តើជំនួបកំពូលរវាងអាមេរិកនិងរុស្ស៊ីអាចដោះស្រាយរាល់ការខ្វែងគំនិតជាន់លើគ្នាបានដែរឬទេ?

(VOVWORLD) - ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងសមភាគីអាមេរិកលោក Donald Trump គ្រោងនឹងជួបចរចាគ្នា នាថ្ងៃទី១៦ កក្កដា ខាងមុខនៅទីក្រុង Helsinki ប្រទេសហ្វាំងឡង់។ ក្រោយពីបម្រែបម្រួលដ៏តានតឹងជាច្រើន ទំនាក់ ទំនងរវាងប្រទេសទាំងពីរកំពុងធ្លាក់ចុះនៅកម្រិតទាបបំផុតតាំងពីសង្គ្រាមត្រជាក់មក ដែលមានពេលខ្វះៗហាក់ដូចជាប្រឈមមុខដាក់គ្នា។ តាមរយៈសន្និសីទ កំពូលនេះ តើថ្នាក់ដឹកនាំទាំងពីររូបអាចដោះស្រាយរាល់ការខ្វែងគំនិតជាន់លើគ្នា ដើម្បីកសាងទំនាក់ទំនងគួរឲ្យជឿទុកចិត្តថែមទៀតនាអនាគតបានដែរឬទេ? នោះគឺ ប្រការដែលកំពុងទាក់ទាញការយកចិត្តទុកដាក់ជាពិសេសរបស់សាធារណៈមតិ។
តើជំនួបកំពូលរវាងអាមេរិកនិងរុស្ស៊ីអាចដោះស្រាយរាល់ការខ្វែងគំនិតជាន់លើគ្នាបានដែរឬទេ? - ảnh 1 ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងសមភាគីអាមេរិកលោក Donald Trump

  នេះជាលើកដំបូងដែលប្រធានាធិបតីអាមេរិកលោក Donald Trump និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ជួបមុខគ្នាជាផ្លូវការចាប់តាំងពីពេលលោក Trump ចូលក្នុងសេតវិមានមក ហើយក៏ជាលើកដំបូងដែលប្រមុខរដ្ឋនៃប្រទេសទាំងពីរជួបគ្នាជាផ្លូវការចាប់ពីឆ្នាំ២០០៩មកដែរ។

        ទំនាក់ទំនងពោរពេញទៅដោយឧបសគ្គ

        ទំនាក់ទំនងរុស្ស៊ី-អាមេរិក ត្រូវបានចាត់ទុកថា ជាទំនាក់ទំនងមួយក្នុងចំណោមទំនាក់ទំនងរវាងប្រទេសធំៗ ដ៏ស្មុគស្មាញបំផុតលើពិភពលោក។ ភាពខុសប្លែកអំពីរបបនយោបាយ និងការប្រឈមមុខគ្នាអំពីកម្លាំងយោធា បណ្ដាលឲ្យប្រទេសទាំងពីរនេះមានការពិបាកជាច្រើនដើម្បីកសាងទំនាក់ទំនងគួរឲ្យជឿទុកចិត្តគ្នាទៅវិញទៅមក។

        ក្នុងអំឡុង១០ឆ្នាំកន្លងទៅ ទំនាក់ទំនងរុស្ស៊ី អាមេរិកបានឆ្លងកាត់ព្រឹត្តិការណ៍សំខាន់ៗជាច្រើនដែលក្នុងនោះលេចធ្លោបំផុតគឺវិបត្តិអ៊ុយក្រែននិងការរួមបញ្ចូលគ្រីមៀចូលក្នុងរុស្ស៊ី ការធ្វើអន្តរាគមន៍ដោយយោធារបស់រុស្ស៊ីទៅក្នុងស៊ីរី និងវិបត្តិការទូតរុស្ស៊ី អាមេរិកតាមរយៈការបណ្ដេញចេញអ្នកការទូត ជាដើម។ ការខ្វែងគំនិតទាំងអស់នេះបានបណ្ដាលឲ្យទំនាក់ទំនងទ្វេភាគីរុស្ស៊ី អាមេរិកកាន់តែអាក្រក់ទៅៗ។

        ចាប់តាំងពីពេលលោក Trump ឡើងកាន់អំណាចនៅអាមេរិកមក ទំនាក់ទំនងរវាងប្រទេសទាំងពីរនេះ ក៏មិនល្អប្រសើរជាងមុនដែរ។ នាដើមខែមេសាឆ្នាំ២០១៨ អាមេរិកបានបង្កើនបទដាក់ទណ្ឌកម្មខាងសេដ្ឋកិច្ច ពាណិជ្ជកម្មនិងហិរញ្ញវត្ថុទៅលើរុស្ស៊ី ដោយសារមូលហេតុជាច្រើន។ ក្នុងរឿងក្ដីដែលចារបុរសជនជាតិរុស្ស៊ី Sergey Skripal ត្រូវបំពុលនៅអង់គ្លេសនោះ បើទោះបីភស្តុតាងទើបតែជាការចោទប្រកាន់គ្មានមូលដ្ឋានរបស់អង់គ្លេសប៉ុណ្ណោះក្ដី ប៉ុន្តែភាគីអាមេរិកបានឈានមុខគេក្នុងសង្គ្រាមការទូតប្រឆាំងរុស្ស៊ី។ ខ្លឹមសារក្រមច្បាប់ដែលទើបនឹងបានប្រធានាធិបតីរុស្ស៊ីលោក Putin ចុះហត្ថលេខាឲ្យចេញផ្សាយនោះ គឺវិធានការតបតវិញរបស់រុស្ស៊ីតម្រង់ទៅលើប្រទេស អង្គការនិងបុគ្គលទាំងអស់ដែលបានសហការជាមួយអាមេរិកក្នុងការដាក់ទណ្ឌកម្មទៅលើរុស្ស៊ី។   

        ប៉ុន្តែ ដើម្បីអនុវត្តន៍និងការពារផលប្រយោជន៍ខាងសន្តិសុខនយោបាយនៅគ្រប់ទីកន្លែងលើពិភពលោក គឺលោក Trump ជានិច្ចកាលត្រូវការការគាំទ្រនិងចូលរួមរបស់រុស្ស៊ី។ ក្នុងពេលនោះ លោក Putin ក៏មានតម្រូវការដូច្នេះក្នុងទំនាក់ទំនងរវាងរុស្ស៊ីជាមួយអាមេរិក ហើយមានចេតនារំលែកអាមេរិកជាមួយសម្ព័ន្ធមិត្តនិងដៃគូយុទ្ធសាស្ត្រនានារបស់អាមេរិកនៅតំបន់ជាច្រើនលើពិភពលោក។ ដោយហេតុនេះ ភាគីទាំងពីរសុទ្ធតែគិតគូរនិងប្រតិបត្តិយ៉ាងម៉េចដើម្បីមិនទុកឲ្យភាពតានតឹងហួសពីការត្រួតត្រាបាន។

        ពិបាកមានជំហានលោតផ្លោះ តែមានអត្ថន័យនិមិត្តរូបប៉ុណ្ណោះ

        ដើម្បីឈានទៅជំនួបកំពូលលើកនេះ ក្នុងរយៈពេលកន្លងទៅ ភាគីទាំងពីរមានការប្រែប្រួលជាច្រើនសំដៅបំបែកការជាប់គាំងក្នុងទំនាក់ទំនងទ្វេភាគី។ ប៉ុន្តែ សញ្ញាវិជ្ជមានបំផុតនោះគឺភាពម្ចាស់ការរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump ផ្ទាល់ខ្លួន នាពេលដែលលោកបានប្រកាសជាបន្តបន្ទាប់ថា នឹងគាំទ្រការកែលំអទំនាក់ទំនងជាមួយរុស្ស៊ី ហើយចាត់ទុកថា ការជួបសន្ទនាដោយផ្ទាល់គឺជាវិធានការល្អបំផុតដើម្បីដោះស្រាយបញ្ហាទ្វេភាគី។

        ដោយក្ដាប់ជាប់ឱកាសមាសនេះ ភាគីទាំងពីរកំពុងខិតខំប្រឹងប្រែងត្រៀមរៀបចំឲ្យជំនួបដ៏សំខាន់នេះ។ ប៉ុន្តែ តាមការវាយតំលៃរបស់មជ្ឈដ្ឋានអ្នកជំនាញថា ជំនួបនេះមានអត្ថន័យត្រឹមតែនិមិត្តរូបតែប៉ុណ្ណោះ។ ជំនួសឲ្យការរិះរកទស្សនៈរួមស្ដីពីបញ្ហាស្មុគស្មាញដូចជាអ៊ុយក្រែនឬស៊ីរី គឺវ៉ាស៊ីនតោននិងម៉ូស្គូនឹងផ្តោតសំខាន់ទៅលើវិធានការបន្ធូរបន្ថយភាពតានតឹងក្នុងទំនាក់ទំនងទ្វេភាគី ក្នុងនោះវិមានគ្រឹមឡាំងនឹងចលនាឲ្យអាមេរិកពន្ធូរស្រាលបទដាក់ទណ្ឌកម្មសេដ្ឋកិច្ចរបស់លោកខាងលិចតម្រង់ទៅលើរុស្ស៊ី។ ហើយមានលទ្ធភាពជាច្រើនថា នេះក៏ជាលក្ខខ័ណ្ឌដែលអាមេរិកដាក់ចេញដើម្បីសំណូមពរឲ្យរុស្ស៊ីបង្កើនសម្ពាធទៅលើអ៊ីរ៉ង់ បង្ខំឲ្យសាធារណៈរដ្ឋអ៊ីស្លាមនេះត្រូវបញ្ចប់វត្តមានយោធានៅស៊ីរី ហើយទប់ស្កាត់ការជះឥទ្ធិពលរបស់អ៊ីរ៉ង់ក្នុងតំបន់។

        ដោយឈរលើបម្រែបម្រួលនាបច្ចុប្បន្ន យើងអាចឃើញថា ជំនួបកំពូលមួយគឺមិនគ្រប់គ្រាន់ដើម្បីជួយភាគីទាំងពីរដោះស្រាយការខ្វែងគំនិតទាំងអស់ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ នេះក៏ជាការបោះជំហានតូចមួយដ៏ត្រឹមត្រូវ សំដៅជៀសវាងសង្គ្រាមត្រជាក់ផ្សេងមួយទៀត។ ប្រការសំខាន់បំផុតគឺ ជំនួបនេះនឹងត្រូវបានយកមកធ្វើជាឈ្នាន់មួយដើម្បីកែលំអទំនាក់ទំនងរវាងរុស្ស៊ីនិងអាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ