គុណតម្លៃរបស់ប្រទេសនិងប្រជាជាតិចែងចាំងពន្លឺក្នុងភាពលំបាកនិងឋិតថេរចិរកាល

(VOVWORLD) -  ទិវាបុណ្យជាតិលើកទី ៧៥ របស់ប្រជាជាតិវៀតណាមបានប្រារព្ធឡើងនៅក្នុងបរិបទដ៏លំបាកមួយ ដោយសារតែផលប៉ះពាល់នៃជំងឺរាត ត្បាតកូវីដ ១៩ លើពិភពលោក។ ប៉ុន្តែ ដូចទៅនឹងរយៈពេលមុននេះ ៣/៤ នៃសតវត្សរ៍នោះដែរ ប្រជាជាតិវៀតណាមបាននិងកំពុងជំនះពុះពាររាល់ការលំបាកទាំងអស់ ដើម្បីបញ្ជាក់ពីគុណតម្លៃប្រពៃណីនិងអនាគតដ៏ភ្លឺស្វាងរបស់ប្រទេសជាតិ។

គុណតម្លៃរបស់ប្រទេសនិងប្រជាជាតិចែងចាំងពន្លឺក្នុងភាពលំបាកនិងឋិតថេរចិរកាល - ảnh 1ទោះបីរងផលប៉ះពាល់ពីរោគរាតត្បាតក៏ដោយ ក៏សេដ្ឋកិច្ចវៀតណាមនៅតែមានស្ថេរភាព GDP ក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២០ នៅតែទទួលបានអត្រាកំណើនសញ្ញាបូកគឺជិត ២% (ប្រភព៖ tapchitaichinh.vn)

ជំងឺរាតត្បាតកូវីដ ១៩ មិនត្រឹមតែជាវិបត្តិផ្នែកសុខាភិបាលប៉ុណ្ណោះទេ ជំងឺរាតត្បាតនេះថែមទាំងកំពុងធ្វើឲ្យស្ថានភាពពិភពលោកកាន់តែយ៉ាប់យឺន ដោយបណ្តាលឲ្យមានការខូចខាតយ៉ាងខ្លាំងខាងសុខភាពនិងអាយុជីវិតរបស់មនុស្ស រួមទាំងបណ្តាលឲ្យសេដ្ឋកិច្ច ពាណិជ្ជកម្មនិងការវិនិយោគធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរនៅទូទាំងពិភពលោក ក្នុងនោះមានទាំងប្រទេសវៀតណាមតែម្តង។ ក្រោមការដឹកនាំរបស់បក្ស និងការប្រកាន់ខ្ជាប់នូវឆន្ទៈនិងស្មារតីរបស់ប្រជាជាតិ រដ្ឋាភិបាលនិងប្រជាជនវៀតណាមបានរួមកម្លាំងកាយចិត្ត មានកាលានុវត្តន៍ភាព និងខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវ “គោលដៅពីរដើរទន្ទឹមគ្នា” ពោលគឺអនុវត្តន៍យ៉ាងមឹងម៉ាត់ ការ “ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតដូចជាការប្រយុទ្ធប្រឆាំងនឹងសត្រូវ” ផង និងប្តេជ្ញារក្សានិងស្តារផលិតកម្មអភិវឌ្ឍសេដ្ឋកិច្ចផង រួមទាំងធានាបាននូវជីវភាពរស់នៅរបស់ប្រជាជនដើម្បី  “គ្មាននរណាម្នាក់ត្រូវបំភ្លេច” ឡើយ។ រហូតមកដល់ពេលនេះ វៀតណាមនៅតែគ្រប់គ្រងយ៉ាងល្អ ជំងឺរាតត្បាតកូវីដ ១៩ ហើយត្រូវបានសហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ផងដែរ។

ទោះបីរងផលប៉ះពាល់ពីជំងឺរាតត្បាតក៏ដោយ ក៏សេដ្ឋកិច្ចរបស់វៀតណាមនៅតែមានស្ថេរភាព ហើយផលិត ផលក្នុងស្រុកសរុប (GDP) ក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២០ នៅតែទទួលបានអត្រាកំណើនវិជ្ជមាន គឺជិត ២% ផងដែរ។ អតិរេកតុល្យភាពពាណិជ្ជកម្មមានចំនួនជិត ១១ ពាន់លានដុល្លារ។ លំហូរវិនិយោគ FDI ចូលមកវៀតណាម បានកើនឡើងយ៉ាងខ្លាំងនៅក្នុងប៉ុន្មានខែកន្លងមក។ យោងតាមតារាងរៀបចំណាត់ថ្នាក់សុខភាពហិរញ្ញវត្ថុនៃទស្សនាវដ្តី The Economist នៅខែឧសភាឆ្នាំ ២០២០ គឺវៀតណាមស្ថិតក្នុងចំណាត់ថ្នាក់ទី ១២/៦៦ ដែលជាសេដ្ឋកិច្ចទើបលេចចេញ និងស្ថិតក្នុងក្រុមសុវត្ថិភាពក្នុងបរិបទនៃជំងឺរាតត្បាត។ ជាមួយគ្នានេះ មុនប៉ុន្មានថ្ងៃនៃពិធីអបអរសាទរទិវាបុណ្យជាតិ លើកទី ៧៥ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc នៅក្នុងសម័យប្រជុំពេញអង្គលើកទី ៦ នៃអនុគណៈកម្មាធិការសេដ្ឋកិច្ចនិងសង្គមដើម្បីត្រៀមរៀបចំមហាសន្និបាតបក្សទូទាំងប្រទេសលើកទី ១៣ បានវាយតម្លៃថា៖ “ក្នុងគ្រាលំបាករួម យើងព្យាយាម យកឈ្នះឧបស័គ្គទាំងនេះ។ គុណតម្លៃរបស់ប្រទេសជាតិនិងគុណតម្លៃរបស់ប្រជាជាតិ នាគ្រាលំបាកត្រូវបានលើកកម្ពស់។  តាមរយៈការស្ទាបស្ទង់មតិសាធារណៈរបស់គណៈកម្មាធិការឃោសនាអប់រំមជ្ឈិម ដែលទើបនឹងប្រកាសគឺ ប្រជាជន ៩៧% ដែលទទួលបានការស្ទង់មតិសុទ្ធតែជឿជាក់លើវិធានការប្រកបដោយប្រសិទ្ធភាពរបស់បក្ស របស់រដ្ឋ ក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាត កូវីដ ១៩។ ប្រការនេះ បានបង្ហាញពីការស្រុះចិត្តរបស់ប្រជាជនចំពោះបក្ស និងចំពោះរដ្ឋាភិបាល។ ហើយនេះគឺជាគ្រឹះសំខាន់សម្រាប់ប្រជាជាតិជំនះពុះពាររាល់ការលំបាក”

គុណតម្លៃរបស់ប្រទេសនិងប្រជាជាតិចែងចាំងពន្លឺក្នុងភាពលំបាកនិងឋិតថេរចិរកាល - ảnh 2លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc អញ្ជ់ើញថ្លែងនៅក្នុងសម័យប្រជុំពេញអង្គលើកទី ៦ នៃអនុគណៈកម្មាធិការសេដ្ឋកិច្ចនិងសង្គមដើម្បីត្រៀមរៀបចំមហាសន្និបាតបក្សទូទាំងប្រទេសលើកទី ១៣

ពីទិវាបុណ្យជាតិទី ២ កញ្ញា ២០២០ យើងនាំគ្នាក្រឡែកមើលកំណាត់ ផ្លូវ ៧៥ មុននេះ ប្រទេសវៀតណាមទទួលបានសមិទ្ធិផលសំខាន់ៗជាច្រើន ជាមួយនឹងកំណើនសេដ្ឋកិច្ចតែងតែរក្សាក្នុងអត្រាមួយខ្ពស់ ហើយជីវភាពរស់នៅរបស់ប្រជាជនមានភាពប្រសើរឡើង ស្ថិរភាពសង្គម - នយោបាយត្រូវបានរក្សាជានិច្ច ហើយសន្តិសុខការពារជាតិក៏ត្រូវបានធានាផងដែរ។ ជាមួយគ្នានេះ វៀតណាមក៏បានបើកទូលាយទំនាក់ទំនងកិច្ចការបរទេសរបស់ខ្លួនចូលរួមយ៉ាងសកម្មចូលក្នុងពិភពលោកនិងរួមចំណែកជាវិជ្ជមាន ដោយមានការទទួលខុសត្រូវចំពោះសន្តិភាពនិងកិច្ចសហប្រតិបត្តិការក្នុងតំបន់និងលើសកលលោក។ ក្នុងបរិបទដ៏លំបាកនេះ រដ្ឋាភិបាលវៀតណាមកំពុងផ្តោតការយកចិត្តទុកដាក់លើការធ្វើល្អនូវការស្ថាបនាការអភិវឌ្ឍនិងប្តេជ្ញាចិត្តដើម្បីប្រតិបត្តិការកាលានុវត្តន៍ភាព ផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ចប្រកបដោយចីរភាពឡើងវិញ  និងផ្លាស់ប្តូរទៅជាសេដ្ឋកិច្ចឌីជីថល ដោយយកការពេញចិត្តរបស់អាជីវកម្មនិងប្រជាជនធ្វើជារង្វាស់នៃប្រសិទ្ធភាពសេដ្ឋកិច្ច។ សមិទ្ធិផលដ៏ធំធេងមានអត្ថន័យជាប្រវត្តិសាស្ត្រក្នុងរយៈពេលកន្លងមក ជាសក្ខីភាពបញ្ជាក់នូវស្មារតីរឹងមាំនិងឆន្ទៈមោះមុតរបស់ប្រជាជនវៀតណាម។ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញផ្តល់អនុសាសន៍បន្ថែមថា៖ “ពិភពលោកទាំងមូលនិងវៀតណាមកំពុងប្រឈមមុខនឹងឧបសគ្គក្នុងការអភិវឌ្ឍន៍បច្ចុប្បន្ន មិនត្រឹមដោយសារជំងឺរាតត្បាតកូវីដ ១៩ ប៉ុណ្ណោះទេ ថែមទាំងជម្លោះពិភពលោកក៏ជះឥទ្ធិពលដល់ការអភិវឌ្ឍន៍ផងដែរ។ យ៉ាងណាមិញសេចក្តីប្រាថ្នាជាតិ ការផ្លាស់ប្តូរថ្មីដោយយកគ្រឹះស្ថានគឺវប្បធម៍និងប្រជាជនវៀតណាម សុទ្ធតែជាបញ្ហាដែលត្រូវអះអាង ដើម្បីជំនះរាល់ការលំបាកជាយុទ្ធសាស្ត្រ ហើយនាំប្រទេសវៀតណាមបោះជំហានទៅមុខ”

គុណតម្លៃរបស់ប្រទេសនិងប្រជាជាតិចែងចាំងពន្លឺក្នុងភាពលំបាកនិងឋិតថេរចិរកាល - ảnh 3ពិធីចាប់ផ្តើមឆ្នាំវៀតណាមកាន់ដំណែងជាប្រធានអាស៊ាន

ទិវាបុណ្យជាតិលើកទី ៧៥ ឆ្នាំរបស់ វៀតណាមស្របពេលដែល វៀតណាមកំពុងដើរតួនាទីជាប្រធានអាស៊ាន ប្រធាន AIPA 41  និងសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ។ ប្រការនេះបង្ហាញពីវត្តមានកាន់តែខ្លាំងឡើងៗ របស់វៀតណាមនៅលើឆាកអន្តរជាតិ និងអះអាងនូវតួនាទី របស់វៀត ណាមក្នុងនាមជាមិត្តនិងជាដៃគូដែលអាចទុកចិត្តបានរបស់មិត្តភក្តិនិងដៃគូអន្តរជាតិ។ ចំពោះមុខនៃការវិវឌ្ឍន៍ដ៏ស្មុគស្មាញនៃជំងឺរាត ត្បាត វៀតណាមបានបង្កើនសកម្មភាពការទូតនិងកិច្ចសហប្រតិបត្តិការអន្តរជាតិ គ្រប់រូបភាពប្រកប ដោយភាពច្នៃប្រឌិតនិងការផ្លាស់ប្តូរជាច្រើន ដូចជាផ្គត់ផ្គង់សំភារៈបរិក្ខាពេទ្យដល់ប្រទេសនិងអង្គការអន្តរជាតិចំនួនជាង៤០ផងដែរ។ ជាមួយគ្នានេះ ចាប់ពីខែកុម្ភៈឆ្នាំ ២០២០ រហូតមកដល់ពេលនេះ វៀតពណាមបានរៀបចំនូវសន្និសីទជាន់ខ្ពស់តាមអ៊ិនធឺរណែតចំនួន ៣០ រួមទាំងការជួបសន្ទនាតាមទូរស័ព្ទរបស់អគ្គលេខាបក្ស ប្រធានរដ្ឋ នាយករដ្ឋមន្រ្តី ប្រធានរដ្ឋសភា ជាមួយថ្នាក់ដឹកនាំនៃប្រទេស អង្គការអន្តរជាតិធំៗ ជាច្រើន ដូចជាអាស៊ាន អង្គការសុខភាពពិភពលោក ក្រុម G20  IPU និងចលនាមិនចូលបក្សសម្ព័ន្ធជាដើម។ ការចូលរួមសមាហរណកម្មគ្រប់ជ្រុងជ្រោយនិងសកម្មបានគូសសញ្ញានូវប្រទេសវៀតណាមមួយលើឆាកអន្តរជាតិ ដោយមានការរួមចំណែកវិជ្ជមានរបស់ខ្លួនចំពោះបុព្វហេតុសន្តិភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍន៍ក្នុងតំបន់និងលើពិភពលោក។

សមិទ្ធិផលឆ្នាំ ២០២០ ក៏ដូចជាសមិទ្ធិផលទទួលបានពីដំណើរការ ៧៥ ឆ្នាំនៃបដិវត្តរដូវស្លឹកឈើជ្រុះ រហូយដល់ពេលនេះបានក្លាយជាគុណតម្លៃដ៏ធំធេងនិងឋិតថេរចិរកាលរបស់ប្រជាជាតិវៀតណាម។ ក្នុងទិវាបុណ្យជាតិនេះ គុណតម្លៃនោះកាន់តែផ្តល់ឱ្យយើងនូវទំនុកចិត្តបន្ថែមទៀតលើអនាគតដ៏ភ្លឺស្វាងរបស់ប្រទេសនិងប្រជាជនវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ