ប្រទេសចិនខិតខំស្តារផលិតកម្មឡើងវិញក្រោយរោគរាតត្បាត

(VOVWORLD) -  ចាប់តាំងពីចុងខែមីនា រហូតមកដល់បច្ចុប្បន្ននេះ រោងចក្រនៅចិនជាច្រើន បានចាប់ផ្តើមដំណើរការផលិតកម្មឡើងវិញ។ និយោជិកបាន វិលត្រឡប់មកធ្វើការវិញខ្សែសង្វាក់ផលិតកម្មបានចាប់ផ្តើមដំណើរការ។ ទោះជាយ៉ាងណាក៏ដោយ កិច្ចខិតខំប្រឹងប្រែងទាំងនេះ មិនទាន់ជួយសេដ្ឋកិច្ចចិនឱ្យ ងើបឡើងវិញបានភ្លាមនោះទេ ដោយសារតែខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក កំពុងត្រូវរអាក់រអួល ដោយបទបញ្ជាបិទផ្លូវនិងការដាក់នៅដាច់ដោយឡែក របស់ប្រទេសជាច្រើន នៅជុំវិញពិភពលោក ដើម្បីទប់ទល់នឹងជំងឺរាតត្បាត Covid-19 ដែលកំពុងរីករាលដាល។

ប្រទេសចិនខិតខំស្តារផលិតកម្មឡើងវិញក្រោយរោគរាតត្បាត - ảnh 1និយោជិកម្នាក់ធ្វើការនៅរោងចក្រផលិតកៅអីរថយន្តមួយនៅសៀងហៃ (រូបថតៈ Reuters) 

កាលពីថ្ងៃទី ៣០ ខែមីនា តំណាងក្រសួងឧស្សាហកម្មនិងបច្ចេកវិទ្យាព័ត៌មានរបស់ ចិនបានប្រកាសថា សហគ្រាសឧស្សាហកម្មធំៗ ជាង ៩៨% នៅទូទាំងប្រទេសចិន បានចាប់ផ្តើមផលិតកម្មឡើងវិញ ដោយកម្មករចំនួន ៩០% បានត្រឡប់មកធ្វើការវិញ។ ដោយឡែក នៅតាមមជ្ឈមណ្ឌលឧស្សាហកម្មធំៗ ដូចជា Guangdong, Jiangsu, Zhejiang, Shandong, Fujian ដែលសមត្ថភាពផលិតកម្មស្ថិតក្នុងកម្រិតមួយស្ទើរតែធម្មតាវិញ បើប្រៀបធៀបនឹងពេលវេលាមុនពេលផ្ទុះជំងឺរាតត្បាត។ ក្នុងថ្ងៃដដែល មជ្ឈមណ្ឌលពាណិជ្ជកម្មនៅ Wuhan និង Hubei ដែលជា “ចំណុចកណ្តាល” នៃជំងឺរាតត្បាតក៏បានបើកដំណើរការជាថ្មីដែរ។

វិបត្តិយ៉ាងខ្លាំងធ្ងន់ធ្ងរដល់ខឿនសេដ្ឋកិច្ច

ការផ្ទុះឡើងយ៉ាងគំហុកចាប់ពីចុងខែធ្នូឆ្នាំ ២០១៩ នៅទីក្រុង Wuhan ជំងឺរាតត្បាត Covid-19 មានឆ្លងរីករាលដាលយ៉ាងឆាប់រហ័សនៅទូទាំងខេត្តនិងក្រុងនានារបស់ចិន។ ការគ្រប់គ្រងជំងឺរាតត្បាតក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ បានបង្កការខូចខាតយ៉ាងខ្លាំងដល់សេដ្ឋកិច្ច។ កាលពីថ្ងៃទី ៣១ ខែមីនា ធនាគារពិភពលោក(World Bank) បានចេញការព្យាករណ៍ថា សេដ្ឋកិច្ចចិនអាចនឹងផ្អាកកំណើន ដោយ សារតែជំងឺរាតត្បាត Covid-19 ឯណោះ។

ក្នុងស្ថានភាពបែបនេះ បន្ទាប់ពីជំងឺរាតត្បាតបានបង្ហាញសញ្ញា ឆ្លងផុតចំណុចកំពូល ហើយត្រូវបានគ្រប់គ្រងជាបណ្តើរៗនោះ បណ្តាក្រុមហ៊ុននិងមជ្ឈមណ្ឌលឧស្សាហកម្មធំៗ ទូទាំងប្រទេសចិនបានចាប់ផ្តើមដំណើរការសកម្មភាពផលិតកម្មឡើងវិញ។

ដើម្បីបំពេញតម្រូវការផលិតកម្ម ក្រុមហ៊ុនចិនកាន់តែមានភាពបត់បែនក្នុងការជ្រើសរើសកម្មករ។ ក្រុមហ៊ុនខ្លះសុំការអនុញ្ញាតពីអាជ្ញាធរតំបន់ដើម្បីចាត់ចែងយានយន្ត ហើយថែមទាំងជួលយន្តហោះដើម្បីនាំកម្លាំងពលកម្មត្រឡប់មកវិញពីតំបន់ដាច់ស្រយាល។ ក្រុមហ៊ុនខ្លះក៏ទទួលយកបច្ចេកវិទ្យាសម្រាប់ការបណ្តុះបណ្តាលនិងដោះស្រាយបញ្ហាសម្រាប់កម្លាំងពលកម្មដែលត្រូវបានជ្រើសរើសថ្មីៗ។ ការលក់រថយន្តនៅក្នុងប្រទេសចិនកំពុងស្ទុះងើបឡើងវិញបណ្តើរៗ នៅពេលដែល អតិថិជនមានតម្រូវការទិញឡើងវិញ។ ទន្ទឹមជាមួយគ្នានេះ ក្រុមហ៊ុនអាកាសចរណ៍ចិន ក៏បានស្តារជើងហោះហើរឡើងវិញជាបណ្តើរៗផងដែរ។

ប្រទេសចិនខិតខំស្តារផលិតកម្មឡើងវិញក្រោយរោគរាតត្បាត - ảnh 2ពលករចិនជាច្រើននាក់បានវិលត្រឡប់មកធ្វើការវិញហើយ (រូបថតៈ Bloomberg)

ដើម្បីជួយទ្រទ្រង់ដល់ខឿនសេដ្ឋកិច្ច ចិនក៏អនុវត្តវិធានការណ៍រូបិយវត្ថុនិងហិរញ្ញវត្ថុ ដូចជាការបន្ធូរបន្ថយរូបិយវត្ថុផងដែរ។ ក្រុមហ៊ុនដែលរងផលប៉ះពាល់ដោយវិធានការណ៍ចត្តាឡីសក្តិ និងប្រតិបត្តិការអាជីវកម្មមានការថយចុះ ក៏ត្រូវបានពន្យា ឥណទានរហូតដល់ខែមិថុនា។ មុននេះ ចិនបានបន្ទាបតម្រូវការបម្រុងទុកសម្រាប់ធនាគារ ដើម្បីពួកគេអាចផ្តល់ប្រាក់កម្ចីកាន់តែច្រើន ដល់សហគ្រាសធុនតូចនិងមធ្យម។ លើសពីនេះទៅទៀត ដើម្បីជួយដល់អាជីវកម្មដែលកំពុងប្រតិបត្តិការនៅក្នុងតំបន់ដែលមិនអំណោយផលដោយសាររោគរាតត្បាត អាជ្ញាធរមូលដ្ឋាន ក៏បានអនុញ្ញាតឱ្យផ្អាកជាបណ្តោះអាសន្ន នូវការបង់ថ្លៃអគ្គិសនីផងដែរ។ ទន្ទឹមជាមួយគ្នានេះ រដ្ឋាភិបាលកំពុងពិចារណាពីលទ្ធភាពនៃការបង្កើនឱនភាពថវិកាដោយចេញប័ណ្ណរតនាគារពិសេសដើម្បីទាក់ទាញហិរញ្ញវត្ថុ។

ការបង្អាក់ខ្សែសង្វាក់ដឹកជញ្ជូនដោយសារតែបទបញ្ជាបិទផ្លូវ

យ៉ាងណាមិញ រាល់កិច្ចខិតខំប្រឹងប្រែងដើម្បីស្តារស្ថានភាពផលិតកម្មនិងពាណិជ្ជកម្មក្នុងស្រុក មិនអាចជួយ ឱ្យសេដ្ឋកិច្ចចិនងើបឡើងវិញបានទេ។ រោងចក្រចិនទើបបានស្តារឡើងវិញនូវសមត្ថភាពអតិបរមារបស់ខ្លួន ប៉ុន្តែឥឡូវនេះ ការបញ្ជាទិញជាបន្តបន្ទាប់ពីអតិថិជនបរទេស ត្រូវបានលុបចោលឬពន្យារពេលទូទាត់។ មូលហេតុគឺមកពីបទបញ្ជាបិទផ្លូវ ត្រូវបានអនុវត្តនៅក្នុងប្រទេសជាច្រើន ដើម្បីប្រយុទ្ធប្រឆាំងនឹង COVID-19។ ហេតុដូច្នេះ កំណើននាំចេញថយចុះក្នុងរយៈពេលប៉ុន្មានខែបន្ទាប់គឺជៀសមិនរួចទេ។ ថ្វីត្បិត តែ សេដ្ឋកិច្ចក្នុងប្រទេសចិនផ្ទាល់កំពុងស្តារងើបឡើងវិញបណ្តើរៗ ហើយទំនុកចិត្តអាជីវកម្មកំពុងវិលត្រ ឡប់មកវិញក៏ដោយ ប៉ុន្តែអង្គការអន្តរជាតិនៅតែព្យាករណ៍កំណើនរបស់ចិននៅឆ្នាំនេះគឺទាបជាងជាពុំខាន។

នេះជាលើកទីមួយក្នុងរយៈពេលប៉ុន្មានទសវត្ស ដែលប្រទេសចិនត្រូវប្រឈមមុខនឹងរូបភាពកំណើន GDP អវិជ្ជមានក្នុងត្រីមាសទីមួយ។ ក្នុងពេលបច្ចុប្បន្ននេះអាជីវកម្មចិនកំពុងឈឺក្បាលអំពីបញ្ហា ធ្វើយ៉ាងម៉េចដើម្បីរក្សាទុកកម្មករនិងតុល្យភាពនៃដំណោះស្រាយសន្តិសុខសង្គម។ នៅក្នុងបរិបទនៃស្ថានភាពពិភព លោកនៃការរីករាលដាល Covid-19 នៅតែកើនឡើងយ៉ាងគំហុក ជំនាញសេដ្ឋកិច្ចជាច្រើនបានព្យាករណ៍ថា អ្វីៗដែលអាក្រក់បំផុតមិនទាន់កើតឡើងចំពោះការនាំចេញនិងខ្សែសង្វាក់ផ្គត់ផ្គង់របស់ចិននៅឡើយ។ ប្រហែលជា លទ្ធភាពនៃការនាំចេញរបស់ចិនពេញមួយឆ្នាំ ២០២០ អាចនឹងធ្លាក់ចុះថែមទៀតក៏មានដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ