បញ្ហាប្រឈមធំៗចំពោះ COP៣០

(VOVWORLD) - ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ២១ ខែវិច្ឆិកា នៅទីក្រុង Belem ដែលជាទីក្រុងស្ថិតនៅកណ្តាលព្រៃអាម៉ាហ្សូន ប្រទេសប្រេស៊ីល សន្និសីទលើកទី ៣០ នៃបណ្ដាភាគីចូលរួមអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP៣០) ត្រូវប្រឈមមុខនឹងបញ្ហាធំៗជាច្រើន ខណៈដែលការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុកំពុង លេចឡើងហានិភ័យនៃការងាកចេញមិនចំគោលដៅដែលបានដាក់ចេញ។

បញ្ហាប្រឈមធំៗចំពោះ COP៣០ - ảnh 1ព្រៃអាម៉ាហ្សូននិងទីក្រុង Belem នៅខាងក្រោយ មុនពេលសន្និសីទ COP៣០ បើកនៅ Ilha do Combu, Belem, រដ្ឋ Para ប្រទេសប្រេស៊ីល នាថ្ងៃទី ១០ ខែសីហា ឆ្នាំ២០២៥។ (រូបថត៖ REUTERS/Anderson Coelho)

នៅចំពោះមុខ COP៣០ កិច្ចប្រជុំកំពូលមួយអំពីអាកាសធាតុ នឹងបានប្រព្រឹត្តទៅនាថ្ងៃទី ៦ និងទី ៧ ខែវិច្ឆិកា នៅទីក្រុង Belém ដោយមានការចូលរួមពីប្រទេសចំនួន ១៤៣ ក្នុងនោះមានគណៈប្រតិភូចំនួន ៥៧ ដែលដឹកនាំដោយប្រធានាធិបតី ឬនាយករដ្ឋមន្ត្រី សំដៅបង្កើតសន្ទុះសម្រាប់ COP៣០។

បញ្ហាប្រឈមធំៗ

នៅក្នុងរបាយការណ៍ថ្មីបំផុតដែលបានចេញមុននឹងបើកកិច្ចប្រជុំ COP៣០ អង្គការឧតុនិយមពិភពលោក (WMO) របស់អង្គការសហប្រជាជាតិ បាននិយាយថា បរិមាណឧស្ម័នកាបូនឌីអុកស៊ីត (CO2) នៅក្នុងខ្យល់អាកាស បានកើនឡើងដល់កម្រិតកំណត់ត្រាក្នុងឆ្នាំ ២០២៤ ជាមួយនឹងការកើនឡើងខ្ពស់បំផុតចាប់តាំងពីការវាស់វែងចាប់ផ្តើមនៅឆ្នាំ ១៩៥៧។ យោងតាម WMO អត្រាកើនឡើងនៃ CO2 សកលពីឆ្នាំ ២០២៣ ដល់ឆ្នាំ ២០២៤ គឺខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ។ ទីភ្នាក់ងារនេះបានព្រមានថា កំដៅដែលត្រូវរក្សាទុកដោយ CO2 និងឧស្ម័នផ្ទះកញ្ចក់ផ្សេងទៀត កំពុងពន្លឿនការប្រែប្រួលអាកាសធាតុ បណ្ដាលឲ្យកើតមានបាតុភូមិអាកាសធាតុធ្ងន់ធ្ងរកាន់តែច្រើនឡើងៗនៅទូទាំងពិភពលោកក្នុងរយៈពេលកន្លងមក។

បញ្ហាប្រឈមធំៗចំពោះ COP៣០ - ảnh 2អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres។ (រូបថត៖ REUTERS/Chalinee Thirasupa)

ហិរញ្ញវត្ថុអាកាសធាតុ ក៏បន្តជាបញ្ហាលំបាកមួយទៀត នៅពេលដែល “របាយការណ៍ស្តីពីការបង្រួមគម្លាតក្នុងការសម្របខ្លួន” ដោយកម្មវិធីបរិស្ថានអង្គការសហប្រជាជាតិ (UNEP) ប្រកាសនាថ្ងៃទី ២៩ ខែតុលា បានបង្ហាញថា ការរួមវិភាគទានផ្នែកហិរញ្ញវត្ថុពីប្រទេសអភិវឌ្ឍន៍ ដើម្បីជួយឧបត្ថម្ភដល់ប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុបានថយចុះពីកម្រិត ២៨ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០២២ មកត្រឹម ២៦ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០២៣ ខណៈដែល UNEP បានប៉ាន់ប្រមាណថា ប្រទេសកំពុងអភិវឌ្ឍន៍ត្រូវការថវិកាចន្លោះពី ៣១០-៣៦៥ ពាន់លានដុល្លារអាមេរិកជារៀងរាល់ឆ្នាំ សម្រាប់គម្រោងសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ។ បរិមាណទឹកប្រាក់ដែលត្រូវការ នឹងកាន់តែខ្ពស់ជាងនេះ ប្រសិនបើរាប់បញ្ចូលទាំងសកម្មភាពអាកាសធាតុផ្សេងទៀត ដូចជា៖ ការកាត់បន្ថយការបំភាយឧស្ម័ន ការផ្លាស់ប្តូរថាមពល។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានប្រកាសថា៖

“វិទ្យាសាស្ត្របានបង្ហាញយ៉ាងច្បាស់លាស់ថា យើងត្រូវតែមានគោលដៅធំជាងនេះច្រើនទៀត។ នៅប្រេស៊ីល ថ្នាក់ដឹកនាំត្រូវតែបង្កើតផែនការដែលអាចទុកចិត្តបាន ដើម្បីកៀរគរថវិកាចំនួន ១៣០០ ពាន់លានដុល្លារក្នុងមួយឆ្នាំ ពោលគឺពីពេលនេះដល់ឆ្នាំ ២០៣៥ សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីផ្តល់ហិរញ្ញប្បទានដល់សកម្មភាពអាកាសធាតុ”។

សញ្ញាសួរពីគោលនយោបាយរបស់សហរដ្ឋអាមេរិក

ការផ្លាស់ប្តូរគោលនយោបាយរបស់ប្រទេសមួយចំនួនក៏កំពុងបង្កើតការព្រួយបារម្ភចំពោះរាល់កិច្ចខិតខំប្រឹងប្រែងជាសកលក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ជាពិសេសនៅសហរដ្ឋអាមេរិក ដែលជាប្រទេសបញ្ចេញឧស្ម័នផ្ទះកញ្ចក់ធំទីពីរ លើពិភពលោក។ បន្ទាប់ពីវិល
ត្រឡប់មកកាន់អំណាចវិញនៅដើមឆ្នាំនេះ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានសម្រេចចិត្តដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីសឆ្នាំ ២០១៥ ហើយបានរិះគន់ច្រើនលើកច្រើនសារចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ នៅក្នុងស្រុក លោក ដូណាល់ ត្រាំ ក៏បានកាត់បន្ថយអាទិភាព
គោលនយោបាយជាច្រើន សម្រាប់ឧស្សាហកម្មបៃតងនៅសហរដ្ឋអាមេរិកផងដែរ។

យោងតាមមជ្ឈដ្ឋានអ្នកសង្កេតការណ៍ ការដែលអាមេរិកដកខ្លួនចេញពីការសន្យាសកម្មភាពអាកាសធាតុ នឹងបង្កឡើងផលប៉ះពាល់អវិជ្ជមានទៅលើកិច្ចខិតខំប្រឹងប្រែងរួមរបស់ពិភពលោក ពីព្រោះសហរដ្ឋអាមេរិកគឺជាខឿនសេដ្ឋកិច្ចលេខ ១ របស់ពិភពលោក ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញ “កម្រិតរួមវិភាគទានដែលសម្រេចចិត្តដោយខ្លួនឯង” (NDC) របស់ប្រទេសដទៃទៀត ក៏ដូចជាការផ្លាស់ប្តូរថាមពលទ្រង់ទ្រាយធំផងដែរ។ ទោះជាយ៉ាងណាក៏ដោយ លោកសាស្ត្រាចារ្យ David J. Hayes មកពីសាលាអភិវឌ្ឍន៍ប្រកបដោយចីរភាព Doerr នៅសាកលវិទ្យាល័យ ស្ទែនហ្វដ (សហរដ្ឋអាមេរិក) បាននិយាយថា សហរដ្ឋអាមេរិកកំពុងខ្វះខាតអគ្គិសនីសម្រាប់អភិវឌ្ឍន៍បញ្ញាសិប្បនិម្មិត (AI) ឬសាងសង់មជ្ឈមណ្ឌលទិន្នន័យធំៗ ដូច្នេះក្នុងរយៈពេលវែង សាជីវកម្មអាមេរិកនៅតែត្រូវជំរុញយ៉ាងខ្លាំងនូវការផលិតថាមពលស្អាត (ថាមពលព្រះអាទិត្យ វាយោអគ្គីសនី) ដែលបច្ចុប្បន្ននេះមានតម្លៃសមរម្យជាង និងអាចទុកចិត្តបានជាងបើធៀបនឹងថាមពលពីឥន្ធនៈហ្វូស៊ីល។ ដូច្នេះ គោលនយោបាយប្រឆាំងនឹងការប្រែប្រួលអាកាសធាតុរបស់រដ្ឋអំណាចលោក ដូណាល់ ត្រាំ ទោះបីជាមានផលប៉ះពាល់ក៏ដោយ ក៏ទំនងជាមិនអាចបញ្ច្រាសនិន្នាការទូទៅនៃសម័យកាលបច្ចុប្បន្នបានទេ។

«គោលនយោបាយរបស់លោក ដូណាល់ ត្រាំ នឹងបង្កើតរលកនៃការប្រឆាំងជំទាស់ សំដៅជំរុញសារៈសំខាន់នៃថាមពលកាបូនសូន្យ។ នេះគឺជានិន្នាការប្រវត្តិសាស្ត្រដែលនឹងឈ្នះ កំពុងឈ្នះ ហើយលើកម្រិតណាមួយ កំពុងអភិវឌ្ឍន៍ខ្លាំង ស្មើនឹងកិច្ចខិតខំប្រឹងប្រែងរបស់លោក ដូណាល់ ត្រាំ ក្នុងការរារាំងការវិនិយោគលើថាមពលស្អាតដែរ។ ខ្ញុំគិតថាការវិនិយោគលើថាមពលស្អាតនឹងកើនឡើងទ្វេដងនៅពេលដែលមានឱកាស»។

សញ្ញាវិជ្ជមានមួយទៀតគឺថា សេដ្ឋកិច្ចធំៗផ្សេងទៀតនៅតែរក្សាការសន្យាចំពោះសកម្មភាពអាកាសធាតុ។ នៅចុងខែតុលាកន្លងទៅ សហភាពអឺរ៉ុប (EU) បានយល់ព្រមលើគោលដៅកាត់បន្ថយការបំភាយឧស្ម័នកាបូនរហូតដល់ ៩០% នៅឆ្នាំ ២០៤០ ពោលគឺលឿនជាងផែនការដែលបានប្រកាសពីមុន។ ទន្ទឹមនឹងនេះ ប្រទេសចិន ដែលជាប្រទេសបញ្ចេញឧស្ម័នច្រើនជាងគេ និងជាសេដ្ឋកិច្ចឌីជីថលលេខ ២ របស់ពិភពលោក ក៏បានសន្យាបន្តអនុវត្តន៍យុទ្ធសាស្ត្រឧស្សាហកម្មបៃតង និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព នៅក្នុងផែនការ ៥ ឆ្នាំដែលទើបតែត្រូវបានប្រកាស។ យោងតាមទិន្នន័យពី Ember ដែលជាអង្គការផ្ដល់ប្រឹក្សាសកលមួយ នៅក្នុងឆមាសទីមួយនៃឆ្នាំនេះ ថាមពលកកើតឡើងវិញបានវ៉ាដាច់ធ្យូងថ្មជាលើកដំបូង ដើម្បីក្លាយជាប្រភពអគ្គិសនីលេខ ១ របស់ពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ