ភាពតានតឹងកើនឡើងលើឆាកនយោបាយអាមេរិកមុនពេលផ្ទេរអំណាច

(VOVWORLD) -  នៅចំពោះមុខពិធីស្បថចូលកាន់ដំណែងរបស់ប្រធានាធិបតីជាប់ឆ្នោត Joe Biden នៅថ្ងៃទី ២០ ខែមករា បរិយាកាសក្នុងឆាកនយោបាយអាមេរិកកាន់តែតានតឹងឡើង ជាពិសេសបន្ទាប់ពីសភាជាន់ទាបបានបោះ ឆ្នោតអនុម័តលើច្បាប់ចោទប្រកាន់ដើម្បីដកដំណែងប្រធានាធិបតី Donald Trump នៅថ្ងៃ ១៣ មករា (ពោលគឺ ថ្ងៃទី ១៤ មករាម៉ោងនៅវៀតណាម) បើកផ្លូវសម្រាប់សាវនាការកាត់ក្តីលោកប្រធានាធិបតី Trump នៅព្រឹទ្ធសភានាពេលខាងមុខ។ ជាមួយនឹងជំហាននេះ ក្រុមអ្នកប្រជាធិបតេយ្យនៅក្នុងសភាជាន់ទាបអាមេរិកកំពុងអនុវត្តន៍ជាក់ស្តែងការប្តេជ្ញាដកដំណែងប្រធានាធិបតី Trump ពីបទញុះញង់កុបកម្មប្រឆាំងរដ្ឋាភិបាល ក៏ដូចជាពាក់ព័ន្ធនឹងបាតុកម្មកុបកម្មដែលបានកើតឡើងនៅវិមានរដ្ឋសភា នាថ្ងៃទី ៦ ខែមករា កន្លងមក។

ភាពតានតឹងកើនឡើងលើឆាកនយោបាយអាមេរិកមុនពេលផ្ទេរអំណាច - ảnh 1ទិដ្ឋភាពនៃកិច្ចប្រជុំពិភាក្សានិងបោះឆ្នោតរបស់សភាអាមេរិក (រូបថត៖ C-Span)

សម្ពាធសង្កត់ធ្ងន់ទៅលើលោកប្រធានាធិបតី Trump

ជាមួយនឹងសេចក្តីសម្រេចចិត្តរបស់សភាជាន់ទាប លោក Donald Trump បានក្លាយជាប្រធានាធិបតីអាមេរិកដំបូងគេដែលត្រូវបានចោទប្រកាន់ពីរដងក្នុងរយៈពេលមួយអាណត្តិ។ យ៉ាងណាមិញ មិនដូចការចោទប្រកាន់លើកដំបូងនៅឆ្នាំ ២០១៩ ទាក់ទងនឹងការចោទប្រកាន់ពីបទដាក់សម្អាធទៅលើប្រធានាធិបតីអ៊ុយក្រែន ហើយប្រធានាធិបតី Donald Trump បានយកឈ្នះយ៉ាងងាយស្រួលនៅពេលដែលមានសមាជិកព្រឹទ្ធសភាគណៈបក្សសាធារណរដ្ឋតែម្នាក់គត់ គាំទ្រកិច្ចប្រឹងប្រែងនេះ។ ប៉ុន្តែឥឡូវនេះនៅក្នុងការចោទប្រកាន់ជាលើកទី ២ លោក Trump បានប្រឈមនឹងសម្ពាធកាន់តែខ្លាំងនៅពេលដែលមានសមាជិកសភាមកពីគណបក្សសាធារណរដ្ឋចំនួន ១០ រូប បានបោះឆ្នោតផ្ទាល់ប្រឆាំងនឹងរូបលោក។

មុនពេលសម្រេចចិត្តចោទប្រកាន់ប្រធានាធិបតី Trump សភាជាន់ទាបអាមេរិកក៏បានអនុម័តលើសេចក្តីសម្រេចចិត្តមួយដោយអំពាវនាវឲ្យលោកអនុប្រធានាធិបតី Mike Pence ប្រតិបត្តិច្បាប់វិសោធនកម្មលើកទី ២៥ ដើម្បីដកដំណែងប្រធានាធិបតី Donald Trump។ ច្បាប់វិសោធនកម្មលើកទី ២៥ អនុញ្ញាតឱ្យដកប្រធានាធិបតីចេញពីដំណែង ប្រសិនបើអនុប្រធានាធិបតីនិងគណៈរដ្ឋមន្ត្រីភាគច្រើនប្រកាសថា ប្រធានាធិបតីគ្មានសមត្ថភាពកាន់តំណែងបន្តទៀត។

ក្រុមអ្នកប្រជាធិបតេយ្យបានចោទប្រកាន់ប្រធានាធិបតីលោក Donald Trump ពីបទញុះញង់ឱ្យមានកុបកម្ម ដោយជំរុញឱ្យអ្នកគាំទ្រ ធ្វើដំណើរឆ្ពោះទៅវិមាន កាពីតូលដែលជាកន្លែងមានទីតាំងសភាជាន់ទាប ខណៈដែលសភាទាំងពីរកំពុងដឹកនាំកិច្ចប្រជុំ ដើម្បីរាប់សន្លឹកឆ្នោតរបស់អង្គបោះឆ្នោតនាថ្ងៃទី  ៦ ខែមករា។ ក្រុមបាតុករជ្រុលនិយមជាច្រើននាក់បានសម្រុកចូលសាលប្រជុំសភាទាំងពីរ ដោយធ្វើឱ្យរំខានដល់ដំណើរការរាប់សន្លឹកឆ្នោតនិងបង្កឱ្យមានភាពវឹកវរដែលត្រូវបានពិពណ៌នាថាមិនធ្លាប់មានពីតាំងមុនមក នៅទីស្នាក់ការស្ថាប័ននីតិបញ្ញត្តិរបស់អាមេរិកអស់រយៈពេលជាង ២០០ ឆ្នាំមក។

ភាពតានតឹងកើនឡើងលើឆាកនយោបាយអាមេរិកមុនពេលផ្ទេរអំណាច - ảnh 2ប្រធានាធិបតីជាប់ឆ្នោត Joe Biden (រូបថត៖ CNN)

កាលពីថ្ងៃទី ១១ ខែមករា មេដឹកនាំគណៈបក្សសាធារណរដ្ឋនៅក្នុងសភាជាន់ទាបអាមេរិកលោក Kevin McCarthy បានឲ្យដឹងថា ប្រធានាធិបតី Donald Trump បានទទួលស្គាល់ “ទំនួលខុសត្រូវខ្លះ” ចំពោះកុបកម្មនៅអគារសភាអាមេរិកកាលពីថ្ងៃទី ៦ ខែមករា។ សារភាពនេះត្រូវបានប្រធានាធិបតី Trump នាំចេញនៅក្នុងជំនួបតាមទូរស័ព្ទរយៈពេល ៣០ នាទីជាមួយលោក McCarthy។

ច្រកចេញ

យោងតាមអ្នកវិភាគថា ត្រូវរងការស៊ើបអង្កេត ការចោទប្រកាន់នេះគឺជាការវាយប្រហារយ៉ាងធ្ងន់ធ្ងរដល់ប្រធានាធិបតីជិតផុតអាណត្តិ Donald Trump។ ទោះយ៉ាងណា ទំនងជាលោក Trump នឹងបន្តកាន់តំណែងរហូតដល់ថ្ងៃទី ២០ ខែមករា ពោលគឺបំពេញតំណែងប្រធានាធិបតីទាំងស្រុងស្របតាមរដ្ឋធម្មនុញ្ញ។ មូលហេតុគឺថា សមាជិកសភាជាច្រើនមកពីសភាទាំងពីរនៃសភាសហរដ្ឋអាមេរិក សុទ្ធតែមានការសន្មតដូចគ្នាថា ការបើកសវនាការចោទប្រកាន់លោក Trump នៅក្នុងព្រឹទ្ធសភាអាចត្រូវបានធ្វើឡើងបន្ទាប់ពីប្រធានាធិបតីជាប់ឆ្នោត Joe Biden ចូលកាន់តំណែង។ ក្នុងពេលជាមួយគ្នានោះ អនុប្រធានាធិបតី Mike Pence ក៏បានប្តេជ្ញាថា មិនប្រតិបត្តិច្បាប់វិសោធនកម្មទី ២៥ ដើម្បីដកដំណែងប្រធានាធិបតី Trump នោះទេ។ ការលើកឡើងបែបនេះត្រូវបាន លោក Pence នាំចេញនៅក្នុងលិខិតមួយផ្ញើរជូនទៅកាន់ប្រធានសភាលោកស្រី Nancy Pelosi នៅថ្ងៃទី ១២ ខែមករា។

ស្ថានភាពជាក់ស្តែងនេះបង្ហាញថា មានលទ្ធភាពខ្ពស់ខ្លាំងណាស់ដែលថា លោក Trump នឹងត្រូវរងការចោទប្រកាន់បន្ទាប់ពីលោកចាកចេញពីតំណែងប្រធានាធិបតីប៉ុណ្ណោះ។ ទន្ទឹមជាមួយគ្នានោះ មិនមានការធានាថា ការចោទប្រកាន់នេះនឹងមានលទ្ធផលអវិជ្ជមានសម្រាប់លោក Trump ទេ។ ដោយសារតែដើម្បីឈានដល់ការសន្និដ្ឋានថាលោក Trump មានទោស ព្រឹទ្ធសភាអាមេរិកត្រូវការការគាំទ្រយ៉ាងហោចណាស់ពីសមាជិកព្រឹទ្ធសភាចំនួន ២/៣ ដែលមានន័យថា គណបក្សប្រជាធិបតេយ្យត្រូវតែបញ្ចុះបញ្ចូលសមាជិកព្រឹទ្ធសភានៃគណបក្សសាធារណរដ្ឋយ៉ាងតិច ១៧ រូប ដើម្បីបោះឆ្នោតប្រឆាំងនឹងលោក Trump ។ នេះត្រូវបានគេចាត់ទុកថាជាសេណារីយ៉ូដែលមិនអាចកើតឡើង ព្រោះផ្អែកលើឥរិយាបថរបស់សមាជិកព្រឹទ្ធសភាកំពូលនៃគណបក្សសាធារណរដ្ឋ គឺលោក Mitch McConnell មានតែព្រឹទ្ធសមាជិកគណបក្សសាធារណរដ្ឋមួយឬពីររូបប៉ុណ្ណោះដែលនឹងបោះឆ្នោតដកលោក Trump។ សមាជិកព្រឹទ្ធសភា McConnell បានឲ្យដឹងនៅថ្ងៃទី ១៣ ខែមករាថា លោកមិនទាន់សម្រេចចិត្តថា តើត្រូវបោះឆ្នោតប្រឆាំងនឹងលោកប្រធានាធិបតី Trump ដែរឬទេ ទោះបីជាសហការីមួយចំនួនរបស់លោករូបនេះបានបង្ហើបថា លោក McConnell បានសម្តែងនូវការពេញចិត្តនឹងការដែលគណៈបក្សប្រជាធិបតេយ្យ ពិចារណាដកដំណែងលោកប្រធានាធិបតី Trump។

ទោះយ៉ាងណាក៏ដោយ បើយោងតាមអ្នកវិភាគ សូម្បីតែរួចផុតពីការចោទប្រកាន់លើកនេះក៏ដោយ អាជីពនយោបាយរបស់លោក Donald Trump ទំនងជាមិនអាចទទួលបានប្រជាប្រិយភាពដូចកាលពីប៉ុន្មានឆ្នាំមុនទេ។ មានន័យថា មហិច្ឆតា ក្នុងការឈរឈ្មោះបោះឆ្នោតប្រធានាធិបតីអាមេរិកនៅឆ្នាំ ២០២៤ របស់លោក Donald Trump នឹងប្រឈមនឹងបញ្ហាជាច្រើនទៀតសោត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ