ដំណើរទស្សនកិច្ចជាផ្លូវការនៅកម្ពុជារបស់ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc៖ បញ្ជាក់សារជាថ្មីនូវចំណងមិត្តភាពសាមគ្គីភាពរវាងវៀតណាម-កម្ពុជា

(VOVWORLD) - ចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc នឹងអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។ នេះជាដំណើរទស្សនកិច្ចដំបូងរបស់ប្រមុខរដ្ឋវៀតណាមនៅកម្ពុជា បន្ទាប់ពីក្បាលម៉ាស៊ីនដឹកនាំជាន់ខ្ពស់ត្រូវបានពង្រឹងនៅមហាសន្និបាតលើកទី១៣របស់បក្សកុម្មុយនិស្តវៀតណាម។ ក្នុងឱកាសនេះ អ្នកសារព័ត៌មាននៃវិទ្យុផ្សាយសម្លេងវៀតណាមមានបទសម្ភាសន៍ជាមួយលោក ចាយ ណាវុធ ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំវៀតណាម អំពីអត្ថន័យនៃដំណើរទស្សនកិច្ចក៏ដូចជាចំណុចលេចធ្លោនានាក្នុងទំនាក់ទំនងរវាង វៀតណាម-កម្ពុជានាបច្ចុប្បន្ន។ សូមអញ្ជើញលោកអ្នកនាងនិងប្រិយមិត្តតាមដានស្ដាប់។

ដំណើរទស្សនកិច្ចជាផ្លូវការនៅកម្ពុជារបស់ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc៖ បញ្ជាក់សារជាថ្មីនូវចំណងមិត្តភាពសាមគ្គីភាពរវាងវៀតណាម-កម្ពុជា - ảnh 1ឯកឧត្តម ចាយ ណាវុធ ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណៈរដ្ឋសង្គមនិយមវៀតណាម។ (រូបថត៖ Le Chi - VOV5)
 
 អ្នកសារព័ត៌មាន VOV៖ សូមគោរពជម្រាបសួរឯកឧត្តមឯកអគ្គរាជទូត!សូមអរគុណឯកឧត្តមឯកអគ្គរាជទូតដែលបានចំណាយពេលផ្តល់បទសម្ភាសន៍ជាមួយវិទ្យុសម្លេងវៀតណាមនាពេលនេះ។

សូមគោរពឯកឧត្តមថា ថ្ងៃទី ២១ ខែធ្នូ ប្រធានរដ្ឋវៀតណាម ឯកឧត្តម Nguyen Xuan Phuc នឹងអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជា។ នេះជាដំណើរទស្សនកិច្ចលើកដំបូងបំផុតរបស់ប្រមុខរដ្ឋវៀតណាមទៅកាន់ព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះបន្ទាប់ពីការផ្ទុះឡើងនៃជម្ងឺកូវីដ-១៩។ តើឯកឧត្តមឯកអគ្គរាជទូតវាយតម្លៃយ៉ាងដូចម្ត៉េច ពីសារៈសំខាន់នៃដំណើរទស្សនកិច្ចនេះសម្រាប់ទំនាក់ទំនងទ្វេភាគី?

ឯកឧត្តមឯកអគ្គរាជទូត៖ “ដំណើរទស្សនកិច្ចនេះនឹងផ្ដល់នូវផលឬក៏ឆ្លុះបញ្ចាំងនូវទំនាក់ទំនងរវាងកម្ពុជាជាមួយវៀតណាមកាន់តែច្បាស់ ហើយបង្ហាញទៅដល់មតិបណ្ដាប្រទេសនានានៅក្នុងតំបន់ក៏ដូចជាក្នុងសកលលោកអំពីចំណងសាមគ្គីភាពរវាងប្រទេសទាំងពីរ។

កន្លងទៅ នាឆ្នាំ២០២០ កម្ពុជាបានគាំទ្រវៀតណាមសម្រេចជោគជ័យយ៉ាងត្រចះត្រចង់ក្នុងពេលដែលវៀតណាមធ្វើជាប្រធានអាស៊ានទោះជាក្នុងកាលៈទេសៈកូវីដ-១៩ក៏ដោយ ហើយនេះជាប្រការគួរឲ្យស្ងើចសរសើរណាស់។ យើងសូមស្ងើចសរសើរចំពោះថ្នាក់ដឹកនាំនិងបក្សកុម្មុយនិស្តវៀតណាមដែលបានរៀបចំកិច្ចប្រជុំក៏ដូចជាក្នុងពេលដែលធ្វើជាប្រធានអាស៊ានបាននាំអាស៊ានឈានទៅដល់កម្រិតខ្ពស់ដោយឡែកមួយទៀតក្នុងស្ថានភាពកូវីដ-១៩។ នៅឆ្នាំ២០២២នេះ កម្ពុជានឹងធ្វើជាប្រធានអាស៊ាន។ ថ្នាក់ដឹកនាំរបស់ប្រទេសយើងទាំង២តែងតែសន្ទនាគ្នា ភាគច្រើនតាមទូរស័ព្ទឬវីដេអូខនហ្វឺរិន។ ដូច្នេះហើយ ដំណើរទស្សនកិច្ចនេះជាការឆ្លុះបញ្ចាំងកាន់តែច្បាស់ថែមទៀតអំពីស្មារតីសាមគ្គីភាព គាំទ្រគ្នាទៅវិញទៅមកហើយបញ្ជាក់ថា វៀតណាមគាំទ្រកម្ពុជាក្នុងពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ានហើយក្នុងពេលដែលអាស៊ានកំពុងតែប្រឈមនឹងបញ្ហាជាច្រើន។

ខ្ញុំជឿថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តម Nguyen Xuan Phuc នឹងជួយជាផ្នែកស្មារតីហើយក៏ជាការបង្ហាញដល់មតិជាតិនិងអន្តរជាតិថា កម្ពុជានិងវៀតណាមនៅតែងតែប្រកៀកស្មាជាមួយគ្នា គាំទ្រគ្នាទៅវិញទៅមកក្នុងពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាន។ លើសពីនេះទៅទៀតនារយៈពេល កន្លង មកមានកិច្ចព្រមព្រៀងជាច្រើនត្រូវបានចុះហត្ថលេខា ពិសេសគឺពាក់ព័ន្ធដល់ការសាងសង់អគាររដ្ឋបាលមួយនៅរដ្ឋសភាកម្ពុជាដែលជាជំនួយរបស់វៀតណាម។ តាមខ្ញុំដឹងគឺ ឯកឧត្តមប្រធានរដ្ឋនឹងចូលរួមពិធីចុះបឋមសិលានោះដែរ។ នេះក៏ជាតឹកតាងមួយទៀតបង្ហាញថា វៀតណាមបានជួយកម្ពុជាមែនទែន គឺជារូបភាពជាក់ស្ដែងតែម្ដង។ ហើយយើងឃើញថា នៅក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្តមប្រធានរដ្ឋ យើងនឹងបានឃើញមានការសម្រេចចិត្តធំៗជាច្រើនទៀត ដែលកម្ពុជា-វៀតណាមយើងមិននិយាយតែមាត់នោះទេ យើងធ្វើមែនទែន។ ខ្ញុំឃើញថា នឹងមានកិច្ចព្រមព្រៀងជាច្រើនធ្វើឲ្យប្រសើរនិងរីកចម្រើនជាងនេះទៅទៀត ឧទាហរណ៍ថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យទាំងអស់ហើយនឹងកិច្ចព្រមព្រៀងអំពីការសហការគ្នានិងការអភិវឌ្ឍនៅតំបន់ព្រំដែនគឺសំខាន់ណាស់”។

ដំណើរទស្សនកិច្ចជាផ្លូវការនៅកម្ពុជារបស់ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc៖ បញ្ជាក់សារជាថ្មីនូវចំណងមិត្តភាពសាមគ្គីភាពរវាងវៀតណាម-កម្ពុជា - ảnh 2ឯកឧត្តមឯកអគ្គរាជទូតអញ្ជើញឆ្លើយបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននៃវិទ្យុសម្លេងវៀតណាម។ (រូបថត៖ Le Chi - VOV5)

អ្នកសារព័ត៌មាន VOV៖សូមគោរពឯកឧត្តមឯកអគ្គរាជទូត នាពេលកន្លងមកនេះ ទំនាក់ទំនងមិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាមនិងកម្ពុជាត្រូវបានពង្រឹងនិងអភិវឌ្ឍន៍យ៉ាងស៊ីជម្រៅលើគ្រប់វិស័យ។ សូមឯកឧត្តមអាចប្រាប់យើងខ្ញុំ អំពីចំណុចលេចធ្លោនៃទំនាក់ទំនងវៀតណាម-កម្ពុជានៅពេលបច្ចុប្បន្ននេះ បាទ!

ឯកឧត្តមឯកអគ្គរាជទូត៖ “ចំណុចលេចធ្លោបំផុតគឺថា នៅពេលដែលពិភពលោកទាំងមូលប្រឈមនឹងកូវីដ-១៩ ប្រទេសយើងទាំងពីរកម្ពុជា-វៀតណាមបានពួតដៃគ្នាប្រកបដោយប្រសិទ្ធភាពក្នុងការទប់ស្កាត់និងលុបបំបាត់ការរីករាលដាលនៃជម្ងឺកូវីដ-១៩។ ប្រទេសយើងទាំងពីរបានជួយគ្នាទៅវិញទៅមក ទាំងលើគ្រប់វិស័យតាមរយៈកាណាល់ទំនាក់ទំនងរដ្ឋាភិបាល បក្ស និងប្រជាជនយើបានជួយគ្នាទៅវិញទៅមក។ យើងមានទាំងរូបភាពគាំទ្រទាំងខាងសម្ភារៈបរិក្ខារពេទ្យ ថវិកានិងកម្លាំងស្មារតី។

ចំណុចទី២ នាពេលថ្មីៗនេះ ប្រទេសយើងទាំងពីរបានសហការបានយ៉ាងល្អក្នុងការរៀបចំឲ្យមានការអភិវឌ្ឍកិច្ចប្រជុំនៅតាមព្រំដែនរវាងប្រទេសទាំងពីរ។ ទោះបីក្នុងស្ថានភាពកូវីដ-១៩ក៏ដោយ យើងនៅតែសម្រេចបានក្នុងកិច្ចប្រជុំជាច្រើន សំដៅស្វែងរកវិធីដើម្បីអភិវឌ្ឍបណ្ដាខេត្តនៅតាមព្រំដែនឲ្យសមស្របទៅតាមអ្វីៗដែលជាទិសដៅប្រកបដោយប្រសិទ្ធភាពនិងខ្ពង់ខ្ពស់បំផុតរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ធ្វើយ៉ាងណាអភិវឌ្ឍតំបន់ព្រំដែនរបស់យើងទាំងពីរជាតំបន់ព្រំដែនសន្តិភាព ស្ថិរភាព សហប្រតិបត្តិការនិងអភិវឌ្ឍ។ យើងបានឈានដល់ការបោះបង្គោលព្រំដែនគោករវាងប្រទេសយើងទាំងពីរបានរហូតដល់៨៤%ហើយយើងកំពុងតែឈានទៅការបង្ហើយការងារនៅសេសសល់។

ចំណុចទី៣ ប្រទេសយើងទាំងពីរមានការអភិវឌ្ឍខ្លាំងក្លាទោះបីក្នុងស្ថានភាពកូវីដ-១៩ក៏ដោយ គឺគ្រប់វិស័យរបស់យើងបានសហការគ្នាយ៉ាងរឹងមាំថែមទាំងបាន ជួយគ្នាទៅវិញទៅមក។ ពាក់ព័ន្ធដល់ការងារសេដ្ឋកិច្ច សម្ដេចតេជោនាយករដ្ឋមន្រ្តីនិងឯកឧត្តមអគ្គលេខាធិការបក្ស Nguyen Phu Trong បានឯកភាពគ្នាក្នុងកិច្ចស្ទនាតាមទូរស័ព្ទថា ធ្វើយ៉ាងណាលើកកំពស់ទំហំពាណិជ្ជកម្មដល់កម្រិតមួយដែលពីមុនមិនធ្លាប់មានទាល់តែសោះ។

ចំណុចទី៤គឺការសហការក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សនិងការផ្សព្វផ្សាយពីចំណងសាមគ្គីភាពរវាងប្រទេសទាំងពីរ។ ខាងកម្ពុជាបានទទួលបណ្ដុះបណ្ដាលនិស្សិតវៀតណាមដែលទៅសិក្សាវប្បធម៌ក៏ដូចជាភាសានៅកម្ពុជា។ ដោយឡែកខាងវៀតណាមក៏បានផ្ដល់អាហារូបករណ៍សម្រាប់ការបណ្ដុះបណ្ដាលធនធានមនុស្សកម្ពុជាផងដែរ គឺយើងមាននិស្សិតនិងសិក្ខាកាមយោធាមកសិក្សានៅវៀតណាមជាច្រើន ពិសេសគឺធនធានមនុស្សខាងសុខាភិបាល ចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសកម្ពុជា។

ចំណុចទី៥គឺពាក់ព័ន្ធនឹងការអភិវឌ្ឍ។ ថ្មីៗនេះ ប្រទេសយើងទាំងពីរក៏ដូចជាប្រទេសអាស៊ានបានឈានដល់ចំណុចមួយគឺការកសាងសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដនិងអភិវឌ្ឍប្រកបដោយស្ថិរភាព។ ហើយថ្មីៗនេះ អាស៊ាន ក្នុងនោះមានវៀតណាមជាអ្នករៀបចំ យើងបានធ្វើសន្និសីទមួយហើយឯកភាពគ្នាថា ក្រោយពីកូវីដ តើយើងអាចអភិវឌ្ឍប្រទេសជាតិតាមរបៀបណា។

ចំណុចទី៦ យើងឃើញហើយថា ក្នុងស្ថានភាពបច្ចុប្បន្ននេះ តំបន់អាស៊ានកំពុងតែក្លាយទៅជាចំណុចក្ដៅនៃការប្រកួតប្រជែងរវាងមហាអំណាចធំទាំងពីរ។ ប៉ុន្តែទោះយ៉ាងណាក៏ដោយ ថ្នាក់ដឹកនាំរបស់ប្រទេសយើងទាំងពីរនៅតែរួមសាមគ្គីគ្នា ឯកភាពគ្នាក្នុងទិសដៅមួយដើម្បីប្រជាជននិងប្រទេសយើងទាំងពីរ”។

អ្នកសារព័ត៌មាន VOV៖តើឯកឧត្តមឯកអគ្គរាជទូតមានជំនឿជាក់យ៉ាងណាចំពោះការអភិវឌ្ឍរបស់វៀតណាម? ក្នុងឱកាសដែលបុណ្យតេតប្រពៃណីរបស់ប្រជាជនវៀតណាមជិតមកដល់ហើយ តើឯកឧត្តមចង់ជូនពរប្រជាជនវៀតណាមយ៉ាងដូចម្ដ៉េច?

ឯកឧត្តមឯកអគ្គរាជទូត៖ “ខ្ញុំពិតជាកិត្តិយសខ្លាំងណាស់ហើយក៏ពិតជាមានឱកាសច្រើនណាស់ ព្រោះខ្ញុំបានមកស្នាក់នៅនិងធ្វើការនៅវៀតណាមនេះចំពេលដែលប្រទេសវៀតណាមកំពុងតែរីកចម្រើន។ ប្រជាជនវៀតណាមគ្រប់ស្រទាប់វណ្ណៈរួមដៃគ្នាខ្លាំងណាស់ ហើយមិនដែលមានពេលណាដែលវៀតណាមរីកចម្រើនដូចពេលនេះទេ។ នៅពេលខ្ញុំមកវៀតណាមលើកដំបូង ប្រការដែលងាយមើលឃើញនោះគឺផ្លូវបានចាក់កៅស៊ូឡើងស្អាត។ ថ្មីៗនេះ វៀតណាមបានសម្រេចនឹងធ្វើផ្លូវរថភ្លើងល្បឿនលឿនពីជើងទៅត្បូង។ ខ្ញុំស្ងើចសរសើរ មិនអាចរកពាក្យណាមកបរិយាយឲ្យត្រូវនឹងអ្វីដែលចិត្តខ្ញុំស្ងើចសរសើរទេ។ ហើយវៀតណាមក៏កំពុងតែកសងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តមួយចំនួននៅភាគខាងត្បូង ជាពិសេសគឺតំបន់ Cuu Long ដូចជាព្រលានយន្តហោះ Long Thanh បណ្ដាផ្លូវហាយវៃនៅខាងនោះ ក៏កំពុងតែធ្វើ ហើយនឹងប្រែក្លាយទីក្រុង Can Tho ទៅជាទីក្រុងពាណិជ្ជកម្មមួយផ្សេងទៀត ធ្វើម៉េចឲ្យមានកំពង់ផែ ផ្លូវល្បឿនលឿន។ ចំពោះការអភិវឌ្ឍសេដ្ឋកិច្ច ខ្ញុំឃើញថា ជីវភាពរបស់ប្រជាជនវៀតណាមក៏កើនខ្ពស់។ ការកើតឡើងនៃស្រទាប់អ្នកមាននិងមធ្យមក៏កើនឡើងដែរ។ ក្រៅពីនោះ ទីផ្សារភាគហ៊ុនរបស់វៀត ណាមកំពុងតែរីកចម្រើនមែនទែនហើយកំពុងតែពេញនិយម។ នៅលើឆាកអន្តរជាតិ កេរ្តិ៍ឈ្មោះរបស់វៀតណាមត្រូវបានទទួលស្គាល់ល្បីខ្ចខ្ចាយ ហើយគេកោតសរសើរ ទទួលស្គាល់វៀតណាមគ្រប់គ្នា គឺវៀតណាមបានក្លាយជាសមាជិកមិនអចិន្រ្តៃយ៍ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហើយបានចូលរួមក្នុងការអភិវឌ្ឍ ការរក្សាសន្តិភាព ក្នុងតំបន់និងលើពិភពលោក។

មហាសន្និបាតបក្សកុម្មុយនិស្តវៀតណាមលើកទី១៣ បានរៀបចំថ្នាក់ដឹកនាំ មានថ្មីមានចាស់ ប៉ុន្តែពួកគាត់ប្រកបដោយថាមពលខ្ពស់ មានចំណេះដឹងខ្ពស់ៗនិងការប្ដេជ្ញាចិត្តខ្ពស់ៗ។ មហាសន្និបាតបក្សលើកទី១៣ក៏បានដាក់ចេញទិសដៅអភិវឌ្ឍវៀតណាមក្លាយទៅជាប្រទេសអភិវឌ្ឍកម្រិតខ្ពស់ ហើយជនបរទេសមួយចំនួនប្រាប់ខ្ញុំថា វៀតណាមដាក់ចេញគោលខ្ពស់ណាស់ តើគាត់អាចសម្រេចបានអត់? ខ្ញុំថា ប្រាកដជាបាន។ ខ្ញុំជឿជាក់ណាស់លើបក្សកុម្មុយនិស្តវៀតណាម រដ្ឋាភិបាលវៀតណាម ថ្នាក់ដឹកនាំវៀតណាមទាំងឡាយ អនាគតរបស់វៀតណាមគឺភ្លឺស្វាងណាស់។

អញ្ចឹងក្នុងឱកាសដែលថ្ងៃមុខនេះនឹងចូលដល់បុណ្យតេតប្រពៃណីជាតិវៀតណាម ខ្ញុំសូមជូនពរដល់ប្រជាជនវៀតណាមទាំងអស់ បក្សកុម្មុយនិស្តវៀតណាម រដ្ឋាភិបាលវៀតណាម ថ្នាក់ដឹកនាំវៀតណាមទាំងអស់ សូមឲ្យឆ្នាំថ្មីនាំនូវលាភសំណាងថ្មី ជោគជ័យថ្មី ត្រចះត្រចង់ដល់ប្រទេសវៀតណាម ប្រជាជនវៀតណាមគ្រប់ស្រទាប់វណ្ណៈទាំងអស់។ ខ្ញុំជឿជាក់ថា នៅពេលដែលវៀតណាមរីកចម្រើន នឹងនាំឲ្យកម្ពុជារីកចម្រើនដូចគ្នា ព្រោះប្រទេសយើងជាប្រទេសភូមិផងរបងជាមួយ ជាប្រទេសបងប្អូន ដូច្នេះប្រទេសយើងនឹងសហការជាមួយគ្នា លូតលាស់ជាមួយគ្នា ដើម្បីផលប្រយោជន៍របស់ប្រជាជនយើងទាំងពីរ ប្រទេសយើងទាំងពីរ”។

អ្នកសារព័ត៌មាន VOV៖សូមអរគុណឯកឧត្តមឯកអគ្គរាជទូត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ