បង្ការនិងទប់ស្កាត់ពលកម្មកុមារខុសច្បាប់ដើម្បីការពារកូនចៅជំនាន់ក្រោយ

(VOVWORLD) - កម្មវិធីជាតិស្តីពីការបង្ការទប់ស្កាត់ និងកាត់បន្ថយពលកម្មកុមារខុសច្បាប់សម្រាប់ដំណាក់កាល ២០២១-២០២៥ កំពុងត្រូវបានវៀតណាម ជំរុញល្បឿនអនុវត្តន៍។ នៅខាងក្រៅសន្និសីទសកលលើកទី ៥ ស្តីពីការលុបបំបាត់ពលកម្មកុមារ ដែលទើបបានប្រព្រឹត្តទៅនាថ្ងៃទី ១៥ ឧសភា ឆ្នាំ ២០២២ នៅទីក្រុង Durban ប្រទេសអាហ្វ្រិកខាងត្បូង, អគ្គនាយក ILO លោក Guy Ryder បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់វៀតណាម ក្នុងការ “ប្រយុទ្ធប្រឆាំង” ពលកម្មកុមារខុសច្បាប់នៅទូទាំងពិភពលោក ដោយសន្មត់ថា វៀតណាមកំពុងរួមដៃគ្នានិងអនុវត្តន៍ដោយស្ម័គ្រចិត្តជាមួយនឹងកិច្ចប្រឹងប្រែងពិសេស ដើម្បីលុបបំបាត់ពលកម្មកុមារខុសច្បាប់។

បង្ការនិងទប់ស្កាត់ពលកម្មកុមារខុសច្បាប់ដើម្បីការពារកូនចៅជំនាន់ក្រោយ - ảnh 1រូបភាព៖ baodantoc.vn

អង្គការពលកម្មអន្តរជាតិ (ILO) ឲ្យដឹងថា ពលកម្មកុមារខុសច្បាប់គឺជាបញ្ហាមានលក្ខណៈសកល។ នៅឆ្នាំ ២០២០ លើពិភពលោកទាំងមូលមានកុមារចំនួន ១៦០ លាននាក់ ដែលកំពុងចូលរួមធ្វើពលកម្ម ដែលក្នុងនោះកុមារចំនួន ៧៩ លាននាក់កំពុងធ្វើការងារដោយគ្រោះថ្នាក់។ យោងតាមការគណនា ក្នុងបរិបទនៃផលប៉ះពាល់ពីជំងឺរាតត្បាតកូវីដ ១៩ ចំនួនពលករកុមារនៅទូទាំងពិភពលោកនឹងកើនឡើងចំនួន ៨,៩ លាននាក់នៅឆ្នាំ ២០២២។ នៅប្រទេសវៀតណាម យោងតាមលទ្ធផលនៃការស្ទង់មតិថ្នាក់ជាតិស្តីពីពលកម្មកុមារក្នុងឆ្នាំ ២០១៨  ពលកម្មកុមារអាយុពី ៥ ដល់ទៅ ១៧ ឆ្នាំ មានចំនួន ១.០៣១.៩៤៤ នាក់ (ស្រូបយក ៥,៤% នៃចំនួនកុមារសរុបក្នុងក្រុមអាយុនេះ) ដែលទាបជាងប្រទេសដទៃនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកនិងនៅទូទាំងពិភពលោក ក្នុងឆ្នាំ ២០១៦។ ការងារបង្ការទប់ស្កាត់ និងកាត់បន្ថយពលកម្មកុមារខុសច្បាប់នៅតែប្រឈមមុខនឹងការលំបាក និងបញ្ហាប្រឈមជាច្រើន ជាពិសេសក្នុងបរិបទជំងឺរាតត្បាតកូវីដ ១៩ ពលកម្មកុមារមានហានិភ័យកើនឡើងជាថ្មីម្តងទៀត។

ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ ការបង្ការទប់ស្កាត់និងកាត់បន្ថយពលកម្មកុមារតែងតែត្រូវបានបក្ស រដ្ឋសភា និងរដ្ឋាភិបាលវៀតណាមផ្តោតការយកចិត្តទុកដាក់ពិសេស។ វៀតណាមបានចូលរួម និងផ្តល់សច្ចាប័នលើសន្ធិសញ្ញាអន្តរជាតិ ដើម្បីធានាការអនុវត្តសិទ្ធិកុមារឲ្យបានល្អបំផុត។ តាមនោះ វៀតណាមជាប្រទេសដំបូងក្នុងតំបន់អាស៊ី និងជាប្រទេសទីពីរក្នុងពិភពលោកដែលផ្តល់សច្ចាប័នលើបណ្តាអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីសិទ្ធិកុមារ។ វៀតណាមក៏បានផ្តល់សច្ចាប័នលើអនុសញ្ញា ILO លេខ ១៨២ស្តីពីការហាមឃាត់ និងមានសកម្មភាពភ្លាមៗ ដើម្បីលុបបំបាត់ទម្រង់ពលកម្មកុមារអាក្រក់បំផុត និងអនុសញ្ញា ILO លេខ ១៣៨ ស្តីពីអាយុអប្បបរមាចូលបម្រើការងារ។ ទន្ទឹមនឹងនោះ វៀតណាមបានប្តេជ្ញាគោរពតាមស្តង់ដាពលកម្មអន្តរជាតិ រួមទាំងការលុបបំបាត់ពលកម្មកុមារ តាមតម្រូវការនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មី ដែលវៀតណាមបានចុះហត្ថលេខានាពេលកន្លងមក។

ក្នុងការវិវត្តន៍ថ្មីបំផុត វៀតណាមកំពុងខិតខំប្រឹងប្រែងអនុវត្តន៍កម្មវិធីជាតិស្តីពីការបង្ការទប់ស្កាត់ និងកាត់បន្ថយពលកម្មកុមារខុសច្បាប់ដំណាក់កាល ២០២១-២០២៥ ដោយមានចក្ខុវិស័យដល់ឆ្នាំ ២០៣០។ គោលដៅសំខាន់ៗនៃកម្មវិធីគឺ៖ កាត់បន្ថយអត្រាពលកម្មកុមារអាយុពី ៥ ទៅ ១៧ ឆ្នាំចុះតិចជាង ៤,៩% នៅឆ្នាំ ២០២៥ និង ៤,៥% នៅឆ្នាំ ២០៣០; លើកកម្ពស់ការយល់ដឹង និងសមត្ថភាពលើកិច្ចការពារ និងកាត់បន្ថយពលកម្មកុមារក្នុងចំណោមគ្រួសារកុមារ និងភាគីពាក់ព័ន្ធ។ កម្មវិធីនេះក៏ផ្តោតលើដំណោះស្រាយដើម្បីពង្រឹងការងារបង្ការទប់ស្កាត់ ការរកឃើញ ការគាំទ្រ និងការអន្តរាគមន៍នៅគ្រប់កម្រិតនិងគ្រប់វិស័យ លើពលកម្មកុមារ និងកុមារដែលមានហានិភ័យក្លាយជាពលកម្មកុមារ ជាពិសេសក្នុងវិស័យកសិកម្ម ឧស្សាហកម្ម សេវាកម្ម និងក្នុងខ្សែសង្វាក់ផ្គត់ផ្គង់។

មុននោះ រដ្ឋាភិបាលវៀតណាមបានប្តេជ្ញាដោះស្រាយបញ្ហាពលកម្មកុមារតាមរយៈការអនុវត្តកម្មវិធីបង្ការ ទប់ស្កាត់ និងកាត់បន្ថយពលកម្មកុមារដំណាក់កាល ២០១៦-២០២០។ ឆ្លងកាត់រយៈពេល ៥ ឆ្នាំ នៃការអនុវត្តមក កម្មវិធីទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ ពោលគឺ៖ ប្រព័ន្ធច្បាប់និងគោលនយោបាយទាក់ទងដល់ពលកម្មកុមារត្រូវបានកែលម្អ; ការងារបង្ការទប់ស្កាត់ និងកាត់បន្ថយពលកម្មកុមារ ទទួលបានការយកចិត្តទុកដាក់និងការបញ្ជាណែនាំពីគណៈកម្មាធិការបក្ស អាជ្ញាធរ ក្រសួង វិស័យ និងអង្គការមហាជន;  ដំណើរការគាំទ្រការអន្តរាគមន៍ពលកម្មកុមារត្រូវបានបង្កើតឡើង និងផ្សព្វផ្សាយទូទាំងប្រទេស។ ជាពិសេស វៀតណាមបានពង្រឹងសមាហរណកម្មអន្តរជាតិរបស់ខ្លួនក្នុងការទប់ស្កាត់ពលកម្មកុមារ ហើយបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសត្រួសត្រាយចំនួន ២៦ ដែលចូលរួមក្នុងសម្ព័ន្ធភាព ៨.៧។ (សម្ព័ន្ធសកលនៃបណ្តារដ្ឋាភិបាល សង្គមស៊ីវិល និងអង្គការអន្តរជាតិ ដើម្បីប្រយុទ្ធប្រឆាំងនឹងពលកម្មកុមារ និងពលកម្មដោយបង្ខំ)។

បង្ការនិងទប់ស្កាត់ពលកម្មកុមារខុសច្បាប់ដើម្បីការពារកូនចៅជំនាន់ក្រោយ - ảnh 2សមាជិកសភាបានថ្លែងសារអំពីការទប់ស្កាត់ពលកម្មកុមារក្នុងសិក្ខាសាលាអន្តរជាតិស្តីពីការប្តេជ្ញាចិត្តអន្តរជាតិទាក់ទងនឹងការទប់ស្កាត់ និងលុបបំបាត់ពលកម្មកុមារដែលប្រព្រឹត្តទៅនៅទីក្រុងហាណូយ នាថ្ងៃទី ២៧ ឧសភា ឆ្នាំ ២០២២ (រូបថត៖ VGP/ Thu Cuc)

ការដែលវៀតណាមបាននិងកំពុងអនុវត្តន៍កម្មវិធីបង្ការទប់ស្កាត់ និងកាត់បន្ថយពលកម្មកុមារដំណាក់កាល ២០២១-២០២៦ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៣០ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរយៈពេលប្រាំឆ្នាំ អនុវត្តន៍រាល់ការបេ្តជ្ញាចិត្តអន្តរជាតិស្តីពីសិទ្ធិកុមារ អំពីការបង្ការទប់ស្កាត់ពលកម្មកុមារ និងអនុវត្តន៍គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅឆ្នាំ ២០៣០។ ការខិតខំប្រឹងប្រែងទាំងនេះជាការសក្ខីភាពបញ្ជាក់ឲ្យរាល់ការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងនាមជាប្រទេសត្រួសត្រាយផ្លូវនៃសម្ព័ន្ធសកល ៨.៧ ដើម្បីរួមចំណែក និងអនុវត្តន៍ដំណើការរបស់សហគមន៍អន្តរជាតិ ដោយឆ្ពោះទៅការអនុវត្តគោលដៅ SDG ៨.៧ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ