ជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងវៀតណាមនិងបារាំង

(VOVWORLD) - ទទួលសេចក្ដីអញ្ជើញរបស់នាយករដ្ឋមន្រ្តីរដ្ឋាភិបាល វៀតណាមលោក Nguyen Xuan Phuc នាយករដ្ឋមន្រ្តីនៃសាធារណៈរដ្ឋបារាំងលោក Edouard Philippe បានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃ ទី២ដល់ថ្ងៃទិ៤ ខែវិច្ឆិកា ឆ្នាំ២០១៨។ ដំណើរទស្សនកិច្ចនេះប្រព្រឹត្តទៅក្នុងបរិបទ ដែលប្រទេសទាំងពីររំលឹកខួបអនុស្សាវរីយ៍លើកទី៤៥ទិវាបង្កើតទំនាក់ទំនងការ ទូតនិងខួបអនុ ស្សាវរីយ៍លើកទី៥ទិវាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រផងដែរ។

   វៀតណាមនិងបារាំងបានបង្កើតទំនាក់ទំនងការទូតកាលពីឆ្នាំ១៩៧៣ ហើយដល់ឆ្នាំ២០១៣ ប្រទេសទាំងពីរបានលើកទំនាក់ទំនងឡើងភាពជាដៃគូយុទ្ធសាស្ត្រ។ ព្រឹត្តិការណ៍នេះបានបង្កើតសន្ទុះដើម្បីអោយទំនាក់ទំនងរវាងប្រទេសទាំងពីរអភិវឌ្ឍន៍កាន់តែស៊ីជំរៅ ជាក់ស្ដែងនិងប្រកបដោយប្រសិទ្ធភាពពីមួយថ្ងៃទៅមួយថ្ងៃ។

       ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រអភិវឌ្ឍន៍យ៉ាងទូលំទូលាយ

        ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ ប្រទេសទាំងពីរបានផ្លាស់ប្ដូរគណៈប្រតិភូជាន់ខ្ពស់ជាច្រើនលើកច្រើនសារ ហើយក៏បានសហការគ្នារៀបចំឡើងយន្តការទ្វេភាគីនានាដូចជា៖ កិច្ចសន្ទនាយុទ្ធ សាស្ត្រផ្នែកសន្តិសុខការពារជាតិរវាងក្រសួងការបរទេសនិងក្រសួងការពារជាតិវៀតណាមនិងបារាំង ក៏ដូចជាកិច្ចសន្ទនាជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចជាប្រចាំឆ្នាំ ជាដើម។

        លើវិស័យសេដ្ឋកិច្ច បារាំងជាដៃគូពាណិជ្ជកម្មធំទី៥របស់វៀតណាមនៅទ្វីបអឺរ៉ុប (បន្ទាប់ពីអាល្លឺម៉ង់ អង់គ្លេស ហូឡង់និងអ៊ីតាលី)។ ក្នុងឆ្នាំ២០១៧ ទំហំពាណិជ្ជកម្មទ្វេភាគីទទួលបាន៤ពាន់៦រយ លានដុល្លាអាមេរិក ពោលគឺកើនឡើង១១,៦%បើប្រៀបធៀបនឹងឆ្នាំ២០១៦។ រីឯក្នុងឆ្នាំ២០១៨ ទំហំពាណិជ្ជកម្មទ្វេភាគីក្នុងឆមាសទី១ទទួលបាន២ពាន់៣រយលានដុល្លាអាមេរិក។ ឯកអគ្គរដ្ឋទូតវៀត ណាមប្រចាំបារាំងលោក Nguyen Thiep បានវាយតម្លៃចំពោះទំនាក់ទំនងរវាងវៀតណាម-បារាំងយ៉ាងដូច្នេះថា៖

        “ទំនាក់ទំនងរវាងវៀតណាមជាមួយបារាំងកំពុងមានការអភិវឌ្ឍយ៉ាងខ្លាំងក្លា ពិសេសគឺក្រោយដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong កាលពីខែមីនាកន្លងទៅ។ ក្រោយព្រឹត្តិការណ៍នេះ ប្រទេសទាំងពីរបានឯកភាពគ្នាសហប្រតិបតិ្តការលើវិស័យ ជួយឧបត្ថម្ភវៀតណាមក្នុងការកសាងរដ្ឋាភិបាលអេឡិចត្រូនិក។ វិស័យនេះនឹងក្លាយទៅជាសសរទ្រូងនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រទ្វេភាគី ហេតុដូច្នេះហើយ សង្ឃឹមថាក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមរបស់នាយករដ្ឋមន្រ្តីបារាំងលើកនេះ ភាគីទាំងពីរនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីវិស័យនេះ”។

        ចំណែកឯវិស័យវិនិយោគវិញ ក្នុងឆ្នាំ២០១៧ បារាំងឈរនៅលំដាប់ទី៣ក្នុងចំណោមបណ្ដាប្រទេសអឺរ៉ុបនិងឈរលំដាប់ទី១៦ក្នុងចំណោមប្រទេសនិងតំបន់ដែនដីទាំង១១៤ដែលមកបណ្ដាក់ទុននៅ វៀតណាម ដោយមានគម្រោងការណ៍វិនិយោគដែលមានសុពលភាពចំនួន៥១២គម្រោង ក្នុងទុនចុះបញ្ជីសរុបប្រមាណ២ពាន់៨រយលានដុល្លាអាមេរិក។ ប្រភពទុនវិនិយោគដោយផ្ទាល់របស់បារាំងចូលមកវៀតណាមភាគច្រើនហូរចូលទៅក្នុងវិស័យនានាដូចជា៖ ព័ត៌មាននិងផ្សព្វផ្សាយ និងឧស្សាហកម្មកែច្នៃផលិត ជាដើម។ ចំពោះភាគីវៀតណាមវិញ រហូតមកដល់ពេលនេះ សហគ្រាសវៀតណាមមានគម្រោងការណ៍វិនិយោគនៅបារាំងចំនួន៩គម្រោងដោយមានទុនសរុបប្រមាណ៣លានដុល្លាអាមេរិក។ ក្នុងបរិបទដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម-សហភាពអឺរុបគ្រោងនឹងត្រូវបានចុះហត្ថលេខានាចុងឆ្នាំនេះ គឺទំនាក់ទំនងពាណិជ្ជកម្មវិនិយោគរវាងវៀតណាមនិងបារាំងក៏មានឱកាសបន្តអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាថែមទៀតផងដែរ។ ឯកអគ្គរដ្ឋទូតលោក Nguyen Thiep បានអោយដឹងថែមទៀតថា៖

        “បារាំងជាប្រទេសដែលមានគោលជំហរគាំទ្រចំពោះការចុះហត្ថលេខាលើ FTA រវាងវៀតណាមជាមួយ EU។ កិច្ចព្រមព្រៀងនេះមានការពាក់ព័ន្ធដល់ប្រទេសប្រមាណ៤៩លើពិភពលោកក៏ដូចជា៩៨%នៃបរិមាណទំនិញរវាងវៀតណាមនិង EU ផងដែរ។ ប្រកានេះនឹងជួយអោយការផ្លាស់ប្ដូរពាណិជ្ជកម្មរវាងវៀតណាមជាមួយបារាំងមានការកើនឡើងយ៉ាងខ្លាំងក្លាតែម្ដង”។

        និយាយដល់ទំនាក់ទំនងរវាងវៀតណាម-បារាំងគឺមិនអាចរំលងកិច្ចសហប្រតិបតិ្តការរវាងតំបន់នៃប្រទេសទាំងពីរបានឡើយ។ នាបច្ចុប្បន្ន មានតំបន់ចំនួន៣៨កន្លែងរបស់បារាំងដែលមានទំនាក់ទំនងភាពជាដៃគូជាមួយខេត្តក្រុងចំនួន១៨កន្លែងរបស់វៀតណាម។ ក្រៅពីនោះ ប្រទេសទាំងពីរសុទ្ធតែជាសមាជិកនៃអង្គការប្រើប្រាស់ភាសាបារាំងអន្តរជាតិ ហេតុនេះហើយប្រទេសទាំងពីរមានសកម្មភាពសហប្រតិបតិ្តការជាច្រើនពិសេសគឺក្នុងវិស័យបង្រៀនភាសាបារាំង។ នាបច្ចុប្បន្ន មានប្រជាជនវៀតណាមប្រមាណ៣សែននាក់ដែលកំពុងរស់នៅ សិក្សារៀនសូត្រនិងធ្វើការនៅបារាំង ដែលធ្វើជាស្ពានតភ្ជាប់ចំណងមិត្តភាពរវាងប្រទេសទាំងពីរប្រកបដោយប្រសិទ្ធភាព។

       ជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

        ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមរបស់នាយករដ្ឋមន្រ្តីបារាំងលោក Edouard Philippe លើកនេះ ត្រូវបានគេរំពឹងទុកថា នឹងលើកទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងវៀតណាម-បារាំងឡើងកំពស់ថ្មីមួយ ព្រមទាំងសរអោយឃើញថា វៀតណាមជាដៃគូសំខាន់ចំពោះផលប្រយោជន៍របស់បារាំងនៅតំបន់អាស៊ីអាគ្នេយ៍ក៏ដូចជាតំបន់ប៉ាស៊ីហ្វិក-សមុទ្រឥណ្ឌាទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ