ភាពចលាចលនយោបាយនៅប្រទេសអ៊ីតាលីនិងការព្រួយបារម្ភរបស់សហភាពអឺរ៉ុប

(VOVWORLD) - កាលពីថ្ងៃទី ២១ ខែកក្កដា ប្រធានាធិបតីអ៊ីតាលីលោក Sergio Mattarella បានប្រកាសថា លោកបានទទួលយកពាក្យសុំលាលែងពីតំណែងរបស់នាយករដ្ឋមន្ត្រីអ៊ីតាលី លោក Mario Draghi ហើយបានសម្រេចចិត្តរំសាយរដ្ឋសភា បើកផ្លូវសម្រាប់ការបោះឆ្នោតមុនកាលកំណត់នាពេលខាងមុខ។ នេះជាការវិវឌ្ឍន៍ថ្មី និងគួរឲ្យយកចិត្តទុកដាក់បំផុតនៅលើឆាកនយោបាយអ៊ីតាលី ចាប់តាំងពីពាក់កណ្តាលខែកក្កដាមក ព្រមទាំងបណ្ដាលឲ្យមានក្តីយកង្វល់កើនឡើងក្នុងមជ្ឈដ្ឋានមេដឹកនាំសហភាពអឺរ៉ុប (EU) ផងដែរ។

ភាពចលាចលនយោបាយនៅប្រទេសអ៊ីតាលីនិងការព្រួយបារម្ភរបស់សហភាពអឺរ៉ុប - ảnh 1នាយករដ្ឋមន្ត្រីអ៊ីតាលី លោក Mario Draghi នៅក្នុងកិច្ចប្រជុំមួយរបស់ព្រឹទ្ធសភាកាលពីថ្ងៃទី២១ មិថុនា ឆ្នាំ២០២២។ (រូបថត៖ AFP/TTXVN)

ក្នុងសេចក្តីប្រកាសអំពីការរំសាយរដ្ឋសភា (រួមទាំងព្រឹទ្ធសភានិងសភាជាន់ទាប) របស់អ៊ីតាលី លោកប្រធានាធិបតី Sergio Mattarella បានបញ្ជាក់ថា ក្នុងបរិបទខ្វះខាតការគាំទ្រពីរដ្ឋសភាសម្រាប់រដ្ឋាភិបាល ការរំសាយរដ្ឋសភាគឺ ជៀសមិនរួចទេ ហើយជាដំណោះស្រាយចុងក្រោយ។ យោងតាមសេចក្តីប្រកាសនេះដែរ ការរៀបចំការបោះឆ្នោតសកលមុនកាលកំណត់នឹងប្រព្រឹត្តទៅក្នុងរយៈពេល ៧០ ថ្ងៃតាមច្បាប់ ដែលទំនងជានៅថ្ងៃទី ២៥ ខែកញ្ញាខាងមុខ។

ភាពចលាចលនៅលើឆាកនយោបាយអ៊ីតាលី

ភាពតានតឹងកើនឡើងនៅលើឆាកនយោបាយអ៊ីតាលី ចាប់ផ្តើមពីថ្ងៃទី ១៣ ខែកក្កដា នៅពេលដែលអតីតនាយករដ្ឋមន្ត្រីអ៊ីតាលី លោក Giuseppe Conte មេដឹកនាំគណបក្ស ចលនាផ្កាយ ៥ (M5S) បានគំរាមកំហែងថា នឹងដក M5S ចេញពីសម្ព័ន្ធភាពកាន់អំណាច ដឹកនាំដោយលោកនាយករដ្ឋមន្ត្រី Mario Draghi។ M5S គឺជាគណបក្សនយោបាយធំជាងគេដែលស្រូបយកជាង ៣០% នៃចំនួនអាសនៈនៅក្នុងព្រឹទ្ធសភានិងសភាជាន់ទាបអ៊ីតាលី បន្ទាប់ពីការបោះឆ្នោតសកលឆ្នាំ ២០១៨។ M5S បានចូលរួមសម្ព័ន្ធកាន់អំណាច នៅពេលដែលវាត្រូវបានបង្កើតឡើងកាលពីខែកុម្ភៈ ឆ្នាំ ២០២១ ដោយមានការចូលរួមពីគណបក្សសម្ព័ន្ធ គណបក្ស Forza Italia គណបក្សប្រជាធិបតេយ្យ គណបក្ស Italia Viva និងគណបក្ស Article One។

បន្ទាប់នោះ ថ្នាក់ដឹកនាំនៃគណបក្សប្រជាធិបតេយ្យនិងគណៈបក្សសម្ព័ន្ធក៏បានគំរាមកំហែង ដកខ្លួនចេញពីសម្ព័ន្ធភាពកាន់អំណាចផងដែរ ដែលបង្ខំឲ្យលោកនាយករដ្ឋមន្ត្រី Draghi ត្រូវដាក់ពាក្យសុំលាលែងពីតំណែងលើកដំបូងជូនលោកប្រធានាធិបតី Mattarella នៅថ្ងៃទី ១៥ ខែកក្កដា ប៉ុន្តែត្រូវបានច្រានចោល។ លោកប្រធានាធិបតី Mattarella នាពេលនោះបានស្នើឲ្យលោកនាយករដ្ឋមន្ត្រី Draghi ធ្វើការសន្ទនាជាមួយរដ្ឋសភា ដើម្បីស្វែងរកដំណោះស្រាយចំពោះវិបត្តិនយោបាយ។

ទោះជាយ៉ាងណាក៏ដោយ នៅថ្ងៃទី ២០ ខែកក្កដា សម្ព័ន្ធភាពកាន់អំណាចបានរំសាយជាផ្លូវការ នៅពេលដែលគណបក្សទាំងបីរួមមាន M5S ប្រជាធិបតេយ្យ និង Forza Italia (របស់អតីតនាយករដ្ឋមន្ត្រី លោក Silvio Berlusconi) បានសម្រេចចិត្តមិនចូលរួមក្នុងការបោះឆ្នោតទំនុកចិត្ត សំដៅបញ្ចប់ការបែកបាក់ ហើយស្ដារសម្ព័ន្ធភាពឡើងវិញ។ មួយថ្ងៃបន្ទាប់នោះ (ថ្ងៃទី ២១ ខែកក្កដា) លោកនាយករដ្ឋមន្ត្រី Draghi បានដាក់ពាក្យសុំលាលែងពីតំណែងលើកទីពីរ ជូនលោកប្រធានាធិបតី Mattarella ហើយត្រូវបានទទួលយក។ ទោះជាយ៉ាងនេះក្តី លោក Draghi ត្រូវបានតម្រូវឲ្យបន្តការងារ រហូតដល់ការបោះឆ្នោតត្រូវបានរៀបចំឡើង។

លោកនាយករដ្ឋមន្ត្រី Mario Draghi (អាយុ ៧៤ ឆ្នាំ) ដែលធ្លាប់កាន់តំណែងជាទេសាភិបាលធនាគារកណ្តាលអឺរ៉ុប (ECB) ត្រូវបានមជ្ឈដ្ឋានអ្នកជំនាញនិងអ្នកនយោបាយអ៊ីតាលីចាត់ទុកថាជា “ជម្រើសសុវត្ថិភាព” ដើម្បីដឹកនាំប្រទេសក្នុងការស្ដារសេដ្ឋកិច្ចឡើងវិញបន្ទាប់ពីផលប៉ះពាល់ធ្ងន់ធ្ងរនៃជំងឺរាតត្បាតកូវីដ-១៩។ ដូច្នេះហើយ ការដួលរលំនៃរដ្ឋាភិបាលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី Draghi ត្រូវបានចាត់ទុកថា ជាព្រនង់សំពងដ៏ធ្ងន់ធ្ងរមួយ មិនត្រឹមតែទៅលើឆាកនយោបាយប៉ុណ្ណោះទេ ថែមទាំងសេដ្ឋកិច្ចអ៊ីតាលីទៀតផង ជាពិសេសនៅក្នុងបរិបទដែលខឿនសេដ្ឋកិច្ចនេះកំពុងប្រឈមមុខនឹងវិបត្តិអតិផរណានៅកម្រិតខ្ពស់ជាកំណត់ត្រាក្នុងរយៈពេលរាប់សិបឆ្នាំកន្លងមក។ រដ្ឋមន្ត្រីរដ្ឋបាលសាធារណៈអ៊ីតាលី លោក Renato Brunetta បានបញ្ជាក់ថា ប្រទេសនេះកំពុងស្ថិតនៅក្នុងដំណាក់កាល “មិនអាចខ្វះលោក Draghi បានឡើយ” ខណៈដែលលោកប្រធានាធិបតី Sergio Mattarella ក៏បានព្រមានថា អ៊ីតាលីកំពុងប្រឈមមុខនឹងបញ្ហាធ្ងន់ធ្ងរជាច្រើន។

ភាពចលាចលនយោបាយនៅប្រទេសអ៊ីតាលីនិងការព្រួយបារម្ភរបស់សហភាពអឺរ៉ុប - ảnh 2លោកប្រធានាធិបតី Sergio Mattarella និងលោកនាយករដ្ឋមន្រ្តី Mario Draghi នៅខុទ្ទកាល័យប្រធានាធិបតីកាលពីថ្ងៃទី២១ កក្កដា។ (រូបថត៖ AFP)

កង្វល់របស់សហភាពអឺរ៉ុប

មិនត្រឹមតែជនជាតិអ៊ីតាលីប៉ុណ្ណោះទេ ថែមទាំងថ្នាក់ដឹកនាំសហភាពអឺរ៉ុបជាច្រើនក៏ពិតជាមានការព្រួយបារម្ភចំពោះការវិវឌ្ឍន៍ថ្មីៗ លើឆាកនយោបាយអ៊ីតាលីផងដែរ។ ក្នុង នោះ ប្រតិកម្មរបស់បារាំង ជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានតួនាទីនិងឥទ្ធិពលធំជាងគេនៅក្នុងសហភាពអឺរ៉ុបគឺច្បាស់លាស់បំផុត។

ភ្លាមៗបន្ទាប់ពីលោកនាយករដ្ឋមន្ត្រីអ៊ីតាលី Mario Draghi ដាក់ពាក្យសុំលាលែងពីតំណែងជាលើកទីពីរនៅថ្ងៃទី ២១ ខែកក្កដា រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអឺរ៉ុបរបស់បារាំងលោក Laurence Boone បានព្រមានអំពី “សម័យនៃភាពមិនប្រាកដប្រជា” នៅអ៊ីតាលី។

យោងតាមមជ្ឈដ្ឋានអ្នកវិភាគ មានហេតុផលជាច្រើនដែលបណ្ដាលឲ្យថ្នាក់ដឹកនាំសហភាពអឺរ៉ុប ព្រួយបារម្ភអំពីការប្រែប្រួលនាបច្ចុប្បន្នលើឆាកនយោបាយអ៊ីតាលី។ ទីមួយ បន្ទាប់ពីចក្រភពអង់គ្លេសចាកចេញពី EU (Brexit) អ៊ីតាលី (ដែលជាសេដ្ឋកិច្ចធំជាងគេទីបីរបស់ EU) ត្រូវបានចាត់ទុកថា ជាសសរស្តម្ភថ្មីដែលអាចជំនួសដើម្បីរួមជាមួយក្បាលរថភ្លើងទាំងពីរ គឺអាល្លឺម៉ង់ និងបារាំង ដើម្បីដឹកនាំ EU ជំនះពុះពារលើបញ្ហាប្រឈមនានា ដំបូងបង្អស់គឺជំងឺរាតត្បាតកូវីដ-១៩ក្នុងដំណាក់កាលមុន ហើយឥឡូវនេះគឺស្ថានភាពអតិផរណាខ្ពស់ជាកំណត់ត្រា។ ទីពីរ អស្ថិរភាពនៅលើឆាកនយោបាយអ៊ីតាលី មានហានិភ័យបង្កើតឥទ្ធិពលដូមីណូ ដែលអាចប៉ះពាល់ជាអវិជ្ជមានលើឆាកនយោបាយនៃប្រទេសសមាជិក EU ដទៃទៀត។ អ្នកជំនាញជាច្រើនវាយតម្លៃថា ហានិភ័យនេះមិនទាបទេ នៅពេលដែលឆាកនយោបាយអង់គ្លេស ដែលជាអតីតសមាជិក EU ហើយនៅតែមានទំនាក់ទំនងជាក់ស្ដែងជាមួយ EU ក៏ស្ថិតក្នុងស្ថានភាពតានតឹងផងដែរ បន្ទាប់ពីការសម្រេចចិត្តលាលែងពីតំណែងនាពេលថ្មីៗនេះ របស់លោកនាយករដ្ឋមន្ត្រី Boris Johnson។ ក្នុងពេលជាមួយគ្នានោះ ស្ថានភាពនយោបាយផ្ទៃក្នុងនៃប្រទេសសមាជិក EU ជាច្រើន ក៏កំពុងមានការបែកបាក់គ្នាយ៉ាងខ្លាំងហើយស្ថិតក្រោមសម្ពាធដ៏ធំទាក់ទងនឹងបញ្ហាក្ដៅគគុកជាច្រើនដូចជា វិបត្តិរុស្ស៊ី-អ៊ុយក្រែន តម្លៃឥន្ធនៈ ស្បៀងអាហារ និងអត្រាអតិផរណាខ្ពស់ ជាដើម។

ច្បាស់ណាស់ថា មានការងារជាច្រើនដែលត្រូវធ្វើ ហើយសហភាពអឺរ៉ុបប្រាកដថា ត្រូវការខិតខំប្រឹងប្រែងជាច្រើនបន្ថែមទៀត ដើម្បីជំនះលើដំណាក់កាលដ៏លំបាកនាបច្ចុប្បន្ន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ