កិច្ចប្រជុំកំពូល COP30៖ បញ្ហាអំពីការកាត់បន្ថយការបំភាយឧស្ម័ន និងកិច្ចសហប្រតិបត្តិការសកល
(VOVWORLD) - កិច្ចប្រជុំកំពូលលើកទី ៣០ នៃបណ្ដាភាគីដែលចូលរួមអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP30) នៅទីក្រុង Belem ប្រទេសប្រេស៊ីល នាថ្ងៃទី ១០ ខែវិច្ឆិកា បានឈានចូលដល់ដំណាក់កាលចរចាដ៏លំបាកជាផ្លូវការ ដើម្បីសម្រេចបាននូវគោលដៅដ៏មហិច្ឆតាលើការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ការផ្លាស់ប្តូរថាមពល និងហិរញ្ញវត្ថុអាកាសធាតុ។
ទិដ្ឋភាពទូទៅនៃពិធីបើកកិច្ចប្រជុំ COP30។ (រូបថត៖ Chu Huong/kinhtemoitruong.vn) |
ប្រព្រឹត្តទៅបន្ទាប់ពីកិច្ចប្រជុំកំពូលអាកាសធាតុ Belem (ថ្ងៃទី ៦-៧ ខែវិច្ឆិកា) កិច្ចប្រជុំ COP30 បានប្រមូលផ្តុំអ្នកតំណាងប្រហែល ៥ ម៉ឺននាក់មកពីប្រទេស និងអង្គការចំនួន ១៩៤ ដែលចូលរួមក្នុងការចរចា ចាប់ពីថ្ងៃទី ១០ ខែវិច្ឆិកា ដល់ថ្ងៃទី ២១ ខែវិច្ឆិកា ទោះបីជាយោងទៅតាមទំលាប់ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ កិច្ចប្រជុំ COP តែងតែមានរយៈពេលយូរជាងការរំពឹងទុកក៏ដោយ។
ផែនទីបង្ហាញផ្លូវសកលថ្មីសម្រាប់ការកាត់បន្ថយការបំភាយឧស្ម័ន
នៅក្នុងកិច្ចប្រជុំ COP ពីរលើកថ្មីៗនេះនៅទីក្រុងឌូបៃ (COP28) និងទីក្រុងបាគូ (COP29) ហិរញ្ញវត្ថុអាកាសធាតុ និងការបញ្ឈប់ការប្រើប្រាស់ឥន្ធនៈហ្វូស៊ីលបានគ្របដណ្ដប់លើការចរចា ប៉ុន្តែនៅក្នុងកិច្ចប្រជុំ COP30 បញ្ហាប្រឈមអំពីការកាត់បន្ថយការបំភាយឧស្ម័នបានវិលត្រឡប់ទៅជាអាទិភាពចម្បងក្នុងការពិភាក្សា ក្នុងបរិបទដែលពិភពលោកកំពុងក្រឡែកមើលឡើងវិញនូវលទ្ធផលក្នុងរយៈពេល ១០ ឆ្នាំនៃការអនុវត្ត
កិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីសឆ្នាំ ២០១៥ ហើយនៅឆ្នាំនេះជាពេលវេលា
ដែលប្រទេសនានាដាក់សំណុំអំពី "ការរួមវិភាគទានដែលបានសម្រេចដោយខ្លួនឯង" (NDC) ក្នុងនោះគូសបញ្ជាក់ពីការសន្យាទាក់ទងនឹងសកម្មភាពអាកាសធាតុ។
នៅក្នុងសម័យបើកពេញអង្គ លោក Simon Stiell លេខាធិការប្រតិបត្តិនៃអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCC) បានព្រមានថា ការសន្យាបច្ចុប្បន្នមិនទាន់លឿនគ្រប់គ្រាន់ដើម្បីកាត់បន្ថយការបំភាយ
ឧស្ម័នសកលនៅឡើយទេ។ យោងតាមលោកស្រី Ilana Seid ឯកអគ្គរដ្ឋទូត ប៉ាឡាវ ប្រចាំអង្គការសហប្រជាជាតិ និងជាអ្នកនាំពាក្យរបស់សម្ព័ន្ធភាពប្រទេសកោះតូចៗ (AOSIS) ពិភពលោកត្រូវកសាងផែនទីបង្ហាញផ្លូវសកលឲ្យបានច្បាស់លាស់ជាងមុន ដែលបញ្ជាក់យ៉ាងច្បាស់ថា តើប្រទេសនីមួយៗនឹងបង្កើនការកាត់បន្ថយការបំភាយ
ឧស្ម័នប៉ុន្មាន ពីព្រោះក្រោយពីការសន្យាជាច្រើនទទួលរងបរាជ័យ ប្រទេសនានានៅ
ក្នុងសម្ព័ន្ធភាព AOSIS ដែលបញ្ចេញឧស្ម័នតិចបំផុត គឺជាប្រទេសដែលរងផល
ប៉ះពាល់ធ្ងន់ធ្ងរបំផុតដោយសារផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។ ដោយ
គាំទ្រដល់តម្រូវការនេះ លោក Johan Rockstrom នាយកវិទ្យាស្ថាន Potsdam សម្រាប់
ការស្រាវជ្រាវផលប៉ះពាល់អាកាសធាតុ (អាល្លឺម៉ង់) បានចាត់ទុកថា ល្បឿនកាត់
បន្ថយការបំភាយឧស្ម័នបច្ចុប្បន្នគឺយឺតពេក ថែមទាំងមានទំនោរថយក្រោយនៅក្នុង
ប្រទេសមួយចំនួនដែលបញ្ចេញឧស្ម័នច្រើនជាងគេ ខណៈដែលផលប៉ះពាល់នៃការ
ប្រែប្រួលអាកាសធាតុកំពុងកើតឡើងជាមួយនឹងកម្រិត និងទំហំ ហួសឆ្ងាយពីការ
ព្យាករណ៍វិទ្យាសាស្ត្រពីមុន៖
“ចាប់តាំងពីឆ្នាំ ២០១៥ នៅពេលដែលកិច្ចព្រមព្រៀងទីក្រុងប៉ារីសត្រូវបានចុះហត្ថលេខា វិទ្យាសាស្ត្របានច្បាស់លាស់ ហើយមជ្ឈដ្ឋាននយោបាយក៏មានភាពច្បាស់
លាស់ផងដែរ។ នោះគឺ យើងត្រូវបញ្ច្រាសទិសកើនឡើងនៃការបំភាយឧស្ម័នសកល យឺតបំផុតត្រឹមឆ្នាំ ២០២០ ហើយកាត់បន្ថយពាក់កណ្ដាលការបំភាយឧស្ម័ន ត្រឹមឆ្នាំ ២០៣០។ នោះគឺជាផែនទីបង្ហាញផ្លូវដ៏ច្បាស់លាស់និងម៉ឺងម៉ាត់ ដើម្បីសម្រេចបាននូវ
គោលដៅ កសាងសេដ្ឋកិច្ចពិភពលោកដែលមានការបំភាយឧស្ម័នសូន្យសុទ្ធត្រឹមឆ្នាំ ២០៥០។ យ៉ាងណាក៏ដោយ ៥ ឆ្នាំនៃទសវត្សរ៍នេះបានកន្លងផុតទៅ ហើយការបំភាយ
ឧស្ម័ននៅតែបន្តកើនឡើង”។
ការសន្យាពីប្រទេសអភិវឌ្ឍន៍
សញ្ញាវិជ្ជមានមួយសម្រាប់រយៈពេល ២ សប្ដាហ៍នៃការចរចា COP30 គឺថារបៀបវារៈត្រូវបានអនុម័តយ៉ាងរលូនមុនពេលបើកសម័យប្រជុំពេញអង្គ ដែលជាប្រការកម្រ
សម្រេចបាននៅក្នុងកិច្ចប្រជុំអាកាសធាតុនាពេលកន្លងមក។ ទោះជាយ៉ាងណាក៏ដោយ ប្រធាន COP30 លោក André Corrêa do Lago អតីតឯកអគ្គរដ្ឋទូតប្រេស៊ីលប្រចាំ
ប្រទេសឥណ្ឌា និងជប៉ុន បានព្រមានអំពីសញ្ញាដែលបង្ហាញថា ប្រទេសអភិវឌ្ឍន៍មួយ
ចំនួនហាក់ដូចជាកំពុងបាត់បង់ការយកចិត្តទុកដាក់ដល់កិច្ចខិតខំប្រឹងប្រែងប្រយុទ្ធ
ប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ដែលបង្ហាញយ៉ាងច្បាស់បំផុតដោយអវត្តមានពី
គណៈប្រតិភូជាន់ខ្ពស់របស់សហរដ្ឋអាមេរិក និងប្រទេសអភិវឌ្ឍន៍មួយចំនួនទៀតនៅ COP30។
លោក André Corrêa do Lago ប្រធាន COP30។ (រូបថត៖ REUTERS/Adriano Machado) |
ទោះជាយ៉ាងណាក៏ដោយ មន្ត្រីប្រេស៊ីលបានអះអាងថា ពហុភាគីនិយម
គឺជាផ្លូវតែមួយគត់ដើម្បីឆ្លើយតបនឹងវិបត្តិអាកាសធាតុ ហើយនេះក៏ជាពេលវេលា
សម្រាប់ "ភាគខាងត្បូងសកល" ពោលគឺក្រុមប្រទេសកំពុងអភិវឌ្ឍន៍ រួមទាំងប្រទេស
ចិន ដើម្បីបង្ហាញឱ្យកាន់តែច្បាស់អំពីតួនាទីនាំមុខគេរបស់ខ្លួន ក្នុងបញ្ហាអាកាសធាតុ។ លោក André Corrêa do Lago ប្រធាន COP30 បានធ្វើអត្ថាធិប្បាយថា៖
“ខ្ញុំគិតថា អវត្តមានរបស់សហរដ្ឋអាមេរិក ភាពស្ទាក់ស្ទើរ និងភាពស្មុគស្មាញក្នុងវិធីដែលប្រទេសអភិវឌ្ឍន៍មួយចំនួនកំពុងឆ្លើយតបទៅនឹងវិបត្តិអាកាសធាតុ បានបើក
ឱកាសឱ្យពិភពលោកមើលឃើញពីប្រការដែលប្រទេសកំពុងអភិវឌ្ឍន៍កំពុងអនុវត្តន៍”។
យោងតាមមជ្ឈដ្ឋានអ្នកសង្កេតការណ៍ សំឡេងរបស់បណ្ដាប្រទេសកំពុង
អភិវឌ្ឍន៍នឹងមានទម្ងន់កាន់តែធ្ងន់នៅក្នុងកិច្ចប្រជុំ COP ប៉ុន្តែក្នុងរយៈពេលវែង កិច្ច
សហប្រតិបត្តិការអន្តរជាតិក្នុងទ្រង់ទ្រាយសកលនៅតែជាកត្តាគន្លឹះមួយ ពីព្រោះ
ប្រទេសអភិវឌ្ឍន៍នៅតែដើរតួនាទីយ៉ាងសំខាន់ក្នុងហិរញ្ញវត្ថុអាកាសធាតុ ឬបច្ចេ
កវិទ្យា។ លើសពីនេះ ការសាងសង់យន្តការគ្រប់គ្រងថ្មី ដូចជាសំណើរបស់ប្រេស៊ីល
ក្នុងការបង្កើតក្រុមប្រឹក្សាអាកាសធាតុដែលក្រោមឱវាទអង្គការសហប្រជាជាតិ ដែល
មានសមត្ថកិច្ចក្នុងការឃ្លាំមើល និងផាកពិន័យប្រទេសដែលមិនគោរពតាមការសន្យា ក៏ទំនងជាមិនអាចទៅរួចបានទេ ដោយគ្មានការគាំទ្រពីប្រទេសអភិវឌ្ឍន៍។ ដូច្នេះ ការចរចារយៈពេលពីរសប្តាហ៍នៅ Belem នឹងមិនងាយស្រួលនោះទេ ទោះបីជារបៀប
វារៈបានចាប់ផ្តើមយ៉ាងរលូនរួចហើយក៏ដោយ៕