ណាតូកសាងជំហរដ៏តឹងរឹងជាងមុនជាមួយចិន

(VOVWORLD) -  នាថ្ងៃទី១៤ ខែមិថុនា អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) បានរៀបចំកិច្ចប្រជុំកំពូលដោយផ្ទាល់នៅទីក្រុងព្រុចសែល ប្រទេសបែលហ្សិក ដោយមានការអញ្ជើញចូលរួមរបស់ប្រមុខរដ្ឋនៃប្រទេសសមាជិកជាច្រើន រួមទាំងប្រធានាធិបតីអាមេរិកលោក Joe Biden ទៀតផង។ បញ្ចប់កិច្ចប្រជុំនេះ ថ្នាក់ដឹកនាំណាតូបានចេញសេចក្ដីថ្លែងការណ៍រួមស្ដីពីកិច្ចការផ្ទៃក្នុងនិងកិច្ចការបរទេសជាច្រើន ដែលក្នុងនោះគួរឲ្យកត់សម្គាល់បំផុតគឺខ្លឹមសារពាក់ព័ន្ធដល់ប្រទេសចិន។

ណាតូកសាងជំហរដ៏តឹងរឹងជាងមុនជាមួយចិន - ảnh 1អគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg បានអំពាវនាវដល់រដ្ឋសមាជិកនៃប្លុកនេះ បង្កើតគោលនយោបាយរួមមួយដែលរឹងមាំជាងមុនចំពោះប្រទេសចិនមួយ ដែលកំពុងមានប្រៀបខ្លាំង (ប្រភព៖ Getty)

តាមអ្នកវិភាគជាច្រើនថា ការចេញសេចក្ដីថ្លែងការណ៍រួមខាងលើចាត់ទុកចិនជាការគំរាមកំហែងសន្តិសុខនិងជាបញ្ហាប្រឈមលើគ្រប់ជ្រុងជ្រោយនោះ ណាតូកំពុងសង្កត់ធ្ងន់ទៅលើជំហរដ៏ខ្លាំងក្លាដែលមិនធ្លាប់មានតាំងពីមុនមកចំពោះចិន ព្រមទាំងឆ្ពោះទៅរកស្ថានភាពថ្មីក្នុងទំនាក់ទំនងជាមួយចិនតាមទិសដៅ ដ៏តឹងរឹងជាងមុន។

ណាតូចាត់ទុកចិនជាការគំរាមកំហែងសន្តិសុខនិងបញ្ហាប្រឈមជាប្រព័ន្ធ

ក្នុងសេចក្ដីថ្លែងការណ៍រួម ថ្នាក់ដឹកនាំណាតូបានចាត់ទុកចិនជាការគំរាមកំហែងសន្តិសុខនិងបញ្ហាប្រឈមជាប្រព័ន្ធ ព្រមទាំងប្ដេជ្ញាចិត្តប្រឆាំងនឹងការលេចចេញយ៉ាងខ្លាំងរបស់ប៉េកាំង។ សេចក្ដីថ្លែងការណ៍បានលើកច្បាស់ថា៖ “រាល់ឥរិយាបថដ៏ប្ដូរផ្ដាច់និងមហិច្ឆតារបស់ចិនបានដាក់ចេញបញ្ហាប្រឈមលើគ្រប់ជ្រុងជ្រោយចំពោះសណ្ដាប់ធ្នាប់អន្តរជាតិដោយផ្អែកលើច្បាប់និងវិស័យដែលជាប់ពាក់ព័ន្ធដល់សន្តិសុខនៃសម្ព័ន្ធភាព”។

ដោយសង្កត់ធ្ងន់ទៅលើជំហរនេះ អគ្គលេខាធិការណាតូលោក Jens Stoltenberg បានបញ្ជាក់ថា វត្តមានយោធាកាន់តែកើនឡើងៗរបស់ចិនចាប់តាំងពីតំបន់បាល់ ទិករហូតដល់ទ្វីបអាហ្វ្រិកបានបង្ខំឲ្យណាតូត្រូវតែមានការត្រៀមរៀបចំ។ លោកមានប្រសាសន៍ថា៖ “ចិនកំពុងខិតមកជិតយើង។ យើងឃើញចិននៅលើបណ្ដាញអ៊ីនធឺរណិត នៅទ្វីបអាហ្វ្រិក ហើយក៏ឃើញចិនវិនិយោគលើមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើនរបស់យើងផងដែរ។ យើងត្រូវការរួមគ្នាឆ្លើយតបដូចជាសម្ព័ន្ធភាពតែមួយ”។

សេចក្ដីថ្លែងការណ៍រួមរបស់ណាតូត្រូវបានធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីក្រុម G7 ដែលប្រទេសភាគច្រើនក៏ជាសមាជិកណាតូផងដែរ បានចេញសេចក្ដីថ្លែងការណ៍ស្ដីពីបញ្ហាជាច្រើនដែលពាក់ព័ន្ធដល់ចិនដូចជា បញ្ហាសិទ្ធិមនុស្សនៅតំបន់ស៊ីនជាំង (Xinjiang) ការបង្កើនស្វ័យភាពរបស់ហុងកុង និងការរក្សាសន្តិភាព ស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់។ នេះសុទ្ធតែជាបញ្ហារស៊ើបដែលតែងតែជួបប្រទះនឹងប្រតិកម្មយ៉ាងខ្លាំងក្លារបស់ចិន។

ណាតូកសាងជំហរដ៏តឹងរឹងជាងមុនជាមួយចិន - ảnh 2មេដឹកនាំនៃប្រទេសសមាជិកណាតូកាលពីថ្ងៃទី ១៤ ខែមិថុនាបានចេញសេចក្តីថ្លែងការណ៍រួមមួយ ស្តីពីកិច្ចប្រជុំកំពូល ដែលចិនហៅថាជា "បញ្ហាប្រឈមជាប្រព័ន្ធ" (រូបថតៈ Reuters) 

បើតាមអ្នកវិភាគជាច្រើនចាត់ទុកថា ដោយការបោះជំហានពោលខាងលើ ណាតូក្រោមការដឹកនាំរបស់អាមេរិក កំពុងតែបង្កើតជំហរកាន់តែតឹងរឹងជាមួយចិន។ ហេតុដូច្នេះ ទោះបីជាលោកអគ្គលេខាធិការណាតូបានបញ្ជាក់ថា ចិន “មិនមែនជាគូប្រជែងឬសត្រូវ” របស់ណាតូក៏ដោយ ហើយមន្ត្រីណាតូជាច្រើនក៏បានសង្កត់ធ្ងន់ដែរថា នេះត្រឹមតែជាសកម្មភាពមានលក្ខណៈស្វ័យការពារប៉ុណ្ណោះ ប៉ុន្តែប្រតិកម្មរបស់ចិនគឺមិនអាចជៀសផុតបានឡើយ។

ប្រតិកម្មយ៉ាងប្ដូរផ្ដាច់របស់ចិន

 ជាក់ស្ដែងគឺ ភ្លាមៗបន្ទាប់ពីណាតូចេញសេចក្ដីថ្លែងករណ៍កាលពីថ្ងៃទី១៤ ខែមិថុនា ស្ថានបេសកកម្មចិនប្រចាំសហភាពអឺរ៉ុប (EU) បានចេញសេចក្ដីថ្លែងការណ៍ដែលអំពាវនាវឲ្យណាតូគួរតែមើលការអភិវឌ្ឍរបស់ចិនដោយសមហេតុផល ហើយបញ្ឈប់បំប៉ោងទ្រឹស្ដីអំពីការគំរាមកំហែងដែលបង្កឡើងដោយចិន ក្រោមគ្រប់ទម្រង់។ អ្នកនាំពាក្យនៃស្ថានបេសកកម្មចិនបានអះអាងថា ការដែលណាតូចាត់ទុកចិនបានបង្កើត “បញ្ហាប្រឈមជាលក្ខណៈប្រព័ន្ធ”នោះ គឺជាការ“និយាយបង្ខូច” លើការអភិវឌ្ឍដោយសន្តិភាពនៃប្រទេសនេះ ជាការ “បំភាន់” នៃស្ថានភាពអន្តរជាតិនិងតួនាទីរបស់ពួកគេផ្ទាល់ ព្រមទាំងជាការបន្តនូវចិត្តគំនិតសង្គ្រាមត្រជាក់និងការបំផ្លិចបំផ្លាញនៃចិត្តសាស្ត្រនយោបាយតាមក្រុមផងដែរ។ អ្នកនាំពាក្យរូបនេះក៏បញ្ជាក់ថា ចិនគោរពគោលនយោបាយការពារជាតិដែលមានចរិតលក្ខណៈការពារខ្លួន ហើយការដែលប្រទេសនេះធ្វើទំនើបកម្មយោធា ជារឿងត្រឹមត្រូវសមហេតុផលនិងតម្លាភាព។ ចិនសន្យាអភិវឌ្ឍដោយសន្តិភាព ប៉ុន្តែមិនដែលបោះបង់ចោលសិទ្ធិការពារសន្តិភាពឡើយ ហើយមុនក៏ដូចជាក្រោយការពារជាដាច់ខាតនូវអធិបតេយ្យភាព សន្តិសុខនិងផលប្រយោជន៍អភិវឌ្ឍរបស់ខ្លួន។ ជាពិសេស ចិននឹងតាមដានយ៉ាងដិតដល់នូវការប្រែប្រួលយុទ្ធសាស្ត្ររបស់ណាតូ ក៏ដូចជាការប្រែប្រួលក្នុងគោលនយោបាយជាមួយចិន ព្រមទាំងព្រមានថា ប្រសិនបើអ្នកណាចង់បាន “បញ្ហាប្រឈមជាប្រព័ន្ធ” ចំពោះចិន ប្រទេសនេះនឹងមិនអង្គុយនៅស្ងៀមទេ។

មុននោះ ប៉េកាំងក៏បានឡើងសម្លេងយ៉ាងឆាប់រហ័សដើម្បីតបតវិញសេចក្ដីថ្លែងការណ៍រួមរបស់ក្រុម G7 ស្ដីពីបញ្ហាជាច្រើនរបស់ចិន ដោយចាត់ទុកនេះជាអំពើធ្វើអន្តរគមន៍កិច្ចការផ្ទៃក្នុងរបស់ចិន ហើយអំពាវនាវឲ្យណាតូ “បញ្ឈប់ការនិយាយបង្កាច់បង្ខូច” តែម្ដង។

បើតាមអ្នកវិភាគជាច្រើនចាត់ទុកថា មិនថាការជជែកវែកញែកនិងការិះគន់គ្នារវាងណាតូនិងចិនមានការវិវឌ្ឍន៍យ៉ាងណាក៏ដោយ ទំនាក់ទំនងរវាងភាគីទាំងពីរបានផ្លាស់ប្ដូរទៅសភាពថ្មីដែលពិបាកទាយទុកជាងមុន។ ម្លោះហើយ លទ្ធភាពកើតមានហានិភ័យចំពោះទំនាក់ទំនងនេះ ក៏ត្រូវឡើងដល់កម្រិតខ្ពស់ជាងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ