ពង្រឹងបទឈប់បាញ់ បង្កើតលក្ខខណ្ឌសម្រាប់ជំរុញកិច្ចចរចាសន្តិភាពរវាងប៉ាឡេស្ទីន-អ៊ីស្រាអែល

(VOVWORLD) - បន្ទាប់ពីរាល់កិច្ចខិតខំប្រឹងប្រែងក្នុងនាមជាអន្តការីរបស់អេហ្ស៊ីបនិងសហគមន៍អន្តរជាតិ នៅយប់ថ្ងៃទី ៧ ខែសីហា កងទ័ពអ៊ីស្រាអែល និងក្រុមជីហាតអ៊ីស្លាម (PIJ) នៅតំបន់ហ្គាហ្សា បានចាប់ផ្តើមអនុវត្តន៍បទឈប់បាញ់ពេញលេញមួយ ដែលបានបញ្ចប់រយៈពេលបីថ្ងៃប្រយុទ្ធគ្នាដ៏កាចសាហាវជាបន្តបន្ទាប់ឆក់យកអាយុជីវិតប្រជាជនប៉ាឡេស្ទីនរាប់សិបនាក់។ មតិសាធារណៈអន្តរជាតិវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនេះ ប៉ុន្តែទន្ទឹមនឹងនោះក៏ព្រមានថា ការរក្សាបទឈប់បាញ់គឺជាបញ្ហាប្រឈមដ៏ធំមួយ ដែលទាមទារឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នា ក៏ដូចជាសុច្ឆន្ទៈពិតប្រាកដរបស់ភាគីពាក់ព័ន្ធទាំងអស់។

ពង្រឹងបទឈប់បាញ់ បង្កើតលក្ខខណ្ឌសម្រាប់ជំរុញកិច្ចចរចាសន្តិភាពរវាងប៉ាឡេស្ទីន-អ៊ីស្រាអែល - ảnh 1រ៉ុក្កែតបានបាញ់សំដៅទៅអ៊ីស្រាអែលនៅថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២២ (រូបថត៖ រ៉យទ័រ)

ការប្រយុទ្ធគ្នាអូសបន្លាយរយៈពេលបីថ្ងៃកន្លងនេះ គឺជាការប្រយុទ្ធគ្នាយ៉ាងកាចសាហាវ និងបង្ហូរឈាមបំផុតរវាងកងទ័ពអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធនៅតំបន់ហ្គាហ្សា ក្នុងរយៈពេលជាងមួយឆ្នាំកន្លងទៅ។ ឧបទ្ទវហេតុនេះបានបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងពីមតិសាធារណៈក្នុងតំបន់ និងអន្តរជាតិ ដោយ សារតែស្ថានភាពចលាចលនៅមជ្ឈិមបូព៌ា ក៏ដូចជាភាពស្មុគស្មាញនៃជម្លោះរវាងប៉ាឡេស្ទីន-អ៊ីស្រាអែល។

ការប្រយុទ្ធផ្ទុះឡើងនិងការព្រួយបារម្ភរបស់សហគមន៍អន្តរជាតិ

ការប្រយុទ្ធគ្នាបានផ្ទុះឡើងកាលពីថ្ងៃទី ៥ ខែសីហា បន្ទាប់ពីកងទ័ពអ៊ីស្រាអែល  បានបើកការវាយប្រហារតាមជើងអាកាស តម្រង់ទៅលើគោលដៅជាច្រើននៅតំបន់ហ្គាហ្សា  បណ្តាលឲ្យប្រជាជនប៉ាឡេស្ទីនយ៉ាង ហោចណាស់ ១៥នាក់ត្រូវស្លាប់ រួមទាំងមេបញ្ជាការក្រុមជីហាតជាន់ខ្ពស់ម្នាក់ផងដែរ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃដដែល នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Yair Lapid បាននិយាយថា ប្រតិបត្តិការវាយប្រហារលើកនេះ គឺសំដៅទប់ស្កាត់ឧបាយកលវាយប្រហារលើអ៊ីស្រាអែល ពីក្រុមប្រដាប់អាវុធនៅតំបន់ហ្គាហ្សាគាំទ្រដោយអ៊ីរ៉ង់។ បន្ទាប់មកនៅថ្ងៃទី៦ និងទី៧ ខែសីហា កងទ័ពអ៊ីស្រាអែលបានបើកការវាយប្រហារតាមជើងអាកាស លើទីតាំងផ្សេងៗនៃតំបន់ហ្គាហ្សា។ យោងតាមការធ្វើស្ថិតិរបស់អាជ្ញាធរសុខាភិបាលប៉ាឡេស្ទីន យ៉ាងហោចណាស់ប្រជាជនចំនួន ៤៤នាក់ ក្នុងនោះ ប្រហែលពាក់កណ្តាលជាជនស៊ីវិល ត្រូវបានស្លាប់នៅក្នុងការវាយប្រហារតាមជើងអាកាសរបស់អ៊ីស្រាអែល។ លើសពីនេះទៀត ប្រជាជនប្រហែល ៣៦០ នាក់បានរងរបួសក្នុងកម្រិតផ្សេងៗគ្នា ខណៈដែលផ្ទះរាប់រយខ្នង និងសំណង់ស៊ីវិលត្រូវបានបំផ្លាញទាំងស្រុង ឬខូចខាតផ្នែកខ្លះ។

ជាការឆ្លើយតបនឹងការវាយប្រហារតាមជើងអាកាសរបស់អ៊ីស្រាអែល ក្រុមជីហាតបានបាញ់រ៉ុក្កែតរាប់រយគ្រាប់ចេញពីតំបន់ហ្គាហ្សា តម្រង់ទៅលើទឹកដីអ៊ីស្រាអែល។ យោងតាមការស្ថិតិរបស់អាជ្ញាធរអ៊ីស្រាអែល មុនពេលបទឈប់បាញ់ចូលជាធរមាន ខ្មាន់កាំភ្លើងប៉ាឡេស្ទីនបានបាញ់រ៉ុក្កែតប្រហែល ៥៨០ គ្រាប់ចេញពីតំបន់ហ្គាហ្សា ឆ្ពោះទៅកាន់ទឹកដីអ៊ីស្រាអែល ប៉ុន្តែគ្រាប់រ៉ុក្កែតភាគច្រើននេះ ត្រូវប្រព័ន្ធការពារដែនអាកាស Iron Dome   វាយស្ទាក់ចាប់បាន ហើយមិនបណ្តាលឲ្យមានអ្នករងរបួសនោះទេ។

យោងតាមការវាយតម្លៃរបស់អង្គការមនុស្សធម៌អន្តរជាតិ ការប្រយុទ្ធគ្នាកន្លងមកនេះ គឺជាការប៉ះទង្គិចគ្នាយ៉ាងសាហាវ និងបង្ហូរឈាមបំផុតរវាងកងទ័ពអ៊ីស្រាអែល និងក្រុមជីហាដប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សា ចាប់តាំងពីពាក់កណ្តាលឆ្នាំ ២០២១មក។ ការប្រយុទ្ធនេះបណ្តាលឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងនៅក្នុង សហគមន៍អន្តរជាតិ ព្រោះវាធ្វើឱ្យឱកាសនៃការស្តារកិច្ចចរចាសន្តិភាពអូសបន្លាយរយៈពេលជាច្រើនឆ្នាំរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីននៅតែផុយស្រួយនៅឡើយ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី ៦ ខែសីហា អ្នកនាំពាក្យរបស់តំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុប (EU) ទទួលបន្ទុកគោលនយោបាយការបរទេស លោក Josep Borrell បាននិយាយថា “សហភាពអឺរ៉ុបមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការវិវត្តន៍ថ្មីៗបំផុត នៅក្នុងនិងជុំវិញតំបន់ហ្គាហ្សា។ សហភាពអឺរ៉ុបអំពាវនាវឱ្យភាគីទាំងអស់អនុវត្តន៍ការអត់ធ្មត់ជា អតិបរមា ដើម្បីជៀសភាពតានតឹង បណ្តាលការស្លាប់និងរបួសបន្ថែមទៀត។

ពង្រឹងបទឈប់បាញ់ បង្កើតលក្ខខណ្ឌសម្រាប់ជំរុញកិច្ចចរចាសន្តិភាពរវាងប៉ាឡេស្ទីន-អ៊ីស្រាអែល - ảnh 2ទាហាននៃកងកាំភ្លើងធំរបស់អ៊ីស្រាអែលអមជាមួយឧបករណ៍យោធានៅតំបន់ព្រំដែនជាមួយនឹងតំបន់ Gaza  ថ្ងៃទី ៧ ខែសីហា ឆ្នាំ ២០២២ (រូបថត៖ TTXVN)

ពង្រឹងបទឈប់បាញ់ដើម្បីសម្រួលដល់ការចរចាសន្តិភាព

យោងតាមអ្នកជំនាញអន្តរជាតិ ការសម្រេចបានកិច្ចព្រមព្រៀងឈប់បាញ់ គឺជាជំហានដ៏សំខាន់មួយក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យស្ថានការណ៍នៅមជ្ឈិមបូព៌ាមានស្ថិរភាព ដែលជាចំណុចក្តៅដែលមានជំលោះអូសបន្លាយ អស់ជាច្រើនទសវត្សរ៍មកហើយ។ ប្រការនេះពន្យល់ពីមូលហេតុថា ហេតុអ្វី បន្ទាប់ ពីបទឈប់បាញ់ត្រូវបានប្រកាសនោះ ប្រទេសជាច្រើន និងអង្គការអន្តរជាតិបានគាំទ្រភ្លាមៗ។ ក្នុងសេចក្តីប្រកាសជាផ្លូវការកាលពីថ្ងៃទី៧ ខែសីហា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានអំពាវនាវឱ្យភាគីទាំងអស់គោរពបទឈប់បាញ់ឲ្យម៉ឺងម៉ាត់ និងពេញលេញ ដោយសង្កត់ធ្ងន់ថា អង្គការសហប្រជាជាតិគាំទ្រដំណោះស្រាយរដ្ឋពីរ ដោយផ្អែកលើសេចក្តីសម្រេចចិត្តពាក់ព័ន្ធរបស់អង្គការសហប្រជាជាតិ ច្បាប់អន្តរជាតិ និងរាល់កិច្ចព្រមព្រៀងមុនៗនេះ។ នៅថ្ងៃដដែលនោះ ប្រធានាធិបតីអាមេរិកលោក Joe Biden ក៏បានចេញសេចក្តីថ្លែងការណ៍គាំទ្របទឈប់បាញ់នេះ ដោយជំរុញឱ្យភាគីពាក់ព័ន្ធទាំងអស់អនុវត្តន៍កិច្ចព្រមព្រៀងឱ្យបានពេញលេញ ធានានូវការផ្គត់ផ្គង់ប្រេងឥន្ធនៈ និងជំនួយមនុស្សធម៌ដោយរលូននៅក្នុងតំបន់ហ្គាហ្សា។

យ៉ាងណាមិញ  អ្នកជំនាញអន្តរជាតិព្រមានថា ការរក្សាបទឈប់បាញ់គឺជាបញ្ហាប្រឈមដ៏ធំមួយ ខណៈដែលទាំងយោធាអ៊ីស្រាអែល និងក្រុម PIJ សុទ្ធតែបានប្តេជ្ញាថា នឹងឆ្លើយតបភ្លាមៗ ប្រសិនបើភាគីម្ខាងទៀតបំពានលើបទឈប់បាញ់។ ទន្ទឹមនឹងនោះ ស្ថានភាពក្នុងតំបន់ និងអន្តរជាតិបច្ចុប្បន្នកំពុងជួបប្រទះការប្រែប្រួលដ៏ស្មុគស្មាញជាច្រើន។ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី ៨ ខែសីហា លោក Tor Wennesland អ្នកសម្របសម្រួលពិសេសរបស់អង្គការសហប្រជាជាតិទទួលដំណើរការសន្តិភាពមជ្ឈិមបូព៌ាក៏បានកត់សម្គាល់ថា ស្ថានភាពនៅតែ "ផុយស្រួយ" ហើយបទឈប់បាញ់អាចបែកបាក់នៅពេលណាៗទាំងអស់។

តថភាពជាក់ស្តែង បង្ហាញឱ្យឃើញថា ភាគីពាក់ព័ន្ធនិងសហគមន៍អន្តរជាតិ ជាពិសេសអង្គការសហប្រជាជាតិ និងប្រទេសដែលមានឥទ្ធិពលដូចជា សហរដ្ឋអាមេរិក អេហ្ស៊ីប អ៊ីរ៉ង់ជាដើម ចាំបាច់ត្រូវបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីធានាឱ្យបាននូវបទឈប់បាញ់ត្រូវបានគោរពយ៉ាងពេញលេញ បង្កើតលក្ខខណ្ឌសម្រាប់ការជំរុញកិច្ចចរចាសន្តិភាពប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែង រវាងប៉ាឡេស្ទីន និងអ៊ីស្រាអែលនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ