បង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីគ្រប់គ្រង កាត់បន្ថយនិងលុបបំបាត់ទាំងស្រុងនូវអាវុធនុយក្លេអ៊ែរ

(VOVWORLD) - នៅក្នុងបរិបទដែលស្ថានភាពពិភពលោកមានបម្រែបម្រួលយ៉ាងឆាប់រហ័សនិងស្មុគស្មាញ ហើយមិនអាចព្យាករណ៍បានជាមុននោះ មានប្រទេសនិងអង្គការអន្តរជាតិជាច្រើន កំពុងអំពាវនាវឱ្យបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីគ្រប់គ្រង កាត់បន្ថយ និងឆ្ពោះទៅរកការលុបបំបាត់ទាំងស្រុងនូវអាវុធនុយ ក្លេអ៊ែរ។ ដូច្នេះ សន្និសីទត្រួតពិនិត្យសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ (NPT) លើកទី ១០  បានបើកនៅថ្ងៃទី ១ ខែសីហា នៅទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក (សហរដ្ឋអា មេរិក) ត្រូវបានរំពឹងថា នឹងសម្រេចបាននូវវឌ្ឍនភាពដ៏សំខាន់ក្នុងដំណើរឆ្ពោះទៅរកការរំសាយអាវុធនុយក្លេអ៊ែរជាលក្ខណៈសកល។

បង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីគ្រប់គ្រង  កាត់បន្ថយនិងលុបបំបាត់ទាំងស្រុងនូវអាវុធនុយក្លេអ៊ែរ - ảnh 1ទិដ្ឋភាពនៃសន្និសិទពិនិត្យឡើងវិញនៃសន្ធិសញ្ញាមិនរីកសាយភាយនុយក្លេអ៊ែរ (NPT) នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២២ (រូបថត៖ AFP/TTXVN)

សន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ (NPT) ត្រូវបានចុះហត្ថលេខានៅឆ្នាំ ១៩៦៨ ហើយចូលជាធរមាននៅឆ្នាំ ១៩៧០។ គោលដៅនៃសន្ធិសញ្ញាគឺដើម្បីរាំងស្កាត់ការរីកសាយភាយអាវុធនុយក្លេអ៊ែរលើទូទាំងពិភពលោក។ រហូតមកដល់ពេលនេះ NPT ត្រូវបានប្រទេសជាសមាជិករបស់អង្គការសហប្រជាជាតិចំនួន ១៩០ ធ្វើការអនុម័ត ដែលឆ្លុះបញ្ចាំងពីបំណងប្រាថ្នារួមរបស់ប្រទេសភាគច្រើនអំពីពិភពលោកមួយដែលគ្មានអាវុធនុយក្លេអ៊ែរ។

គ្រោះអាសន្ននៃការផ្ទុះសង្គ្រាមនុយក្លេអ៊ែរ

សន្និសិទត្រួតពិនិត្យ NPT លើកទី ១០ ត្រូវបានធ្វើឡើងចំពេលមានការព្រមានកាន់តែខ្លាំងឡើងអំពីហានិភ័យនៃសង្គ្រាមនុយក្លេអ៊ែរ។ នៅក្នុងសុន្ទរកថាបើក អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ក៏បានចង្អុលបង្ហាញថា ពិភពលោកត្រូវប្រឈមមុខនឹង “គ្រោះថ្នាក់នុយក្លេអ៊ែរដែលមិនបានឃើញចាប់តាំងពីការកើនឡើងនៃសង្គ្រាមត្រជាក់” និង “ការគណនាខុសតែមួយ ក៏នឹងនាំឱ្យមានប្រល័យនុយក្លេអ៊ែរដែរ។ ប្រមុខអង្គការសហប្រជាជាតិបានអះអាងថា សន្និសីទនេះគឺជា “ឱកាសមួយដើម្បីពង្រឹងសន្ធិសញ្ញា NPT” និង “ធ្វើឱ្យសន្ធិសញ្ញានេះសម្របទៅនឹងពិភពលោកអស្ថិរភាពបច្ចុប្បន្ន” ព្រមទាំងលើកឡើងពីជម្លោះរុស្ស៊ី-អ៊ុយក្រែន ស្ថានភាពតានតឹងនៅឧបទ្វីបកូរ៉េ និងស្ថានភាពអស្ថិរភាពនៅមជ្ឈិមបូព៌ា។

មុននេះ ថ្លែងទៅកាន់អ្នកសារព័ត៌មាន មុននឹងទៅទីក្រុងញូវយ៉ក ដើម្បីចូលរួមសន្និសីទ នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida ក៏បានព្រមានថា សន្ទុះពិភពលោក ដើម្បីសម្រេចបាននូវពិភពលោកដែលគ្មានអាវុធនុយក្លេអ៊ែរ កំពុងធ្លាក់ចុះគួរឲ្យបារម្មណ៍។

ចំណែកខ្លួនវិញ  នៅក្នុងលិខិតមួយផ្ញើរទៅកាន់ភាគីចូលរួមសន្និសិទ NPT លើកទី ១០ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានលើកឡើងថា គ្រោះថ្នាក់នៃសង្គ្រាម នុយក្លេអ៊ែរកំពុងមានវត្តមាន ហើយសង្គ្រាមបែបនេះ ត្រូវតែបំផ្លាញចោលទៀតសោត។ ប្រធានាធិបតីរុស្ស៊ីបានបញ្ជាក់ថា មិនអាចមានភាគីឈ្នះក្នុងសង្គ្រាមនុយក្លេអ៊ែរឡើយ ហើយសង្រ្គាមបែបនេះក៏មិនគួរកើតឡើងទាល់តែសោះ។ ក្នុងនាមជាប្រទេសសមាជិកនៃសន្ធិសញ្ញា NPT និងជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានឃ្លាំងអាវុធនុយក្លេអ៊ែរ រុស្ស៊ីតែងតែប្រកាន់ខ្ជាប់នូវគោលនយោបាយ និងស្មារតីនៃសន្ធិសញ្ញានេះ។

បង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីគ្រប់គ្រង  កាត់បន្ថយនិងលុបបំបាត់ទាំងស្រុងនូវអាវុធនុយក្លេអ៊ែរ - ảnh 2អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ថ្លែងនៅក្នុងសន្និសីទពិនិត្យឡើងវិញនូវសន្ធិសញ្ញាមិនរីកសាយភាយនុយក្លេអ៊ែរ (NPT) នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២២ (រូបថត៖ AFP/TTXVN)

រួមដៃគ្នាធ្វើសកម្មភាពដើម្បីពិភពលោកដែលគ្មានអាវុធនុយក្លេអ៊ែរ

ដើម្បីលុបបំបាត់ហានិភ័យនៃសង្គ្រាមនុយក្លេអ៊ែរ និងឆ្ពោះទៅរកការរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុង អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានស្នើនូវសកម្មភាពចំនួនប្រាំ រួមមានៈ ការពង្រឹងសន្ធិសញ្ញា NPT; ការលុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុង; ដោះស្រាយភាពតានតឹងនៅមជ្ឈិមបូព៌ា និងអាស៊ី; លើកកម្ពស់ការប្រើប្រាស់ដោយសន្តិវិធីនៃបច្ចេកវិទ្យានុយក្លេអ៊ែរ ដោយហេតុនេះរួមចំណែកដល់ការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) និងការអនុវត្តការសន្យានៃសន្ធិសញ្ញាដែលមិនទាន់បានសម្រេច។

ចំណែនខ្លួនវិញ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានសង្កត់ធ្ងន់លើភាពចំបាច់ក្នុងការពង្រឹងនិងគោរពតាម NPT ពីព្រោះ ឆ្លងកាត់អស់រយៈពេលជាងកន្លះសតវត្សមក សន្ធិសញ្ញានេះបានក្លាយទៅជាកត្តាសំខាន់មួយនៃប្រព័ន្ធសន្តិសុខអន្តរជាតិ និងស្ថិរភាពយុទ្ធសាស្ត្រ។ NPT គូសបញ្ជាក់អំពីកាតព្វកិច្ចទាក់ទងនឹងការមិនរីកសាយភាយ និងការរំសាយអាវុធនុយក្លេអ៊ែរ ការប្រើប្រាស់ដោយសន្តិវិធីនៃថាមពលនុយក្លេអ៊ែរ ឆ្លើយតបនឹងផលប្រយោជន៍របស់ទាំងមហាអំណាចនុយក្លេអ៊ែរ និងទាំងប្រទេសដែលមិនមែន។ ក្នុងពេលជាមួយគ្នានោះ នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានសន្យាថា នឹងស្វែងរកមធ្យោបាយដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែងជាសកលឆ្ពោះទៅរកពិភពលោក ដែលគ្មានអាវុធ នុយក្លេអ៊ែរ។

ក្នុងនាមជាប្រទេសហត្ថលេខីតាំងពីដំបូងរបស់ NPT វៀតណាមតែងតែបង្ហាញទស្សនៈខ្ជាប់ ខ្ជួនរបស់ខ្លួនដែលថា ត្រូវតែលុបបំបាត់ទាំងស្រុងអាវុធនុយក្លេអ៊ែរលើវិសាលភាពសកល។ អញ្ជើញថ្លែងមតិក្នុងសន្និសីទវាយតម្លៃ NPT លើកទី១០នេះ អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Ha Kim Ngoc បានអះអាងថា គោលការណែនាំនិងគោលនយោបាយខ្ជាប់ខ្ជួនរបស់វៀតណាមគឺជំរុញតុល្យភាពនៃសសរស្តម្ភទាំងបីនៃសន្ធិសញ្ញាស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ ដោយអំពាវនាវឱ្យប្រទេសនានាលុបបំបាត់ទាំងស្រុងនូវអាវុធនុយក្លេអ៊ែរ ក៏ដូចជាសង្កត់ធ្ងន់លើសិទ្ធិរបស់ប្រទេសក្នុងការប្រើប្រាស់ថាមពលនុយក្លេអ៊ែរសម្រាប់គោលដៅសន្តិភាព។ លោកអនុរដ្ឋមន្ត្រីបាននិយាយថា ប្រទេសដែលមានអាវុធនុយក្លេអ៊ែរត្រូវមានទំនួលខុសត្រូវចម្បងក្នុងការជំរុញការរំសាយអាវុធនេះ ព្រមទាំង អះអាងថា វៀតណាមបានអនុវត្តន៍យ៉ាងម៉ឺងម៉ាត់ និងមានទំនួលខុសត្រូវ ចំពោះកាតព្វកិច្ចជាតិក្រោមសន្ធិសញ្ញា NPT ក៏ដូចជាការសន្យាតអន្តរជាតិសំខាន់ៗផ្សេងទៀតក្នុងវិស័យនេះ រួមទាំងការលើកកម្ពស់សន្ធិសញ្ញាអាស៊ីអាគ្លេយ៍ ដោយគ្មានអាវុធនុយក្លេអ៊ែរ (SEANWFZ) និងរាល់សេចក្តីសម្រេចចិត្តពាក់ព័ន្ធរបស់ក្រុមប្រឹក្សាអង្គការសហប្រជាជាតិ រួមចំណែកទៅក្នុងការថែរក្សាសន្តិភាពក្នុងតំបន់និងអន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ