានប្រកាសផ្លាស់ប្តូរយុទ្ធសាស្ត្រសំខាន់ៗ ដែលក្នុងនោះបានប្រកាសការ “បង្វែទិស” ទៅកាន់ “មជ្ឈមណ្ឌលភូមិសាស្ត្រនយោបាយ” ថ្មីរបស់ពិភពលោក គឺមហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិក ដោយបានកំណត់នាទីរបស់អង់គ្លេសក្នុងទំនាក់ទំនងនេះ បន្ទាប់ពីចាកចេញពីសហភាពអឺរ៉ុប (EU)។ មុននោះ បារាំងជាប្រទេសដំបូងគេនៅអឺរ៉ុបដែលប្រកាសយុទ្ធសាស្ត្រដោយឡែកអំពីតំបន់នេះ។ ប្រទេសអឺរ៉ុបជាច្រើនទៀតក៏មានការចាប់អារម្មណ៍ដល់តំបន់មហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិកផងដែរ។

ការពង្រឹងតួនាទីនៅក្នុងតំបន់មហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិក

មហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិកដែលមានចំនួនប្រជាជនជិតពាក់កណ្តាលនៃប្រជាជនពិភពលោកស្ថិតក្នុងទីតាំងមណ្ឌលផលប្រយោជន៍យុទ្ធសាស្ត្រនយោបាយនិងសេដ្ឋកិច្ចពិភពលោក។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ EU បានចូលរួមវិភាគទានយ៉ាងសំខាន់ដល់មហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិក ក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍និងជំនួយមនុស្សធម៌ ការឆ្លើយតបការប្រែប្រួលអាកាសធាតុ ការបាត់បង់ជីវចម្រុះ និងការបំពុលបរិស្ថាន ព្រមទាំងចូលរួមចំណែកក្នុងការថែរក្សាច្បាប់អន្តរជាតិស្តីពីសិទ្ធិមនុស្សនិងសេរីភាពក្នុងការធ្វើនាវាចរណ៍។

“យុទ្ធសាស្ត្រសហប្រតិបត្តិការរបស់សហភាពអឺរ៉ុបនៅតំបន់មហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិក” ទើបបានអនុម័ត នាពេលថ្មីៗនេះ ដោយសង្កត់ធ្ងន់ថា EU មានផលប្រយោជន៍យ៉ាងខ្លាំងចំពោះតំបន់មហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិក និងមានផលប្រយោជន៍ទាំងអស់នៅក្នុងតំបន់ក្នុងការថែរក្សារចនាសម្ព័ន្ធតំបន់ដែល បើកចំហនិងផ្អែកលើច្បាប់។ EU បញ្ជាក់ថាខ្លួន នឹងពង្រឹងការចូលរួមកាន់តែស៊ីជម្រៅរបស់ខ្លួននៅក្នុងតំបន់មហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិក និងសហការជាមួយដៃគូក្នុងតំបន់ដើម្បីបំពេញបេសកកម្មរួមគ្នាមួយក្នុងការដោះស្រាយផលប៉ះពាល់អំពីសេដ្ឋកិច្ចនិងមនុស្សនៃវិបត្តិកូវីដ ១៩ ដោយធានាបាននូវការស្តារសេដ្ឋកិច្ច-សង្គមបៃតង ប្រកបដោយនិរន្តរភាពនិងបរិយាប័ន្ន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ