ឆ្នាំ ២០២៥៖ ឆ្នាំនៃទឹកជំនន់ញាំញីនៅទ្វីបអាស៊ី
(VOVWORLD) - បណ្តាប្រទេសអាស៊ីបាននិងកំពុងឆ្លងកាត់ឆ្នាំ ២០២៥ ជាមួយនឹងទឹកជំនន់ជាប្រវត្តិសាស្ត្រ ដែលបង្កផលវិបាកយ៉ាងធ្ងន់ធ្ងរដល់អាយុជីវិតមនុស្ស និងសេដ្ឋកិច្ច និងអាចធ្វើឱ្យខូចខាតដល់គោលដៅអភិវឌ្ឍន៍ជាយុទ្ធសាស្ត្ររយៈពេលវែងជាច្រើន។
ទ្វីបអាស៊ីបានចាប់ផ្តើមឆ្នាំ២០២៥ ជាមួយនឹងទឹកជំនន់នៅភាគខាងត្បូងប្រទេសចិន ហើយកំពុងបញ្ចប់ឆ្នាំ ជាមួយនឹងទឹកជំនន់ប្រវត្តិសាស្ត្រនៅកោះ ស៊ូម៉ាត្រា (ឥណ្ឌូនេស៊ី) ប្រទេសស្រីលង្កា និងភាគកណ្តាលវៀតណាម។
តំបន់មួយដែលរងការលិចលង់ដោយទឹកជំនន់ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងនៅក្នុងទីក្រុង Padang ខេត្ត Sumatra ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៥។ រូបថត៖ REUTERS/Aidil Ichlas |
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ជាប្រវត្តិសាស្ត្រ
យោងតាមតួរលេខដែលប្រកាសដោយអាជ្ញាធរឥណ្ឌូនេស៊ី គិតត្រឹមថ្ងៃទី៤ ខែធ្នូ ប្រទេសនេះបានកត់ត្រាមនុស្សស្លាប់ជាង ៨០០នាក់ និងមនុស្សជាង ៥៦០នាក់បាត់ខ្លួន ដោយសារទឹកជំនន់ និងការរអិលបាក់ដីនៅបណ្តាខេត្ត Aceh ស៊ូម៉ាត្រាខាងជើង និងស៊ូម៉ាត្រាខាងលិច។ មនុស្សប្រហែល ១,៥លាននាក់បានរងផលប៉ះពាល់ដោយទឹកជំនន់ និងការរអិលបាក់ដី ដែលក្នុងនោះជិត ៦០០,០០០នាក់ត្រូវបានជម្លៀសចេញ។
ទន្ទឹមនឹងនេះ អាជ្ញាធរស្រីលង្កាបានឲ្យដឹងថា ទឹកជំនន់នាចុងខែវិច្ឆិកានៅប្រទេសនេះក៏បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤៧៩នាក់ មនុស្សរាប់រយនាក់កំពុងបាត់ខ្លួន ហើយការខាតបង់សេដ្ឋកិច្ចត្រូវបានប៉ាន់ប្រមាណរហូតដល់ ៧ពាន់លានដុល្លារអាមេរិក។ នៅភាគខាងត្បូងប្រទេសថៃ ទឹកជំនន់បានកើនឡើងដល់ ៣ ម៉ែត្រ នៅក្នុងខេត្តសុងក្លា នៅចុងខែវិច្ឆិកា ជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល ១០ ឆ្នាំ ដោយបានសម្លាប់មនុស្ស ១៦២ នាក់ និងបង្ខំឱ្យមនុស្សជាង ៤០.០០០ នាក់ត្រូវជម្លៀសចេញ។ នៅប្រទេសហ្វីលីពីន ជាប្រទេសដែលរងគ្រោះដោយព្យុះទីហ្វុងរាប់សិបដងជារៀងរាល់ឆ្នាំ ទឹកជំនន់នៅឆ្នាំនេះក៏បានសម្លាប់មនុស្សរាប់រយនាក់ និងបង្កការខូចខាតរាប់ពាន់លានដុល្លារអាមេរិកផងដែរ។ នៅវៀតណាម ទឹកជំនន់ប្រវត្តិសាស្ត្រនៅបណ្តាខេត្តភាគកណ្តាលប៉ែកខាងត្បូង នៅខែវិច្ឆិកាក៏បានសម្លាប់មនុស្សរាប់រយនាក់ បំផ្លាញផ្ទះរាប់ពាន់ខ្នង និងបណ្តាលឱ្យមានការខូចខាតរាប់រយលានដុល្លារអាមេរិក។ នៅឆ្នាំ ២០២៥ សូម្បីតែប្រទេសអាស៊ីមួយចំនួនដែលកម្ររងគ្រោះដោយទឹកជំនន់ក៏ត្រូវបានបំផ្លាញដោយគ្រោះធម្មជាតិប្រភេទនេះដែរ ជាពិសេសកូរ៉េខាងត្បូង ដែលមនុស្ស ២០ នាក់បានស្លាប់និងបាត់ខ្លួនដោយសារភ្លៀងធ្លាក់ខ្លាំងក្នុងខែកក្កដា។
អ្នកជំនាញ Davide Faranda នាយកស្រាវជ្រាវរូបវិទ្យាអាកាសធាតុនៅវិទ្យាស្ថានជាតិបារាំង (CNRS) បានចង្អុលបង្ហាញពីភាពមិនប្រក្រតីនៃព្យុះមួយចំនួននៅអាស៊ីនៅឆ្នាំនេះ ដូចជាព្យុះ Matmo (ខែតុលា នៅភាគខាងត្បូងប្រទេសចិន និងប្រទេសវៀតណាម) ឬព្យុះ Ditwah (ចុងខែវិច្ឆិកា នៅស្រីលង្កា) នៅពេលដែលព្យុះទាំងនេះបានបោកបក់ពីរដង ហើយកាន់តែខ្លាំងឡើងនៅពេលចូលដល់ដីគោក ជំនួសឱ្យការរលាយបាត់ទៅដូចធម្មតា។ ដោយពន្យល់ពីបាតុភូតនេះ លោក Davide Faranda បានឲ្យដឹងថា ការឡើងកំដៅភពផែនដីបានបង្កើនសំណើម ហើយរាល់ពេលកើនឡើង ១អង្សាសេ សំណើមនឹងកើន ៧%។ កត្តាទាំងនេះ ធ្វើឱ្យភ្លៀងធ្លាក់ខ្លាំងក្នុងរយៈពេលដ៏យូរ និងខ្លាំងជាងមុន ក្នុងនោះទឹកជំនន់ក្នុងខែវិច្ឆិកានៅភាគកណ្តាលវៀតណាម បានកត់ត្រាទឹកភ្លៀងរហូតដល់ ១.៧៣៩ មីលីម៉ែត្រក្នុងរយៈពេល ២៤ ម៉ោង ដែលជាកម្រិតខ្ពស់បំផុតទីពីរដែលបានកត់ត្រានៅក្នុងប្រវត្តិសាស្ត្រពិភពលោក។
ទឹកជំនន់បង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់អាយុជីវិតមនុស្ស និងទ្រព្យសម្បត្តិនៅប្រទេសវៀតណាម។ រូបថត៖ VOV |
កិច្ចខិតខំប្រឹងប្រែងឆ្លើយតប
បញ្ហាដ៏ធំដែលបណ្តាប្រទេសអាស៊ីកំពុងប្រឈមមុខនាពេលបច្ចុប្បន្ននេះ គឺការកសាងយុទ្ធសាស្ត្រយូរអង្វែង ដើម្បីសម្របខ្លួនទៅនឹងសេណារីយ៉ូនៃការប្រែប្រួលអាកាសធាតុនឹងធ្វើឱ្យភ្លៀង និងទឹកជំនន់កាន់តែធ្ងន់ធ្ងរ និងមិនអាចទាយទុកជាមុនបាន។ យោងតាមអ្នកជំនាញជាច្រើន បច្ចុប្បន្ន ការឆ្លើយតបគឺមិននៅត្រឹមតែជាការឆ្លើយតបនោះទេ ប៉ុន្តែថែមសិក្សាពីការរួមរស់យូរអង្វែង ដោយកាត់បន្ថយការផ្លាស់ទីលំនៅសហគមន៍ទាំងមូលរាល់ពេលដែលគ្រោះមហន្តរាយធម្មជាតិបានកើតឡើងម្តងៗ។ លោកស្រី Ugochi Daniels អគ្គនាយិការងទទួលបន្ទុកប្រតិបត្តិការនៃអង្គការទេសន្តរប្រវេសន៍អន្តរជាតិ (IOM) បានឲ្យដឹងថា៖ “ប្រព័ន្ធព្រមានតាំងពីមុន សេវាស្តារឡើងវិញ និងជីវភាពរស់នៅក្នុងតំបន់ដែលមានហានិភ័យខ្ពស់ គឺជាកត្តាមានលក្ខណៈស្លាប់រស់ ជួយប្រជាជនឱ្យស្នាក់នៅ។ នៅពេលដែលយើងនិយាយជាមួយប្រជាជនដែលត្រូវផ្លាស់ទីលំនៅ (ដោយសារការប្រែប្រួលអាកាសធាតុ) ហើយសួរថា តើពួកគេត្រូវការអ្វី មនុស្សភាគច្រើនគ្រាន់តែចង់ត្រឡប់ទៅផ្ទះវិញ។ ប៉ុន្តែផ្ទះសម្បែងនិងជីវភាពរស់នៅរបស់ពួកគេ បានរងផលប៉ះពាល់ដោយការប្រែប្រួលអាកាសធាតុ ដូច្នេះហើយ យើងត្រូវកសាងភាពធន់សម្រាប់ពួកគេ”។
ទាក់ទងនឹងសេដ្ឋកិច្ច វិស័យជាច្រើនក៏ត្រូវការផ្លាស់ប្តូរយ៉ាងឆាប់រហ័សដើម្បីសម្របខ្លួនទៅនឹងស្ថានភាពថ្មី។ នៅក្នុងវិស័យកសិកម្មនិងរុក្ខាប្រមាញ់ ការអភិវឌ្ឍបៃតង និងការអភិវឌ្ឍប្រកបដោយចីរភាពឥឡូវនេះមិនត្រឹមតែជាគោលដៅដែលត្រូវការខិតខំប្រឹងប្រែងប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកត្តាចាំបាច់មានលក្ខណៈស្លាប់រស់ សម្រាប់សហគមន៍អាស៊ីជាច្រើនផងដែរ។ លើសពីនេះ ទឹកជំនន់ប្រវត្តិសាស្ត្រនៅអាស៊ីក្នុងឆ្នាំនេះក៏បានបន្លឺសំឡេងរោទិ៍ ចំពោះឧស្សាហកម្មធានារ៉ាប់រងអាស៊ីផងដែរ។ យោងតាមអ្នកជំនាញ នៅពេលដែលបាតុភូត អាកាសធាតុធ្ងន់ធ្ងរកើតឡើងជាញឹកញាប់និងកាន់តែខ្លាំងឡើង ទំហំនៃការទូទាត់ធានារ៉ាប់រងក៏បានកើនឡើងដែរ ដែលអាចបង្ខំឱ្យក្រុមហ៊ុនជាច្រើនពិចារណាមិនរាប់បញ្ចូលហានិភ័យមួយចំនួនដែលបណ្តាលមកពីគ្រោះមហន្តរាយធម្មជាតិ នៅក្នុងកិច្ចសន្យាធានារ៉ាប់រង។
ប្រជាជនឆ្លងកាត់ផ្លូវលិចទឹកមួយ បន្ទាប់ពីព្យុះទីហ្វុងនៅក្រុងកេឡានីយ៉ា ប្រទេសស្រីលង្កា កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥។ រូបថត៖ REUTERS/Thilina Kaluthotage |
ទោះជាយ៉ាងណាក៏ដោយ បណ្តារដ្ឋាភិបាលនឹងត្រូវបង្ខំឱ្យបង្កើតគោលនយោបាយ បំពេញចន្លោះប្រហោងធានារ៉ាប់រង ដើម្បីការពារផលប្រយោជន៍របស់មូលដ្ឋាននិងប្រជាជន ពីព្រោះរបាយការណ៍មួយរបស់ធនាគារពិភពលោក (WB) បានបង្ហាញថា ជាង ៩០% នៃការខាតបង់ដោយគ្រោះមហន្តរាយធម្មជាតិ នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍មិនត្រូវបានគ្របដណ្តប់ដោយការធានារ៉ាប់រងនោះទេ ហើយចន្លោះប្រហោងធានារ៉ាប់រងសកលត្រូវបានប៉ាន់ប្រមាណថា មានចំនួនជិត ២.០០០ ពាន់លានដុល្លារអាមេរិក៕