កិច្ចប្រជុំកំពូល G7 បង្កប់ដោយប្រធានបទគួរឱ្យចាប់អារម្មណ៍ជាច្រើន

(VOVWORLD) - ទោះបីជាបានប្រារព្ធក្នុងបរិបទដែលសន្តិសុខ និងសេដ្ឋកិច្ចសង្គមរបស់ពិភពលោកកំពុងមានការប្រែប្រួលយ៉ាងស្មុគស្មាញជាច្រើនក្តី ប៉ុន្តែកិច្ចប្រជុំកំពូលនៃប្រទេសឧស្សាហកម្មឈានមុខគេរបស់ពិភពលោក (G7) កំពុងប្រព្រឹត្តទៅនៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ទាក់ទាញការយកចិត្តទុកដាក់ជាពិសេសពីសហគមន៍អន្តរជាតិ។ ក្នុងនោះ សាធារណជនបានផ្តោតការយកចិត្តទុកដាក់បំផុតចំពោះដំណោះស្រាយ និងជំហានបន្ទាប់ដែលមេដឹកនាំ G7 បានដាក់ចេញដើម្បីដោះស្រាយនូវបញ្ហាប្រឈមជាបន្តបន្ទាប់ទាក់ទងនឹងសន្តិសុខ សេដ្ឋកិច្ច ការទូត ជាដើម ដែលពិភពលោកកំពុងប្រឈមមុខ។

កិច្ចប្រជុំកំពូល G7 បង្កប់ដោយប្រធានបទគួរឱ្យចាប់អារម្មណ៍ជាច្រើន - ảnh 1មេដឹកនាំ G7 ចូលរួមកិច្ចប្រជុំកំពូលនៅទីក្រុង Bavaria ប្រទេសអាល្លឺម៉ង់ ថ្ងៃទី ២៦ ខែមិថុនា (រូបថត៖ Reuters)

ប្រារព្ធឡើងនៅថ្ងៃទី ២៦ ខែមិថុនានៅវិមាន Elmau រដ្ឋ Bavaria ភាគខាងត្បូងប្រទេសអាល្លឺម៉ង់ កិច្ចប្រជុំកំពូល G7 លើកទី ៤៨ ក្នុងឆ្នាំ ២០២២ មានការចូលរួមយ៉ាងគ្រប់គ្រាន់ពីប្រមុខនៃប្រទេសសមាជិកចំនួន ៧ គឺអាល្លឺម៉ង់ ចក្រភពអង់គ្លេស បារាំង អ៊ីតាលី ជប៉ុន កាណាដា និងសហរដ្ឋអាមេរិក រួមទាំងមេដឹកនាំកំពូលទាំងពីរនៃសហភាពអឺរ៉ុប (EU) គឺប្រធានគណៈកម្មការអឺរ៉ុប និងប្រធានក្រុមប្រឹក្សាអឺរ៉ុប។ លើសពីនេះ ប្រទេសម្ចាស់ផ្ទះអាល្លឺម៉ង់ក៏បានអញ្ជើញមេដឹកនាំនៃប្រទេសមួយចំនួនមកចូលរួមកិច្ចប្រជុំនេះ ក្នុងនោះមានប្រទេសសមាជិកមួយចំនួននៃក្រុមប្រទេសដែលមានសេដ្ឋកិច្ចអភិវឌ្ឍន៍ និងរីកចម្រើនឈានមុខគេលើពិភពលោក (G20) ផងដែរ។ ទោះជាយ៉ាងណាក៏ដោយ អ្វីដែលសាធារណជនចាប់អារម្មណ៍បំផុតលើ កិច្ចប្រជុំកំពូល G7 លើកនេះគឺរបៀបវារៈ "ក្តៅគកុក" ដែលមេដឹកនាំនៃក្រុមផ្តោតលើការពិភាក្សា។

របៀបវារៈសំខាន់ៗ គួរឲ្យចាប់អារម្មណ៍

ដូចទៅនឹងសេដ្ឋកិច្ចភាគច្រើនក្នុងពិភពលោកដែរ អតិផរណាបានកើនឡើងដល់កម្រិតខ្ពស់ក្នុងរយៈពេលច្រើនទសវត្សរ៍នៅក្នុងបណ្តាខឿនសេដ្ឋកិច្ច G7 ខណៈពេលដែលហានិភ័យនៃវិបត្តិសេដ្ឋកិច្ចក៏ត្រូវបានចាត់ទុកថាធ្ងន់ធ្ងរផងដែរ។ ក្នុងនាមជាប្រទេសនាំមុខគេនៃសេដ្ឋកិច្ចពិភពលោក ប្រទេស G7 កំពុងប្រឈមមុខនឹងសម្ពាធយ៉ាងខ្លាំងក្នុងរឿងនេះ។ ហេតុដូច្នេះហើយបានជានៅថ្ងៃធ្វើការដំបូងនៃសន្និសីទ មេដឹកនាំ G7 បានផ្តោតលើការពិភាក្សាអំពីស្ថានភាពសេដ្ឋកិច្ចពិភពលោក ដោយផ្តោតលើការស្វែងរកការឆ្លើយតបរួមចំពោះបញ្ហាអតិផរណា និងការគំរាមកំហែងនៃវិបត្តិសេដ្ឋកិច្ច។ ថ្លែងនៅក្នុងសន្និសីទនេះ នាយករដ្ឋមន្ត្រីជប៉ុន លោក Kishida Fumio បានសង្កត់ធ្ងន់ជាពិសេសអំពីសារៈសំខាន់នៃការធានាសន្តិសុខសេដ្ឋកិច្ច ដោយនិយាយថា G7 គួរតែធ្វើការរួមគ្នាដើម្បីការពារសេដ្ឋកិច្ចពីការឡើងថ្លៃ។

ប្រធានបទសំខាន់មួយទៀតដែលមេដឹកនាំផ្តោតក្នុងថ្ងៃដំបូងនៃកិច្ចប្រជុំកំពូល G7 ឆ្នាំ ២០២២ គឺគោលនយោបាយការបរទេសនិងសន្តិសុខ។ នៅក្នុងនោះ មេដឹកនាំ G7 បានពិភាក្សាអំពីរបៀបសម្របសម្រួលបញ្ហាទាក់ទងនឹងគោលនយោបាយការបរទេសនិងសន្តិសុខ។ ប្រការនេះភាគច្រើនកើតចេញពីការយល់ឃើញការដែលមេដឹកនាំ G7 បានបញ្ជាក់ម្តងហើយម្តងទៀតមុននោះថា ៖ ជម្លោះនៅអ៊ុយក្រែនបង្កើតបញ្ហាប្រឈមយ៉ាងធ្ងន់ធ្ងរអំពីសន្តិសុខនិងកិច្ចការបរទេស ហើយមិនត្រឹមតែអឺរ៉ុបប៉ុណ្ណោះទេ ថែមទាំងលើពិភពលោកទាំងមូលទៀតផង។

ក្រៅពីបណ្តាបញ្ហាត្រូវបានលើកឡើង ថ្នាក់ដឹកនាំនៃក្រុមប្រទេស G7 ក៏បានផ្តោតការពិភាក្សាលើបញ្ហាប្រធានបទជាបន្តបន្ទាប់ជាមួយសេដ្ឋកិច្ចក៏ដូចជាពិភពលោកទាំងមូលផងដែរ ដោយអាទិភាពកំពូលគឺសន្តិសុខថាមពល និងសុវត្ថិភាពម្ហូបអាហារ ការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ការផ្លាស់ប្តូរឌីជីថល។ របៀបវារៈទាំងនេះឆ្លុះបញ្ចាំងពីកង្វល់ និងបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់ G7 ក្នុងការដើរតួនាទីត្រួសត្រាយ និងឈានមុខគេលើបញ្ហាលេចធ្លោ ឬមានឥទ្ធិពលសកល។

កិច្ចប្រជុំកំពូល G7 បង្កប់ដោយប្រធានបទគួរឱ្យចាប់អារម្មណ៍ជាច្រើន - ảnh 2មេដឹកនាំ G7 និង EU ចូលរួមកិច្ចប្រជុំតាមអ៊ីនធឺណិតជាមួយប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky ក្នុងកិច្ចប្រជុំកំពូល G7 នៅវិមាន Schloss Elmau ទីក្រុង Bavaria ប្រទេសអាល្លឺម៉ង់ ថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២២ (រូបថត៖ Reuters)

ដាក់ចេញដំណោះស្រាយ

ដូចទៅនឹងការព្យាករណ៍របស់អ្នកវិភាគជាច្រើន មេដឹកនាំ G7 និងដៃគូរបស់ខ្លួនបានព្រមព្រៀងគ្នាលើសកម្មភាព និងដំណោះស្រាយមួយចំនួន ដើម្បីដោះស្រាយជាមួយនឹងបញ្ហាប្រឈមទូទៅនាពេលបច្ចុប្បន្ននេះ។ ជាពិសេស G7 បានយល់ព្រមជាមួយប្រទេសដៃគូចំនួនប្រាំ រួមមាន អាហ្សង់ទីន ឥណ្ឌា ឥណ្ឌូនេស៊ី សេណេហ្គាល់ និងអាហ្វ្រិកខាងត្បូង លើគោលការណ៍រួម ដើម្បីពង្រឹងសណ្តាប់ធ្នាប់អន្តរជាតិ។ ទន្ទឹមជាមួយគ្នានេះ G7 ក៏បានយល់ព្រមរួមគ្នាលើកកម្ពស់ការប្រយុទ្ធប្រឆាំងនឹងវិបត្តិអាកាសធាតុ ស្របពេលដែលធានាបាននូវសន្តិសុខថាមពល។ សេចក្តីថ្លែងការណ៍របស់មេដឹកនាំ G7 បានសង្កត់ធ្ងន់លើគោលដៅនៃការលុប ចោលជាបណ្តើរៗធ្យូងថ្ម និងកសាងប្រភពថាមពលស្អាត និងកកើតឡើងវិញ។

មុននេះ មេដឹកនាំ G7 ក៏បានអនុម័តលើផែនការសហប្រតិបត្តិការដ៏មានមហិច្ឆតាមួយហៅថា "កិច្ចព្រមព្រៀងភាពជាដៃគូវិនិយោគ និងហេដ្ឋារចនាសម្ព័ន្ធសកល" ដែលមានតម្លៃ ៦០០ ពាន់លានដុល្លាអាមេរិក ក្នុងដំណាក់កាលពីឥឡូវនេះដល់ឆ្នាំ ២០២៧។  គោលដៅនៃផែនការនេះគឺដើម្បីប្រកួតប្រជែង និងទប់ទល់នឹងការកើនឡើងយ៉ាងខ្លាំងរបស់ប្រទេសចិន។

ទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងបរិបទនៃសន្តិសុខ សេដ្ឋកិច្ច សង្គម និងកិច្ចការបរទេសរបស់ពិភព លោក ដែលទទួលរងនូវការផ្លាស់ប្តូរដ៏ស្មុគស្មាញ រាល់ផែនការ និងដំណោះស្រាយរបស់ G7 ត្រូវបានចាត់ទុកថា ត្រូវប្រឈមមុខនឹងការលំបាក និងបញ្ហាប្រឈមជាច្រើន។ ប្រសិទ្ធភាព និងភាពជោគជ័យនាពេលអនាគតនៃសកម្មភាព និងដំណោះស្រាយបែបនេះគឺអាស្រ័យលើកត្តាជាច្រើន ដែលដឹកនាំដោយការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងរួមគ្នារបស់អ្នកពាក់ព័ន្ធទាំងអស់។

នៅក្នុងបរិបទនោះ អ្នកជំនាញ និងអ្នកវិភាគអន្តរជាតិជាច្រើនបានចែករំលែកទស្សនៈដូចគ្នាថា G7 គួរតែផ្តោតបន្ថែមទៀតលើគោលដៅដែលអាល្លឺម៉ង់ ដែលជាប្រធាន G7 បានកំណត់កាលពីដើមឆ្នាំនេះថា "វឌ្ឍនភាពសម្រាប់ពិភពលោកយុត្តិធម៌"។ ក្នុងកោលដៅនោះ ប្រទេសអាល្លឺម៉ង់មានបំណង ពង្រឹងតួនាទីរបស់ G7 ក្នុងនាមជាស្ពានតភ្ជាប់និងជាអ្នកសម្របសម្រួលសម្រាប់សន្តិភាពនិងសន្តិសុខនៃពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ