ពង្រឹងទំនាក់ទំនងមិត្តភាពពិសេសវៀតណាម-ឡាវ

(VOVWORLD) - ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ដឹកនាំគណៈប្រតិភូជាន់ ខ្ពស់រដ្ឋសភាវៀតណាម កំពុងអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅឡាវ តបតាម ការអញ្ជើញរបស់ប្រធានរដ្ឋសភាឡាវ លោក Saysomphone Phomvihane ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៧ ខែឧសភា។ ដំណើរទស្សនកិច្ចនេះ បានបង្ហាញពីការគោរព ការ ជឿទុកចិត្តផ្នែកនយោបាយពិសេស និងអាទិភាពខ្ពស់របស់បក្សនិងរដ្ឋវៀតណាមក្នុងការពង្រីងនិងលើកកម្ពស់ដោយឥតឈប់ឈរនូវទំនាក់ទំនងពិសេសវៀតណាម-ឡាវ។

ពង្រឹងទំនាក់ទំនងមិត្តភាពពិសេសវៀតណាម-ឡាវ - ảnh 1ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue (ខាងឆ្វេង) និងប្រធានរដ្ឋសភាឡាវ
លោក Saysomphone Phomvihane។ (រូបថត៖ VOV)

ដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ របស់ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ប្រព្រឹត្តទៅក្នុងបរិបទដែលប្រទេសទាំងពីររំលឹកខួបលើកទី ៦០ ទិវាបង្កើតទំនាក់ទំនងការទូត និងខួបលើកទី ៤៥ ទិវាចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ប្រទេសទាំងពីរបានជ្រើសរើសឆ្នាំ ២០២២ ជាឆ្នាំនៃសាមគ្គីភាពនិងមិត្តភាព។

សញ្ញាសម្គាល់នៃការទូតសភាក្នុងកិច្ចសហប្រតិបត្តិការ

ទោះបីជារងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ក៏ដោយ ក៏កិច្ចសហប្រតិបត្តិការរវាងប្រជាជននៃប្រទេសទាំងពីរ រដ្ឋសភាវៀតណាម និងរដ្ឋសភាឡាវ បន្តត្រូវបានអនុវត្តន៍ប្រកបដោយប្រសិទ្ធភាព ក្រោមទម្រង់ដ៏មានភាពបត់បែន ទាំងតាមអនឡាញ់ និងដោយផ្ទាល់។ នៅខែមេសា ឆ្នាំ ២០២១ បន្ទាប់ពីត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋសភានៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម លោក Vuong Dinh Hue បានធ្វើការសន្ទនាតាមទូរស័ព្ទជាមួយប្រធានរដ្ឋសភាឡាវលោក Xaysomphone Phomvihane។ នៅខែធ្នូ ឆ្នាំ ២០២១ ប្រធានរដ្ឋសភាឡាវបានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។ នេះគឺជាដំណើរទស្សនកិច្ចនៅក្រៅប្រទេសលើកដំបូង របស់ប្រធានរដ្ឋសភាឡាវ លោក Xaysomphone Phomvihane ក្រោយពីត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋសភាឡាវអាណត្តិ ២០២១-២០២៦។ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ ភាគីទាំងពីរបានឯកភាពបន្តការសម្របសម្រួល យ៉ាងជិតស្និទ្ធក្នុងការឃ្លាំមើលកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលទាំងពីរ បង្កើនការផ្លាស់ប្តូររវាងក្រុមសមាជិករដ្ឋសភាមិត្តភាព ក្រុមសមាជិការដ្ឋសភា ក្រុមសមាជិករដ្ឋសភាវ័យក្មេង ជំរុញការលើកកម្ពស់យន្តការកិច្ចសហប្រតិបត្តិការត្រីភាគី
វៀតណាម-ឡាវ-កម្ពុជានៅតំបន់ត្រីកោណអភិវឌ្ឍន៍។

សញ្ញាសម្គាល់ដ៏លេចធ្លោមួយ ក្នុងទំនាក់ទំនងសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរ គឺការសម្របសម្រួលគ្នារៀបចំសិក្ខាសាលាជំនាញដើម្បីផ្លាស់ប្តូរបទពិសោធន៍ក្នុងការងារនីតិបញ្ញត្តិ ការឃ្លាំមើល និងការសម្រេចចិត្តលើបញ្ហាសំខាន់ៗរបស់ប្រទេសជាតិ។ ត្រឹមតែក្នុងអាណត្តិរដ្ឋសភាវៀតណាមនីតិកាលទី១៤ និងអាណត្តិ រដ្ឋសភាឡាវនីតិកាលទី១៣ប៉ុណ្ណោះ រដ្ឋសភាទាំងពីរបានរួមគ្នារៀបចំសិក្ខាសាលាជំនាញចំនួន៨ ដែលក្នុងនោះមានសិក្ខាសាលាចំនួន ៤ ក្រោមសហអធិបតីភាពប្រធានរដ្ឋសភានៃប្រទេសទាំងពីរ។

ពង្រឹងទំនាក់ទំនងមិត្តភាពពិសេសវៀតណាម-ឡាវ - ảnh 2ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាវៀតណាម លោក Vu Hai Ha។
(រូបថត៖ រដ្ឋសភា)

រឹតបន្តឹងទំនាក់ទំនងសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ

ពីគ្រឹះស្ថានសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយនេះ ដំណើរទស្សនកិច្ចជាផ្លូវការនៅឡាវរបស់ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue គឺជាឱកាសសម្រាប់ភាគីទាំងពីរ ឯកភាពលើទិសដៅនៃកិច្ចសហប្រតិបត្តិការនាពេលខាងមុខលើគ្រប់វិស័យ។ ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាវៀតណាម លោក Vu Hai Ha បានឲ្យដឹងថា៖

“នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រធានរដ្ឋសភា លោក Vuong Dinh Hue ក្នុងឋានៈជាប្រធានរដ្ឋសភានៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ហើយក៏ជាដំណើរទស្សនកិច្ចលើកដំបូងរបស់ថ្នាក់ដឹកនាំបក្ស រដ្ឋក្នុងឆ្នាំសាមគ្គីភាព មិត្តភាពផងដែរ។ ដំណើរទស្សនកិច្ចនេះ រួមចំណែកជំរុញទំនាក់ទំនងមិត្តភាពដ៏មហិមា សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់វិស័យរវាងវៀតណាម និងសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ រួមចំណែកជំរុញកិច្ចសហប្រតិបត្តិការគ្រប់វិស័យរវាងរដ្ឋសភានៃប្រទេសទាំងពីរ។ ដំណើរទស្សនកិច្ចនេះក៏បានបញ្ជាក់ជាថ្មីម្តងទៀតនូវអាទិភាពខ្ពស់បំផុតក្នុងគោលនយោបាយកិច្ចការបរទេសរបស់វៀតណាមក្នុងទំនាក់ទំនងជាមួយឡាវ ហើយក៏ជាថ្មីម្តងទៀតដើម្បីកសាងទំនាក់ទំនងគួរឲ្យជឿទុកចិត្តរវាងប្រទេសទាំងពីរ ក៏ដូចជារវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរផងដែរ”។

ដំណើរទស្សនកិច្ចជាផ្លូវការនៅឡាវរបស់ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue មានកម្មវិធីការងារដ៏សម្បូរបែបក្នុងវិស័យជាច្រើន ចាប់ពីទំនាក់ទំនងនយោបាយ កិច្ចការបរទេស រហូតដល់កិច្ចសហប្រតិបត្តិការជាក់ស្ដែងលើវិស័យសេដ្ឋកិច្ច វប្បធម៌ សង្គម សន្តិសុខការពារជាតិ។ ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភា លោក Vu Hai Ha បានឲ្យដឹងថែមទៀតថា៖

“លោកប្រធានរដ្ឋសភា នឹងជួបជាមួយថ្នាក់ដឹកនាំកំពូលនៃសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដើម្បីពិភាក្សា និងធ្វើឲ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងពិសេសដែលមានស្រាប់ រវាងប្រទេសទាំងពីរ បង្កើតឡើងវឌ្ឍនភាពពិតប្រាកដនាពេលខាងមុខ។ លោកប្រធានរដ្ឋសភា ក៏មានសកម្មភាពជាមួយសហគ្រាសវៀតណាមដែលកំពុងវិនិយោគនៅឡាវ ចូលរួមសកម្មភាពអបអរសាទរខួបលើកទី ៦០ ទិវាបង្កើតទំនាក់ទំនងការទូត និងខួបលើកទី ៤៥ ទិវាចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ពិធីបញ្ចុះបឋមសិលាសាងសង់ឧទ្យានមិត្តភាព វៀតណាម-ឡាវ នៅទីក្រុងវៀងចន្ទន៍។ ជាពិសេស រដ្ឋសភាទាំងពីរបានឯកភាពរៀបចំសិក្ខាសាលាមួយដើម្បីចែករំលែកបទពិសោធន៍ក្នុងការជំនះពុះពារការលំបាកនៃជំងឺរាតត្បាត ការស្ដារឡើងវិញ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនាពេលខាងមុខផងដែរ”។

ទំនាក់ទំនងសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាម និងរដ្ឋសភាឡាវ មានប្រវត្តិសាស្ត្រដ៏យូរអង្វែង។ ដំណើរទស្សនកិច្ចជាផ្លូវការនៅឡាវរបស់ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue លើកនេះ នឹងបន្តពង្រឹងទំនាក់ទំនងពិសេស ឆ្ពោះទៅរកការរួមគ្នាសហប្រតិបត្តិការដើម្បីអភិវឌ្ឍន៍នាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ