ការសុក្រិតច្រករបៀងច្បាប់សម្រាប់សង្គមឌីជីថលប្រកបដោយសុវត្ថិភាពនិងមនុស្សសាស្ត្រ

(VOVWORLD) - ច្បាប់ស្តីពីការផ្លាស់ប្តូរឌីជីថលគ្រោងនឹងត្រូវបានអនុម័តនៅក្នុងសម័យប្រជុំលើកទី ១០ រដ្ឋសភាវៀតណាមនីតិកាលទី១៥។ ច្បាប់នេះមិនត្រឹមតែចែងយ៉ាងច្បាស់អំពី ការទទួលខុសត្រូវរបស់ភ្នាក់ងារ និងអង្គការនានាក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ ឌីជីថល និងទិន្នន័យឌីជីថលប៉ុណ្ណោះទេ ថែមទាំងលើកកម្ពស់សិទ្ធិ កាតព្វកិច្ច និងការ ចូលរួមរបស់ប្រជាជននៅក្នុងលំហឌីជីថលទៀតផង។ នេះគឺជាជំហានមួយដែល បង្ហាញពីការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការស្ថាបនាបរិយាកាសឌីជីថលដើម្បី ប្រជាជន និងដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព។

ការសុក្រិតច្រករបៀងច្បាប់សម្រាប់សង្គមឌីជីថលប្រកបដោយសុវត្ថិភាពនិងមនុស្សសាស្ត្រ - ảnh 1រូបថតឧទាហរណ៍៖ chinhphu.vn

គោលដៅដាក់ប្រជាជនជាស្នូល

សេចក្តីព្រាងច្បាប់ស្តីពីការផ្លាស់ប្តូរឌីជីថលមានជំពូកចំនួន ៨ និងមាត្រាចំនួន ៥១ ដែលធានាបាននូវការធ្វើស្ថាប័នភាវូបនីយកម្មយ៉ាងពេញលេញនូវគោលជំហរ និងគោលមាគ៌ារបស់បក្ស ជាពិសេសសេចក្តីសម្រេចចិត្តលេខ ៥៧ របស់ការិយាល័យនយោបាយ ដើម្បីដោះស្រាយបញ្ហាជាក់ស្តែងដែលការផ្លាស់ប្តូរឌីជីថលរបស់ វៀតណាមកំពុងប្រឈមមុខ។ រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា លោក Nguyen Manh Hung បានបញ្ជាក់ថា៖

“គោលដៅនៃការចេញផ្សាយច្បាប់នេះគឺសំដៅសុក្រិតប្រព័ន្ធច្បាប់ ដើម្បីជំរុញ ការផ្លាស់ប្តូរឌីជីថលលើគ្រប់ជ្រុងជ្រោយ ឆ្ពោះទៅរកការបង្កើតប្រទេសឌីជីថល។ ការ សម្របសម្រួលទំនាក់ទំនងរវាងកម្មវត្ថុនានា ដែលចូលរួមសកម្មភាពក្នុងបរិយាកាស ឌីជីថល បង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការធ្វើសមាហរណកម្ម។ ទាក់ទង នឹងទស្សនៈអំពីការកសាងសេចក្តីព្រាងច្បាប់ គឺធ្វើស្ថាប័នភាវូបនីយកម្មនូវគោលជំហរ របស់បក្ស និងរដ្ឋ ស្តីពីការផ្លាស់ប្តូរឌីជីថលជាតិ ហើយមានភាពស៊ីសង្វាក់គ្នានឹងប្រព័ន្ធ ច្បាប់បច្ចុប្បន្ន ក៏ដូចជាស្របតាមសន្ធិសញ្ញាអន្តរជាតិផងដែរ”។

ច្បាប់ស្តីពីការផ្លាស់ប្តូរឌីជីថលមិនត្រឹមតែបង្កើតច្រករបៀងច្បាប់សម្រាប់ការអភិវឌ្ឍប៉ុណ្ណោះទេ ថែមទាំងដាក់គ្រឹះសម្រាប់សង្គមឌីជីថលប្រកបដោយសុវត្ថិភាព មនុស្ស សាស្ត្រ និងផ្ដោតលើប្រជាជនទៀតផង។ ប្រការនេះត្រូវបានឆ្លុះបញ្ចាំងនៅក្នុងខ្លឹមសារ ជាក់លាក់ជាច្រើន។

ជាដំបូង សកម្មភាពផ្លាស់ប្តូរឌីជីថលទាំងអស់ សុទ្ធតែឆ្ពោះទៅរកបម្រើប្រជាជនឱ្យកាន់តែប្រសើរឡើង ចាប់ពីនីតិវិធីរដ្ឋបាល សេវាសាធារណៈ រហូតដល់សុខាភិបាល ការអប់រំ និងសុខុមាលភាពសង្គម។ លើសពីនេះ ច្បាប់ក៏យកចិត្តទុកដាក់ពិសេសចំពោះការការពារទិន្នន័យបុគ្គល និងសុវត្ថិភាពព័ត៌មាននៅក្នុងលំហអ៊ីនធឺណិត សំដៅកសាងទំនុកចិត្តឌីជីថល ដែលជាកត្តាគន្លឹះដើម្បីឲ្យប្រជាជននឹងនរចិត្តចូលរួម និងទទួលបានអត្ថប្រយោជន៍នៃការផ្លាស់ប្តូរឌីជីថល។

ក្នុងពេលជាមួយគ្នានោះ ច្បាប់បានលើកទឹកចិត្តដល់ការកែលម្អជំនាញឌីជីថល ការផ្សព្វផ្សាយចំណេះដឹងឌីជីថលនៅក្នុងសហគមន៍ ដើម្បីជួយប្រជាជនឱ្យមានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រើប្រាស់បច្ចេកវិទ្យា ជៀសវាងមិនទុកឲ្យខ្លួនឯងត្រូវបំភ្លេចចោលនៅពីក្រោយក្នុងដំណើរការអភិវឌ្ឍន៍នោះឡើយ។ ទាក់ទងនឹងបញ្ហានេះ សមាជិករដ្ឋសភា Nguyen Quang Huan នៃគណៈប្រតិភូទីក្រុងហូជីមិញ បានធ្វើអត្ថាធិប្បាយថា៖

“តាមពិតទៅ យើងត្រូវការច្បាប់ជាបន្ទាន់។ យើងត្រូវការច្បាប់ ដើម្បីអនុវត្តន៍ជាជំហានៗនូវកម្មវិធីសេដ្ឋកិច្ចឌីជីថល រដ្ឋាភិបាលឌីជីថល និងសង្គមឌីជីថល។ ច្បាប់ផ្លាស់ប្តូរឌីជីថលនេះមានលក្ខណៈជាក់លាក់ខ្លាំង ហើយវាក៏ត្រូវបានភ្ជាប់ទៅនឹងច្បាប់មួយចំនួនដែលបានចេញផ្សាយពីមុនផងដែរ ដូចជាច្បាប់ស្តីពីសន្តិសុខតាមអ៊ីនធឺណិត ច្បាប់ស្តីពីប្រតិបត្តិការអេឡិចត្រូនិក។ ច្បាប់ផ្លាស់ប្តូរឌីជីថលផ្តោតលើការកសាងរដ្ឋាភិបាលឌីជីថល សង្គមឌីជីថល ប្រតិបត្តិការឌីជីថល តាមនោះសន្សំសំចៃថ្លៃដើមប្រតិបត្តិការ និងធានាតម្លាភាពព័ត៌មាន។ បច្ចុប្បន្ននេះ ការអនុវត្តកម្រិត "អក្ខរកម្មឌីជីថល" មិនទាន់មានស្មើរភាពនៅឡើយ ដូច្នេះនៅពេលដែលមានច្បាប់ ដំណើរការអនុវត្តន៍ត្រូវបានកំណត់យ៉ាងច្បាស់លាស់ ហើយប្រជាពលរដ្ឋនឹងយល់កាន់តែស៊ីជម្រៅផងដែរ”។

ខ្លឹមសារទាំងអស់នេះបង្ហាញថា ការផ្លាស់ប្តូរឌីជីថលមិនគ្រាន់តែជារឿងរ៉ាវនៃបច្ចេកវិទ្យាប៉ុណ្ណោះទេ ថែមទាំងជារឿងរ៉ាវរបស់មនុស្ស ដែលប្រជាជនជាកម្មវត្ថុផង និងជាអ្នកទទួលផលនៃដំណើរការផ្លាស់ប្ដូរថ្មីផង។

ធានាសុវត្ថិភាពទិន្នន័យ អភិវឌ្ឍន៍វប្បធម៌ឌីជីថល - មូលដ្ឋានគ្រឹះខាងស្មារតីនៃការផ្លាស់ប្តូរឌីជីថល

រួមជាមួយគ្នានោះ ច្បាប់ក៏ពង្រឹងការអប់រំជំនាញឌីជីថល ដោយនាំយកខ្លឹមសារនេះចូលទៅក្នុងសាលារៀន និងចេញផ្សាយស្តង់ដារសមត្ថភាពឌីជីថលជាតិ។ យោង តាមលោក Nguyen Quang Huan សមាជិករដ្ឋសភានៃទីក្រុងហូជីមិញ ការដាក់បញ្ចូល "ការអប់រំវប្បធម៌ឌីជីថល" ទៅក្នុងកម្មវិធីបណ្តុះបណ្តាលធនធានមនុស្សឌីជីថល គឺសំដៅបង្កើតពលរដ្ឋឌីជីថលដែលមានវប្បធម៌ ការទទួលខុសត្រូវ និងសីលធម៌ក្នុង លំហអ៊ីនធឺណិត។ ពីព្រោះមានតែនៅពេលដែលមនុស្សត្រូវបានចិញ្ចឹមបីបាច់ដោយ វប្បធម៌ឌីជីថលប៉ុណ្ណោះ ទើបវៀតណាមអាចធ្វើជាម្ចាស់លើបច្ចេកវិទ្យានិងធ្វើជាម្ចាស់ លើអនាគតយ៉ាងពិតប្រាកដ៖

“សសរស្តម្ភមួយក្នុងការអភិវឌ្ឍសង្គមឌីជីថលគឺត្រូវមានមនុស្ស ហេដ្ឋារចនា សម្ព័ន្ធមនុស្ស ដោយធានាថាហេដ្ឋារចនាសម្ព័ន្ធឌីជីថលនោះ ត្រូវបានថែរក្សា ដំណើរ ការប្រកបដោយស្ថេរភាព ហើយមនុស្សមានឱកាសបង្ហាញទេពកោសល្យ និងចូលរួម ក្នុងដំណើរការផ្លាស់ប្តូរឌីជីថលយ៉ាងទូលំទូលាយ”។

ច្បាប់ស្តីពីការផ្លាស់ប្តូរឌីជីថលមិនត្រឹមតែបង្កើតមូលដ្ឋានគ្រឹះផ្នែកច្បាប់សម្រាប់ដំណើរការផ្លាស់ប្តូរឌីជីថលជាតិប៉ុណ្ណោះទេ ថែមទាំងបញ្ជាក់ពីចក្ខុវិស័យរបស់វៀត ណាមក្នុងការកសាងសង្គមឌីជីថលប្រកបដោយសុវត្ថិភាព មនុស្សសាស្ត្រ និងដើម្បី មនុស្សទៀតផង។ នេះគឺជាការបោះជំហានចាំបាច់ដើម្បីនាំបច្ចេកវិទ្យាមកបម្រើដល់ការអភិវឌ្ឍ ដើម្បីឲ្យការផ្លាស់ប្តូរឌីជីថលពិតជាក្លាយជាកម្លាំងចលករថ្មីនៅលើមាគ៌ាធ្វើទំនើបកម្មប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ