ខែកក្កដា - ខែអនុវត្តន៍សកម្មភាពតបស្នងសងគុណ

(VOVWORLD) -  នាថ្ងៃទី ២៧ ខែកក្កដាជារៀងរាល់ឆ្នាំ នៅវៀតណាមតែងតែប្រារព្ធសកម្មភាពតបស្នងសងគុណជាច្រើន ជូនចំពោះយុទ្ធជនពលី យុទ្ធជនពិការ ក្រុមគ្រួសារគោលនយោបាយនិងអ្នកដែលបានចូលរួមចំណែកក្នុងបុព្វហេតុការពារមាតុភូមិផងដែរ។ ឆ្នាំ ២០២០នេះ ក្នុងឱកាសរំលឹកខួបលើកទី ៧៣ ឆ្នាំនៃទិវាយុទ្ធជនពិការ-យុទ្ធជនពលី សកម្មភាពសំខាន់ៗ ជាច្រើន កំពុងបានប្រារព្ធធ្វើឡើងនៅទូទាំងប្រទេសវៀតណាម ដែលបានបង្ហាញយ៉ាងច្បាស់ពីប្រពៃ ណីមនុស្សធម៌និងទំនួលខុសត្រូវខ្ពស់របស់អាជ្ញាធរនិងប្រជាជនវៀតណាម ចំពោះរាល់ពលីកម្មដ៏ធំធេងរបស់យុទ្ធជនពិការ យុទ្ធជនពលីនិងជនមានគុណូបការៈចំពោះបដិវត្តន៍ទូទាំងប្រទេសផងដែរ។

ខែកក្កដា - ខែអនុវត្តន៍សកម្មភាពតបស្នងសងគុណ - ảnh 1ឧបនាយករដ្ឋមន្ត្រី លោក Truong Hoa Binh អញ្ជើញអុជធូបរំលឹកវិញ្ញាណក្ខ័ន្ធយុទ្ធជនពលីនៅឈាបនដ្ឋាន Truong Son (រូបថតៈ VGP))

ក្នុងខែកក្កដានេះ ថ្នាក់ដឹកនាំវៀតណាម ពីថ្នាក់មជ្ឈឹមដល់ថ្នាក់មូលដ្ឋាន តែងតែបានចុះសួរសុខទុក្ខ ជូនអំណោយដល់ក្រុមគ្រួសារគោលនយោបាយ ទៅអុជធូបនៅឈានបដ្ឋានយុទ្ធជនពលីជាតិនិងមូលដ្ឋាននានា រួមទាំងបានរៀបចំកម្មវិធីផ្សេងៗជាច្រើនទៀត។

ចំណុចលេចធ្លោគួរឲ្យកត់សម្គាល់ក្នុងឆ្នាំ ២០២០

ចំណុចលេចធ្លោមួយគួរឲ្យកត់សម្គាល់ក្នុងចំណោមសកម្មភាពដើម្បីអបអរសាទរ ខួបលើកទី ៧៣ ឆ្នាំនៃទិវាយុទ្ធជនពិការ-យុទ្ធជនពលី គឺកម្មវិធីជួបសំណេះ សំណាលជាមួយប្រតិភូវីវៈអ្នកម្តាយវៀតណាម ចំនួន ៣០០ រូប ដែលតំណាងឲ្យវីរៈអ្នកម្តាយវៀតណាម ៥០០០ រូប កំពុងនៅរស់ទូទាំងប្រទេស។  អញ្ជើញថ្លែងនៅឯបណ្តាពិធីនេះ ថ្នាក់ដឹកនាំរដ្ឋាភិបាលនិងរដ្ឋសភាវៀតណាម សុទ្ធតែបានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការលះបង់ដ៏ធំធេងរបស់វីរៈអ្នកម្តាយវៀតណាម។ ការលះបង់ដ៏ធំធេងរបស់វីរៈអ្នកម្តាយវៀតណាមបានចូលរួមចំណែកបង្កើតឡើងទំព័រប្រវត្តិសាស្ត្រដ៏រុងរឿង ត្រចះត្រចង់របស់ប្រទេសជាតិ។

ក្នុងប៉ុន្មានថ្ងៃនេះ សកម្មភាពចុះសួរសុខទុក្ខនិងជូនអំណោយដល់ក្រុមគ្រួសារគោលនយោបាយ បានប្រព្រឹត្តទៅដំណាលគ្នា នៅតាមមូលដ្ឋាននានា។ ទន្ទឹមជាមួយគ្នានេះ គឺជាសកម្មភាពដុតទៀនតាមឈាបនដ្ឋានទូទាំងប្រទេសដើម្បីគោរពវិញ្ញាណក្ខ័ន្ធដល់យុទ្ធជនពលី។ លោកស្រី Luong Thi Xuyen ជាគ្រូអនុវិទ្យាល័យ Nua Ngam ស្រុក Dien Bien ខេត្ត Dien Bien បានចែករំលែកថា៖ “ជារៀងរាល់ឆ្នាំ ចំទៅនឹងថ្ងៃទី ២៧ ខែកក្កដា នាងខ្ញុំតែងតែទៅអុជធូបនៅឈាបនដ្ឋានយុទ្ធជនពលី។ រាល់ពេលមកដល់ទីនេះ នាងខ្ញុំពិតជារំជួលចិត្តណាស់។ ក្នុងនាមជាកុលបុត្រកុលធីតាលើទឹកដីប្រវត្តិសាស្ត្រនេះ ហើយត្រូវបានដឹងថា ប្រវត្តិសាស្រ្តរបស់វៀត ណាមត្រូវឆ្លងកាត់អំឡុងពេលយ៉ាងយូរ ដើម្បីតស៊ូប្រយុទ្ធ ការពារនិងកសាងប្រទេសជាតិ ដើម្បីមានជីវភាពរស់នៅប្រកបដោយសន្តិភាពដូចសព្វថ្ងៃនេះ។  ខ្ញុំតែងតែប្រាប់ខ្លួនឯងថា ត្រូវខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីបំពេញនូវទំនួលខុសត្រូវរបស់មនុស្សជំនាន់មួយ ផ្សព្វផ្សាយទៅជំនាន់ក្រោយដើម្បីឱ្យមនុស្សគ្រប់គ្នាបានដឹងពីការលះបង់ដ៏អស្ចារ្យរបស់វីរបុរសជាច្រើននៅទីនេះ”។

ខែកក្កដា - ខែអនុវត្តន៍សកម្មភាពតបស្នងសងគុណ - ảnh 2នាព្រឹកថ្ងៃទី ២៤ ខែកក្កដា ប្រតិភូវីរៈអ្នកម្តាយវៀតណាម បានអញ្ជើញចូលវិមានតម្កល់សព គោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ

សកម្មភាពរំលឹកដល់គុណូបការៈដ៏ធំធេងរបស់យុទ្ធជនពិការ យុទ្ធជនពលីនិងប្រជាជនដែលមានគុណូបការៈចំពោះបដិវត្តនេះ ក៏ត្រូវបានស្ថានទូតវៀតណាមនៅតាមបណ្តាប្រទេសមួយចំនួនប្រារព្ធធ្វើឡើងផងដែរ។ នៅក្នុងពិធីរំលឹកវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅនៅវិមានមិត្តភាពវៀតណាម - កម្ពុជា នៅរាជធានីភ្នំពេញសមាគមខ្មែរ - វៀតណាមនិងប្រជាជនវៀតណាមនៅទីនេះ បានគោរពអុជធូប ឧទ្ទិសតបស្នងសងគុណចំពោះគុណបំណាច់ដ៏អស្ចារ្យរបស់វីរជន យុទ្ធជនពលី ដែលបានលះបង់ជីវិតដើម្បីបុព្វហេតុអន្តរជាតិដ៏ថ្លៃថ្លារ ជួយប្រជាជនកម្ពុជាឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ដ៏សាហាវព្រៃផ្សៃ នាំមកនូវការរស់រានមានជីវិតជូនដល់ប្រជាជនកម្ពុជា  រួមចំណែកពូនជ្រុំចំណងមិត្តភាពជាប្រពៃណីនិងសាមគ្គីភាព រវាងប្រជាជនវៀតណាមនិងកម្ពុជា។ លោក Chau Van Chi ប្រធានសមាគមខ្មែរ - វៀតណាមនៅកម្ពុជាបានអះអាងថា៖ “នេះជាសកម្មភាពប្រពៃណីដែលមានគោលបំណងអប់រំយុវជនជំនាន់ក្រោយនៃសហគមន៍ វៀតណាមនៅកម្ពុជា ដើម្បីរំលឹកដល់គុណូបការៈរបស់ជីដូនជីតានិងអ្នកជំនាន់មុន ដើម្បីមនុស្សជំនាន់ក្រោយសិក្សារៀនសូត្របន្ថែម សម្រាប់ពូនជ្រុំចំណងមិត្តភាពរវាងប្រជាជនកម្ពុជានិងវៀតណាមឲ្យស្ថិតស្ថេរជារៀងរហូត”។

អនុវត្តន៍ជាបន្តរាល់គោលនយោបាយមនុស្សធម៌

រហូតមកដល់បច្ចុប្បន្ននេះ គ្រួសារដែលមានគុណបំណាច់ចំពោះបដិវត្តន៍ ចំនួន ៩៧%  ដែលមានជីវភាពរស់នៅខ្ពស់ជាងកម្រិតមធ្យមនៃប្រជាជនដែលរស់នៅក្នុងតំបន់។ ថ្វីត្បិតដូច្នេះក៏ដោយ នៅមានយុទ្ធជនពិការ យុទ្ធជនមានជំងឺជាច្រើន នៅតែរងការឈឺចាប់ដោយរបួសស្នាម  មានយុទ្ធជនពលីជាច្រើនមិនទាន់រកឃើញអដ្ឋិធាតុ មិនទាន់បានកំណត់អត្តសញ្ញាណ  ហើយនៅមានអ្នកដែលមានគុណូបការៈចំពោះបដិវត្តន៍និងសាច់ញ្ញាតិយុទ្ធជនពលីជាច្រើន នៅប្រឈមនឹងការលំបាកក្នុងជីវភាពរស់នៅ។ នៅចំពោះមុខស្ថានភាពនេះបក្ស រដ្ឋនិងប្រជាជនវៀតណាមបានអះអាងថា នឹងបន្តថែរក្សាជីវភាពរស់នៅទាំងខាងសំភារៈនិងខាងស្មារតីរបស់ជនមានគុណូបការៈឲ្យបានកាន់តែល្អប្រសើរជាង។  នៅក្នុងពិធីជួបសំណេះ សំណាលជាមួយប្រតិភូវីរៈអ្នកម្តាយ៣០០រូប នាចុងសប្តាហ៍កន្លងមក នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានលើកច្បាស់ថា៖ “ការអនុវត្តគោលនយោបាយអនុគ្រោះសម្រាប់ជនដែលមានគុណូបការៈគឺជាកាតព្វកិច្ចរយៈពេលវែងនៃប្រព័ន្ធនយោបាយនិងសង្គមទាំងមូល។ យើងបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់នូវគោល ការណ៍ណែនាំរបស់បក្សនិងគោលនយោបាយច្បាប់របស់រដ្ឋ ស្តីពីការងារថែទាំចំពោះប្រជាជនដែលមានគុណូបការៈ ជាពិសេសបន្តជំរុញ ការងារថែរក្សាសម្រាប់ជនមានគុណូបការៈចំពោះបដិវត្តន៍  ដើម្បីខិតខំប្រឹងប្រែងដល់ដំណាច់ឆ្នាំនេះ គ្រួសារជនមានគុណូបការៈចំពោះបដិវត្តន៍ ១០០%  នឹងមាន កម្រិតជីវភាពខ្ពស់ជាង កម្រិតជីវភាពរស់នៅមធ្យមរបស់ប្រជាជននៅហ្វឹងកន្លែងរស់នៅ”។

ប្រវត្តិនៃការតស៊ូដើម្បីការការពារមាតុប្រទេសរបស់ប្រជាជាតិវៀតណាម គឺផ្សាភ្ជាប់ជាមួយនឹងការលះបង់ដ៏វីរភាពរបស់វីរជន យុទ្ធជនពលី និងការបរិច្ចាគទាំងកម្លាំងកាយនិងកម្លាំងចិត្តរបស់ក្រុមគ្រួសារជនមានគុណូបការៈចំពោះបដិវត្តន៍។ ហេតុដូច្នេះ សកម្មភាពតបស្នងសងគុណ រំលឹកដល់យុទ្ធជនពលី បាននិងកំពុងត្រូវបានបក្ស រដ្ឋវៀតណាមតែងតែយកចិត្តទុកដាក់ជានិច្ច ដែលបង្ហាញពីគុណធម៌ផឹកទឹកនឹកដល់ប្រភពដើមរបស់ប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ