ប្រសិទ្ធភាពអភិបាលកិច្ចនិងរដ្ឋបាលសាធារណៈថ្នាក់ខេត្តបន្តបានកែលម្អយ៉ាងប្រសើរ

(VOVWORLD) -  របាយការណ៍ស្តីពីសន្ទស្សន៍ប្រសិទ្ធភាពនៃអភិ បាលកិច្ចនិងរដ្ឋបាលសាធារណៈ ថ្នាក់ខេត្ត (PAPI) សម្រាប់ឆ្នាំ ២០២០ ទើបបានចេញផ្សាយនៅថ្ងៃទី ១៤ ខែមេសាបង្ហាញពីប្រសិទ្ធភាពអភិបាលកិច្ចនិងរដ្ឋបាលសាធារណៈក្នុងអាណត្តិ ២០១៦- ២០២១ របស់រដ្ឋាភិបាល ដែលត្រូវបានកែលម្អជាបន្តបន្ទាប់។  ជាពិសេស សន្ទស្សន៍ត្រួតពិនិត្យអំពើពុករលួយក្នុងវិស័យសាធារណៈរបស់វៀត ណាម មានការកែលម្អគួរឱ្យកត់សម្គាល់បំផុត។

ប្រសិទ្ធភាពអភិបាលកិច្ចនិងរដ្ឋបាលសាធារណៈថ្នាក់ខេត្តបន្តបានកែលម្អយ៉ាងប្រសើរ - ảnh 1ប្រកាសរបាយការណ៍ស្តីពីសន្ទស្សន៍លទ្ធផលនៃអភិបាលកិច្ចនិងរដ្ឋបាលសាធារណៈថ្នាក់ខេត្ត សម្រាប់ឆ្នាំ ២០២០ (រូបថត៖ nhandan.com.vn)

ចាប់ពីឆ្នាំ ២០១៨ រហូតមកដល់ពេលនេះ តាមការស្រាវជ្រាវ PAPI ត្រូវបានឧបត្ថម្ភគាំទ្រដោយក្រសួងការបរទេសនិងពាណិជ្ជកម្មអូស្រ្តាលី (DFAT), ស្ថានទូតអៀរឡង់និងកម្មវិធីអភិវឌ្ឍន៍នៃអង្គការសហប្រជាជាតិ (UNDP) នៅវៀតណាម។ របាយការណ៍នេះបានវាយតម្លៃលើបទពិសោធន៍របស់ប្រជាជន ចំពោះប្រសិទ្ធភាពនៃសកម្មភាពរបស់អាជ្ញាធរគ្រប់ជាន់ថ្នាក់ លើអភិបាលកិច្ច រដ្ឋបាលសាធារណៈនិងការផ្តល់សេវាសាធារណៈ។

លទ្ធផលដែលបានបង្ហាញនៅក្នុងរបាយការណ៍ឆ្នាំ ២០២០ បានសរឲ្យឃើញថា ចាប់តាំងពីឆ្នាំ ២០១៦ វិស័យត្រួតពិនិត្យអំពើពុករលួយក្នុងវិស័យសាធារណៈត្រូវបានកែលម្អកាន់តែប្រសើរគួរជាទីកត់សម្គាល់ពីមួយឆ្នាំទៅមួយឆ្នាំ។ ហើយក្នុងអាណត្តិ ២០១៦-២០២១ នេះ គណនេយ្យភាពចំពោះប្រជាជនក៏ត្រូវបានកែលម្អជាបណ្តើរៗ។ មានប្រជាជនកាន់តែច្រើន បានធ្វើអន្តរកម្មជាមួយអាជ្ញាធរមូលដ្ឋាន ជាពិសេសជាមួយប្រធានភូមិឬប្រធានឃុំសង្កាត់និងសមាជិកក្រុមប្រឹក្សាប្រជាជន។ លោកស្រី Caitlin Wiesen ប្រធានស្ថាប័នតំណាងអង្គការ UNDP ប្រចាំនៅវៀតណាមបានលើកឡើងថា លទ្ធផលស្រាវជ្រាវឆ្នើមពីរបាយការណ៍ PAPI ២០២០ គឺជាប្រសិទ្ធភាពនៃសកម្មភាពរបស់អាជ្ញាធរមូលដ្ឋានក្នុងពីរអាណត្តិ (២០១១-២០១៦ និង ២០១៦- ២០២១) ក៏ដូចជាការទទួលបានសេវាកម្មសាធារណៈសម្រាប់អ្នកស្នាក់នៅបណ្តោះអាសន្នតាមខេត្ត រួមទាំងទស្សនៈរបស់ម្ចាស់ឆ្នោតលើភាពជាអ្នកដឹកនាំរបស់ស្ត្រី។  PAPI ត្រូវបានប្រកាសចំពេលដែលរដ្ឋាភិបាលចាប់ផ្តើមអាណត្តិថ្មី ហើយ PAPI ផ្តល់ទិន្នន័យយ៉ាងទូលំទូលាយអំពីបទពិសោធន៍របស់ប្រជាជនក្នុងការធ្វើអន្តរកម្មជាមួយអាជ្ញាធរគ្រប់ជាន់ថ្នាក់នៃខេត្តនិងក្រុងទាំង ៦៣។ ទន្ទឹមជាមួយគ្នានោះ PAPI ក៏ជាវិធានការសំខាន់មួយសម្រាប់ខេត្តនិងក្រុងដើម្បីពិនិត្យនិងកែលម្អលើប្រសិទ្ធភាពនៃសកម្មភាពលើវិស័យចំនួន ៨ នៃអភិបាលកិច្ចនិងរដ្ឋបាលសាធារណៈ។

របាយការណ៍ PAPI ២០២០ បង្ហាញថា ការចូលរួមរបស់ប្រជាជននិងកិច្ចប្រឹងប្រែងប្រឆាំងអំពើពុករលួយមានទំនាក់ទំនងជាវិជ្ជមានទៅនឹងប្រសិទ្ធភាពក្នុងការបង្ការទប់ស្កាត់ជំងឺកូវីដ ១៩។ ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅវៀតណាម លោកស្រី Robyn Mudie បានទទួលស្គាល់ការកែលម្អប្រកបដោយប្រសិទ្ធភាពលើអភិបាលកិច្ចនិងរដ្ឋបាលសាធារណៈថ្នាក់ខេត្ត ហើយបានលើកឡើងថា ការកែលម្អនេះបានរួមចំណែកជួយវៀតណាមឆ្លើយតបដោយជោគជ័យចំពោះជំងឺរាតត្បាតកូវីដ ១៩។ របាយការណ៍ PAPI ២០២០ បង្ហាញពីទំនាក់ទំនងជាវិជ្ជមានរវាងអភិបាលកិច្ចល្អនិងប្រសិទ្ធភាពក្នុងការឆ្លើយតបនឹងជំងឺរាតត្បាត។ និយាយម្យ៉ាងទៀត អភិបាលកិច្ចល្អមានសារៈសំខាន់ណាស់។ យោងតាមលោកស្រី Robyn Mudie នាពេលខាងមុខ ដោយមានអភិបាលកិច្ចល្អវៀតណាមនឹងឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះស្ថានភាពអាសន្នដែលមិននឹកស្មានដល់ជាពុំខាន។

ប្រសិទ្ធភាពអភិបាលកិច្ចនិងរដ្ឋបាលសាធារណៈថ្នាក់ខេត្តបន្តបានកែលម្អយ៉ាងប្រសើរ - ảnh 2តារាងបុកសរុបលទ្ធផល PAPI ឆ្នាំ ២០២០ នៃខេត្តនិងក្រុងចំនួន ៦៣ (រូបថតៈ nhandan.com.vn)

នៅចំពោះមុខការបោះឆ្នោតជ្រើសតាំងសមាជិកសភានិងក្រុមប្រឹក្សាប្រជាជនឆ្នាំ ២០២១ របាយការណ៍ PAPI ២០២០ មានការវិភាគអំពីជម្រើសរបស់ម្ចាស់ឆ្នោតនៅពេលជ្រើសតាំងបេក្ខជនសម្រាប់មុខតំណែងជាប់ឆ្នោតនៅថ្នាក់ជាតិនិងថ្នាក់ខេត្ត។ របាយការណ៍នេះក៏កំណត់ពីវិស័យដែលស្ត្រីយកចិត្តទុកដាក់ដែលខុសគ្នាពីបុរសក្នុងពេលតែមួយ ព្រមទាំងអះអាងថា ភាពខុសគ្នាទាំងនេះនាំឱ្យមានតម្រូវការទាំងតំណាងជាស្ត្រីនិងជាបុរសនៅក្នុងស្ថាប័នដែលត្រូវបានជ្រើសរើសដោយប្រជាជន។

ដោយបានដឹងថា មានប្រជាជនជាង ១៤.៧០០ នាក់ទទួលបានការសម្ភាសសម្រាប់របាយការណ៍ PAPI ២០២០។ នេះគឺជាចំនួនប្រជាជនច្រើនបំផុតដែលបានចូលរួមការស្ទង់មតិ ចាប់តាំងពីការស្ទង់មតិដែលបានអនុវត្តន៍លើកដំបូងទូទាំងប្រទេសក្នុងឆ្នាំ ២០១១។ យោងតាមលោកស្រី Caitlin Wiesen តំណាង UNDP ប្រចាំនៅវៀតណាម ការខិតខំប្រឹងប្រែងកសាងប្រព័ន្ធទិន្នន័យមូលដ្ឋានទិន្នន័យប្រជាជនបច្ចុប្បន្ននិងការចេញប័ណ្ណសញ្ជាតិឌីជីថលគឺជាជំហានក្នុងទិសដៅត្រឹមត្រូវរបស់រដ្ឋាភិបាល ក្នុងការបង្រួមគម្លាតរវាងជនចំណាកស្រុកនិង អ្នកស្រុក។ លេខកូដកំណត់អត្តសញ្ញាណឯកភាពនឹងជួយឱ្យប្រជាជនមានសិទ្ធិស្មើគ្នាក្នុងការអភិក្រមអភិបាលកិច្ចនិងសេវាកម្មសាធារណៈដោយមិនគិតពីកន្លែងដែលពួកគេរស់នៅក្នុងប្រទេសវៀតណាមឡើយ។

ក៏ដូចនឹងឆ្នាំមុនៗ របាយការណ៍ PAPI ២០២០ ផ្តល់នូវលទ្ធផលលម្អិតអំពីប្រសិទ្ធភាពនៃសកម្មភាពរបស់បណ្តាខេត្ត ផ្អែកលើសន្ទស្សន៍មាតិការ ចំនួន ៨ រួមមាន៖ ការចូលរួមរបស់ប្រជាជននៅថ្នាក់មូលដ្ឋាន; ការបើកចំហនិងតម្លាភាពក្នុងការចេញសេចក្តីសម្រេចចិត្ត; គណនេយ្យភាពចំពោះប្រជាជន; ការត្រួតពិនិត្យអំពើពុករលួយក្នុងវិស័យសាធារណៈ; បែបបទរដ្ឋបាលសាធារណៈ; ការផ្តល់សេវាសាធារណៈ; អភិបាលកិច្ចបរិស្ថាន; និងអភិបាលកិច្ចអេឡិចត្រូនិច ក៏ដូចជាពិន្ទុ PAPI សរុប។ របាយការណ៍ PAPI បានផ្តល់ទិន្នន័យចាំបាច់និងគួរឱ្យទុកចិត្តលើការគ្រប់គ្រង អភិបាលកិច្ចនិងការអនុវត្តការផ្តល់សេវាសាធារណៈនៅគ្រប់ជាន់ថ្នាក់របស់រដ្ឋាភិបាល លើកកម្ពស់គណនេយ្យភាពនៅគ្រប់កម្រិតទាំងអស់របស់រដ្ឋាភិបាល និងចូលរួមចំណែកយ៉ាងសំខាន់ដល់ដំណើរការផ្លាស់ប្តូរកាត្រះរិះ ឆ្ពោះទៅរកអភិបាលកិច្ចសាធារណៈទំនើបនិងឆ្លាស់ប្តូរគោលនយោបាយកែទម្រង់ ដោយផ្អែកលើស្ថានភាពជាក់ស្តែងនៅវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ